ក្រុមអាជីវករលក់ដូរនៅរមណីយដ្ឋានទន្លេបាទី ខេត្តតាកែវ សម្តែងក្ដីបារម្ភពីការបណ្តេញចេញ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ឆ្វៀលដីជាង ២រយហិកតា (២២២) ផ្តល់ឱ្យបុគ្គលឯកជន។ ប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅតំបន់ទន្លេបាទី ទាមទារដល់ប្រមុខរដ្ឋាភិបាល លុបចោលអនុក្រឹត្យនេះ ដើម្បីធានាការពារពីប៉ះពាល់បរិស្ថាន និងតំបន់ដែលពោរពេញដោយសក្ដានុពលផ្នែកវិស័យទេសចរណ៍។
ប្រជាពលរដ្ឋ និងក្រុមអាជីវករបម្រើផ្នែកសេវាកម្មភ្ញៀវទេសចរ នៅតំបន់រមណីដ្ឋានទន្លេបាទី ខកចិត្តចំពោះលោក ហ៊ុន សែន ដែលកាត់ឆ្វៀលដីប្រមាណជាង ២រយហិកតារ (២២២) ទៅឱ្យឯកជន ដែលធ្វើឱ្យពួកគាត់ប្រឈមបាត់បង់ចំណូល និងបណ្តេញចេញពីការប្រកបអាជីវកម្មនៅតំបន់វប្បធម៌ប្រវត្តិសាស្ត្រ។ លើសពីនេះ ក្រុមអាជីវករថា ការធ្វើអនុបយោគផ្ទៃទន្លេបាទីជាង ២រយហិកតារឱ្យបុគ្គលឯកជននេះ គឺអាជ្ញាធរមូលដ្ឋានបានធ្វើសំណើស្ងាត់ៗទៅរដ្ឋាភិបាល ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋបានដឹង ក្នុងការចូលរួមបញ្ចេញយោបលនៃប៉ះពាល់បរិស្ថាន និងតំបន់ផ្ទៃបឹងទន្លេបាទីនេះនោះឡើយ។
អាជីវករលក់ដូរម្នាក់នៅតំបន់ទន្លេបាទី លោកស្រី សុង សោភា រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែមិថុនា ថាកន្លងទៅ អាជ្ញាធរតែងប្រាប់ប្រជាពលរដ្ឋថា តំបន់ទន្លេបាទីនឹងត្រូវបានស្ដារជម្រៅផ្ទៃទឹកទន្លេ ដើម្បីពង្រីកសក្ដានុពលទេសចរណ៍។ ទោះយ៉ាងណា លោកស្រីថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាជ្ញាធរមិនបានស្ដារទឹកទន្លេឡើយ។ ក្រៅពីនេះ លោកស្រីថា ផ្ទៃទឹកទន្លេបែរជាល្អក់កករកាន់តែខ្លាំង ដោយសារតែមានបុគ្គលមានលុយ មានអំណាចមួយចំនួនឆ្លៀតឱកាសចាក់បំពានចូលផ្ទៃទឹកទន្លេ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
បន្ថែមពីនេះ លោកស្រីលើកឡើងថា ក្រោយពីរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីទៅឯកជន គ្រប់គ្រងជាង២រយហិកតារ (២២២) បន្ថែមទៀត អាជីវករជាច្រើនមិនសប្បាយចិត្ត និងសម្ដែងក្ដីព្រួយបារម្ភពីការបាត់បង់ប្រាក់ចំណូលនៅតំបន់ទន្លេបាទី។ លោកស្រី ទទូចដល់រដ្ឋាភិបាល គួរតែមានការអភិរក្សតំបន់ទន្លេបាទីនេះ មិនគួរផ្តល់សិទ្ធិឱ្យឯកជនគ្រប់គ្រង ដែលប្រឈមនឹងការចាក់ដីលុបទន្លេ ធ្វើឱ្យបាត់បង់អត្តសញ្ញាណ និងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋបែបនេះឡើយ៖ «អនាគតនឹងលុបទន្លេ [ បាទី ] ហ្នឹងពួកខ្ញុំគឺដាច់ពោះហ្មង។ ទីមួយ ធ្វើឱ្យទឹករីង ទីពីរត្រី។ ប្រសិនជាលុប ពួកខ្ញុំដឹងតែចប់ហើយ ព្រោះអីប្រជាជនពួកខ្ញុំនៅហ្នឹង រស់ដោយសារទន្លេហ្នឹងទាំងអស់គ្នា លក់ម្ហូប គ្រប់សព្វគ្រប់យ៉ាង ពួកខ្ញុំដូចចែកគ្នារស់ដែរ»។
ចំណែកឯ ពលរដ្ឋម្នាក់ទៀតនៅរស់ក្បែរទន្លេបាទី លោក ឈុន វុត្ថា លើកឡើងថា លោកមិនចង់ឃើញការអភិវឌ្ឍ ដែលធ្វើឱ្យបាត់បង់ធនធានធម្មជាតិ ហើយអ្នកដែលទទួលបានប្រយោជន៍មានតែបុគ្គលមានលុយមានអំណាចនោះឡើយ។ លោកបារម្ភថា បើមានការ ចាក់លុបទន្លេបាទីក្រោមស្លាកអភិវឌ្ឍ រមណីដ្ឋានទន្លេបាទីក្នុងខេត្តតាកែវនឹងបាត់បង់អត្តសញ្ញាណវប្បធម៌ប្រវត្តិសាស្ត្រ ហើយប្រជាពលរដ្ឋរាប់រយគ្រួសារនឹងកាន់តែមានជីវភាពក្រីក្រ ដោយសារតែគ្មានកន្លែងប្រកបអាជីវកម្មរកប្រាក់ចំណូលបានតទៅទៀត៖ « ធម្មតាតែងតែស្ដាយ តែងតែបារម្ភ ប៉ះពាល់ជាពិសេស រឿងប្រសាទ និងទន្លេបាទី ជាកេរ្តិ៍ដំណែលខ្មែរតាំងពីដើមមក។ គឺតែងតែមានការសោកស្ដាយ ដូចមានអារម្មណ៍ថា ពិបាកនឹងនិយាយដែរ ព្រោះអីច្បាប់ចេញមក គឺលក្ខណៈថា មិនដឹងថា ក្នុងចំណោមអ្នកលក់ដូរ គាត់បានដឹង ឬក៏អត់ផង ព្រោះអី ច្បាប់ទាំងអស់ហ្នឹងទើបថ្មីៗដែរ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទង អ្នកនាំពាក្យក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះ បានទេនៅថ្ងៃទី២៥ មិថុនា។ ចំណែកឯ អភិបាលខេត្តតាកែវ លោក អ៊ូច ភា និងអភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង ដើម្បីសាកសួរអំពីរឿងនេះ បានដែរនៅថ្ងៃដដែលនេះ។
កាលពីថ្ងៃទី២ ខែមីនាកន្លងទៅនេះ លោក ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលដីតំបន់ប្រវត្តិសាស្ត្រទន្លេបាទីជាង ២រយហិកតា (២២២) ប្រគល់ឱ្យបុគ្គលឯកជនម្នាក់ ឈ្មោះ ស្រ៊ុន ប៊ុនលាភ ដើម្បីអភិវឌ្ឍ។ ផ្ទៃបឹងទន្លេបាទីជាង ២រយហិកតារ ដែលលោក ហ៊ុន សែន ធ្វើឱ្យអនុបយោគផ្តល់ឱ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ នេះ មួយផ្នែកស្ថិតនៅឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលទំហំជាង ១រយហិកតា (១០៦) និងមួយផ្នែកទៀត ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលមានទំហំជាង ១រយហិកតា (១៦៦)។ អ្នកស្រុកបាទី ឱ្យដឹងថា បុគ្គល ស្រ៊ុន ប៊ុនលាភ នេះពួកគាត់ធ្លាប់ឮតែឈ្មោះតែប៉ុណ្ណោះ ហើយប្រជាពលរដ្ឋសង្ស័យថា