ព្រៃ​សហគមន៍ចំនួន២ នៅ​ខេត្ត​ព្រះវិហារ បាត់បង់​ទាំង​ស្រុង​នៅ​ឆ្នាំ២០២១

0:00 / 0:00

ព្រៃ​សហគមន៍​ចំនួន២ នៅ​ខេត្ត​ព្រះវិហារ​មាន​ផ្ទៃ​ដី​ជាង ៣ពាន់​ហិកតារ ដែល​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​អាស្រ័យផល​ជាច្រើន​ឆ្នាំ​មក​ហើយ បាន​បាត់បង់​ទាំង​ស្រុង នៅ​ឆ្នាំ២០២១ នេះ។ ពលរដ្ឋ​ជាង ១០នាក់ ដែល​ចេញ​មុខ​ការពារ​ព្រៃ​សហគមន៍​ទាំង នេះ មិន​ត្រឹមតែ​គ្មាន​ការ​លើក​ទឹក​ចិត្ត​ពី​អាជ្ញាធរ​រដ្ឋាភិបាល​នោះ​ទេ តែ​បែរ​ជា​ក្លាយ​ជា​ជន​រងគ្រោះ​ជាប់​បណ្តឹង​នៅ​តុលាការ​ជាច្រើន​ករណី។

ជន​ជាតិ​ដើម​ភាគតិច​កួយ​ជាច្រើន​គ្រួសារ​រស់​នៅ​ឃុំ​រមណីយ ស្រុករវៀង បង្ហាញ​ពី​ភាព​អយុត្តិធម៌ និង​ឈឺ​ចាប់នៅគ្រា​ដែល​ពួក​គាត់​លះបង់​ការពារ​សម្បត្តិ​ភោគ​ទ្រព្យ​ជាតិ បែរ​ជាត្រូវ​ប្រឈមការ​គំរាម​កំហែង និង​ជាប់​បណ្តឹង​នៅ​តុលាការ​ជាច្រើន​ករណី។ អ្នកភូមិ​ថា ព្រៃ​សហគមន៍​ចំនួន២ គឺព្រៃ​សហគមន៍​បឹង​ទន្លេម្រេច និង​ព្រៃ​សហគមន៍​ភ្នំ​ព្រលាន​បាន​រលាយ​ហិនហោច​ទាំង​ស្រុង នៅ​រយៈ​ពេល​ជិត ១ឆ្នាំ ចុង​ក្រោយ​នេះ។ រីឯ​មន្ត្រី​បរិស្ថាន និង​ក្រុមហ៊ុន ទ្រី ភាព បាន​ប្រើ​ប្រព័ន្ធ​តុលាការគំរាម​កំហែង​លើ​ពលរដ្ឋ​ណា ដែល​ហ៊ាន​ចេញ​មុខ​ការពារ​ព្រៃ​សហគមន៍​ទាំង​នេះ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែធ្នង់ លោក ស៊ុន ស៊ីន ប្រាប់​វិទ្យុអាស៊ីសេរី នៅ​ថ្ងៃ​ទី១ វិច្ឆិកា​ថា ព្រៃសហគមន៍​ភ្នំ​ព្រលាន​មាន​ផ្ទៃ​ដីជិត ២ពាន់​ហិកតារ បាន​បាត់បង់​អស់​ទាំងស្រុង​ហើយ។ លោក​ថា កាល​ពី ៦ខែ​មុន ព្រៃ​សហគមន៍​នេះ ​នៅ​សល់​ព្រៃ​ប្រមាណ ៥២ហិកតារ ដែល​អ្នកភូមិ​ចង់​រក្សា​ទុក ប៉ុន្តែ​បែរ​ជា​រលាយ​ហិន​ហោច​បន្ថែម​ទៀត។ លោក​ចាំ​ថា កាល​ពី​ជាង ១០ឆ្នាំ​មុន ព្រៃ​សហគមន៍​នេះ​សំបូរ​ដើម​ឈើធំៗ និង​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​រស់​នៅ ប៉ុន្តែ​ព្រៃឈើ​បាន​ថយចុះ​បន្តិច​ម្តងៗ ដោយសារ ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ។ ចំណែក​ពលរដ្ឋ​ចំណូល​ស្រុក និង ពលរដ្ឋ​មូលដ្ឋាន​មួយ​ចំនួន​បាន​ដណ្តើម​គ្នា​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ​អស់​មួយ​ផ្នែក​ធំ៖ «បាត់​នៅ​ឆ្នាំ២០២១ មុន​អត់​បាត់​ប៉ុន្មាន​ទេ​ ចូល​ឆ្នាំ២០២១ នេះ​ អស់​ព្រៃ​អាលីង​ សូម្បី​តែ​មួយ​ហិកតារ​ក៏​គ្មាន​ដែរ​។ តុ​លា​លម្អៀង​ដែរ​ បើ​ថា ​មន្ត្រី​បរិស្ថាន​ពាក់ព័ន្ធ ​មិន​សួរ​រក​ឫសគល់​ គាត់​អត់​សួរ​ផង​ គាត់​យក​ក្តី​យក​តែ​ម្តង»

