មូលហេតុដែលសហរដ្ឋអាមេរិកប្រកាសកាត់ផ្តាច់ជំនួយអភិរក្សព្រៃឡង់ដែលធ្លាប់ផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជានាពេលនេះ គឺដោយសារតែពិនិត្យឃើញថា ព្រៃឡង់នៅតែទទួលរងការកាប់បំផ្លាញព្រៃឈើខ្លាំងក្លាដដែល ហើយអាជ្ញាធរបានធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តលើសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិលដែលចូលរួមការពារព្រៃឡង់។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៧ ខែមិថុនាថា វាជារឿងគួរឱ្យសោកស្តាយដែលស្ថានភាពបាត់បង់ព្រៃឈើ និងការបង្ក្រាបលើអ្នកការពារបរិស្ថានកាន់តែអាក្រក់ឡើងជាលំដាប់។ ស្ថានទូតបន្តថា ទោះបីជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានជួយគាំទ្រឱ្យមានការដើរល្បាត ការបណ្តុះបណ្ដាលដល់ផ្នែកអនុវត្តច្បាប់ និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិតាំងពីឆ្នាំ២០១៦ យ៉ាងណាក៏ដោយ ក៏ដែនជម្រកសត្វព្រៃឡង់នៅតែបាត់បង់ផ្ទៃដីព្រៃជិត ៤ ម៉ឺនហិកតារ ឬជិត ៩% នៃគម្របព្រៃឈើរបស់ខ្លួនដដែល។ ជាងនេះទៅទៀត ស្របពេលដែលការកាប់ឈើខុសច្បាប់នៅតែបន្តកើតមានទាំងនៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃឡង់ អាជ្ញាធរកម្ពុជាមិនត្រឹមតែមិនកាត់ទោសឱ្យបានសមល្មមចំពោះបទល្មើសព្រៃឈើ ឬបញ្ឈប់សកម្មភាពខុសច្បាប់ខុសច្បាប់ទាំងនោះឡើយ ប៉ុន្តែអាជ្ញាធរបែរជាបន្តបំបិទសំឡេង និងធ្វើទុក្ខបុកម្នេញលើសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិលទៅវិញ។
ស្ថានទូតសហរដ្ឋអាមេរិកឱ្យគូសបញ្ជាក់ថា ដោយសារតែបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយ សហរដ្ឋអាមេរិកសូមបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាល ក្រោមគម្រោងព្រៃឡង់បៃតងដែលទ្រទ្រង់ដោយទីភ្នាក់ងារ USAID។ ជំនួសមកវិញ ជំនួយទាំងនោះនឹងត្រូវបង្វែរទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់ជីវិតរស់នៅ និងពង្រីកកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថានវិញ។ ទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាលើបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលជាកង្វល់រួមរបស់ប្រទេសទាំងពីរ និងរបស់ពិភពលោក ក្នុងនោះក៏រួមទាំងការងារតាមរយៈកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងប្រទេសតំបន់ទន្លេមេគង្គផងដែរ។
សេចក្តីសម្រេចកាត់ផ្តាច់ជំនួយដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងក្នុងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក ផាទ្រីក ម័រហ្វី (Patrick Murphy) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ អំពីកង្វល់នានាទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃឡង់ កាលពីថ្ងៃទី១៥ ខែមិថុនា។ វាក៏កើតឡើងស្របពេលដែលអាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួន និងផ្តន្ទាទោសសកម្មជនបរិស្ថានដាក់ពន្ធនាគារជាបន្តបន្ទាប់។