ការចាក់ដីបំពានចូលផ្ទៃទឹកទន្លេបាទី ពីសំណាក់អ្នកមានអំណាចកន្លងមកនេះ អាចមានជាប់ពាក់ព័ន្ធនឹងបុគ្គលរូបនេះនៅពីក្រោយខ្នង។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា លើកឡើងថា ការអភិវឌ្ឍន៍គឺជារឿងប្រសើរ ប៉ុន្តែរដ្ឋាភិបាលក៏មិនគួរមើលរំលងពីផលប៉ះពាល់សង្គម នោះដែរ។ លោកបន្តថា ដីតំបន់ទន្លេបាទីដែលរដ្ឋាភិបាលសិទ្ធិជាង២រយហិកតាឱ្យបុគ្គលិកឯកជនគ្រប់គ្រងនេះ នឹងមានការប្រែប្រួលនៅរយៈពេលខ្លីខាងមុខ។ ទោះជាយ៉ាងណា លោកទទូចដល់រដ្ឋាបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវតែមានការគិតគូរតំបន់អភិរក្ស និងជីវភាពប្រជាពលរដ្ឋជាចម្បង និងអនុញ្ញាតិពួកគាត់ចូលរួមវាយតម្លៃផលប៉ះពាល់ ដើម្បីធានាតម្លាភាព និងគណនេយ្យភាព៖ « យើងក៏មិនចង់ឃើញដែរ ពីបញ្ហាដែល អភិវឌ្ឍមិនគោរពតាមការលើកឡើង ឬក៏ក្ដីកង្វល់របស់ប្រជាពលរដ្ឋ ក៏ដូចជាអង្គការសង្គមស៊ីវិល ដែលយើងធ្វើការងារ ទៅលើបញ្ហាដីធ្លី បញ្ហាបរិស្ថាន ឬបញ្ហាសិទ្ធិមនុស្សផ្សេងទៀតហ្នឹងគឺ យើងមិនចង់ឃើញ។ ប្រសិនជាអាចធ្វើបាននោះ យើងទទូចស្នើសុំ ឱ្យមានការទុកតំបន់ដែលជាកន្លែងជាប្រវត្តិសាស្ត្រ ជាកន្លែងកម្សាន្ត ជាវប្បធម៌ទៅហើយ អ៊ីចឹងយើងមានការព្រួយបារម្ភ ពីបញ្ហាដែលកើតឡើងផ្សេងៗនៅក្នុងតំបន់»។
រដ្ឋាភិបាល លោក ហ៊ុន សែន រងការរិះគន់ជាបន្តបន្ទាប់ ទាក់ទងនឹងការកាត់ដីសាធារណៈរបស់រដ្ឋ និងដីតំបន់សម្បូរធនធានធម្មជាតិ ធ្វើ អនុបយោគផ្តល់សិទ្ធិឱ្យបុគ្គលឯកជន ដែលសកម្មជនបរិស្ថាន និងសង្គមស៊ីវិលមើលឃើញថា គ្មានតម្លាភាព និងគណនេយ្យភាព។ លើសពីនេះ តំបន់ដី បឹង ទន្លេ ឆ្នេរសមុទ្រ ដែលលោក ហ៊ុន សែន ធ្វើអនុបយោគប្រគល់សិទ្ធគ្រប់គ្រង គឺភាគច្រើនទៅឱ្យក្រុមគ្រួសារកូនចៅរបស់លោក និងក្រុមឧកញ៉ាឈ្នួញគ្រាក់ៗ ព្រមទាំងក្រុមហ៊ុនឯកជនដែលផ្តល់ផលប្រយោជន៍ឱ្យលោក ដើម្បីឱ្យអ្នកទាំងនោះ ចាក់ដីលុបតំបន់ធនធានធម្មជាតិដើម្បីសាងសង់ ជាអគារ វិឡា ខុនដូ ផ្ទះល្វែង សម្រាប់ធ្វើអាជីវកម្មឯកជនដូចនៅតំបន់បឹងតាមោកជាដើម។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិលព្រួយបារម្ភថា បើអាជ្ញាធរ នៅតែព្យាយាមបិទបាំងព័ត៌មានពីគម្រោងអភិវឌ្ឍទន្លេបាទី វាសនាតំបន់អភិរក្សនៃផ្ទៃទន្លេបាទីនេះ ក៏មិនខុសពីតំបន់បឹងតាមោក ដែលត្រូវបានឈ្មួញ អ្នកមានលុយ មានអំណាច បង្កើតទីក្រុងរណបទំនបគ្រប់គ្រងធ្វើអាជីវកម្មផ្ដាច់មុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។