ស្ថានភាព​ទឹកជំនន់​នៅ​តាម​ទន្លេ បន្ត​ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាស​អាសន្ន

ដោយ សេក បណ្ឌិត
2024.09.26
ស្ថានភាព​ទឹកជំនន់​នៅ​តាម​ទន្លេ បន្ត​ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាស​អាសន្ន ស្ថានភាពទំនប់អាងទឹកថ្មី ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក​ក្រសួង​​ធនធានទឹក

ទឹកជំនន់​ប៉ែក​ខាង​លើ​នៃ​អាង​ទន្លេ​មេគង្គ នៅ​ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង កំពុង​ហក់​ឡើង ជិតដល់​កម្រិត​ប្រកាស​អាសន្ន ខណៈ​ពលរដ្ឋ​មួយ​ចំនួន​ត្រៀម​ជម្លៀស​ខ្លួន និង​សត្វ​ពាហនៈ​រក​ទី​ទួល​សុវត្ថិភាព ប្រសិនបើ​ទឹក​នៅតែ​បន្ត​ឡើង​ថែមទៀត។ ក្រសួង​ធនធាន​ទឹក អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន ខណៈ​តំបន់​មួយ​ចំនួន​ដែល​នៅ​ជាប់​មាត់​ទន្លេ កម្ពស់​ទឹក​អាច​នឹង​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន។

បន្ទាប់ពី​ព្យុះ​មួយ​ចំនួន​បាន​បោកបក់​មក​លើ​ប្រទេស​កម្ពុជា នាំ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ឥត​ស្រាកស្រាន្ត​ជិត​កន្លះ​ខែ ពេល​នេះ​ខេត្ត​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ រួមមាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និង​កំពង់ចាម នៅ​តែ​រង​ការ​ជន់​លិច ខណៈ​ខេត្ត​មួយ​ចំនួន​ទៀត ត្រៀម​ខ្លួន​ប្រកាស​អាសន្ន និង​ជម្លៀស​ពលរដ្ឋ។

ពលរដ្ឋ​នៅ​ឃុំ​ដារ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ លោក នុត សំណាង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ថា ទឹក​ទន្លេ​មេគង្គ បាន​ឡើង​រហូត​ដល់​ហៀរ​មាត់​ច្រាំង និង​ជន់​លិច​នៅ​តាម​តំបន់​ទំនាប​មួយ​ចំនួន។ លោក​បន្ត​ថា ប្រសិនបើ​ទឹក​ទន្លេ​មេគង្គ នៅតែ​បន្ត​ឡើង​តែ ៣តឹក​ឬ ៣០សង់ទីម៉ែត្រ​ទៀត​ នឹង​ដល់​កម្រិត​ប្រកាស​អាសន្ន ខណៈ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់​ទន្លេ​មួយ​ចំនួន បាន​ជម្លៀស​ទៅ​រក​ទី​ទួល​សុវត្ថិភាព​បណ្ដើរៗ​ហើយ។

លោក នុត សំណាង៖ «ប្រសិនជា​នៅតែ​ភ្លៀង​បន្ត​ធ្លាក់​ទៀត​ហ្នឹង អាច​នឹង​លិច​ប្រកាស​អាសន្ន (ទឹក)អាច​នឹង​ឆ្លង​ផ្លូវ។ ផ្លូវ​ចន្លោះ​ពី​ខេត្ត ទៅ​ស្រុក​ឆ្លូង វា​មាន​ផ្លូវ​ខ្លះ​រាង​ទាប»

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃទី២៥ ខែ​កញ្ញា ឱ្យ​ដឹង​ថា ទឹក​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ បាន​បន្ត​ឡើង​មាន​កម្ពស់ ២១,៥៥ម៉ែត្រ ខណៈ​កម្រិត​ទឹក​ប្រកាស​អាសន្ន មាន​កម្ពស់ ២២​ម៉ែត្រ ចំណែក​ទឹក​ទន្លេ​មេគង្គ ខេត្ត​ស្ទឹងត្រែង បាន​ឡើង​ដល់​កម្ពស់ ១០,៤០ម៉ែត្រ ខណៈ​កម្រិត​ប្រកាស​អាសន្ន មាន​កម្ពស់ ១០,៧០ម៉ែត្រ។ ទោះ​យ៉ាងណា ក្រសួង​បាន​ព្យាករណ៍​ថា ស្ថានភាព​ទឹក​ទន្លេ​មេគង្គ នៅ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង នឹង​ស្រក​ចុះ​ទៅវិញ​នៅ​ថ្ងៃស្អែក។

