សហគមន៍​ទន្លេសាប​បារម្ភ​ពី​បរិមាណ​ត្រីធ្លាក់ចុះ ខណៈ​ក្រុមអ្នកជំនាញ​បង្ហើប​ពីរឿង​បង់លុយ​ឱ្យចិន​បើកទឹក​ពី​ទំនប់វារីអគ្គិសនី

0:00 / 0:00

សហគមន៍​ប្រជានេសាទ​នៅ​តាម​តំបន់បឹងទន្លេសាប បារម្ភ​អំពីស្ថានភាព​ប្រែប្រួល​រំហូរ​ទឹកទន្លេ​ខុសប្រក្រតី ធ្វើឱ្យ​ទិន្នផលត្រី​ថយចុះ។ ក្រុមអ្នកជំនាញ​លើកឡើងថា ការប្រែប្រួល​បរិមាណ​ទឹកខុសប្រក្រតី​ជាពិសេស​ក្នុងរដូវ​វស្សា បណ្តាល​មកពី​ចិន​ស្តុកទឹកទុក​នៅ​តាម​វារីអគ្គិសនី​នៅខ្សែទឹកខាងលើ។ ពួកគេ​បង្ហើប​ថា ទៅថ្ងៃអនាគត​ប្រទេស​តាម​ខ្សែទឹកខាង​ក្រោម​អាចនឹង​ចាំបាច់​ត្រូវ​បង់លុយ​ឱ្យ​ចិន​បើកទឹក​ដើម្បី​បញ្ចៀសពី​ហានិភ័យ​នៃគ្រោះរីងស្ងួត។

ក្រុមសហគមន៍​ប្រជានេសាទ​នៅតាម​តំបន់បឹងទន្លេសាប​សង្កេតឃើញ​ពី​ភាពមិនប្រក្រតី​នៃ​ការប្រែប្រួល​រំហូរទឹកទន្លេសាប​លែងទៀងទាត់​នារយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។

ប្រធាន​សម្ព័ន្ធប្រជានេសាទ​ទន្លេសាប លោក ឡុង សូចែត្រ សង្កេត​ឃើញថា​ការប្រែប្រួល​រំហូរ​ទឹកនេះ ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ទិន្នផល​នេសាទ​របស់​ប្រជានេសាទ ដែល​លោកថា​ចេះតែ​បន្ត​ថយចុះ៖ « វាប្រែប្រួល​ទឹក ដល់​រួចចឹងទៅ​ផលនេសាទ​ក៏មាន​ការប្រែប្រួល។ បើនិយាយ​ពីបងប្អូន​ដែលរស់នៅ​ភូមិបណ្តែត​ទឹក​ដែលសង្ឃឹមទៅលើ​នេសាទត្រី ត្រូវជួប​ការលំបាក​ដោយសារតែ​ផលត្រី​ថយចុះ ហើយ​មួយទៀត​ឆ្នាំនេះ​តម្លៃត្រី​ក៏មាន​តម្លៃទាបទៀត ធ្វើឱ្យ​គាត់​ពិបាកដែរ​នៅក្នុង​ជីវភាព ពីព្រោះ​សង្ឃឹមៗ​លើ​ផលនេសាទ។ ដល់តែ​ផលនេសាទ​អត់សូវបាន​អញ្ចឹង មានអីទៀត ? បងប្អូន​អ្នកបណ្តែតទឹក គាត់​អត់មាន​មុខរបរ​អី​បន្ថែម​ក្រៅពី​នេសាទ »

