ក្រសួងបរិស្ថានសហការជាមួយនឹងអង្គការសត្វព្រៃមួយចំនួននៅកម្ពុជារកឃើញសត្វត្មាតចំនួន៨២ក្បាលដែលកំពុងមានវត្តមាននៅខេត្តចំនួន ៤ គឺខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តមណ្ឌលគិរី។
ក្រសួងបរិស្ថានបានបញ្ជាក់នៅលើការផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១២ ខែមិថុនា ឱ្យដឹងថា ក្នុងចំណោមត្មាតទាំង ៨២ ក្បាលនោះ មានត្មាតភ្លើងចំនួន ១៣ក្បាល ត្មាតផេះ ចំនួន ៤២ ក្បាល និងត្មាតត្នោត មានចំនួន ២៧ ក្បាល។
ទិន្នន័យដែលបានបង្ហាញនេះគឺបានមកពីការធ្វើជំរឿនសត្វត្មាត នៅខេត្តចំនួន ៤ កាលពីថ្ងៃទី១០ ខែមិថុនា។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកក្រសួងបរិស្ថានឱ្យដឹងថាលទ្ធផលដែលរកឃើញនេះ មិនទាន់អាចកំណត់បានថា តើចំនួនត្មាតនៅកម្ពុជា កើនឡើង ឬថយចុះនៅឡើយទេ ដោយសារត្រូវរង់ចាំការធ្វើជំរឿនទូទាំងប្រទេសចំនួន ៥ដង បន្ថែមទៀតសិន។
ក្រសួងបរិស្ថានបញ្ជាក់ថាលទ្ធផលជំរឿនសត្វត្មាតកាលពីឆ្នាំ២០២០ បង្ហាញថាសត្វត្មាតនៅទូទាំងប្រទេសមានចំនួនច្រើនបំផុតត្រឹម ១២៩ ក្បាលតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។