សហគមន៍​នៅ​ឧត្ដរមានជ័យ​បារម្ភ​ពី​គម្រោង​សង់​ទំនប់​ទឹក​អាច​បង្ក​ឲ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ

0:00 / 0:00

ប្រជាពលរដ្ឋ ព្រះសង្ឃ​នៃ​សហគមន៍​ព្រៃ​ឈើ រួម​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល កំពុង​ព្រួយ​បារម្ភ​ថា គម្រោង​សាងសង់​ទំនប់​ទឹក​ឈ្មោះ​ស្ទឹង​ស្រែង​ទី​២ ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​អនុវត្ត​ដោយ​ក្រុមហ៊ុន​ចិន នៅ​ចន្លោះ​ភូមិសាស្ត្រ​ស្រុក​ចុងកាល់ និង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ គឺ​អាច​នឹង​ធ្វើ​ឲ្យ​លិចលង់​ស្រែ​ចម្ការ និង​ធនធាន​ធម្មជាតិ​ជាច្រើន​ទៀត​នៅ​ពេល​ខាង​មុខ។

ក៏ប៉ុន្តែ អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ អះអាង​ថា បន្ទាប់​ពី​ការ​ចុះ​សិក្សា​ជំហាន​ដំបូង​រក​ឃើញ​ថា ការ​ប៉ះពាល់​ដោយសារ​គម្រោង​សាងសង់​ទំនប់​ទឹក​នោះ គឺ​មាន​តិចតួច ដែល​មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ។

គណៈកម្មការ​អន្តរ​ក្រសួង​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ភូមិ​ចំនួន​៣ ក្នុង​ឃុំ​ត្រពាំងតាវ និង​ឃុំ​លំទង ស្រុក​អន្លង់វែង ដើម្បី​សិក្សា​អំពី​ការ​ប៉ះពាល់​នានា​ដែល​អាច​នឹង​កើត​មាន​ឡើង ដោយសារ​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែង​ទី​២ ដើម្បី​យក​ទឹក​ស្រោចស្រព​កសិកម្ម ដែល​ក្រុមហ៊ុន​ចិន នឹង​ចាប់​ផ្ដើម​អនុវត្ត​ការ​សាងសង់​នា​ពេល​ខាង​មុខ។

អភិបាល​ខេត្ត​ឧត្តរមានជ័យ គឺ​លោក ស ថាវី។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែ​ឧសភា ថា គណៈកម្មការ​របស់​ខេត្ត និង​មន្ត្រី​អន្តរ​ក្រសួង បាន​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​ភូមិ​ទំនប់ថ្មី ភូមិ​ចារ ឃុំ​ត្រពាំងតាវ និង​ភូមិ​គោកសំព័រ នៃ​ឃុំ​លំទង ស្រុក​អន្លង់វែង កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា កន្លង​ទៅ។ ការ​ចុះ​សិក្សា​នេះ​រក​ឃើញ​ថា គម្រោង​សង់​ទំនប់​ទឹក​ស្ទឹង​ស្រែង​ទី​២ ដើម្បី​យក​ទឹក​ស្រោចស្រព​កសិកម្ម ដែល​នឹង​ចាប់​ផ្ដើម​អនុវត្ត​ដោយ​ក្រុមហ៊ុន​ចិន ឈ្មោះ ស៊ីណូ​ហៃក្រូ នៅ​ពេល​ខាង​មុខ គឺ​អាច​មាន​ទឹក​លិច​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​តិចតួច។ បញ្ហា​នេះ អាជ្ញាធរ​កំពុង​ចាប់​ផ្ដើម​ស្រង់​យក​ទិន្នន័យ​នៃ​ការ​ប៉ះពាល់ ដើម្បី​ឈាន​ទៅ​ដល់​គោល​នយោបាយ​សង​ការ​ខូចខាត​វិញ៖ «ក្រុម​ការងារ​ទើប​តែ​ចេញ​ដំណើរ និង​ចុះ​សិក្សា អ៊ីចឹង​បើ​រក​ឃើញ​ផល​ប៉ះពាល់​ប៉ុណ្ណា គឺ​នឹង​ដោះស្រាយ​ទៅ​តាម​តម្លៃ​ទីផ្សារ។ ការងារ​នេះ គឺ​ក្រុម​ការងារ​កំពុង​តែ​បន្ត​ចុះ​វាស់វែង​សិន បើ​លិច​កន្លែង​ណា គឺ​ដោះ​កន្លែង​ហ្នឹង»

