អាមេរិក​ផ្តាច់ជំនួយ​អភិរក្ស​ព្រៃឡង់ ដោយ​សារ​វិនាសកម្ម​ព្រៃឈើ

ដោយ សុជីវី
2021-06-17
Share
អាមេរិក​ផ្តាច់ជំនួយ​អភិរក្ស​ព្រៃឡង់ ដោយ​សារ​វិនាសកម្ម​ព្រៃឈើ ព្រៃ​ឡង់​នៅ​ចំណុច​ភ្នំ​ពោង ភូមិ​ដូង ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រង​កាប់​ទន្ទ្រាន​អស់​ជាង ២ពាន់​ហិកតារ ថត​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០២០។
រូប៖ សហគមន៍ព្រៃឡង់

មូលហេតុ​ដែល​សហរដ្ឋ​អាមេរិក​ប្រកាស​កាត់​ផ្តាច់​ជំនួយ​អភិរក្ស​ព្រៃឡង់​ដែល​ធ្លាប់​ផ្តល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជានាពេល​នេះ គឺដោយសារ​តែ​ពិនិត្យ​ឃើញថា ព្រៃឡង់​​នៅ​តែ​ទទួលរង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្លាំងក្លាដដែល ហើយ​អាជ្ញាធរ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ស្រាកស្រាន្ត​លើ​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ដែល​ចូល​រួម​ការ​ពារ​​ព្រៃឡង់។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជាលើក​ឡើង​​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃទី១៧ ខែមិថុនាថា វា​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​ដែលស្ថានភាព​បាត់​បង់​ព្រៃឈើ និង​ការ​បង្ក្រាប​លើ​អ្នក​ការពារបរិស្ថាន​កាន់​តែ​អាក្រក់​ឡើង​ជា​លំដាប់។ ស្ថាន​ទូត​បន្ត​ថា ទោះបី​ជាទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ (USAID) បាន​ជួយ​គាំទ្រ​​ឱ្យ​មាន​ការ​ដើរល្បាត ការ​បណ្តុះបណ្ដាល​ដល់​ផ្នែក​អនុវត្ត​ច្បាប់ និង​ការ​រៀប​ចំ​បង្កើត​ប្រព័ន្ធគ្រប់គ្រង​តំបន់​ការពារ​ថ្នាក់​ជាតិតាំងពីឆ្នាំ​២០១៦ ​យ៉ាងណាក៏ដោយ ក៏​ដែន​ជម្រក​សត្វព្រៃឡង់​នៅ​តែ​បាត់​បង់​ផ្ទៃដី​ព្រៃ​ជិត ៤ ម៉ឺនហិកតារ ឬជិត ៩% នៃ​គម្រប​ព្រៃឈើរបស់​ខ្លួន​ដដែល។ ជាងនេះទៅទៀត ស្រប​​ពេល​ដែល​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តែ​បន្ត​កើត​មានទាំងនៅក្នុង និង​ជុំ​វិញ​ដែនជម្រក​សត្វព្រៃឡង់ អាជ្ញាធរ​កម្ពុជាមិន​ត្រឹម​តែ​មិនកាត់​ទោស​ឱ្យ​បាន​សម​ល្មមចំពោះ​​បទល្មើស​ព្រៃឈើ ឬបញ្ឈប់​សកម្មភាព​ខុស​ច្បាប់​ខុស​ច្បាប់​ទាំងនោះឡើយ ប៉ុន្តែ​​អាជ្ញាធរ​បែរ​ជា​បន្ត​បំបិទ​សំឡេង​ និង​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ទៅវិញ។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ឱ្យគូស​បញ្ជាក់​ថា ដោយសារ​តែបញ្ហា​ទាំងនេះ​មិន​ត្រូវ​បាន​ដោះស្រាយ សហរដ្ឋ​អាមេរិក​សូម​បញ្ចប់​ជំនួយ​ដល់ស្ថាប័ន​រដ្ឋាភិបាល​ ក្រោម​គម្រោង​ព្រៃឡង់​បៃតងដែល​ទ្រទ្រង់​ដោយ​ទីភ្នាក់ងារ​ USAID។ ជំនួស​មក​វិញ ជំនួយ​ទាំងនោះ​នឹង​ត្រូវ​បង្វែរ​ទៅជួយ​វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ការងារ​របស់​សហគមន៍​មូលដ្ឋាន​ ដើម្បីលើក​កម្ពស់ជីវិត​​រស់​នៅ​ និង​ពង្រីក​កសិកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​វិញ។ ទោះជាយ៉ាងនេះក្តី សហរដ្ឋ​អាមេរិកនឹង​បន្ត​ធ្វើ​ការ​ជា​មួយ​​រដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​ជា​កង្វល់​រួម​របស់​ប្រទេស​ទាំងពីរ និង​របស់​ពិភពលោក ក្នុងនោះ​ក៏​រួម​ទាំង​ការងារ​តាម​រយៈកិច្ច​សហប្រតិបត្តិ​ការនៃ​​ភាព​ជាដៃគូ​រវាង​សហរដ្ឋ​អាមេរិក និងប្រទេស​តំបន់​ទន្លេមេគង្គ​ផងដែរ។

