ក្រុមអ្នកស្រឡាញ់បរិស្ថាន ២៥នាក់ នៅថ្ងៃទី១០ ឧសភានេះ បានផ្ដើមធ្វើយុទ្ធនាការជិះកង់ចម្ងាយ ៦០០គីឡូម៉ែត្រ នៅជុំវិញដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ ដើម្បីអបអរទិវាបរិស្ថានពិភពលោកឆ្នាំ២០២២។ យុទ្ធនាការនេះ ក្នុងបំណង ដើម្បីឱ្យរដ្ឋាភិបាលបើកទូលាយសិទ្ធិសេរីភាពរបស់ប្រជាសហគមន៍ និងក្រុមអង្គការសង្គមស៊ីវិល ចូលរួមល្បាតព្រៃឡើងវិញ។
ក្រុមអ្នកស្រឡាញ់បរិស្ថានទាំងនោះមកពីសមាគម អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍មូលដ្ឋាន ចំនួន ១៥ស្ថាប័ន បានចាប់ផ្ដើមជិះកង់រយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី ២០ខែឧសភា ក្រោមប្រធានបទ "លើកកម្ពស់កិច្ចការពារបរិស្ថាន ដើម្បីចិរភាពធនធានធម្មជាតិ និងសុខុមាលភាពមនុស្សជាតិ"។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ប្រាប់វិទ្យុអាស៊ីសេរីថា ព្រឹត្តិការណ៍នេះ ដើម្បីសិក្សាស្វែងយល់ពីព្រៃឈើ និងការបម្រែបម្រួលអាកាសធាតុឱ្យបានទូលំទូលាយ ក្នុងតំបន់ព្រៃអភិរក្ស។ លោកបន្ថែមថា យុទ្ធនាការនេះ ក៏ទាមទារឱ្យរដ្ឋាភិបាល បើកលំហសិទ្ធិសេរីភាពការពារធនធានធម្មជាតិ ដើម្បីលើកកម្ពស់បរិស្ថានស្អាតក្នុងសង្គម៖ «យើងមានគោលបំណងទាមទារឱ្យមានបើកលំហសម្រាប់អនុវត្តសិទ្ធិសេរីភាពពលរដ្ឋ ក្នុងការចូលរួមការពារធនធានធម្មជាតិ ជាពិសេស ការចូលរួម ដើម្បីលើកកម្ពស់បរិស្ថានស្អាត ក្នុងសង្គមហ្នឹង»។
នៅរសៀលថ្ងៃដដែលនេះ ក្រុមអ្នកស្រឡាញ់បរិស្ថានទាំងនេះ បានចាប់ផ្ដើមជិះកង់ ដោយចេញដំណើរពីទីរួមខេត្តកំពង់ធំ ឆ្ពោះទៅជុំវិញដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃព្រៃឡង់។ ពួកគាត់ជិះកង់ពាក់ឯកសណ្ឋានអាវយឺតពណ៌សភ្ជាប់ពាក្យស្លោកថា លើកកម្ពស់កិច្ចការពារបរិស្ថាន ដើម្បីចិរភាពធនធានធម្មជាតិ អមដោយទង់ជាតិខ្មែរ ដោតជាប់នឹងកង់។

ព្រឹត្តិការណ៍នេះ ក្រុមយុវជនបង្ហាញពីចំណុចស្នូលចំនួន៣ សំខាន់ គឺទី១ លើកកម្ពស់ការយល់ដឹង និងចូលរួមរបស់យុវជនក្នុងកិច្ចថែរក្សាធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ តាមរយៈសកម្មភាពជំរុញឱ្យប្រជាពលរដ្ឋយល់ពីផលប៉ះពាល់បរិស្ថាន ដោយសារការបំផ្លាញព្រៃឈើ ការលុបបឹងធម្មជាតិ ការប្រើប្រាស់ប្លាស្ទិក និងឥន្ធនៈជាដើម។
ទី២ ជំរុញឱ្យរដ្ឋាភិបាលលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយទី៣ ជំរុញឱ្យពលរដ្ឋអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន និងចូលរួមលើកឡើងពីបញ្ហាទាក់ទិនកិច្ចការពារព្រៃឈើ ទៅកាន់អ្នកធ្វើសេចក្ដីសម្រេចចិត្តដើម្បីរកដំណោះស្រាយជាវិជ្ជមាន។