ជុំវិញការបញ្ចប់គម្រោងព្រៃឡង់បៃតងនេះ តំណាងក្រសួងបរិស្ថានឆ្លើយតបថា ក្រសួងគោរពការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលកន្លងមកបានចូលរួមចំណែកក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់ព្រៃឡង់។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ប្រាប់អាស៊ីសេរីតាមបណ្តាញវ័តស៍អាប់ (WhatsApp) ថា ការបញ្ចប់គម្រោងព្រៃឡង់បៃតងនេះ បង្ហាញថា ក្រសួងបរិស្ថាន និងមន្ត្រីរបស់ក្រសួង មានការទទួលខុសត្រូវខ្ពស់ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ការ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ។ លោកបញ្ជាក់ថា ក្រសួងបរិស្ថាននឹងបន្តបេសកកម្មដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈ ក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃឡង់ និងតំបន់ការពារធម្មជាតិផ្សេងទៀត សម្រាប់មនុស្សជំនាន់ក្រោយ។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះនៅតែបដិសេធថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅតំបន់ព្រៃឡង់ និងតំបន់ការពារធម្មជាតិដទៃទៀត លែងកើតមានទៀតហើយ ប៉ុន្តែក្រសួងទទួលស្គាល់ថា នៅមានបទល្មើសទ្រង់ទ្រាយតូច បន្តកើតឡើង។
ទោះជាយ៉ាងណា សហគមន៍ព្រៃឡង់ និងមន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកការបកស្រាយរបស់តំណាងក្រសួងបរិស្ថាននេះថា ជារឿងមិនត្រឹមត្រូវ និងខ្វះការទទួលខុសត្រូវ។
តំណាងបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំលោក ហឿន សុភាព អះអាងថា បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់នៅតែកើតមានឥតឈប់ឈរ ហើយអាជ្ញាធរបន្តគាបសង្កត់សហគមន៍ព្រៃឡង់មិនឱ្យធ្វើសកម្មភាពការពារព្រៃឈើបានដោយសេរីនោះឡើយ។ លោកយល់ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្តាច់ជំនួយទៅកាន់រដ្ឋាភិបាល ក្រោមគម្រោងព្រៃឡង់បៃតងនោះ គឺជារឿងត្រឹមត្រូវ ព្រោះគម្រោងនេះនឹងបរាជ័យនៅទីបំផុត៖ «ការសម្រេចចិត្តរបស់ USAID ឬក៏សហរដ្ឋអាមេរិក ខ្ញុំគិតថា ជារឿងត្រឹមត្រូវមួយ ដោយសារជំនួយលុយទៅលើរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថានទាក់ទងនឹងការការពារអភិរក្សធនធានធម្មជាតិ និយាយពីលទ្ធផលវាអត់បានជោគជ័យទេ។ ដោយសារ កន្លងមកគឺយើងឃើញថា ទោះបីជាលុយរបស់រដ្ឋាភិបាលខ្លួនឯង ឬក៏លុយជំនួយពីបរទេស វាធ្វើឱ្យធនធានធម្មជាតិកាន់តែបាត់បង់ទៅ មិនបានឆ្លើយតបជាមួយនឹងដូចឈ្មោះអភិរក្ស ឬក៏ដូចឈ្មោះតំបន់ការពារ » ។
ស្រដៀងគ្នានេះ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង មើលឃើញថា ការផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិកនាពេលនេះ ឆ្លុះបញ្ចាំងថា សហរដ្ឋអាមេរិកគ្មានជំនឿលើកិច្ចការពារដែនជម្រកសត្វព្រៃឡង់ពីសំណាក់ក្រសួងបរិស្ថាន និងបារម្ភពីការបង្រ្កាបរបស់អាជ្ញាធរលើអ្នកការពារព្រៃឈើ។ លោកយល់ថា ការសម្រេចរបស់សហរដ្ឋអាមេរិកនេះ គឺជាការពញ្ញាក់អារម្មណ៍រដ្ឋាភិបាលកម្ពុជាឱ្យគិតគូរឡើងវិញរឿងការពារព្រៃឈើ ព្រមទាំងបង្ហាញពីតម្លាភាព និងការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិកក្នុងនាមជាម្ចាស់ជំនួយ៖ «ជាការទទួលខុសត្រូវចំពោះសង្គម ជាការទទួលខុសត្រូវក្នុងនាមជាស្ថាប័នសាធារណៈ ខ្ញុំយល់ថា ក្រសួងបរិស្ថានខ្លួនឯងហ្នឹង គួរតែធ្វើការឆ្លុះបញ្ចាំង ហើយពិនិត្យទៅមើលថា តើអ្វីដែលសហរដ្ឋអាមេរិក និងអង្គការសង្គមស៊ីវិលនានាបានលើកឡើងហ្នឹង វាត្រឹមត្រូវកម្រិតណា ហើយខ្លួនបានអនុវត្តយ៉ាងដូចម្តេច ហើយបន្ទាប់មកកែទម្រង់។ ស្មារតីជាអ្នករដ្ឋបាល ស្មារតីជាអ្នកការពារប្រយោជន៍សាធារណៈ គួរតែទទួលយកអនុសាសន៍នានា ដើម្បីកែលម្អ មិនមែនតាំងខ្លួនឯងជាតួឯកតែម្នាក់នៅក្នុងកិច្ចការពារធនធានធម្មជាតិនោះទេ » ។
គម្រោងព្រៃឡង់បៃតង គឺជាគម្រោងអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅតំបន់ព្រៃឡង់ ដែលមានផ្ទៃដីជាង ៤ សែនហិកតារ លាតសន្ធឹងលើខេត្តចំនួន ៤ រួមមានខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង។ គម្រោងនេះទ្រទ្រង់ថវិកា ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ គម្រោងនេះមានរយៈពេល ៥ ឆ្នាំ ដោយចាប់ផ្តើមអនុវត្ត កាលពីខែសីហា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២៣។ ថវិកាសម្រាប់អនុវត្តគម្រោងនេះ មានចំនួនជាង ២១លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា ការអនុវត្តគម្រោងនេះមានភាពចម្រូងចម្រាស់ខ្លាំង ដោយសារបណ្តាញសហគមន៍ព្រៃឡង់ចោទប្រកាន់ថា ទីភ្នាក់ងារ USAID មិនបានធ្វើការងារផ្ទាល់ជាមួយពួកគាត់នោះទេ ខណៈអាជ្ញាធរបានបិទមិនឱ្យពួកគាត់ចុះល្បាតព្រៃឡង់ឡើយ ក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ។
មន្ត្រីជាន់ខ្ពស់សមាគមបណ្តាញយុវជនកម្ពុជាលោក ហេង គឹមហុង ថ្លែងថា ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ដទៃទៀត គួរតែពិនិត្យមើលឡើងវិញអំពីជំនួយរបស់ខ្លួន និងហ៊ានជជែកឱ្យបានស៊ីជម្រៅជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថា ជំនួយទាំងនោះត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ និងមិនពាក់ព័ន្ធនឹងទង្វើរំលោភសិទ្ធិមនុស្ស ដូចអ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើនេះដែរ។
ក្រៅពីការផ្តាច់ជំនួយគម្រោងព្រៃឡង់បៃតងនេះហើយ ស្ថានទូតសហរដ្ឋអាមេរិកក៏បានរំឭករដ្ឋាភិបាលកម្ពុជាដែរថា ការគ្រប់គ្រងបរិស្ថានដែលមានប្រសិទ្ធភាព ទាមទារឱ្យមានអភិបាលកិច្ចប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។ ស្ថានទូតសហរដ្ឋអាមេរិកគូសបញ្ចាក់ជាចុងក្រោយថា សេរីភាពបញ្ចេញមតិ ការតវ៉ាដោយសន្តិវិធី និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះពលរដ្ឋ ដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបាន ក្នុងការថែរក្សាការអនុវត្តលទ្ធិប្រជាធិបតេយ្យរឹងមាំលើគ្រប់វិស័យអភិឌ្ឍន៍ទាំងអស់ ក្នុងនោះក៏រួមទាំងការការពារធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។