ពលរដ្ឋ​រិះគន់​អាជ្ញាធរ​គំរាម​កំហែង​កម្មករ​ស៊ីនទ្រី ជាង​រក​ដំណោះស្រាយ​រឿង​គំនរ​សំរាម

ដោយ ម៉ៅ សុធានី
2020.10.10
Share on WhatsApp
Share on WhatsApp
សំរាម ២០២០ សកម្មភាព​អាជ្ញាធរ​ប្រមូល​សំរាម ក្រោយកម្មករ​ប្រមូល​សំរាម​ស៊ីនទ្រី ធ្វើ​បាតុកម្ម​មិនធ្វើការ ទាមទារ​ដំណោះស្រាយ។ រូប​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក​លោក ម៉េត មាសភក្ដី

ពលរដ្ឋ​ត្អូញត្អែរ​ក្លិន​ស្អុយ​ពី​គំនរ​សំរាម និង​រិះគន់​អាជ្ញាធរ​ក្រុងភ្នំពេញ ដែល​មិន​ដោះស្រាយ​នឹង កម្មករ​ប្រមូល​សំរាម​ស៊ីនទ្រី។ សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរតែ​ចរចា​ជាមួយ​កម្មករ​ឲ្យ​ពួកគេ​ទទួល​យក​បាន ជាជាង​ការ​ចង់​ឈ្នះ​ចាញ់​ហើយ​ចេញ​វិធានការ សំអាត​ទីក្រុង​ភ្នំពេញ។

ស្ត្រី​ជា​គ្រូបង្រៀន​ម្នាក់ ឈ្មោះ សិលា ដែល​រស់នៅ​ក្រុងភ្នំពេញ​រៀបរាប់​ប្រាប់​អាស៊ីសេរី​ថា គំនរ​សំរាម​គរ​ដូច​ភ្នំ និង​រាយប៉ាយ​ថែមទាំង​មាន​ក្លិន​ស្អុយ​ពិបាក​ទ្រាំ​ជាច្រើន​ថ្ងៃ​មក​ហើយ នៅ​ក្បែរ​ផ្ទះ​របស់​អ្នកស្រី​។ លោកស្រី​បន្ត​ថា ប្រសិន​ជា​មាន​ភ្លៀង​ហើយ​លិច​នឹង​ពិបាក​ទ្រាំ​ខ្លាំង​ណាស់ ប៉ុន្តែ​ដោយសារ​អ្នកស្រី​រស់នៅ​អគារ​ជន់​ទី​១ ទើប​ស្ថានភាព​មិនសូវ​ជា​ប៉ះពាល់​ដោយសារតែ​ក្លិនស្អុយ​នោះ​ទេ។

លោកស្រី​បន្ត​ថា ថ្ងៃ​១០ តុលា នេះ ឃើញ​មាន​ឡាន​និង​កម្មករ​ខ្លះ​មក​ប្រមូល​សំរាម​យក​ទៅ​អស់​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​បាន​ប្រសើរ​ខ្លះ​។ ទោះ​យ៉ាងណា​អ្នកស្រី​ថា មិន​ដឹង​ថា អាច​ស្អាត​បែបនេះ​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ ព្រោះតែ​កម្មករ​ប្រមូល​សំរាម​នៅ​មិនទាន់​ព្រម​ចូល​ធ្វើការ​វិញ​នៅឡើយ។ អ្នកស្រី​អះអាង​ថា មិន​ខឹង​ឬ​អាក់អន់ចិត្ត​នឹង​កម្មករ​ដែល​កំពុង​ធ្វើបាតុកម្ម ហើយ​មិន​មក​ប្រមូល​សំរាម​នោះ​ទេ ព្រោះ​គេ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​បន្ត​ទាមទារ​នោះ​ទេ។ «»