ក្រុមយុវជនចូលរួមជិះកង់ គឺកញ្ញា សុង សុខលីន ថ្លែងថា យុទ្ធនាការនេះ មានសារៈសំខាន់ណាស់ ដើម្បីដាស់ស្មារតីឱ្យពលរដ្ឋ និងមហាជនងាកមកចាប់អារម្មណ៍រឿង ព្រៃឈើ ក្នុងព្រៃព្រះរកា និង ព្រៃឡង់ ដែលកំពុងប្រឈមការបាត់បង់ជាបន្តបន្ទាប់។ កញ្ញាអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ រឹតត្បិត សិទ្ធិសេរីភាពពលរដ្ឋចូលរួមការពារព្រៃឈើ ព្រោះទង្វើនេះ នឹងធ្វើឱ្យព្រៃកាន់តែបាត់បង់ព្រៃឈើ៖ រារាំងពួកគាត់មិនឱ្យចូលល្បាតព្រៃ បោះតង់គេងលែង គ្រាន់តែចូលសិក្សាពីព្រៃក៏គាត់មិនឱ្យចូល។ ខ្ញុំផ្តាំទៅរដ្ឋាភិបាលឱ្យបើកទូលាយរឿងនេះឡើង»។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា យុទ្ធនាការជិះកង់ របស់ក្រុមយុវជន គឺជាសិទ្ធិរបស់ពួកគាត់ តែត្រូវធ្វើឡើងស្របតាមច្បាប់។ លោកបញ្ជាក់ថា ការទាមទារទាំងឡាយ របស់ក្រុមយុវជនទាំងនេះ ក៏ជាសិទ្ធិរបស់ពួកគាត់ដែរ ប៉ុន្តែត្រូវអនុវត្តតាមកិច្ចព្រមព្រៀង និងកិច្ចសន្យាការងារ ជាមួយក្រសួងសាមី យោងតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ៖ «យើងស្វាគមន៍រាល់ការចូលរួមរបស់អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាពលរដ្ឋចូលរួម ការពារ និងអភិរក្ស ធនធានធម្មជាតិ ដែលត្រូវចូលរួមក្នុងភាពមួយ ត្រឹមត្រូវតាមច្បាប់ ស្មោះត្រង់ និងចូលរួមក្នុងភាពជាដៃគូ មិនមែនលាក់លៀម និងមានរបៀបវារៈនយោបាយ ពីក្រោយខ្នងទេ»។
ជុំវិញរឿងនេះសមាជិកក្រុមស្នូលនៃបណ្ដាញសហគមន៍ព្រៃឡង់ប្រចាំខេត្តកំពង់ធំ លោក ម៉ិញ នី ចាត់ទុកយុទ្ធនាការនេះថា ជារឿងល្អ ដើម្បីដាស់អារម្មណ៍ពលរដ្ឋ និងក្រុមយុវជន ឱ្យគិតពីបញ្ហាព្រៃឈើ ក្នុងដែនអភិរក្សដែលកំពុងទទួលរងការគំរាមកំហែង។ លោកសង្កេតឃើញថា ពលរដ្ឋ និងក្រុមយុវជន ភាគច្រើន ពុំសូវខ្វល់ខ្វាយពីធនធានធម្មជាតិនោះទេ ហើយបច្ចុប្បន្នមានយុវជនតិចតូចប៉ុណ្ណោះ ដែលលះបង់ការពារព្រៃឈើ៖ «ព្រៃឈើយើងស្ថានភាពសព្វថ្ងៃនេះ កំពុងវិនាសកម្មហើយ មួយថ្ងៃទៅមួយថ្ងៃៗ គឺកាប់បន្តរហូត ដូចជាព្រៃឡង់ និងព្រៃព្រះរកា ទោះបីជាមានមន្ត្រីឈរជើង តាមច្រកក្ដី»។
ក្រុមយុវជនបន្ថែមថា នៅរសៀលថ្ងៃដដែលនេះ ពួកគាត់កំពុងជិះកង់ធ្វើយុទ្ធនាការ នៅខេត្តកំពង់ធំ ពុំមានអាជ្ញាធរណារារាំងនោះទេ។ ពួកគាត់បានបែងចែកយុទ្ធនាការជា ៣សកម្មភាព ទី១ នឹងជិះកង់ចម្ងាយ ៦០០គីឡូម៉ែត្រ រយះពេល ១០ថ្ងៃ ទី២ យុទ្ធនាការតាមបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយបញ្ហាព្រៃឈើ និងការបម្រែបម្រួលអាកាសធាតុ និងសកម្មភាពទី៣ រៀបចំសិក្ខាសាលាធំមួយ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់កិច្ចការពារធនធានធម្មជាតិ។
មកទល់ពេលនេះ ក្រសួងបរិស្ថាន មិនអនុញ្ញាតឱ្យប្រជាសហគមន៍ ចូលរួមល្បាតព្រៃ ក្នុងតំបន់អភិរក្ស ជិត ៣ឆ្នាំមកហើយ ប៉ុន្តែប្រជាសហគមន៍អះអាងថា ចំពោះអ្នកកាប់ឈើ និង អ្នកដឹកឈើខុសច្បាប់ ចេញពីព្រៃឡង់ និងព្រៃព្រះរកា អាចចូលព្រៃបានដោយងាយ ផ្ទុយពីអ្នកការពារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។