សេចក្តីសម្រេចកាត់​ផ្តាច់​ជំនួយ​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​នេះ ធ្វើ​ឡើងក្នុង​រយៈពេល​តែ​ពីរថ្ងៃប៉ុណ្ណោះ បន្ទាប់​ពី​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិកលោក ផាទ្រីក ម័រហ្វី (Patrick Murphy) ​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានលោក សាយ សំអាល់ អំពី​​កង្វល់​នានា​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃឡង់ កាល​ពីថ្ងៃទី១៥ ខែមិថុនា។ វា​ក៏​កើត​ឡើង​ស្របពេល​ដែល​អាជ្ញាធរ​របបក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន និង​ផ្តន្ទាទោស​​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​ជាបន្តបន្ទាប់។

ជុំវិញ​ការ​បញ្ចប់​គម្រោង​ព្រៃឡង់បៃតងនេះ តំណាង​​ក្រសួង​បរិស្ថានឆ្លើយតប​ថា ក្រសួង​គោរព​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ដែល​កន្លងមកបាន​ចូល​រួម​ចំណែក​ក្នុង​កិច្ច​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃឡង់។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថានលោក នេត្រ ភក្ត្រា ប្រាប់​អាស៊ីសេរី​តាម​បណ្តា​ញ​វ័តស៍អាប់ (WhatsApp) ថា ការ​បញ្ចប់​គម្រោង​ព្រៃឡង់​បៃតងនេះ បង្ហាញ​ថា ក្រសួង​បរិស្ថាន និង​មន្ត្រីរបស់​ក្រសួង មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​មាន​ភាព​រឹងមាំ​គ្រប់គ្រាន់​ក្នុងភាព​ជាម្ចាស់​ការ ដើម្បីការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ។ លោក​បញ្ជាក់ថា ក្រសួង​បរិស្ថាន​នឹង​បន្ត​បេសកកម្មដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ និង​វិជ្ជាជីវៈ ក្នុងការ​​គ្រប់គ្រង និង​អភិរក្ស​តំបន់​ដែន​ជម្រក​សត្វព្រៃឡង់ និង​តំបន់​ការពារ​ធម្មជាតិ​ផ្សេង​ទៀត សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​រូបនេះ​នៅ​តែ​​បដិសេធថា បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​នៅតំបន់​ព្រៃឡង់ និង​តំបន់​ការពារ​ធម្មជាតិ​ដទៃទៀត លែងកើត​មាន​ទៀតហើយ ប៉ុន្តែ​ក្រសួងទទួល​ស្គាល់​ថា នៅមាន​​បទល្មើស​ទ្រង់​ទ្រាយ​តូច បន្ត​​កើត​ឡើង។

ទោះជាយ៉ាងណា សហគមន៍​ព្រៃឡង់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុកការ​បកស្រាយ​របស់​តំណាង​ក្រសួង​បរិស្ថាន​នេះថា ជារឿងមិន​ត្រឹមត្រូវ និង​​ខ្វះការ​ទទួល​ខុស​ត្រូវ។ 

