ស្ថានទូត​អាមេរិក និង​ដៃគូ​អនុវត្ត​យុទ្ធនាការ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ

ស្ថានទូត​សហរដ្ឋអាមេរិក សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រួមមាន​ក្រសួង​បរិស្ថាន សាលា​រាជធានី​ភ្នំពេញ ក្រុម​យុវជន និង​វិស័យ​ឯកជន ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធនាការ «តោះ​និយាយ​ពី​ការ​ទុក​ដាក់​សំរាម»។ យុទ្ធនាការ​នេះ​មាន​គោលបំណង​លើក​ទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បញ្ឈប់​ការ​ចោល​សំរាម​មិន​ត្រឹមត្រូវ បញ្ឈប់​ការ​ដុត​សំណល់​ប្លាស្ទិក និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក។

ស្ថានទូត​អាមេរិក​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី១០ ខែ​មីនា ថា យុទ្ធនាការ​នេះ​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ក្រោម​គម្រោង​អនាគត​បៃតង។ យុទ្ធនាការ​នេះ​នឹង​ចែក​ចាយ​ខ្លឹមសារ និង​សារ​គន្លឹះ​តាម​រយៈ​ប្រព័ន្ធ​អនឡាញ (Online) និង​ផ្ដល់​ព័ត៌មាន​វិទ្យាសាស្ត្រ​ស្ដីពី​ផល​ប៉ះពាល់​នៃ​ការ​ចោល​សំរាម ព្រមទាំង​ផ្ដល់​វិធី​សាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​សំរាម និង​សំណល់​ទៀត​ផង។

រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ ទីភ្នាក់ងារ USAID បាន​ចូលរួម​ជា​ថវិកា​ចំនួន ១​រយ​លាន (១០០) ដុល្លារ ក្នុង​ការ​អភិរក្ស និង​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​របស់​កម្ពុជា។ ទីភ្នាក់ងារ​ដដែល​នេះ​រីករាយ​ក្នុង​ការ​ពង្រីក​វិសាលភាព​ការងារ​របស់​ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​នៅ​កម្ពុជា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។