លោកបារម្ភ​ថា ប្រសិនបើ​ស្ថានភាព​ប្រែប្រួល​ទឹកនេះ​នៅតែ​បន្តកើតមាន នោះ​ប្រជានេសាទ​អាចនឹង​បោះបង់​មុខរបរ​នេសាទចោល​នាពេល​អនាគត រួចនាំគ្នា​ធ្វើ​ចំណាកស្រុក​ស្វែងរកការងារ​ធ្វើថ្មី​ដើម្បី​ទប់ទល់​ជីវភាព៖ « បើសិនជា​ស្ថានភាព​នៅតែ​លំបាក​ដូចជា​ប្រែប្រួលទឹក​កាន់តែតូច អត់ធំ ហើយ​ធនធាន​ចេះតែ​ថយចុះរហូត អនាគតទៅ​អ្នកទន្លេ អ្នកដែល​រស់នៅ​បណ្តែតទឹក​ត្រូវបញ្ជូនកូន​ចៅ​បងប្អូន​អីដែល​អាច​មាន​កម្លាំង​ពលកម្ម ចេញមក​ធ្វើការខាងក្រៅ​ដើម្បី​ទប់ទល់​ជីវភាព។ បើមិន​អញ្ចឹងទេ សង្ឃឹម​តែទៅលើ​នេសាទ វាមិនអាច​ដោះស្រាយ​ជីវភាព​បាន »

ស្រដៀងគ្នានេះដែរ តំណាងសហគមន៍​នេសាទ​នៅឃុំ​ច្រណូក ខេត្តកំពង់ឆ្នាំង លោកស្រី ភឹម សុគុន ប្រាប់ វិទ្យុអាស៊ីសេរី កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​ថា ការប្រែប្រួល​រំហូរ​ទឹកទន្លេ​ខុស​ប្រក្រតី​បែប​នេះ ធ្វើឱ្យ​ប្រជានេសាទ​ខកខាន​លែងបាន​ធ្វើ​ប្រហុក​ដូចដែល​ពួកគេ​ធ្លាប់ធ្វើ​កាលពីពេល​មុនៗ ដោយសារ​ខ្សត់ត្រី៖ « រាល់ឆ្នាំ ត្រីខែសម្រក វានៅតែ​សំបូរ​ដដែល តែគ្រាន់ថា​ប្រជានេសាទ​គាត់ចាប់​ទាំងរដូវបិទ ទាំងរដូវបើក ត្រីវា​ធំមិនទាន់។ ដល់ពេល​ឥឡូវនេះ សង្កេត​ឃើញថា​វាអត់សូវបាន​ផល​ពីព្រោះ​ថា​ដែលខ្ញុំ​ធ្លាប់​ធ្វើ​ត្រីប្រហុក អ្នកស្រុក​គាត់ធ្លាប់​កាត់​ប្រហុក​កាត់អី រាល់ឆ្នាំ​ចាប់ពីខែ១០ទៅ ត្រី នុយ​ចាប់ផ្តើម​ធ្វើ​ប្រហុក ទិញចូល​ក្នុង​មួយថ្ងៃ ៣តោន ទៅ ៤តោន។ តែឆ្នាំ​នេះ ប្រជាពលរដ្ឋ​អត់មានឃើញ​បានធ្វើ​ត្រីប្រហុកអី​ដូចរាល់ឆ្នាំទេ។ ហើយ​តម្លៃត្រី​ក៏ទាបទៀត »

បឹងទន្លេសាប​ធ្លាប់តែជា​បឹងទឹកសាប​ដ៏ល្បី និង​ធំ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ បឹងនេះមាន​រំហូរទឹកពិសេស គឺម្តង​ចរន្តទឹក​ហូរពី​ទន្លេមេគង្គ​ចូល​ទៅ​ទន្លេសាប​នៅរដូវវស្សា ហើយ​ចរន្តទឹកនេះ​ប្រែប្រួល​ទៅវិញ​នៅរដូវប្រាំង​ដោយទឹកហូរចេញ​ពីទន្លេសាប​ទៅចូល​ទន្លេមេគង្គ​ និង​ទន្លេបាសាក់​វិញ។ ចរន្តទឹក​ដ៏កម្រ​មាន​នៅលើ​ពិភពលោក​បែបនេះ អាចនឹង​លែង​មានទៀតហើយ​នាពេល​អនាគត ស្របពេលដែល​នៅរដូវវស្សា​ផ្ទៃបឹង​ទន្លេសាប​ចាប់ផ្តើម​រួមតូច​ខុសប្រក្រតី ដោយសារ​ក្រុមប្រទេស​នៅតាម​ខ្សែទឹកខាងលើ ជាពិសេស​ប្រទេសចិន​នាំគ្នា​បិទទំនប់​វារីអគ្គិសនី​ដើម្បី​ស្តុកទឹកទុក។