គំនរ​សំរាម​គរ​ជាច្រើន រាយប៉ាយ​នៅតាម​ផ្លូវ​ក្បែរ​ផ្សារ ក្បែរ​របង​វត្ត ក្បែរ​ប្រឡាយ ក្បែរ​សាលារៀន និង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ថ្ងៃ​មក​ហើយ បន្ទាប់ពី​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី ផ្ទុះ​ការ​តវ៉ា​មុខ​ក្រុមហ៊ុន ដោយ​មិន​ព្រម​ចេញ​ប្រមូល និង​ដឹក​សំរាម​ដូច​រាល់ដង ក្រោយ​ពួកគេ​បារម្ភ​បាត់​ការងារ​និង​អត្ថប្រយោជន៍​ការងារ នៅ​ពេល​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​នឹង​ដេញថ្លៃ​គ្នា​ក្នុង​សេវា​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ។

ពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ក្រុងភ្នំពេញ​ប្រើប្រាស់​បណ្ដាញ​សង្គម​ចែកចាយ​រូបភាព និង​បញ្ចេញមតិ រួម​ទាំង​រិះគន់​អំពី​បញ្ហា​គំនរ​សំរាម និង​ក្លិនស្អុយ​ទាំងនោះ​ថា សំរាម​គ្រប់​ទីកន្លែង​ពលរដ្ឋ​ចូល​ផ្សារ​មិន​ចង់​កើត​ព្រោះ​ក្លិន​ពេក ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់​។ ចំណែក​ហ្វេសបុក​ពលរដ្ឋ​ខ្លះ​សរសេរ​អម​ជាមួយ​នឹង​រូបភាព​សំរាម​ជាច្រើន​នៅ​លើ​ផ្លូវ​មួយ​យ៉ាង​វែង​ថា គេ​ប្រថុយ​ប្រឈម​នឹង​ហានិភ័យ ជំងឺឆ្លង​នានា​ដើម្បី​តែ​ជីវភាព និង​សោភ័ណភាព​ទីក្រុង​។ ហ្វេសបុក​នេះ​បន្ត​ថា គេ​ប្រមូល​សំរាម​បែរជា​ចាត់​ទុក​គេ​ដូច​សំរាម។

លោកស្រី ចាន់ រស្មី រស់នៅ​ក្នុង​ភ្នំពេញ​ម្នាក់ទៀត យល់ថា អាជ្ញាធរ​ក្រុងភ្នំពេញ​គួរតែ​ចរចា​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​ដល់​កម្មករ​ទាំងអស់​ដែល​កំពុង​តវ៉ា ឲ្យ​ទទួល​យក​បាន ជាជាង​ប្រើ​គ្រប់​មធ្យោបាយ​ព្រមាន​ពួកគេ​ឲ្យ​ផ្អាក​ការ​តវ៉ា​។ អ្នកស្រី​បន្ត​ថា សំរាម​មាន​រាល់ថ្ងៃ​ហើយ​យន្តការ​ឬ​សកម្មភាព​របស់​អាជ្ញាធរ​ដោះ​ស្រាយ​បានតែ​មួយ​ពេលៗ​ប៉ុណ្ណោះ។ «»

ឆ្លើយតប​នឹង​ការរិះគន់​នេះ អភិបាលក្រុង​ភ្នំពេញ លោក ឃួន ស្រេង អះអាង​ថា សាលាក្រុង​ភ្នំពេញ​បាន​ចេញ​វិធានការ និង​សកម្មភាព​ប្រមូល​សំរាម​ចេញពី​ក្រុង​ប្រមាណ​ជា ៩៥​ភាគរយ​ហើយ​។ លោក​បដិសេធ​ថា សាលាក្រុង​មិន​បាន​គំរាមកំហែង​កម្មករ​នោះ​ទេ គឺ​គ្រាន់តែ​ប្រាប់​ឲ្យ​កម្មករ​គោរព​ច្បាប់​ការងារ​ប៉ុណ្ណោះ។ «»