លោក ស៊ុន ស៊ីន បន្ថែម​ថា កន្លង​ទៅ​លោក​រិះគន់​មន្ត្រី​បរិស្ថាន​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​សហគមន៍​ធ្វើ​ជា​កម្មសិទ្ធិ​អស់​ជាច្រើន​ហិកតារ ប៉ុន្តែ​មិន​ត្រឹមតែ​គ្មាន​ចំណាត់​ការ​ផ្លូវច្បាប់​ ពី​អាជ្ញាធរ​នោះ​ទេ បែរ​ជា​ជាប់​បណ្តឹង​នៅ​តុលាការ​ទៅ​វិញ។ លោក​ថា មន្ត្រី​បរិស្ថាន​ម្នាក់​នោះ បាន​ប្តឹង​លោកពី​បទបរិហារ​កេរ្តិ៍ជាសាធារណៈ កាល​ពី​ដើម​ឆ្នាំ២០២១ ហើយ​តុលាការ​ខេត្តព្រះវិហារ​បាន​ប្រកាស​សាល​ក្រម​ឱ្យ​លោក​ចាញ់​ក្តី​ ដោយ​ត្រូវ​សង់​ជំងឺ​ចិត្ត​ឱ្យ​ដើម​ បណ្តឹង ៣លាន​រៀល។ លោក​សង្កេត​ឃើញ​ថា​ ព្រៃ​សហគមន៍​រលាយ​ហិនហោច​អស់ ​ប៉ុន្តែ​ពុំ​ឃើញ​អាជ្ញាធរ ​និង​តុលាការ​ផ្តន្ទាទោស​ អ្នក​ល្មើស​ណា​ម្នាក់​នោះ​ទេ។

​ព្រៃសហគមន៍​ភ្នំព្រលាន ​ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ ព្រៃសហគមន៍​តំបន់​ការពារ​ធម្មជាតិ ​ភ្នំព្រលាន​ ជាផ្នែក​មួយ ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ ​មាន​ផ្ទៃ​ដី​ ១.៨០០ហិកតារ​ បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយក្រសួង​បរិស្ថាន​ កាល​ពី​ឆ្នាំ២០០៩​ ឋិត​ក្នុង​ភូមិស្រែធ្នង់ ​ឃុំ​រមណីយ​ ស្រុក​រវៀង។

រីឯព្រៃសហគមន៍បឹងទន្លេម្រេច ឋិតក្នុងភូមិអូរ​ពោធិ៍ ឃុំ​រមណី​ ក៏​រង​ការ​កាប់​ឈើ​មានតម្លៃ និង​ឈូស​ឆាយ​ទន្ទ្រានព្រៃ​យក​ដី ធ្វើ​កសិកម្ម​អស់​​ទាំងស្រុង នៅក្នុងឆ្នាំ២០២១ នេះដែរ។ អ្នកភូមិថា ក្រុមហ៊ុន ទ្រី ភាព ជាមេខ្លោង ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ទន្ទ្រានព្រៃ​សហគមន៍ ដើម្បី​ដាំ​កៅស៊ូ​អស់​ជាង ១ពាន់​ហិកតារ។

​ពលរដ្ឋ​ម្នាក់​ទៀត ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះអះអាង​ថា ​ក្រុមហ៊ុន ទ្រី ភាព បាន​ហ៊ុមព័ទ្ធ​របង​ និង​ឈូសឆាយ​ព្រៃ​បន្សល់​ចុង​ក្រោយ នៅ​ឆ្នាំ២០២១ នេះ។ លោក​ថា​ ព្រៃ​សហគមន៍​ ដែល​នៅ​សេស​សល់​ចុង​ក្រោយជាង ៥០ហិកតារ​ ដែល​អ្នកភូមិ ​ស្នើឱ្យ​អាជ្ញាធរ​ថែទាំ​ឱ្យ​បាន​ល្អ​ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​អនុផល​ព្រៃឈើ ​ក៏​ក្រុមហ៊ុន ​ទ្រី ភាព ​ឈូស​កម្ទេច​អស់​ដែរ។ លោក​សោកស្តាយ​ដែល​ព្រៃ​សហគមន៍​នេះ​ធ្លាប់​ជា​ម្លប់​បៃតង​ស្រស់បំព្រង និង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សហគមន៍​ បែរ​ជា​រលាយ​ហិន​ហោច​ទាំងស្រុង​។ ​រីឯ​ពលរដ្ឋ​ជាង ​១០​នាក់​ ដែល​ចេញ​មុខ​ការពារ​ព្រៃឈើ ​ត្រូវ​ក្រុមហ៊ុន​ប្តឹង​ទៅ​តុលាការ​ ធ្វើ​ឱ្យ​ពួកគាត់​ភ័យ​ខ្លាច​មិន​ហ៊ាន​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន​នោះ​ទេ។