ដោយឡែក​នៅ​ខេត្ត​កំពង់ចាម ទឹកជំនន់​ទន្លេ​មេគង្គ បាន​ធ្វើ​ឱ្យ​លិច​ផ្ទះ វត្តអារាម ផ្លូវថ្នល់ និង​ហូរ​បាក់​ច្រាំង​បណ្ដាល​ឱ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ស្រុក​កំពង់សៀម។ ចំណែក​នៅ​តំបន់​រាជធានី​ភ្នំពេញ និង​កោះ​នរា ស្ថានភាព​កម្ពស់​ទឹក​ទន្លេ បាន​ហក់​ឡើង​ខ្ពស់ ខណៈ​ក្រសួង​ធនធាន​ទឹក បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក សុទ្ធ គឹមកុលមុនី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក នៅ​ថ្ងៃទី២៥ ខែ​កញ្ញា ថា ស្ថានភាព​ទឹក​ទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេបាសាក់ កំពុង​បន្ត​ហក់​ឡើង នៅ​ថ្ងៃទី២៥ ខែ​កញ្ញា ហើយ​តំបន់​ខ្លះ អាច​នឹង​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ថែមទៀត។ អ្នកនាំពាក្យ​រូប​នេះ អះអាង​ថា រដ្ឋាភិបាល​បាន​ត្រៀម​ស្បៀង​អាហារ​ប្រមាណ ២ម៉ឺនតោន គ្រាប់​ពូជ​ស្រូវ ៥ពាន់តោន និង​គ្រាប់​ពូជ​ដំណាំ​ផ្សេងទៀត ១០០តោន ដើម្បី​ផ្ដល់​ជូន​ពលរដ្ឋ​ដែល​មាន​ដំណាំ​រង​ការ​ខូចខាត ដោយសារ​ទឹកជំនន់។

ទាក់ទិន​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាហុក ខេត្ត​ក្រចេះ លោក យ៉ុន អ៊ាម សង្កេត​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន​ចាប់ផ្ដើម​ជម្លៀស​សត្វ​ពាហនៈ និង​សម្ភារៈ​មួយ​ចំនួន​មក​ទុក​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ។

លោក យ៉ុន អ៊ាម៖ «ទី​មួយ​គឺ​យើង​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន មាន​កូន​តូចៗ ដែល​រស់នៅ​តាម​ដង​ទន្លេ។ ហើយ​ទី២ សុំ​ឱ្យ​គាត់​ថែទាំ​សុខភាព ព្រោះ​ដោយសារ​ទឹក​ឡើង​បែបនេះ គឺ​មាន​បញ្ហា​ច្រើន ពិសេស​គឺ​មាន​មូស​ច្រើន ហើយ​អាច​ឆ្លង​ជំងឺ​ផ្សេងៗ​កើតឡើង។ ហើយ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ ជួយ​សម្រួល​ពួកគាត់​ក្នុង​ការ​រស់នៅ ហើយ​ជួយ​ជម្លៀស​ពួកគាត់​ទៅ​រក​ទី​ទួល​សុវត្ថិភាព»

របាយការណ៍ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី២៥ ខែ​កញ្ញា មាន​ខេត្ត​ចំនួន៩ ដែល​រង​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង រួមមាន​ខេត្ត​ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ កំពង់ស្ពឺ ព្រះសីហនុ កោះកុង ក្រចេះ ពោធិ៍សាត់ និង​បាត់ដំបង បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១ម៉ឺន ៤ពាន់គ្រួសារ ប៉ះពាល់​ផ្ទះសម្បែង​ចំនួន ៥ពាន់ ៤រយខ្នង និង​ប៉ះពាល់​ស្រូវ​ជាង ៩ពាន់ហិកតារ(.៤០០)

ជាមួយ​គ្នា​នេះ ទឹកជំនន់ និង​ខ្យល់ព្យុះ ក៏​បាន​សម្លាប់​ពលរដ្ឋ​ចំនួន​ ៣​នាក់ នៅ​ឃុំ​ដារ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី២០ ខែ​កញ្ញា ខណៈ​ពួកគេ​កំពុង​ជិះ​ទូក​ដឹក​ដំឡូង​ឆ្លង​ទឹក​ទន្លេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។