ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថាន ជំរុញដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការអភិរក្សធនធានធម្មជាតិប្រវត្តិសាស្ត្រភ្នំទទឹងដែលបន្សល់ទុកចុងក្រោយដែលជាអត្តសញ្ញាណភូមិកំណើតអ្នកស្រុកបាណន់ ខេត្តបាត់ដំបង។ ការលើកឡើងនេះ ស្របពេលដែលភ្នំធម្មជាតិជាច្រើនក្នុងខេត្តបាត់ដំបងកំពុងរងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ក្នុងការធ្វើអាជីវកម្មកាយថ្មរបស់ក្រុមហ៊ុនចិនវៀតណាម ហើយតំបន់ភ្នំទទឹង ក៏កំពុងរងការគំរាមកំហែងក្នុងធ្វើអាជីវកម្មផងដែរ។
តំបន់ភ្នំទទឹងស្ថិតនៅភូមិតាគ្រាមខេត្តបាត់ដំបង គឺជារមណីយដ្ឋានភ្នំប្រវត្តិសាស្ត្រ ដែលមិនទាន់រងផលប៉ះពាល់ ក្នុងចំណោមភ្នំដទៃទៀតក្នុងស្រុកបាណន់ ដែលបានបំផ្លិចបំផ្លាញស្ទើរតែបាត់រូបរាងទាំងស្រុងដោយសារតែការធ្វើអាជីវកម្មកាយថ្មភ្នំរបស់ក្រុមហ៊ុនចិន និងវៀតណាមកន្លងមក។ ប៉ុន្តែអ្នកភូមិព្រួយចិត្តថា ភ្នំប្រវត្តិសាស្រ្តមួយនេះ នឹងត្រូវបាត់រូបរាងបន្ថែមទៀត ក្រោយពីពួកគេប្រទះឃើញស្នាមរណ្ដៅធំៗ ក្នុងការសាកល្បងខួងរករ៉ែរបស់ក្រុមឈ្មួញ និងការកាយដីនៅចង្កេះភ្នំទទឹងដែលជាធនធានបន្សល់ទុកចុងក្រោយជាអត្តសញ្ញាណភូមិកំណើតអ្នកស្រុកបាណន់។
ពលរដ្ឋម្នាក់រស់នៅភូមិប៉ោយស្វាយ ក្នុងឃុំតាគ្រាម លោក ជួន វុទ្ធី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ កុម្ភៈថា ក្រុមឈ្មួញបានកាយថ្មភ្នំ និងដីក្រហមនៅចង្កេះភ្នំទទឹង និងប្រើប្រាស់ដ្រូន (Drone) បង្ហោះដើម្បីមើលទីតាំងសម្រាប់ធ្វើអាជីវកម្មរុករករ៉ែរបស់ពួកគេជិត ១ខែមកហើយ។ លោកបញ្ជាក់ថា ភ្នំទទឹងជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋរាប់រយគ្រួសារក្នុងការអាស្រ័យផលរកប្រាក់ចំណូលតាមរយៈការដកផ្សិត កាច់ស្លឹកព្រិច ជីកទំពាំង និងមានធនធានព្រៃឈើជាម្លប់បៃតបធំធេងសម្រាប់ជម្រកសត្វព្រៃ។ លោកបន្តថាអ្នកភូមិកំពុងព្រួយចិត្តថា ភ្នំដែរបន្សល់ទុកចុងក្រោយនេះនឹងបាត់រូបបន្ថែមទៀត ស្របពេលដែលមានក្រុមឈ្មួញជនជាតិចិន និងអ្នកអំណាចចុះមកសិក្សាពីការធ្វើអាជីវកម្មជាបន្តបន្ទាប់៖ « នៅតែភ្នំទទឹង ដែលអត់ទាន់មានក្រុមហ៊ុនណាមកប៉ះពាល់ទេ។ ឥឡូវ គម្រោងគេធ្លាក់មកដល់ហើយ។ ក្តីបារម្ភមានតែកើតជាបឹង ព្រោះអស់ភ្នំ » ។
លោក ជួន វុទ្ធី បន្ថែមថា ក្រុមហ៊ុនដែលចុះមកសិក្សាពីការរុករករ៉ែក្នុងភ្នំទទឹងនោះឈ្មោះ សួន មាសសម្បត្តិ និងមានអ្នកជំនាញជាជនជាតិចិនជាង ១០នាក់ និងបានឈួសឆាយបំផ្លិចបំផ្លាញធនធានព្រៃឈើមួយចំនួនធំក្នុងការខួងថ្មរុករករ៉ែកន្លងមក។ លោកបន្តថា ភ្នំតាគ្រាម ជាភ្នំមួយដែលមិនទាន់រងប៉ះពាល់ពីការធ្វើអាជីវកម្ម ប៉ុន្តែលោកថា បើអាជ្ញាធរនៅព្រងើយកន្ដើយមិនយកចិត្តទុកដាក់អភិរក្សទេ ភ្នំទទឹងនឹងក្លាយជាវាលរាបដល់ដីដូចភ្នំផ្សេងជាក់ជាមិនខាន៖ « ពីដើមមកចិនរហូតហើយ ដល់ពេលចេញមុខក្រុមហ៊ុន សួន មាសសម្បត្តិ អាចលាងលុយឱ្យចិន។ បំផ្លាញជាតិចំតួហើយ សម្រាប់ឃុំតាគ្រាមនេះអត់មានបានផលចំណេញអីពីក្រុមហ៊ុនទេ ក្ដីអស់សង្ឃឹមរបស់ប្រជាពលរដ្ឋបើអស់ភ្នំហ្នឹងឱ្យគ្នាទៅរកអីការងារអត់មានទេ ទៅថៃក៍យ៉ាប់ទៀតឥឡូវហ្នឹង » ។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតរស់នៅក្នុងភូមិតាង៉ែន លោក សួន រក្សា មិនសង្ឃឹមថាអាជ្ញាធរ និងក្រសួងពាក់ព័ន្ធអភិរក្សការពារភ្នំទទឹង ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់នោះទេ ដោយសារតែលោកសង្កេតឃើញថាភ្នំជាច្រើនក្នុងស្រុកបាណន់ស្ទើរតែវាលរាបដល់ដីជាបន្តបន្ទាប់ ក្រោមរូបភាពអភិវឌ្ឍរបស់ក្រុមហ៊ុនបរទេស និងអ្នកមានអំណាច។ លោកបន្តថា អ្នកភូមិមិនសប្បាយចិត្តចំពោះវត្តមានក្រុមហ៊ុនដែលមកធ្វើអាជីវកម្មកាយថ្មភ្នំកន្លងមកនោះទេ ដោយសារតែបានបង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងបានបំផ្លិចបំផ្លាញធនធានភ្នំប្រវត្តិសាស្រ្តដែលនិមិត្តរូបភូមិកំណើតរបស់ពួកគាត់៖ « ៩៩ភាគរយនៅភ្នំទទឹងហ្នឹងមានរ៉ែជាង ១ហិកតារ ដល់ពេលចិនបង្ហោះដ្រូនទៅឃើញ ជើងក្រោមភ្នំសងខាងវាជីកយកដីអស់ហើយ » ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការឆ្លើយតបជុំវិញរឿងនេះពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ បានទេ នៅថ្ងៃទី១៤ កុម្ភៈ ដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
ប៉ុន្តែនាំពាក្យសាលាខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ មានប្រសាន៍ថា អាជ្ញាធរមូលដ្ឋាននៅមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ តែលោកអះអាងថា ក្រុមហ៊ុនភាគច្រើន ដែលមកធ្វើអាជីវកម្មសុទ្ធតែមានអាជ្ញាប័ណ្ណពីថ្នាក់ជាតិ និងបានសិក្សាពីផលប៉ះពាល់បរិស្ថានច្បាស់លាស់។ លោកបន្តថា លោកនឹងបញ្ជូនមន្ត្រី និងកម្លាំងជំនាញ ដើម្បីចុះត្រួតពិនិត្យនៅតំបន់ភ្នំទទឹងបន្ថែមទៀតក្រោយពីទទួលបានព័ត៌មាននេះ៖ « កាលណាខ្ញុំបានព័ត៌មាននេះ ខ្ញុំធ្វើការជាមួយអាជ្ញាធរស្រុកមន្ទីរជំនាញដើម្បីឱ្យចុះទៅពិនិត្យមើល។ ធម្មតាបើក្រុមហ៊ុនមានអាជ្ញាប័ណ្ណគេយកថ្មទៅលក់ដូរជាសម្ភារៈគ្រឿងសំណង់អីជាដើម » ។
ទោះយ៉ាងណា សកម្មជនការពារបរិស្ថាន លោក លី ចាន់ដារ៉ាវុធ សង្កេតឃើញថា ការធ្វើអាជីវកម្មថ្មភ្នំក្នុងស្រុកបាណន់កន្លងមក គ្មានតម្លាភាព គណនីភាព និងមានការឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដែលជាដើមចមសំខាន់ធ្វើឱ្យប្រជាពលរដ្ឋមូលដ្ឋានមិនសប្បាយចិត្ត ហើយធនធានភោគទ្រព្យជាតិរងការបំផ្លាញបាត់រូបរាងជាបន្តបន្ទាប់។ យុវជនរូបនេះបន្តថា តំបន់ភ្នំទទឹង