ការ​ចុះ​សិក្សា​អំពី​ការ​ប៉ះពាល់​ទៅ​លើ​ដី​ស្រែ​ចម្ការ និង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ព្រួយ​បារម្ភ​ពី​ប្រជាពលរដ្ឋ​ជាច្រើន រស់នៅ​ជុំវិញ​តំបន់​នៃ​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែង​ទី​២ នោះ។

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែង​ទី​២ នេះ អាច​នឹង​ស្តុក​ទឹក​ទុក​ប្រើប្រាស់​លើ​វិស័យ​កសិកម្ម​បាន​ប្រមាណ ២០​ម៉ឺន​ម៉ែត្រ​គូប ហើយ​បើ​ទំនប់​ទឹក​សាងសង់​រួច​រាល់ គឺ​នឹង​អាច​ផ្គត់ផ្គង់​ទៅ​ឲ្យ​កសិករ​ប្រើប្រាស់​បាន ៣​ខេត្ត ដូចជា​ខេត្ត​ឧត្តរមានជ័យ ខេត្ត​សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ពន្យល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​គោកសំព័រ ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ជុំវិញ​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែង​ទី​២ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៥។
អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ពន្យល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​គោកសំព័រ ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ជុំវិញ​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែង​ទី​២ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៥។ (Photo Provided)

ទោះ​យ៉ាង​ណា ប្រធាន​សហគមន៍​ព្រៃ​ឈើ​សង្ឃ​រុក្ខវ័ន្ត ព្រះ​ភិក្ខុ ប៊ុន សាលួត ដែល​ទទួល​ការពារ​ព្រៃ​ឈើ​ជាង ១​ម៉ឺន​ហិកតារ មាន​ព្រះ​ថេរ​ដីកា​ថា នៅ​ពេល​ណា​ទំនប់​ទឹក​ស្ទឹង​ស្រែង​ទី​២ មាន​រូបរាង​ឡើង​នោះ ព្រៃ​ការពារ​របស់​ព្រះអង្គ​ប្រមាណ ២​ពាន់​ហិកតារ នឹង​លិច​លង់។ ព្រះអង្គ​ព្រួយ​បារម្ភ​ថា ទំនប់​ទឹក​នោះ​មិន​មែន​បង្ក​ការ​ប៉ះពាល់​តែ​ព្រៃ​ឈើ​ប៉ុណ្ណោះ​ទេ គឺ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្នំ​ប្រវត្តិសាស្ត្រ និង​តំបន់​រ៉ែ​ធម្មជាតិ​ខ្លះ​ទៀត​ផង៖ «អាត្មា​ព្រួយ​បារម្ភ​ណាស់ ទី​១ បាត់បង់​តំបន់​អេកូ​ទេសចរណ៍។ ទី​២ បាត់បង់​ភ្នំ​ប្រវត្តិសាស្ត្រ ភ្នំ​រូងដែក​ភ្នំ​អី ហើយ​និង​បាត់បង់​រ៉ែ ព្រោះ​ទីនោះ​មាន​រ៉ែ​មាស និង​រ៉ែ​ដែក»

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា តាម​លោក​ចុះ​ទៅ​ពិនិត្យ​នៅ​តំបន់​ភ្នំ​សេកស កាល​ពី​ពេល​ថ្មីៗ​ឃើញ​ថា គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែង​ទី​២ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ និង​ព្រៃ​សហគមន៍​របស់​ព្រះសង្ឃ​ខ្លះ​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​អន្លង់វែង និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​ភូមិ​ស្រះកែវ ឃុំ​ពង្រ ស្រុក​ចុងកាល់ ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។