អ្នកឃ្លាំមើលបរិស្ថាន និងបណ្ដាញសហគមន៍ការពារព្រៃឡង់ អះអាងថា ដែនជម្រកសត្វព្រៃឡង់ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថានកំពុងឋិតក្នុងភាពប្រកាសអាសន្នហើយ ព្រោះសកម្មភាពកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ចេញពីព្រៃអភិរក្សមួយនេះ បន្លំចូលការដ្ឋានក្រុមហ៊ុនឯកជន នៅតែកើតមានច្រើន។ ប្រជាសហគមន៍ព្រៃឡង់ទាំង ៤ខែត្រកំពុងទាល់គំនិត មិនដឹងថា ទៅពឹងស្ថាប័នណាមួយឱ្យជួយដោះស្រាយបទល្មើសព្រៃឈើនេះទេ ព្រោះក្រសួងសាមី នៅតែយកលេសឆ្លើយដោះសាដដែលៗ បើទោះបីជាពួកគេរកឃើញភស្តុតាងរាប់មិនអស់ក្ដី។
បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត និងអ្នកឃ្លាំមើលបរិស្ថាន ដង្ហោយសុំកិច្ចអន្តរាគមន៍ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងដែនព្រៃឡង់ ដែលកំពុងកើតមានស្ទើរគ្រប់តំបន់។ ពួកគេភ្ញាក់ផ្អើលពីឧក្រិដ្ឋកម្មព្រៃឈើដ៏ច្រើនសន្ធឹងសន្ធាប់នៅឆ្នាំនេះ ព្រោះការដឹកជញ្ជូនឈើតាមគោយន្ត និងម៉ូតូ កំពុងកើតមានទាំងហ្វូងៗ ដោយក្រុមជនល្មើស មិនខ្លាចក្រែងច្បាប់នោះទេ។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តក្រចេះលោក ហ៊ឹម ជំនោរ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ១៧ កុម្ភៈថា បច្ចុប្បន្នគោយន្តយ៉ាងហោចណាស់ ៥០គ្រឿង និងម៉ូតូជាច្រើនគ្រឿង កំពុងសម្រុកដឹកឈើប្រភេទឈ្លីក និង សុក្រំ ចេញពីព្រៃឡង់ បន្លំចូលការដ្ឋានក្រុមហ៊ុនស៊ីងបាយអូថេក ហើយឈើខ្លះទៀត ដឹកលក់ឱ្យឈ្មួញនៅមូលដ្ឋាន។ លោកថា ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ កើតមានឡើងជិត ៣ ខែមកហើយ ធ្វើឱ្យដើមឈើធំៗ ក្នុងព្រៃអភិរក្សមួយនេះ ប្រឈមវិនាសហិនហោច។ លោកបញ្ជាក់ថា សន្តិសុខរបស់ក្រុមហ៊ុន រាប់សិបនាក់ និងមន្ត្រីបរិស្ថាន បានពង្រាយតាមច្រកផ្លូវសំខាន់ៗចូលព្រៃឡង់ ដើម្បីរារាំង ប្រជាសហគមន៍មិនឱ្យចុះល្បាតព្រៃ៖ «ដឹកកាត់ក្បែរប៉ុស្តិ៍បរិស្ថានដែរ តែអត់ឃើញចាប់ចងអីផង។ ពីរទៅ បីឆ្នាំនេះ ប្លែកមែនទែន ខុសពីរ ទៅ បីឆ្នាំមុន ដឹកទាំងហ្វូងៗ មិនខ្លាចច្បាប់។ ព្រួយបារម្ភបើសិននៅអ៊ីចឹង ពីរ ទៅ បីខែទៀត នឹងបាត់បង់ មិនបានដល់កូនចៅជំនាន់ក្រោយ»។
ប្រជាសហគមន៍ព្រៃឡង់បន្ថែមថា គោយន្តរាប់សិបគ្រឿង និងម៉ូតូជាច្រើនគ្រឿងទៀត គឺជាមធ្យោបាយដឹកជញ្ជូនឈើ ចេញពីព្រៃឡង់ ចូលការដ្ឋានក្រុមហ៊ុនស៊ីងបាយអូថេក(Think Biotech Cambodia) និង ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.) ដោយមានការបើកដៃពីឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិមួយចំនួន។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក គង់ រី មើលឃើញថា គ្រាន់តែច្រកចូលព្រៃឡង់ក្នុងឃុំសៀមបូក ស្រុកសៀមបូក និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ មានគោយន្តដឹកឈើយ៉ាងហោចណាស់ ៣០គ្រឿងជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះ ក្នុងមួយគោយន្តអាចផ្ទុកឈើចន្លោះពី ២ម៉ែត្រគូប ដល់ ៦ម៉ែត្រ គូប។ លោកបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរខេត្តស្ទឹងត្រែង មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថាន បានចុះពិនិត្យបទល្មើសព្រៃឈើទាំងនេះដែរ ប៉ុន្តែគ្មានចំណាត់ការច្បាប់នៅឡើយទេ៖ «រាល់ថ្ងៃឋិតក្នុងភាពប្រកាសអាសន្ន ចេញមុខ ៥០ ទៅ ៦០គ្រឿង ទាំងយប់ និងថ្ងៃ អ្នកអារឈើកកោះនៅតែមាន មុខ ៨០ ដល់ ១០០ ( ១ម៉ែត្រ ) នៅតែមានដឹកចេញមក។ គាត់គ្រាន់មកពញ្ញាក់អាសន្នយើងថា ទប់ស្កាត់ៗ តែវានៅតែគគ្រឹកគគ្រេងដដែលហ្នឹង»។
កាលពីខែមិថុនា ឆ្នាំ២០១២ ក្រសួងកសិកម្ម បានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយ៍ស្ដារព្រៃឈើឡើងវិញ លើផ្ទៃដីចំនួនជាង ៣ម៉ឺន ៤ពាន់ហិកតារ (៣៤.០០៧) ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលទឹកដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក្រោយមក ក្រុមហ៊ុននេះ បានផ្ទេរសិទ្ធិបើករោងចក្រអារឈើទៅឱ្យក្រុមហ៊ុន អង្គរ ប្លាយវូដ (Angkor Plywood) កាលពីចុងឆ្នាំ២០១៨។
ប្រជាសហគមន៍ថា ក្នុងការដ្ឋានក្រុមហ៊ុននេះ មានទីតាំងជាប់ព្រៃឡង់ ខេត្តក្រចេះមានឈើមូលធំៗ ជាច្រើនម៉ែត្រគូប ត្រៀមដឹកចេញក្រៅដែលភាគច្រើនជាប្រភេទឈើឈ្លីច សុក្រំ និងដើមឈើ ដែលអ្នកស្រុកដុតយកជ័រទឹកលក់ចិញ្ចឹមជីវិត។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងមេការក្រុមហ៊ុន ស៊ីង បាយអូថេក លោក សំ ណូ ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ បាននៅឡើយទេ នៅថ្ងៃទី១៧ ខែកុម្ភៈ។ រីឯរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន និងអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក អេង ហ៊ី ក៏មិនអាចទាក់ទងបានដែរ ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ក៏មិនអាចសុំការអធិប្បាយបានដែរ នៅថ្ងៃដដែលនេះ។
ប៉ុន្តែលោក នេត្រ ភក្ត្រា ប្រាប់វិទ្យុអាស៊ីសេរី កាលពីសប្ដាហ៍មុនថា បច្ចុប្បន្ន ស្ថានភាពព្រៃអភិរក្សមានភាពល្អប្រសើរ ដោយភាពរេចរឹលបានធ្លាក់ចុះ ហើយកម្ពុជា កំពុងខំប្រឹងអភិរក្សព្រៃធម្មជាតិ ដែលនៅសល់ ដោយលក់ឥណទានកាបូន លើទីផ្សារស្ម័គ្រចិត្ត កាលឆ្នាំ២០១៦ មក ក្រោមស្លោក «ថែរក្សាដើមឈើ ដើម្បីរកចំណូល»។ លោកបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សកំពុងបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ការពារធនធានធម្មជាតិ។
ផ្ទុយពីការលើកឡើងនេះ សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ស្រី ថី គ្មានសង្ឃឹមថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន នឹងអាចការពារព្រៃឡង់គង់វង្សឡើយ ព្រោះបទល្មើសព្រៃឈើកើតឡើងដដែលៗ ឯការទប់ស្កាត់គ្មានប្រសិទ្ធភាពទាល់តែសោះ។ លោកថា ថ្មីៗ នេះ អាជ្ញាធរថ្នាក់ជាតិ មន្ត្រីបរិស្ថាន និងអាជ្ញាធរខេត្តព្រះវិហារ បានចុះពិនិត្យស្ថានភាពព្រៃឡង់ តែធ្វើឡើងគ្រាន់តែល្អមើលប៉ុណ្ណោះ ដោយមិនបាន រកមូលហេតុពិតប្រាកដ ដើម្បីដោះស្រាយវិបត្តិបរិស្ថាននោះទេ។ លោកបារម្ភថា បច្ចុប្បន្នកម្មកររាប់រយនាក់ និងគោយន្តរាប់សិបគ្រឿង នៅតែបន្តកាប់ និងដឹកឈើចេញពីព្រៃឡង់បន្លំ ចូលក្រុមហ៊ុនវៀតណាម ភីអ៊ិនធី ដោយគ្មានការអនុវត្តច្បាប់៖ «ពិបាកនឹងធ្វើការជាមួយ ( ក្រសួងបរិស្ថាន ) គេច្រើនតែបដិសេធមិនទទួលស្គាល់របាយការណ៍ ដែលខ្ញុំបង្ហាញការពិត។ លិខិតដែលខ្ញុំស្នើសុំចួប ចរចាគ្នា ដើម្បីរកដំណោះស្រាយព្រៃឈើរឿងការពារព្រៃឈើ អត់ឆ្លើយតបទាំងអស់។ រឿងមន្ត្រីបរិស្ថាន ខ្ញុំលែងសង្ឃឹម ហើយគេចុះធ្វើសកម្មភាព គ្រាន់តែបង្អើលទេ ហើយបទល្មើសចូលពេញព្រៃវិញដដែល»។
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ មើលឃើញថា អំពើពុករលួយ និងការបណ្ដែតបណ្ដោយរបស់អាជ្ញាធរនឹងក្លាយជាដើមចម ធ្វើឱ្យព្រៃឡង់វិនាសហិនហោច ឈានដល់ការប្រកាសអាសន្ន។ លោកថា ឧក្រិដ្ឋកម្មព្រៃឈើនេះកើតឡើងច្រើន ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធដដែលៗ គ្មានដំណោះស្រាយទាល់តែសោះ ជាច្រើនឆ្នាំមកហើយ។
ព្រៃឡង់ឋិតក្នុងចន្លោះខែត្រចំនួនបួន ដូចជាខែត្រក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខែត្រកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤សែនហិកតារ (៤៣១.៦៨៣ហិកតារ) ដែលឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
កាលពីខែមិថុនា ឆ្នាំ ២០២១កន្លងទៅ សហរដ្ឋអាមេរិក បានកាត់ផ្ដាច់ជំនួយអភិរក្សព្រៃឡង់ ២១លានដុល្លារ ដែលត្រូវផ្ដល់ឱ្យរដ្ឋាភិបាលកម្ពុជា ដោយសារតែពិនិត្យឃើញថា ព្រៃឡង់នៅតែទទួលរងការកាប់បំផ្លាញព្រៃឈើខ្លាំងក្លាដដែល ហើយអាជ្ញាធរបានធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តលើសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិលដែលចូលរួមការពារព្រៃឡង់។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលើកឡើងថា វាជារឿងគួរឱ្យសោកស្ដាយដែលស្ថានភាពបាត់បង់ព្រៃឈើ និងការបង្ក្រាបលើអ្នកការពារបរិស្ថានកាន់តែអាក្រក់ឡើងជាលំដាប់។ ស្ថានទូតបន្តថា ទោះបីជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានជួយគាំទ្រឱ្យមានការដើរល្បាត ការបណ្ដុះបណ្ដាលដល់ផ្នែកអនុវត្តច្បាប់ និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិតាំងពីឆ្នាំ២០១៦ ក៏ដែនជម្រកសត្វព្រៃឡង់នៅតែបាត់បង់ផ្ទៃដីព្រៃជិត ៤ម៉ឺនហិកតារ ឬជិត ៩% នៃគម្របព្រៃឈើរបស់ខ្លួនដដែល។
ជាងនេះទៅទៀត ស្របពេលដែលការកាប់ឈើខុសច្បាប់នៅតែបន្តកើតមានទាំងនៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃឡង់ អាជ្ញាធរកម្ពុជាមិនត្រឹមតែមិនកាត់ទោសឱ្យបានសមល្មមចំពោះបទល្មើសព្រៃឈើ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនោះឡើយ ប៉ុន្តែអាជ្ញាធរបែរជាបន្តបំបិទសំឡេង និងធ្វើទុក្ខបុកម្នេញលើសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិលទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។