ប្រជាសហគមន៍នេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងព្រួយបារម្ភជាខ្លាំងអំពីបញ្ហាភ្លើងឆេះព្រៃរនាម ឬហៅថាព្រៃលិចទឹក ធ្វើឲ្យហិនហោចព្រៃឈើជាបន្តបន្ទាប់។ ការបារម្ភនេះ បន្ទាប់ពីភ្លើងឆេះព្រៃអស់ប្រមាណ ១ពាន់ហិកតារ ហើយអាជ្ញាធរពុំមានវិធានការទប់ស្កាត់នៅឡើយ។
ប្រជាសហគមន៍នេសាទត្រីភូមិស្ដីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ សម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ព្រៃលិចទឹកដោយសារភ្លើងឆេះ។
ប្រធានសហគមន៍នេសាទភូមិស្ដីក្រោម លោក ភី ហឿត ឲ្យដឹងនៅថ្ងៃទី៥ មេសា ថា ភ្លើងឆេះព្រៃលិចទឹកតំបន់៣ នៅចំណុចវាលដូនអំ នៃឃុំព្រែកហ្លួង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៦ មក អស់ព្រៃប្រមាណ ៥០០ហិកតារ។ លោកអះអាងថា កន្លងមកលោកបានជូនដំណឹងបញ្ហាភ្លើងឆេះព្រៃទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យជួយទប់ស្កាត់ដែរ តែពុំទទួលបានលទ្ធផល៖ « នៅពេលសមត្ថកិច្ចចុះទប់ស្កាត់ម្ដងៗបានត្រឹមតែឈរមើលភ្លើងឆេះ ហើយរាយការណ៍ថ្នាក់លើរបស់ខ្លួនប៉ុណ្ណោះ តែវិធានការពន្លត់ភ្លើង គឺគ្មានឡើយ »។
ឆ្លើយតបនឹងបញ្ហានេះ នាយសង្កាត់រដ្ឋបាលជលផលព្រែកកញ្ច្រែង នៃស្រុកឯកភ្នំ លោក អ៊ុង យួង ទទួលស្គាល់ថា ពិតជាមានភ្លើងឆេះព្រៃលិចទឹកនៅតំបន់៣ ខ្លះប្រាកដមែន ប៉ុន្តែលោកអះអាងថា កន្លងមក សមត្ថកិច្ចពាក់ព័ន្ធតែងយកចិត្តទុកដាក់ចុះទប់ស្កាត់ និងរកមុខសញ្ញាជនល្មើសដែលលួចដុតព្រៃ ដើម្បីឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់ជាច្រើនករណីមកហើយ គឺពុំមែនសមត្ថកិច្ចមិនអើពើដូចការចោទប្រកាន់របស់សហគមន៍ឡើយ៖ « ចុះយើងមានឧបករណ៍ឯណាទៅពន្លត់ភ្លើង។ ខ្ញុំធ្វើបានត្រឹមតែទៅត្រួសត្រាយផ្លូវដើម្បីកុំឲ្យឆេះរាលដាលទៅមុខតែប៉ុណ្ណឹងទេ »។
ប្រធានគម្រោងគ្រប់គ្រងធនធានជលផលអង្គការទ្រទ្រង់ភូមិ ប្រចាំខេត្តបាត់ដំបង លោក សួ កុសល កត់សម្គាល់ថា ភ្លើងឆេះព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបខេត្តបាត់ដំបង កើតឡើងរៀងរាល់ឆ្នាំ ជាពិសេសនៅឆ្នាំ២០១៦ តែម្ដង ដែលមានសន្ទុះខ្លាំងក្លាជាងគេ។ លោកអះអាងថា បញ្ហាភ្លើងឆេះកន្លងមក ដោយសារវិធានការទប់ស្កាត់របស់សមត្ថកិច្ចពាក់ព័ន្ធមានការយឺតយ៉ាវ និងមិនច្បាស់លាស់។ លោកពន្យល់ថា ភ្លើងឆេះព្រៃលិចទឹក បានប៉ះពាល់ជាខ្លាំងដល់ទីជម្រករបស់ជីវចម្រុះក្នុងទឹក ដូចជាការធ្វើឲ្យបាត់បង់ធនធានជលផល ជាដើម៖ « ខ្ញុំសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជួយទប់ស្កាត់កុំឲ្យភ្លើងឆេះព្រៃលិចទឹកបន្តទៀត »។
ព្រៃលិចទឹកក្នុងខេត្តបាត់ដំបង គ្របដណ្ដប់លើស្រុកចំនួន៣ គឺស្រុកឯកភ្នំ ស្រុកមោងឫស្សី និងស្រុកសង្កែ ដែលមានផ្ទៃដីប្រមាណ ១ម៉ឺនហិកតារ។ មន្ត្រីអង្គការទ្រទ្រង់ភូមិអះអាងថា នៅឆ្នាំ២០១៦ ភ្លើងឆេះព្រៃរនាមក្នុងខេត្តនេះ ហិនហោចអស់ជាង ១ពាន់ហិកតារ ហើយនៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ ឆេះច្រើនជាងគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។