មិនមែន​មាន​តែ​ក្រុម​សហគមន៍​ប្រជានេសាទ​នៅតាម​តំបន់បឹងទន្លេសាប​ទាំងនេះទេ​ដែល​បាន​កត់សម្គាល់​ឃើញ​ពី​ការប្រែប្រួល​រំហូរទឹកទន្លេ និង​ការធ្លាក់ចុះ​ទិន្នផល​ត្រីនេះ។ បញ្ហានេះក៏​ត្រូវបាន​ក្រុមអ្នកជំនាញ​ទន្លេមេគង្គ​លើកយក​មកពិភាក្សា​ស្វែងរក​ដំណោះស្រាយ នៅក្នុង​កិច្ចពិភាក្សាមួយ​តាមប្រព័ន្ធ​វីដេអូ​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ រៀបចំឡើង​ដោយ ​មជ្ឈមណ្ឌល ស្ទីមសុន សេនធឺរ​ (Stimson Center)​ដែលជា​ស្ថាប័ន​​ស្រាវជ្រាវ​គោលនយោបាយ​របស់​អាមេរិក មានមូលដ្ឋាន​នៅរដ្ឋធានីវ៉ាស៊ីនតុន​ (Washington)។

អ្នកជំនាញ​ផ្នែកវិទ្យាសាស្ត្រ​អាកាសធាតុ លោក អាឡែន បាស៊ីស (Alan Basist) កត់សម្គាល់​ថា តាមរយៈ​ការសង្កេត​ពី​ប្រព័ន្ធផ្កាយរណប គេអាច​ដឹងបាន​យ៉ាងច្បាស់​ពី​ការហូរ ឬមិនហូរ​នៃ​ទឹកទន្លេមេគង្គ​ពីខ្សែទឹកខាងលើ​មក។ លោកថា ទំនប់វារីអគ្គិសនី​នៅតាម​ប្រទេស​ខ្សែទឹកខាងលើ​មាន​សមត្ថភាព​អាច​ទប់ទឹក​បាន​យ៉ាងក្រាស់ក្រែល​​នៅរដូវវស្សា ដែលជា​ហេតុ​ធ្វើឱ្យ​ប្រែប្រួល និង​កាត់បន្ថយ​រំហូរ​ទឹកទន្លេ​រហូតដល់​ទៅ​ពាក់កណ្តាល ឬច្រើនជាងនេះ មិនឱ្យ​ទឹកហូរ​តាម​ទន្លេមេគង្គ​ចុះមក​ខ្សែទឹកខាងក្រោម៖ « ពួកគេ​អាច​ស្តុកទុក​បរិមាណទឹក​យ៉ាងសម្បើម​រហូតដល់​ទៅ​រាប់ពាន់លាន​ម៉ែត្រគូប​នៅ​រដូវវស្សា ហើយ​ពួកគេ​បង្ហូរវា​ចេញ​មកវិញ​នៅរដូវប្រាំង​ដើម្បី​ផលិត​ចរន្តអគ្គិសនី​សម្រាប់ប្រើប្រាស់​ក្នុងរដូវប្រាំង។ ទឹកទាំងនេះ​មានសមត្ថភាព​បង្កើត​ថាមពល​អគ្គិសនី​សម្រាប់​ចែកចាយ​ទៅតាម​បណ្តា​ក្រុងនានា​នៅក្នុង​ប្រទេសចិន ដើម្បី​គាំទ្រ​ដល់​ហេដ្ឋារចនា​សម្ព័ន្ធ និង​ឧស្សាហកម្ម​ភាគច្រើន​នៅក្នុង​ប្រទេសនេះ »