តំណាងបណ្ដាញ​សហគមន៍​ព្រៃឡង់ខេត្ត​កំពង់​ធំលោក ហឿន សុភាព អះអាងថា បទល្មើស​ព្រៃឈើ​ក្នុង​តំបន់ព្រៃឡង់​​នៅ​តែ​កើត​មាន​ឥតឈប់ឈរ ហើយ​អាជ្ញាធរ​បន្ត​គាប​សង្កត់​សហគមន៍​ព្រៃឡង់មិន​ឱ្យ​ធ្វើ​សកម្មភាព​ការពារ​ព្រៃឈើ​បាន​ដោយ​សេរីនោះឡើយ។ លោក​យល់ថា ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិកក្នុង​ការ​​ផ្តាច់​​ជំនួយទៅកាន់​រដ្ឋាភិបាល ក្រោម​​គម្រោង​ព្រៃឡង់បៃតងនោះ គឺ​ជា​រឿង​ត្រឹម​ត្រូវ ព្រោះគម្រោង​នេះ​នឹង​បរាជ័យ​នៅទីបំផុត៖ «ការ​សម្រេច​ចិត្ត​របស់ USAID ឬក៏​សហរដ្ឋ​អាមេរិក​ ខ្ញុំ​គិត​ថា ជារឿង​ត្រឹម​ត្រូវ​មួយ ដោយ​សារ​ជំនួយ​លុយទៅលើ​​រដ្ឋាភិបាល ក៏​ដូ​ចជា​ក្រសួង​បរិស្ថាន​ទាក់ទង​នឹង​ការ​ការពារ​អភិរក្ស​​ធនធាន​ធម្មជាតិ​ និយាយ​ពីលទ្ធផលវាអត់​បានជោគជ័យ​ទេ។ ដោយសារ​ កន្លងមក​គឺ​យើង​ឃើញថា ទោះបី​ជា​លុយ​របស់​រដ្ឋាភិបាលខ្លួន​ឯង ឬក៏​លុយ​ជំនួយ​ពី​បរទេស​ វា​ធ្វើ​​ឱ្យ​ធនធាន​ធម្មជាតិ​​កាន់​តែ​បាត់​បង់​ទៅ មិន​បាន​ឆ្លើយតបជាមួយនឹងដូចឈ្មោះអភិរក្ស ឬក៏​ដូច​ឈ្មោះ​តំបន់​ការពារ»។​​​

ស្រដៀងគ្នានេះ ប្រធាន​ផ្នែក​កម្មវិធីស្រាវជ្រាវ និង​តស៊ូមតិ​នៃ​សមាគម​បណ្តាញ​យុវជនកម្ពុជា (CYN) លោក ហេង គឹមហុង មើល​ឃើញថា ការ​ផ្តាច់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នាពេល​នេះ ឆ្លុះ​បញ្ចាំង​ថា សហរដ្ឋ​អាមេរិក​គ្មាន​ជំនឿលើកិច្ច​ការពារ​ដែន​ជម្រកសត្វព្រៃឡង់ពី​សំ​ណាក់​ក្រសួង​បរិស្ថាន និង​បារម្ភ​ពី​ការ​បង្រ្កាប​របស់​អាជ្ញាធរ​លើ​អ្នក​ការពារ​ព្រៃឈើ​។ លោកយល់​ថា ការ​សម្រេច​របស់សហរដ្ឋ​អាមេរិកនេះ គឺ​ជាការ​ពញ្ញាក់​អារម្មណ៍​​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គិត​គូរឡើងវិញ​រឿងការពារ​ព្រៃឈើ ព្រម​ទាំង​បង្ហាញ​ពី​តម្លាភាព និង​ការ​ទទួល​ខុសត្រូវ​របស់​សហរដ្ឋ​អាមេរិក​ក្នុងនាម​ជា​ម្ចាស់​ជំនួយ៖ «ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គម ជាការ​ទទួល​ខុស​ត្រូវ​ក្នុងនាម​ជា​ស្ថាប័ន​សាធារណៈ​ ខ្ញុំយល់​​ថា ក្រសួង​បរិស្ថាន​​ខ្លួន​ឯង​ហ្នឹង គួរ​តែ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង ហើយ​​ពិនិត្យ​ទៅ​មើល​ថា តើ​អ្វី​ដែល​សហរដ្ឋ​អាមេរិក និង​អង្គការ​សង្គម​ស៊ីវិល​នានា​បាន​លើក​ឡើងហ្នឹង វា​ត្រឹម​ត្រូវកម្រិត​ណា​ ហើយ​ខ្លួន​បាន​អនុវត្ត​យ៉ាង​ដូចម្តេច​​​ ហើយ​បន្ទាប់​មក​កែ​ទម្រង់។ ​ស្មារតី​ជា​អ្នក​រដ្ឋបាល ស្មារតី​ជា​អ្នក​ការពារ​ប្រយោជន៍​សាធារណៈ គួរ​តែ​ទទួល​យក​អនុសាសន៍​នានា ដើម្បីកែលម្អ មិន​មែន​តាំង​ខ្លួន​ឯង​ជា​តួឯក​តែម្នាក់​​នៅក្នុងកិច្ច​ការពារ​ធនធាន​ធម្មជាតិ​នោះទេ»