ដែលជាធនធានបន្សល់ទុកចុងក្រោយនេះ គួរណាត្រូវបានថែរក្សាឱ្យនៅគង់រង្ស ចៀសវាងផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនធ្វើអាជីវកម្មទាំងគ្មានតម្លាភាព បង្កភាពរេចរឹលបរិស្ថាន និងប៉ះពាល់ដល់ប្រជាពលរដ្ឋបន្ថែមទៀត៖ « មានមន្ទិលសង្ស័យជាច្រើនបញ្ហាពុករលួយ បើយើងទៅមើលក្រុមហ៊ុនហ្នឹងបើមិនមែនក្រុមហ៊ុនចិនវៀតណាម ក៏ក្រុមហ៊ុនរបស់ឧកញ៉ាជិតស្និតជាមួយអ្នកកាន់អំណាចរកស៊ី សូម្បីតែប្រជាពលរដ្ឋក៍មិនដឹងថាគេធ្វើអីផង » ។
កាលពីអំឡុងខែមករា ឆ្នាំ២០២១ ជនជាតិចិនមានគ្នាជាង ១០នាក់ បានប្រើប្រាស់ដ្រោន (Drone) និងប្រព័ន្ធកុំព្យូទ័រ (computer) ដើម្បីសិក្សាស្រាវជ្រាវរករ៉ែមាសនៅតំបន់ភ្នំទទឹងរួចមកហើយ។ បច្ចុប្បន្នក្រុមហ៊ុនឈ្មោះ សួន មាសសម្បត្តិ ដែលមានកម្មករជនជាតិចិនរាប់រយនាក់ ក៏កំពុងឈូសឆាយដីព្រៃធ្វើផ្លូវបណ្ដើរៗ ហើយ ដោយពលរដ្ឋសង្ស័យថា ក្រុមហ៊ុននឹងចាប់ផ្ដើមបើកការដ្ឋាន និងនាំចូលគ្រឿងចក្រ ដើម្បីធ្វើអាជីវកម្មក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ព្រួយបារម្ភថា ភ្នំទទឹងអាចរងផលប៉ះពាល់បន្ថែមទៀត ស្របពេលក្រុមហ៊ុនកំពុងមានវត្តមាននៅតំបន់ភ្នំនោះ ហើយអាជ្ញាធរពាក់ព័ន្ធនៅទាន់ផ្សព្វផ្សាយពីការធ្វើអាជីវកម្មនេះឱ្យបានទូលំទូលាយនៅឡើយ។ លោកមើលឃើញថា ធនធានភ្នំក្នុងស្រុកបាណន់ ដែលរងការបំផ្លាញជាបន្តបន្ទាប់មកនេះ ដោយសារតែខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរក្នុងកិច្ចការពារភោគទ្រព្យជាតិឱ្យនៅគង់វង្ស៖ « ខ្ញុំមិនជឿថា ក្រុមហ៊ុនអនុវត្តគោរពតាមកិច្ចសន្យាត្រឹមត្រូវនោះទេ អាជ្ញាធរថ្នាក់ក្រោមជាតិគប្បីមានការត្រួតពិនិត្យកុំឱ្យធនធាននៅប្រទេសកម្ពុជាកាន់តែហិនហោច ដោយសារតែអាជ្ញាធរមិនអនុវត្តតួនាទី និងការទទួលខុសត្រូវវាអាចជាប់ពាក់ព័ន្ធរឿងផលប្រយោជន៍អំពើពុករលួយផ្សេងៗ » ។
អ្នកស្រុកបាណន់ថា បើអាជ្ញាធរនៅតែបើកដៃឱ្យក្រុមហ៊ុនចិន និងអ្នកមានអំណាចធ្វើអាជីវកម្មដោយសេរីបែបនេះ តំបន់ភ្នំទទឹងនឹងវាលរាបដល់ដីដូចភ្នំគល់ត្រូវបានរលាយស្ទើរតែបាត់រូបរាងដោយសារតែក្រុមហ៊ុនចិនធ្វើអាជីវកម្មយកថ្មម៉ាបកាលពីឆ្នាំ២០១៣។ ក្រៅពីភ្នំទទឹងកំពុងរងការគំរាមកំហែងធ្វើអាជីវកម្ម រមណីដ្ឋានតំបន់ភ្នំប្រវត្តិសាស្ត្រមួយចំនួនទៀតកំពុងរលាយស្ទើរបាត់រូបរាងជាបន្តបន្ទាប់ដូចជា ភ្នំតាគ្រាម ភ្នំថ្មក្រហម ភ្នំអន្សែ ភ្នំប៉ោយស្វាយ ភ្នំពពូល ភ្នំតាត្រងោល និងភ្នំគល់ជាដើម។ ភ្នំធម្មជាតិទាំងនេះ ធ្លាប់ផ្តល់ម្លប់បៃតងស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាការដ្ឋានជីកគាស់កាយ និងកិនថ្ម ដោយមានគ្រឿងចក្ររាប់សិបគ្រឿង ដឹកជញ្ជូនថ្មធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងស្ទើរជារៀងរាល់ថ្ងៃ៕