អ្នកជំនាញ​តំបន់ទន្លេមេគង្គ និងជា​នាយកកម្មវិធី​អាស៊ីអាគ្នេយ៍​នៃមជ្ឈមណ្ឌល ស្ទីមសុន សេនធឺរ លោក ប្រាយអ៊ិន អាយល័រ (Brian Eyler) ផ្តល់ជា​ដំណោះស្រាយថា នាពេល​អនាគត​ក្រុមប្រទេស​ខ្សែទឹក​ខាងក្រោម​អាច​ចាំបាច់​ត្រូវ​បង់លុយ​ទៅចិន​ដើម្បី​ឱ្យ​ប្រទេសនេះ​បើកទឹក​ឱ្យមាន​រំហូរជា​ប្រក្រតី​នៅរដូវវស្សា​ឡើងវិញ និង​បញ្ចៀស​ហានិភ័យ​ពី​គ្រោះ​រីងស្ងួតណាមួយ​នៅតាម​ប្រទេសខ្សែទឹក​ខាងក្រោម៖ « ខ្ញុំ​គ្រាន់តែ​គិតថា​តថៈភាព​ជាក់ស្តែង​គឺវាបែបនេះឯង។ អ្នកដឹងថា មិនថា​វា​អាក្រក់​ឬ​ល្អ​យ៉ាងណាទេ ទំនប់វារីអគ្គិសនី​ទាំងនេះ​ត្រូវបាន​សាងសង់ឡើង​នៅ​ក្នុង​ប្រទេសចិន។ មាន​ហេតុផល​នៅពី​ក្រោយ​ការសាងសង់​នេះ ដូចជា​ការស្វែងរក​ផលចំណេញ​ពីការផលិត និង​លក់​អគ្គិសនី។ មាន​ការចុះ​កិច្ចសន្យា និង​បញ្ហា​ផ្លូវច្បាប់​ដែលចាំបាច់​ទំនប់វារីអគ្គិសនី​ទាំងនេះ​ត្រូវតែ​ផលិត​នូវ​បរិមាណ​អគ្គិសនី​ជាក់លាក់។ ដូច្នេះ នៅពេល​ដែល​អ្នកចង់ស្នើ​ឱ្យ​នរណាម្នាក់​បញ្ឈប់​វា អ្នកចាំបាច់​ត្រូវតែ​ផ្តល់ឱ្យ​បុគ្គលនោះ​នូវអ្វី​មួយ​ដែលជា​ការតបស្នង »

លោកបញ្ជាក់ថា ដំណោះស្រាយ​ជា​ការបង់លុយ​ទៅឱ្យ​ចិននេះ អាចធ្វើឡើង​ក្រោមរូបភាព​នៃ​ការរួមគ្នា​ទិញ​គោលនយោបាយ​ធានារ៉ាប់រង​សម្រាប់​ប្រតិបត្តិករ​ទំនប់វារីអគ្គិសនី​ទាំងនេះ។ លោកពន្យល់ថា កិច្ចព្រមព្រៀង​នៃ​ការទិញ​គោលនយោបាយ​ធានារ៉ាប់រង​នេះ​អាចធ្វើឡើង​អាស្រ័យ​លើ​ការចរចា​ជាលក្ខណៈ​អន្តរជាតិ​រវាងប្រទេសពាក់ព័ន្ធ​នៅតាម​ខ្សែទឹកខាងក្រោម​នៃ​ទន្លេមេគង្គ រួមទាំង​រដ្ឋាភិបាល​នៃ​ប្រទេសចិន​ខ្លួនឯងផង​ក៏ត្រូវ​ចូលរួម​ចេញថ្លៃ​នេះដែរ។

បន្ថែមទៅលើ​ការផ្តល់​ដំណោះស្រាយ​នេះ អ្នកជំនាញ​ផ្នែកវិទ្យាសាស្ត្រ​អាកាសធាតុ លោក អាឡែន បាស៊ីស ពន្យល់ថា វាគឺជា​ដំណោះស្រាយ​ដែល​គ្រប់ភាគីពាក់ព័ន្ធ​អាចទទួលយកបាន៖ « អត្ថប្រយោជន៍​មួយ​គឺថា ប្រទេសខ្សែទឹក​ខាងក្រោម​អាច​ធ្វើការវាយតម្លៃ​លើ​ផលប៉ះពាល់​ផ្នែកសេដ្ឋកិច្ច និង​បរិស្ថាន​ជាមុន ហើយ​យកវា​ទៅប៉ះប៉ូវ​តាមរយៈ​ការបង់ថ្លៃ​នេះ​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ទាំងនេះ​ដោយសារ​ការខ្វះទឹក។ ដូច្នេះ ជារួម ចិន​អាច​ទទួលបាន​សំណង​ពីការណ៍​ដែល​ខ្លួន​ត្រូវបើកទឹក តែ​មិនអាច​ផលិត​អគ្គិសនី​បាន រីឯ​ក្រុមប្រទេស​នៅតាម​ខ្សែទឹក​ខាងក្រោម​ទទួលបាន​អត្ថប្រយោជន៍​នៃការ​រក្សា​រំហូរទឹកទន្លេ​ជាប្រក្រតី »

ពលរដ្ឋ​ជាង ៧០លាននាក់​នៅតាម​ប្រទេសចំនួន៥ នៃតំបន់​អាស៊ីអាគ្នេយ៍ ក្នុងនោះរួម​មីយ៉ាន់ម៉ា​ (Myanmar) ឬភូមា​ (Burma)​ ឡាវ​ (Lao)​ ថៃ​ (Thailand)​ កម្ពុជា​ និង​​វៀតណាម​ (Vietnam)​ ពឹង​ផ្អែក​​លើ​​ទន្លេ​មេគង្គ​​សម្រាប់​​ផ្គត់ផ្គង់​​ជីវភាព​​រស់​នៅ​​ប្រចាំថ្ងៃរបស់​ពួកគេ ដូចជា​ការនេសាទ និង​ការធ្វើ​កសិកម្ម។ ប្រទេសចិន​បច្ចុប្បន្ន​កំពុង​ប្រតិបត្តិ និង​ដាក់ឱ្យ​ដំណើរការ​ទំនប់​វារីអគ្គិសនី​សរុប​ចំនួន ១២៩ វារីអគ្គិសនី​នៅលើ​ទន្លេមេគង្គ និង​ដៃទន្លេនេះ​នៅតាម​ខ្សែទឹក​ខាងលើ។ ក្នុងចំណោម​ទំនប់វារីអគ្គិសនី​ទាំង១២៩​របស់​ចិននេះ ទំនប់វារីអគ្គិសនី ១១ គឺជា​ទំនប់វារីអគ្គិសនី​ខ្នាតយក្ស។ ប្រទេសនេះ ក៏​គ្រោងនឹង​សាងសង់​ទំនប់វារីអគ្គិសនី​ចំនួន ៧ បន្ថែម​ទៀត​នៅលើ​អាងទន្លេមេគង្គ។ ប្រទេសថៃ មាន ១៥២​ទំនប់ ឡាវមាន ៦៨ទំនប់ និង​កំពុង​សាងសង់​បន្ថែម ៣៧ទំនប់​ទៀត។ រីឯ វៀតណាម​មាន ៧៨ទំនប់ ខណៈ​កម្ពុជា​មាន​ទំនប់វារីអគ្គិសនី​សរុបចំនួន ៩ សាងសង់​នៅលើ​ទន្លេមេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។