គម្រោង​ព្រៃឡង់បៃតង គឺ​ជា​គម្រោង​អភិរក្សបរិស្ថាន និងជីវៈចម្រុះនៅតំបន់​ព្រៃឡង់ ដែល​មាន​ផ្ទៃដីជាង ៤ សែនហិកតារ លាត​សន្ធឹងលើ​ខេត្ត​ចំនួន ៤ រួមមានខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ស្ទឹងត្រែង។ គម្រោងនេះ​ទ្រទ្រង់​ថវិកា ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ (USAID)។ គម្រោង​នេះមាន​រយៈពេល​ ៥ ឆ្នាំ ដោយ​​ចាប់ផ្តើម​អនុវត្ត​ កាល​ពីខែសីហា ឆ្នាំ២០១៨ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០២៣។ ថវិកា​សម្រាប់​អនុវត្ត​គម្រោង​នេះ មាន​ចំនួន​ជាង ២១​លាន​​ដុល្លារអាមេរិក។ ទោះជាយ៉ាងណា ការ​អនុវត្ត​គម្រោង​នេះ​មាន​ភាព​ចម្រូងចម្រាស់​ខ្លាំង ដោយសារ​បណ្តាញសហគមន៍ព្រៃឡង់ចោទប្រកាន់​ថា ទីភ្នាក់ងារ USAID មិន​បាន​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ពួក​គាត់​នោះទេ ខណៈអាជ្ញាធរ​បាន​បិទ​មិន​ឱ្យ​ពួក​គាត់​ចុះល្បាត​ព្រៃឡង់​ឡើយ​ ក្នុងរយៈពេល​ជាង​ ២ ឆ្នាំចុងក្រោយ​នេះ។

មន្ត្រីជាន់ខ្ពស់​​សមាគម​បណ្តាញ​យុវជនកម្ពុជាលោក ហេង គឹមហុង ថ្លែងថា ប្រទេស​ម្ចាស់​ជំនួយ​ និង​ដៃគូអភិវឌ្ឍន៍​ដទៃទៀត ​គួរ​តែ​ពិនិត្យមើល​ឡើងវិញអំពីជំនួយ​របស់​ខ្លួន​ និង​ហ៊ាន​ជជែក​ឱ្យ​បាន​ស៊ីជម្រៅ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ថា​ ជំនួយ​ទាំងនោះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ត្រឹម​ត្រូវ ​និងមិន​ពាក់ព័ន្ធ​នឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស ដូចអ្វី​ដែលសហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​នេះដែរ។

ក្រៅពីការ​ផ្តាច់ជំនួយ​គម្រោង​ព្រៃឡង់បៃតងនេះហើយ ស្ថាន​ទូត​សហរដ្ឋ​អាមេរិកក៏បាន​រំឭក​រដ្ឋាភិបាល​កម្ពុជា​ដែរថា ការ​គ្រប់គ្រង​បរិស្ថាន​ដែល​មាន​ប្រសិទ្ធភាព ទាម​ទារឱ្យ​មាន​អភិបាល​កិច្ច​ប្រកប​ដោយ​តម្លាភាព និង​ការ​ទទួល​ខុសត្រូវ។ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​គូស​បញ្ចាក់ជាចុងក្រោយ​ថា សេរីភាពបញ្ចេញ​មតិ ការ​តវ៉ា​ដោយ​សន្តិវិធី និង​ការ​ទទួល​ខុសត្រូវរបស់​រដ្ឋាភិបាល​​​ចំពោះពលរដ្ឋ ដើរតួនាទីយ៉ាងសំខាន់ និង​មិន​អាច​ខ្វះបាន ​ក្នុងការ​ថែរក្សា​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យរឹងមាំ​លើ​គ្រប់វិស័យអភិឌ្ឍន៍​ទាំងអស់ ក្នុងនោះក៏រួម​ទាំងការការពារ​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃរបស់​កម្ពុជាផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល