ប្រជាពលរដ្ឋរស់នៅក្នុងឃុំតាគ្រាមខេត្តបាត់ដំបង នៅតែបន្តតវ៉ាបិទផ្លូវមិនឱ្យរថយន្តខ្នាតធំរបស់ក្រុមហ៊ុនចិនវៀតណាមដឹកថ្មឆ្លងកាត់ភូមិរបស់ពួកគាត់ជិត១សប្ដាហ៍មកហើយ។ អ្នកភូមិថាការលើកគ្នាតវ៉ាកន្លងមកនេះដោយសារតែពួកគាត់អស់សង្ឃឹមនឹងអាជ្ញាធរមិនអើពើជួយទប់ស្កាត់ក្រុមឈ្មួញកំពុងធ្វើអាជីវកម្មនៅតំបន់ភ្នំតាគ្រាមដែលរងការបំផ្លិចបំផ្លាញបាត់រូបរាងជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុន និងអ្នកមានអំណាច។
ប្រជាពលរដ្ឋប្រមាណជាង៥រយគ្រួសារ (៥០០) រស់នៅក្នុងភូមិចំនួន៤ ក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងឱ្យដឹងថា ពួកគាត់សម្រេចចិត្តលើកគ្នាបិទផ្លូវជាថ្មីម្ដងទៀតនេះក្រោយពីអាជ្ញាធរនៅតែបណ្ដោយឱ្យក្រុមឈ្មួញធ្វើអាជីវកម្មកាយថ្មភ្នំ ដែលធ្វើឱ្យប៉ះពាល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងបានបំផ្លាញធនធានភ្នំប្រវត្តិសាស្ត្រដែលជានិមិត្តរូបអត្តសញ្ញាណភូមិកំណើតជាបន្តបន្ទាប់។
ពលរដ្ឋម្នាក់រស់នៅក្នុងភូមិតាគ្រាម ឃុំតាគ្រាម លោកស្រី ផល្លា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ មីនា ថាអ្នកភូមិបានប្តូរវេនគ្នាបិទផ្លូវមិនឱ្យរថយន្តក្រុមហ៊ុនបើកឆ្លងកាត់ភូមិ៥ថ្ងៃមកហើយ ដោយសារតែដីហ៊ុយខ្លាំងប៉ះពាល់ដល់សុខភាពពួកគាត់។ លោកស្រីបញ្ជាក់ថា អ្នកភូមិគ្មានបំណងញុះញង់ដូចការអាជ្ញាធរចោទប្រកាន់កន្លងមកនោះទេ គឺពួកគេចង់ថែរក្សាធនធានបន្សល់បន្តិចបន្តួចសម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានស្គាល់តែប៉ុណ្ណោះ៖ « រថយន្តរាប់ពាន់គ្រឿង ហើយតទ្រុងឡើងទៅលើ ថ្មធំៗក៏មានដែលធ្លាក់មកពីលើឡានតាមដងផ្លូវ»។

លោកស្រីបន្តថា ប្រជាពលរដ្ឋស្ដាយស្រណោះធនធានភ្នំធម្មជាតិដែលកំពុងឈានទៅរកការបាត់រូបរាងទាំងស្រុង។ លោកស្រីបន្តថា អ្នកភូមិបានរួមគ្នាដាក់ញត្តិស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែគ្មានអាជ្ញាធរណាមកអើពើជួយដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋនោះទេ៖ «ព្រួយបារម្ភថាកូនក្មេងជំនាន់ក្រោយអត់ស្គាល់ទេពីដើមមកភ្នំទាំងអស់ហ្នឹងពលរដ្ឋជីកតែទំពាំងទេ»។
ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀតរស់នៅភូមិប៉ោយស្វាយ ថ្លែងថា ចាប់តាំងពីមានវត្តមានក្រុមហ៊ុនចូលមកធ្វើអាជីវកម្ម ប្រជាពលរដ្ឋតែងតែលើកគ្នាតវ៉ាជាបន្តបន្ទាប់ដោយសារតែសំឡេងរំខានពីគ្រឿងចក្រក្រុមហ៊ុន៖ «បើហ៊ុយខ្លាំងពេកចេញមុខខ្លះហើយ គ្រាន់តែកូនចៅមួយខែៗថ្លៃពេទ្យជាពិសេសរលាកបំពង់ក និងសួត»។
ប្រជាពលរដ្ឋឱ្យដឹងថា ក្រុមហ៊ុនដែលឈរជើងធ្វើអាជីវកម្មជាង១០ឆ្នាំមកនេះ បច្ចុប្បន្នកំពុងពង្រីកឥទ្ធិពលបន្ថែមទៀតដោយពង្រាយកងសន្តិសុខនៅចំណុចភូមិតាគ្រាម និងតំបន់ការដ្ឋានកិនថ្មយ៉ាងតឹងរ៉ឹងដើម្បីរឹតត្បិតមិនឱ្យជនប្លែកមុខ និងអ្នកសារព័ត៌មានចូលទៅតំបន់នោះទៀតឡើយ។ អ្នកភូមិអះអាងថា ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន ហេង ឆាតខនស្ត្រាក់សិន (Heng Chat Construction Co.Ltd) ក្រុមហ៊ុនលឹម ម៉េង គ្រុប (LIM MENG GROUP Co,Ltd) ក្រុមហ៊ុន តាំង ថៃឡុង (Tang thailong Co,Ltd) ក្រុមហ៊ុន ធី ឡុង (Thy Long) និងក្រុមហ៊ុនអ្នកមានអំណាចមួយចំនួនទៀតដែលអ្នកភូមិស្គាល់ឈ្មោះថា ថៅកែលី។