កន្លងទៅ​ថ្មីៗ​នេះ​ក្រសួង​ការងារ​ចេញ​លិខិត​ព្រមាន​ដោយ​ចោទ​ថា ជា​អ្នកដឹកនាំ សហជីព​ថា​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម ចំណែក​សាលាក្រុង​ភ្នំពេញ​ប្រកាស​ជ្រើសរើស​បុគ្គលិក​ថ្មី​ជំនួស​កម្មករ​ដែល​កំពុង​តវ៉ា​។ មន្ត្រី​អ្នកនាំពាក្យ​សាលាក្រុង លោក ម៉េត មាសភក្តី សរសេរ​លើ​ទំព័រ​បណ្តាញ​សង្គម​របស់​លោក នៅ​ថ្ងៃ​នេះ​រួម​ជាមួយ​នឹង​ការ​បង្ហោះ​វីដេអូ ឡាន​ដឹក​សំរាម​មួយ​ចំនួន​ប្រមូល​សំរាម នៅ​ថ្ងៃ​១០ តុលា​នេះ នៅ​តំបន់​មួយ​ចំនួន​នៃ​ក្រុងភ្នំពេញ ហើយ​លោក​បញ្ជាក់​ថា មាន​កម្មករ​ប្រមាណ​ជា ៣០០​នាក់​បាន​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ហើយ។

ការ​អះអាង​របស់​មន្ត្រី​សាលាក្រុង​រូប​នេះ ថា មាន​កម្មករ​ប្រមាណ​៣០០​នាក់​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​នេះ បន្ទាប់ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ចេញ​លិខិត​បញ្ជា​ឲ្យ​កម្មករ​ទាំងអស់​ផ្អាក​បាតុកម្ម និង​ត្រឡប់​ចូល​ធ្វើការ​តាម​វេន​របស់​ពួកគេ​នៅ​ថ្ងៃ​១០ តុលា​នេះ​។ ទោះ​យ៉ាងណា​កម្មករ​ភាគច្រើន​នៅតែ​បន្ត​តវ៉ា នឹង​មិន​ទាន់​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​នៅឡើយ​ទេ ព្រោះតែ​មិន​ទុកចិត្ត ការសន្យា​របស់​សាលាក្រុង និង​ក្រុមហ៊ុន ថា​នឹង​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​ពួកគេ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គីមអេង ថ្លែងប្រាប់​អាស៊ីសេរី​ថា ស្ថានភាព​សំរាម​ក្នុង​ទីក្រុង គឺ​មាន​ស្ថានភាព​ប្រសើរ​បន្តិច​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន ប៉ុន្តែ នៅ​តាម​មុខ​ផ្ទះ​របស់​ពលរដ្ឋ និង​តាម​ទីតាំង​ដី​ទំនេរ​ជាច្រើន គឺ​ស្ថានភាព​គំនរ​សំរាម​គរ និង​មាន​ក្លិនស្អុយ​ដដែល​។ លោក​បន្ត​ថា អាជ្ញាធរ​គួរតែ​ពន្លឿន​ការ​ចរចា​ជាមួយ​កម្មករ ជាជាង​ការចង់​ឈ្នះ​ចាញ់​ជាមួយ​ពួកគេ ព្រោះថា ចំណាត់​ការ និង​សកម្មភាព​ដែល​អាជ្ញាធរ​កំពុង​ធ្វើ​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារតែ​សំរាម​នឹង​មាន​កើតឡើង​ជា​រៀងរាល់ថ្ងៃ​។ លោក​ប្រាប់​ថា ប្រសិន​ជា​កម្មករ ទាំងអស់​ទទួល​បាន​ដំណោះស្រាយ​ហើយ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ នោះ​ពួកគេ​នឹង​ប្រមូល​សំរាម ហើយ​សំអាត​ទីក្រុង​បាន​លឿន​ព្រោះ​ពួកគេ​មាន​ជំនាញ ស្គាល់​ទីតាំង និង​របៀប​ធ្វើការ​ប្រមូល​សំរាម​បាន​រហ័ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។