​សមាជិក​សហគមន៍​ការពារ​ព្រៃឈើ​បឹង​ទន្លេម្រេច​ លោក ​ហួត គាណូ ​និយាយ​ថា លោក​ត្រូវ​បាន​ក្រុមហ៊ុន ​ទ្រី ភាព ​ប្តឹង​ទៅ​តុលាការ​ខេត្តព្រះវិហារ​ ៦​ករណី ​នៅគ្រា​ដែល​លោក​បាន​ចេញ​មុខ​ការពារ​ព្រៃ​សហគមន៍​នេះ​។ ​លោក​សង្កេត​ឃើញ​ថា ​សូម្បី​តែ​បឹង​ទន្លេ​ម្រេច ដែល​ផ្តល់​ត្រីសាច់​ ចិញ្ចឹមជីវិត​ដល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ ​ក៏​ក្រុមហ៊ុន​ហួងហែង និង​រឹតត្បិត​អ្នកភូមិ ​មិន​ឱ្យ​ទៅ​នេសាទ​ត្រី​ដែរ​។ លោក​បារម្ភ​ថា​ ការ​បាត់បង់​ព្រៃ​សហគមន៍​នេះ នឹង​ធ្វើ​ឱ្យ​ជនជាតិដើមកួយ ​ធ្លាក់​ចុះ​ប្រាក់​ចំណូល ​និង​ប្រពៃណី​វប្បធម៌៖ «គេ ​ ( ក្រុមហ៊ុន ទ្រី ភាព ) ​ ព័ទ្ធ​ព្រៃ​សហគមន៍​អស់​ហើយ ​គេ​ធ្វើ​របង​យក​អស់​។ គេ​ដាំ​កៅស៊ូ ​និង​ដាំ​ចន្ទី ​គេ​រក​ល្បិច​ទម្លាក់​កំហុស ​គេ​បំបែរ​សំណុំ​រឿង​។ ​យើង​ការពារ​ព្រៃ ​ទៅ​ថា យើង​បំផ្លាញ​ព្រៃ​ទៅ​វិញ»។

វិទ្យុអាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺរឿងនេះ ពី​ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ទ្រី ភាព លោក ហេង សារុំ ​បាន​​ទេ នៅ​ថ្ងៃ​ទី១ វិច្ឆិកា ដោយសារ​​ទូរសព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នកលើក​។រីឯ​ប្រធាន​ដែន​ជម្រកសត្វព្រៃបឹងពែរ​ ទូច សុភី ​ក៏​វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ឯ​មេឃុំ​រមណីយ ​លោក​ ឃុត រី ​ទទួល​ស្គាល់​ថា ​ព្រៃ​សហគមន៍​ទាំង​ពីរ​នេះ ​បាន​បាត់បង់​ទាំងស្រុង​ហើយ។ ​ក៏​ប៉ុន្តែ ​លោក​ចោទ​​សមាជិក​សហគមន៍​ និង​ពលរដ្ឋ​ថា ​បែក​បាក់​សាមគ្គីគ្នា​ ហើយ​បែក​គំនិត​ចូល​កាប់​ទន្ទ្រានព្រៃ ​ដើម្បី​ធ្វើចម្ការ​។ ​លោក​បាន​ទម្លាក់​កំហុស​លើ​ពលរដ្ឋ​ថា​ ជា​អ្នក​បំផ្លាញ​ព្រៃ​សហគមន៍​ដោយ​ខ្លួនឯង​ ធ្វើ​ឱ្យ​អាជ្ញាធរ​ពិបាក​ទប់ស្កាត់៖ «ឥឡូវ​នេះ​ទប់ស្តាត់​លែង​បាន​ហើយ​ ហើយ​សហគមន៍​បែក​បាក់​លែង​ចូលរួម​ទៀត​ទេ។ ​លែង​ចូលរួម​អស់​ហើយ ​ពលរដ្ឋ​គាត់​អ្នក​បំផ្លាញ​ខ្លួនឯង​»។

