ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ជិះកង់​ ៦០០គ.ម. ជុំវិញ​ដែន​ជម្រក​សត្វ ​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ​ខេត្ត​ព្រះវិហារ

ដោយ សេក បណ្ឌិត
2022.05.10
Share on WhatsApp
Share on WhatsApp
ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ជិះកង់​ ៦០០គ.ម. ជុំវិញ​ដែន​ជម្រក​សត្វ ​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ​ខេត្ត​ព្រះវិហារ ​អ្នក​ស្រឡាញ់​បរិស្ថាន​មក​ពី​សមាគម អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​មូលដ្ឋាន ចំនួន ១៥ស្ថាប័ន ​ជិះ​កង់​រយៈ​ពេល ១០ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី១០ រហូត​ដល់​ថ្ងៃ​ទី២០ ខែ​ឧសភា ក្រោម​ប្រធាន​បទ “លើក​កម្ពស់​កិច្ច​ការពារ​បរិស្ថាន ​ដើម្បី​ចិរភាព​ធនធាន​ធម្មជាតិ​ និង​សុខុមាលភាព​មនុស្សជាតិ”។
រូបភាពពីពលរដ្ឋ

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន ២៥នាក់ នៅ​ថ្ងៃ​ទី១០ ឧសភា​នេះ បាន​ផ្ដើម​ធ្វើ​យុទ្ធនាការ​ជិះកង់​ចម្ងាយ ៦០០គីឡូ​ម៉ែត្រ នៅ​ជុំវិញ​ដែន​ជម្រក​សត្វ​ព្រៃឡង់ ​និង​ព្រៃ​ព្រះ​រកា ​ក្នុង​ខេត្ត​ព្រះវិហារ ដើម្បី​អបអរ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ២០២២។ យុទ្ធនាការ​នេះ ​ក្នុង​បំណង ដើម្បី​ឱ្យ​រដ្ឋាភិបាល​បើក​ទូលាយ​សិទ្ធិ​សេរីភាព​របស់​ប្រជា​សហគមន៍ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ល្បាត​ព្រៃ​ឡើង​វិញ។

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ទាំង​នោះ​មក​ពី​សមាគម អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​មូលដ្ឋាន ចំនួន ១៥ស្ថាប័ន បាន​ចាប់​ផ្ដើម​ជិះ​កង់​រយៈ​ពេល ១០ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី១០ រហូត​ដល់​ថ្ងៃ​ទី ២០ខែ​ឧសភា ក្រោម​ប្រធាន​បទ “លើក​កម្ពស់​កិច្ច​ការពារ​បរិស្ថាន ​ដើម្បី​ចិរភាព​ធនធាន​ធម្មជាតិ​ និង​សុខុមាលភាព​មនុស្សជាតិ”។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ​លោក ​ហេង គឹមហុង​ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ព្រឹត្តិការណ៍​នេះ ​ដើម្បី​សិក្សា​ស្វែង​យល់​ពី​ព្រៃឈើ និង​ការ​បម្រែបម្រួល​អាកាសធាតុ​ឱ្យ​បាន​ទូលំទូលាយ ក្នុង​តំបន់​ព្រៃ​អភិរក្ស។​ លោក​បន្ថែម​ថា ​យុទ្ធនាការ​នេះ​ ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ បើក​លំហ​សិទ្ធិ​សេរីភាព​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​លើក​កម្ពស់​បរិស្ថាន​ស្អាត​ក្នុង​សង្គម៖ «យើង​មាន​គោល​បំណង​ទាមទារ​ឱ្យ​មាន​បើក​លំហ​សម្រាប់​អនុវត្ត​សិទ្ធិ​សេរីភាព​ពលរដ្ឋ ​ក្នុង​ការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ​ជា​ពិសេស ​ការ​ចូលរួម​ ដើម្បី​លើក​កម្ពស់​បរិស្ថាន​ស្អាត ​ក្នុង​សង្គម​ហ្នឹង»

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ទាំង​នេះ បាន​ចាប់​ផ្ដើម​ជិះកង់ ដោយ​ចេញ​ដំណើរ​ពី​ទី​រួម​ខេត្ត​កំពង់ធំ ឆ្ពោះ​ទៅ​ជុំវិញ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា និង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់។ ពួកគាត់​ជិះ​កង់​ពាក់​ឯកសណ្ឋាន​អាវ​យឺត​ពណ៌ស​ភ្ជាប់​ពាក្យ​ស្លោក​ថា លើក​កម្ពស់​កិច្ច​ការពារ​បរិស្ថាន ដើម្បី​ចិរភាព​ធនធាន​ធម្មជាតិ ​អម​ដោយ​ទង់​ជាតិ​ខ្មែរ​ ដោត​ជាប់​នឹង​កង់។

Cycling_for_environment_protection_051022_Standout.jpg
អ្នក​ស្រឡាញ់​បរិស្ថាន​មក​ពី​សមាគម អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​មូលដ្ឋាន ចំនួន ១៥ស្ថាប័ន ​ជិះ​កង់​រយៈ​ពេល ១០ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី១០ រហូត​ដល់​ថ្ងៃ​ទី២០ ខែ​ឧសភា ក្រោម​ប្រធាន​បទ “លើក​កម្ពស់​កិច្ច​ការពារ​បរិស្ថាន ​ដើម្បី​ចិរភាព​ធនធាន​ធម្មជាតិ​ និង​សុខុមាលភាព​មនុស្សជាតិ”។

ព្រឹត្តិការណ៍​នេះ ​ក្រុម​យុវជន​បង្ហាញ​ពី​ចំណុច​ស្នូល​ចំនួន៣ សំខាន់ គឺ​ទី១ លើក​កម្ពស់​ការ​យល់​ដឹង​ និង​ចូលរួម​របស់​យុវជន​ក្នុង​កិច្ច​ថែរក្សា​ធនធាន​ធម្មជាតិ ​និង​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ តាម​រយៈ​សកម្មភាព​​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​យល់​ពី​ផល​ប៉ះពាល់​បរិស្ថាន ដោយសារ​ការ​បំផ្លាញ​ព្រៃឈើ ​ការ​លុប​បឹង​ធម្មជាតិ​ ការ​ប្រើប្រាស់​ប្លាស្ទិក និង​ឥន្ធនៈ​ជាដើម។

ទី២ ជំរុញ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុង​កិច្ច​ការពារ​បរិស្ថាន ធនធាន​ធម្មជាតិ និង​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ ហើយ​ទី៣ ជំរុញ​ឱ្យ​ពលរដ្ឋ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន និង​ចូលរួម​លើក​ឡើង​ពី​បញ្ហា​ទាក់ទិន​កិច្ច​ការពារ​ព្រៃឈើ​ ទៅ​កាន់​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដើម្បី​រក​ដំណោះស្រាយ​ជា​វិជ្ជមាន។

ក្រុម​យុវជន​ចូលរួម​ជិះ​កង់ គឺ​កញ្ញា សុង សុខលីន ថ្លែង​ថា យុទ្ធនាការ​នេះ មាន​សារៈ​សំខាន់​ណាស់​ ដើម្បី​ដាស់​ស្មារតី​ឱ្យ​ពលរដ្ឋ និង​មហាជន​ងាក​មក​ចាប់​អារម្មណ៍​រឿង ព្រៃឈើ ​ក្នុង​ព្រៃ​ព្រះរកា និង​ ព្រៃ​ឡង់ ដែល​កំពុង​ប្រឈម​ការ​បាត់បង់​ជា​បន្ត​បន្ទាប់​។ ​កញ្ញា​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់ ​រឹតត្បិត​ សិទ្ធិ​សេរីភាព​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើ ​ព្រោះ​ទង្វើ​នេះ នឹង​ធ្វើ​ឱ្យ​ព្រៃ​កាន់​តែ​បាត់បង់​ព្រៃឈើ៖ រារាំង​ពួកគាត់​មិន​ឱ្យ​ចូល​ល្បាត​ព្រៃ បោះតង់​គេង​លែង ​គ្រាន់​តែ​ចូល​សិក្សា​ពី​ព្រៃ​ក៏​គាត់​មិន​ឱ្យ​ចូល។ ខ្ញុំ​ផ្តាំ​ទៅ​រដ្ឋាភិបាល​ឱ្យ​បើក​ទូលាយ​រឿង​នេះ​ឡើង»

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា​ យុទ្ធនា​ការ​ជិះកង់​ របស់​ក្រុម​យុវជន ​គឺ​ជា​សិទ្ធិ​របស់​ពួកគាត់ ​តែ​ត្រូវ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់។ លោក​បញ្ជាក់​ថា ​ការ​ទាមទារ​ទាំងឡាយ ​របស់​ក្រុម​យុវជន​ទាំង​នេះ ​ក៏​ជា​សិទ្ធិ​របស់​ពួកគាត់​ដែរ ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង ​និង​កិច្ច​សន្យា​ការងារ ​ជាមួយ​ក្រសួង​សាមី​ យោង​តាម​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ៖ «យើង​ស្វាគមន៍​រាល់​ការ​ចូលរួម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ក៏​ដូចជា​ពលរដ្ឋ​ចូលរួម ​ការពារ ​និង​អភិរក្ស​ ធនធាន​ធម្មជាតិ​ ដែល​ត្រូវ​ចូលរួម​ក្នុង​ភាព​មួយ ​ត្រឹមត្រូវ​តាម​ច្បាប់ ​ស្មោះត្រង់​ និង​ចូលរួម​ក្នុង​ភាព​ជា​ដៃគូ ​មិនមែន​លាក់​លៀម ​និង​មាន​របៀប​វារៈ​នយោបាយ ​ពី​ក្រោយ​ខ្នង​ទេ»

ជុំវិញ​រឿង​នេះ​សមាជិក​ក្រុម​ស្នូល​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ប្រចាំ​ខេត្ត​កំពង់ធំ លោក ម៉ិញ នី ចាត់​ទុក​យុទ្ធនាការ​នេះ​ថា ជា​រឿង​ល្អ ដើម្បី​ដាស់​អារម្មណ៍​ពលរដ្ឋ និង​ក្រុម​យុវជន ឱ្យ​គិត​ពី​បញ្ហា​ព្រៃឈើ ​ក្នុង​ដែន​អភិរក្ស​ដែល​កំពុង​ទទួល​រង​ការ​គំរាម​កំហែង​។​ លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ និង​ក្រុម​យុវជន ​ភាគ​ច្រើន ពុំ​សូវ​ខ្វល់ខ្វាយ​ពី​ធនធាន​ធម្មជាតិ​នោះ​ទេ ហើយ​បច្ចុប្បន្ន​មាន​យុវជន​តិច​តូច​ប៉ុណ្ណោះ ដែល​លះបង់​ការពារ​ព្រៃឈើ៖ «ព្រៃឈើ​យើង​ស្ថានភាព​សព្វ​ថ្ងៃ​នេះ កំពុង​វិនាសកម្ម​ហើយ ​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃៗ គឺ​កាប់​បន្ត​រហូត​ ដូចជា​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ទោះ​បី​ជា​មាន​មន្ត្រី​ឈរ​ជើង​ តាម​ច្រក​ក្ដី»

ក្រុម​យុវជន​បន្ថែម​ថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ពួកគាត់​កំពុង​ជិះ​កង់​ធ្វើ​យុទ្ធនាការ នៅ​ខេត្ត​កំពង់ធំ​ ពុំ​មាន​អាជ្ញាធរ​ណា​រារាំង​នោះ​ទេ។ ពួកគាត់​បាន​បែង​ចែក​យុទ្ធនាការ​ជា ៣សកម្មភាព ទី១ នឹង​ជិះកង់​ចម្ងាយ ៦០០គីឡូម៉ែត្រ រយះ​ពេល ១០ថ្ងៃ ទី២ យុទ្ធនា​ការ​តាម​បណ្ដាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​បញ្ហា​ព្រៃឈើ និង​ការ​បម្រែបម្រួល​អាកាសធាតុ និង​សកម្មភាព​ទី៣ រៀបចំ​សិក្ខា​សាលា​ធំ​មួយ នៅ​រាជធានី​ភ្នំពេញ ដើម្បី​លើក​កម្ពស់​កិច្ច​ការពារ​ធនធាន​ធម្មជាតិ។

មក​ទល់​ពេល​នេះ ​ក្រសួង​បរិស្ថាន​ មិន​អនុញ្ញាត​ឱ្យ​ប្រជា​សហគមន៍ ​ចូលរួម​ល្បាត​ព្រៃ​ ក្នុង​តំបន់​អភិរក្ស ​ជិត ៣ឆ្នាំ​មក​ហើយ ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ចំពោះ​អ្នក​កាប់​ឈើ និង អ្នក​ដឹក​ឈើ​ខុស​ច្បាប់ ​ចេញពី​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ​អាច​ចូល​ព្រៃ​បាន​ដោយ​ងាយ ​ផ្ទុយ​ពី​អ្នក​ការពារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។