រូបភាព 3D ភ្នំគល់នៅស្រុកបាណន់ ខេត្តបាត់ដំបង by QUADDROS on Sketchfab
អ្នកស្រុកបាណន់សង្ស័យថា ក្រុមហ៊ុន និងក្រុមឈ្មួញទាំងនេះមិនមានអាជ្ញាប័ណ្ណស្របច្បាប់នោះទេ ដោយពួកគេសម្អាងថា អាជ្ញាធរមិនបានផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយឡើយ ហើយកម្មករក្រុមហ៊ុនភាគច្រើនសុទ្ធសឹងជាជនជាតិចិន និងវៀតណាមដែលបន្តដំឡើងគ្រឿងចក្រវាយកម្ទេចយកថ្មកែវ និងថ្មម៉ាបយ៉ាងអនាធិបតេយ្យ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក សុខ លូ និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ដើម្បីបំភ្លឺជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៥ មីនា។ ចំណែកឯតំណាងក្រុមហ៊ុនហេង ឆាតខនស្ត្រាក់សិន (Heng Chat Construction Co.Ltd) លោក ប៉េង អាន ក៏បដិសេដមិនធ្វើអត្ថាធិប្បាយដែរដោយលោកចុចផ្ដាច់ទូរស័ព្ទនៅថ្ងៃដដែលនេះ។
ប៉ុន្តែ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរ៉ាន ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា មុនធ្វើអាជីវកម្មក្រុមហ៊ុនបានសិក្សាពីផលប៉ះពាល់បរិស្ថានពីក្រសួងពាក់ព័ន្ធរួចមកហើយ។ លោកមិនបានបញ្ជាក់ថា តើក្រុមហ៊ុនទាំងនោះជាក្រុមហ៊ុនចិន ឬវៀតណាមនោះទេរួចក៏ចុចផ្ដាច់ទូរស័ព្ទ៖ «ខ្ញុំបានពិនិត្យហើយ មុនហ្នឹងមានការអនុញ្ញាតច្បាប់យើងសម្របសម្រួលគ្នាមានពីរទៅបីស្ថាប័ន»។
ទាក់ទងនឹងរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADO) លោក អំ សំអាត ប្រសាសន៍ថា ការព្យាយាមលាក់បាំងព័ត៌មានពីការធ្វើអាជីវកម្មថ្មភ្នំទាំងនេះ អាចមានជាប់ពាក់ព័ន្ធផលប្រយោជន៍បុគ្គល នឹងខ្វះតម្លាភាពពីដំណើរការអភិវឌ្ឍ។ លោកសង្កត់ធ្ងរថា អាជ្ញាធរមានតួនាទីសំខាន់ក្នុងការដោះស្រាយទុក្ខកង្វល់ដែលពលរដ្ឋស្នើសុំ៖ « រដ្ឋធម្មនុញ្ញបានចែងច្បាស់ណាស់ មាត្រា ៣៥ និយាយពីសំណើ ឬបណ្ដឹងប្រជាពលរដ្ឋទៅអាជ្ញាធរដើម្បីពិនិត្យ។ ជាពិសេសមន្ទីរជំនាញពាក់ព័ន្ធត្រូវតែសិក្សាថាតើមានផលប៉ះពាល់ជីវភាពពលរដ្ឋ ឬប៉ះពាល់អត្តសញ្ញាណបេតិកភណ្ឌជាតិឬអត់ ? ត្រូវតែសិក្សាឱ្យបានច្បាស់លាស់ និងពន្យល់ឱ្យប្រជាពលរដ្ឋបានយល់»។
អ្នកភូមិឱ្យដឹងថាភ្នំដែលគេកំពុងជីកគាស់កាយស្ទើរតែបាត់រូបរាងរួមមាន មានភ្នំតាគ្រាម ភ្នំថ្មក្រហម ភ្នំអន្សែ ភ្នំប៉ើយស្វាយ ភ្នំពពូល ភ្នំតាត្រងោល ភ្នំគូទឈ្នៀង ភ្នំដូងប្រេង និងភ្នំគល់ជាដើម។ ភ្នំធម្មជាតិទាំងនេះគឺប្រភពចំណូលយ៉ាងសំខាន់សម្រាប់ពលរដ្ឋរាប់រយគ្រួសារនិងធ្លាប់ផ្តល់ម្លប់បៃតងស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាការដ្ឋានជីកគាស់កាយ និងកិនថ្ម ដោយមានគ្រឿងចក្ររាប់សិបគ្រឿង ដឹកជញ្ជូនថ្មធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងស្ទើរជារៀងរាល់ថ្ងៃ។ អ្នកស្រុកបាណន់ចាត់ទុកភ្នំធម្មជាតិទាំងនោះជានិមិត្តរូបភូមិកំណើតរបស់ពួកគេ ដែលពេលនេះកំពុងឈានទៅរកការបាត់បង់ទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។