ព្រៃ​សហគមន៍​ការពារ​ធម្មជាតិ​បឹង​ទន្លេ​ម្រេច​មាន​ផ្ទៃ​ដី​ជាង ២ពាន់​ហិកតារ (២.៣៥១) ឋិត​នៅ​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ ដែល​បាន​ចុះ​បញ្ជី​ជា​ព្រៃ​អភិ​រក្ស​ពី​ក្រសួង​បរិស្ថាន កាល​ពី​ឆ្នាំ២០១០។ កាល​ពី​មិន​ទាន់​មាន​វត្តមាន​ក្រុមហ៊ុន ទី្រ ភាព នៅ​ទី​នោះ ព្រៃ​នេះ​សំបូរ​ដោយ​ដើម​ឈើ​មូល​ធំៗ ស្រស់​បំព្រង អម​ដោយ​បឹង​ធម្មជាតិ​ធំធេង​សំបូរ​ត្រី និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ។ អ្នកភូមិថា​ បច្ចុប្បន្ន​ព្រៃ​សហគមន៍​នេះ ​បាន​ប្រែ​ក្លាយ​ជា​ដើម​កៅស៊ូ ​និង​ដំណាំ​ឧស្សាហកម្ម​ផ្សេង​ទៀត​ គ្រប់គ្រង​ដោយ​កម្មករ​ក្រុមហ៊ុន ទ្រី ភាព។

​ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារសិទ្ធិមនុស្ស អាដហុក ខេត្ត​ព្រះវិហារ ​លោក ឡោ ចាន់ ​សង្កេត​ឃើញ​ថា ​ពលរដ្ឋ​ណា​ដែល​លះបង់ ​ការពារ​ព្រៃឈើ ​ប្រឈមការ​គំរាមកំហែង​ និង​ជាប់​បណ្តឹង​នៅ​តុលា ផ្ទុយ​ពី​ជនល្មើស ​និង​ក្រុមហ៊ុន​ដែល​ឈូសឆាយ​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​ មិន​ឃើញ​អាជ្ញាធរ​ស៊ើប​អង្កេត ​និង​អនុវត្តច្បាប់​នោះ​ទេ។​ លោក​ថា ​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ ​របស់​មន្ត្រី​បរិស្ថាន​ ហាក់​លម្អៀង​ខាង​ភាគី​ក្រុមហ៊ុន ​សូម្បី​តែ​សហគមន៍​ធ្វើ​ស្នាក់ការ ​ដើម្បី​ការពារ​ព្រៃឈើ​ ក៏​មន្ត្រី​ជំនាញ​ពុំ​អនុញ្ញាត​ដែរ៖ «ព្រៃ​សហគមន៍​វា​មិន​អាច​ក្លាយ​ជា ​កម្មសិទ្ធិ​របស់​ជន​ណា​ម្នាក់​បាន​ទេ ​ប៉ុន្តែ​បែរ​ជា​កន្លង​មក​ នាយក​ដែន​អះអាង​ថា​ គេ​សុទ្ធ​មាន​ច្បាប់​ ឱ្យ​តែ​អ្នក​មាន​អំណាច ​និង​ក្រុមហ៊ុន ​គេ​ធ្វើ​ក្នុង​ព្រៃ​សហគមន៍ ​សុទ្ធ​មាន​តែ​មាន​ច្បាប់​ទាំង​អស់​។ ឯ​សហគមន៍ ​ការពារ​ព្រៃ​សហគមន៍​ របស់​ខ្លួន ​សុទ្ធ​អត់​ត្រូវ​នឹង​ច្បាប់»

មន្ត្រី​សង្គមស៊ីវិល​រូបនេះ​បន្ថែម​ថា ​បន្ទាប់​ពី​មាន​វត្តមាន​ក្រុមហ៊ុន ​ទ្រី ភាព ​ព្រៃ​សហគមន៍​ទាំងនេះ ​បាន​បាត់បង់​ទាំង​ស្រុង ​ហើយ​មន្ត្រី​បរិស្ថាន​ដែល​ឈរ​ជើង​យាម​ព្រៃ​នៅ​ទីនោះ ​បាន​ទម្លាក់​កំហុស​បញ្ហា​នេះ ​លើ​ពលរដ្ឋ​ខ្លួន​ទៅ​វិញ។

អ្នកភូមិថា ក្រុមហ៊ុន ទ្រី ភាព ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ផ្ទៃដី​ជាង ៩ពាន់​ហិកតារ កាល​ពី​ឆ្នាំ២០១១ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ ដែល​ជា​តំបន់​ព្រៃ​រេចរឹល។ ប៉ុន្តែ​ផ្ទៃដី​ដែល​រដ្ឋាភិបាល​ផ្តល់​ឱ្យ​ក្រុមហ៊ុន​វិនិយោគ មិន​មែនជា​ព្រៃ​រេចរឹល​នោះ​ទេ តែគឺជា​ព្រៃ​ស្រោង​សំបូរ​ដោយ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ពលរដ្ឋ ហើយ​ក្រុមហ៊ុន​បាន​បើក​ទីតាំង​កាប់​រំលំ​ឈើ​ធ្វើ​អាជីវកម្ម និង​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ទន្ទ្រាន​ព្រៃ​ខុស​ច្បាប់ ដើម្បី​ដាំ​កៅស៊ូ​អស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។