កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើមេគង្គ (Mekong Dam Monitor) បង្ហាញថា ផ្ទៃបឹងទន្លេសាបនៅរយៈពេលចុងក្រោយនេះផ្ទៃទឹកមិនបានរីកធំដូចរាល់ឆ្នាំនោះទេ ទោះជាពេលនេះរដូវទឹកឡើងហើយក្ដី។ ជុំវិញបញ្ហានេះ ពលរដ្ឋរស់នៅតាមដងទន្លេសាបត្អូញត្អែរថា កង្វះទឹកធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេនិងធ្វើឱ្យពិបាកនេសាទត្រីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។
ការរួមតូចនៃផ្ទៃបឹងទន្លេសាបកំពុងគំរាមកំហែងដល់ពលរដ្ឋរស់នៅអាស្រ័យផលនៅបឹងទន្លេសាប ជីវៈចម្រុះ និងធនធានជលផល។ កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ (Mekong Dam Monitor) ឲ្យដឹងតាមបណ្ដាញសង្គមធ្វីតធើរ (Twitter) ថា គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែសីហាកន្លងទៅ ដែលជារដូវទឹកឡើង ប៉ុន្តែផ្ទៃបឹងទន្លេសាបមិនបានរីកធំនោះទេ។ ប្រភពដដែលឲ្យដឹងទៀតថា កម្ពស់ទឹកទន្លេសាបនៅស្ថានីយព្រែកក្ដាមមានកម្ពស់ ៣,៩២ ម៉ែត្រ ទាបជាងឆ្នាំមុន ៨០ សង់ទីម៉ែត្រ។ កម្រិតទឹកឆ្នាំ២០២០កន្លងទៅនោះមានកម្ពស់៤ម៉ែត្រ។
ទាក់ទងការរកឃើញនេះ វិទ្យុអាស៊ីសេរីបានព្យាយាមសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធាន អាជ្ញាធរទន្លេសាប លោក លឹម គានហោ និងអ្នកនាំពាក្យក្រសួងធនធានទឹកលោក ចាន់ យុត្ថា នៅថ្ងៃទី១ ខែកញ្ញា តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។
ជុំវិញបញ្ហានេះប្រជានេសាទម្នាក់រស់នៅតាមដងទន្លេសាបនៅខេត្តកំពង់ឆ្នាំងលោក ឡុង សូចែត ប្រាប់វិទ្យុអាស៊ីសេរីថា ជាងពីរខែមកហើយ ដែលផ្ទៃទន្លេសាបរួមតូច ត្បិតទឹកមិនឡើង។ លោកឲ្យដឹងទៀតថា ករណីនេះធ្វើឲ្យទឹកទន្លេស្អុយ។ ប្រជានេសាទរូបនេះបន្តថា ពេលនេះពលរដ្ឋជួបបញ្ហាពិបាករកត្រី ហើយពលរដ្ឋមួយចំនួនគ្មានទឹកស្អាតប្រើប្រាស់ និងមានពលរដ្ឋក្រីក្រខ្លះ បង្ខំចិត្តប្រើប្រាស់ទឹកទន្លេដែលស្អុយនោះ៖ «បើមានទឹកថ្មីមករហូតអត់អីទេ។ ប៉ុន្តែ បើមកហើយដាច់អ៊ីចឹងទៅ ឈប់មកដូចជាល្បាយទៅ ទៅជាស្អុយទឹក។ ពេលស្អុយទឹកនៅកណ្ដាលទន្លេគ្រាន់ ប៉ុន្តែនៅចុងទឹក ទឹករាក់ៗ ស្អុយវល់តែម្ដងត្រីនៅអត់បានទេ»។
អ្នកជំនាញអភិបាលកិច្ចទឹកលោក ហែម ឧត្តម សង្កេតឃើញថា កម្ពស់ទន្លេសាបថយចុះបែបនេះព្រោះប្រទេសចិន និងប្រទេសឡាវដែលនៅភាគខាងលើនៃអាងទន្លេមេគង្គបានបិទទឹកក្នុងសង្វាក់ផលិតកម្មវារីអគ្គិសនីរបស់ខ្លួន។ លោកយល់ថា បញ្ហានេះធ្វើឲ្យប៉ះពាល់ការនេសាទរបស់ពលរដ្ឋ ហើយជំរុញឲ្យអ្នកនេសាទទាំងនោះជំពាក់បំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុកាន់ច្រើនឡើង និងនាំឲ្យកើតមានបទល្មើសនេសាទ។ លោក ហែម ឧត្តម ជំរុញ គណៈកម្មការទន្លេមេគង្គ (MRC) លើកយកបញ្ហានេះទៅជជែកគ្នាជាមួយប្រទេសចិននិងឡាវ៖ «ពីមុនគាត់ប្រើមងសំណាញ់រន្ធធំៗ ប៉ុន្តែដល់ពេលអាធំរកត្រីលែងបាន។ អ៊ីចឹង គាត់បន្ថយមកប្រើសំណាញ់រន្ធតូច ដើម្បីអាចចាប់ត្រីតូច។ អ៊ីចឹងទៅត្រីអត់ទាន់ទេ»។
ទន្លេសាបដែលលាតសន្ធឹងជាប់ខេត្តចំនួន ៥ គឺខេត្តកំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ពោធិសាត់ និងខេត្តសៀមរាប ទទួលបានប្រភពទឹកពីទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពទឹកពីខ្ពង់រាបទីបេហូរកាត់ប្រទេសចំនួន ៦ គឺប្រទេសចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាមមុននឹងហូរធ្លាក់ទៅកាន់សមុទ្រចិនខាងត្បូង។
ទាក់ទងការលើកឡើងនេះ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីមន្ត្រីទំនាក់ទំនងផ្នែកព័ត៌មាននៃគណៈកម្មការទន្លេមេគង្គលោក មាស សុភក្ត្រ នៅថ្ងៃទី១ ខែកញ្ញានេះបានទេ។ ទោះយ៉ាងណា គណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC) លើកទឹកចិត្តឱ្យប្រទេសជាសមាជិកនិងដៃគូសន្ទនាចែករំលែកទិន្នន័យប្រតិបត្តិការនិងស្វែងយល់ឱ្យស៊ីជម្រៅនៃការប្រែប្រួលថ្មីនៃរំហូរទន្លេមេគង្គ និងដោះស្រាយផលប៉ះពាល់ដែលអាចកើតមានលើសហគមន៍តាមអាងទន្លេនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។