ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ពី​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ត្អូញត្អែរ​អំពី​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​គ្រួសារ​របស់​ពួកគាត់ ។ អ្នកភូមិ​អះអាង​ថា សព្វថ្ងៃ​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ដងទឹក​ឆ្ងាយ​ពី​ផ្ទះ​ជាង ១០​គីឡូម៉ែត្រ ដើម្បី​ដឹក​ទឹក​យក​មក​ប្រើ​ជា​រៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋ នៅ​ស្រុក​គាស់ក្រឡ លើកឡើង​ថា ពួកគាត់​ខ្វះ​ទឹក​ប្រើប្រាស់​ជាង ២​ខែ​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ជួយ​ដល់​ពួកគេ​នៅឡើយ​ទេ។

ពលរដ្ឋ​នៅ​ឃុំ​ព្រះផុស ស្រុក​គាស់ក្រឡ លោក ម៉ម កាត់ ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​១ មីនា​ថា នៅ​តំបន់​ដែល​លោក​រស់​ក្នុង​ភូមិ​តានួត ជួប​គ្រោះរាំងស្ងួត​តាំងពី​ខែ​តុលា ឆ្នាំ​២០១៩ រហូត​មក ពុំ​ទាន់​មាន​ភ្លៀង ម្ដង​នៅឡើយ​ទេ​។ លោក​បន្ត​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​រឿង​ខ្វះ​ទឹក​ប្រើប្រាស់ ប្រចាំថ្ងៃ និង​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ម៉ោង ដើម្បី​ធ្វើដំណើរ​ជាង ១០​គីឡូម៉ែត្រ​ទៅ​ដងទឹក​បាន​មួយ​ជើង​។ លោក​បន្ថែម​ថា គ្រួសារ​ណា​ដែល​គ្មាន​មធ្យោបាយ​ដឹក​ទឹក គឺ​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ទឹក​ពី​អ្នក​ដឹក​តាម​រថយន្ត​ឆ្នៃ លក់​តម្លៃ​ពី ៥​ម៉ឺន ទៅ ៦​ម៉ឺន​រៀល (៦០.០០០) បាន​ទឹក ៣​ពាន់​លីត្រ៖ «ខ្ញុំ​អត់​មាន​អ្នកណា​ដឹក​ទឹក​ជួយ​ពួក​ខ្ញុំ​ទេ ហើយ​សុទ្ធតែ​អ្នកក្រ​ទាំងអស់​ព្រោះ​អត់​មាន​ទឹក​មាន​អីចឹង ជួន​កាល​អត់​ទឹក​អត់​បាន​ទេ អ៊ីចឹង​ទៅ​ពេល​ខ្វះខាត​ទិញ​ទឹក​គេ​ប្រើ។ ជីវភាព​ផ្ទួនៗ​អីចឹង ពួក​ខ្ញុំ កង្វល់​តែ​មិន​ដឹង​ថា រក​អ្នកណា​ជួយ​ទេ ហើយ​ខ្ញុំ​ប្រឹង​រស់​ដោយ​ខ្លួនឯង»។

លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដែល​លោក​រស់នៅ​រាប់​រយ​គ្រួសារ​ខ្វល់ខ្វាយ​រឿង​ទឹក​ប្រើប្រាស់​ជាជាង​ការអត់ឃ្លាន​ចំណីអាហារ​ដទៃ​ទៀត​។ ក្នុង​នោះ​មានគ្រួសារ​ខ្លះ​មិនសូវ​បាន​ចេញ​ទៅ​ធ្វើ​ការងារ​ឡើយ ពីព្រោះ​រវល់​ទៅ​ដងទឹក​យក​មក​ប្រើ​ប្រាស់​ប្រចាំថ្ងៃ។

ស្រដៀង​គ្នា​នេះ​ដែរ​ពលរដ្ឋ​នៅ​ភូមិ​តានួតម្នាក់ទៀត លោក សឹម គួ រៀបរាប់​ថា សព្វថ្ងៃ​គ្រួសារ​លោក​ចំណាយ​ប្រាក់​ប្រមាណ ២០​ម៉ឺន​រៀល (២០០.០០០) ក្នុង​មួយ​ខែ ដើម្បី​ទិញ​ទឹក​ផឹក និង​ទឹក​ប្រើ​ប្រចាំថ្ងៃ​។ លោក​បញ្ជាក់​ថា គ្រួសារ​ខ្លះ​មាន​ជីវភាព​ក្រីក្រ​២​ថ្ងៃ មុជទឹក​ម្ដង ឬ មុជទឹក​សន្សំសំចៃ ដោយ​យក​កន្សែង​ជ្រលក់​ទឹក​យក​មក​ជួត​ខ្លួន ឱ្យ​សើមៗ ខ្លួន​ប៉ុណ្ណោះ៖ «បាទ​ខ្វល់ខ្វាយ​តែ​រឿង​ទឹក បើ​មាន​ទឹក​យើង​អាច​ចិញ្ចឹម​មាន់​អី​បាន ហើយ​គោក្របី​អី​យើង​អាច​ចិញ្ចឹម​បាន បើសិនជា​អត់​ទឹក​មួយ ខ្ញុំ​នៅ​នេះ​រក​ប្រាក់​ចំណូល​បាន​មួយថ្ងៃ​ពីរ​ទៅ​៣​ម៉ឺន​ក្នុង​មួយថ្ងៃ ហើយ​ចំណាយ​ទៅលើ​កូន​រៀន​ផង​អីចឹង​វា​ខ្វះខាត​ច្រើន​ណាស់ ហើយ​ប៉ះពាល់​ដល់​សត្វ​គោ​សត្វ​ចិញ្ចឹម​ដូចជា​មាន់ ហើយ​វា​ប៉ះពាល់​ដល់​ជីវភាព​យើង​រស់នៅ»។

អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ និង អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១ មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​ថ្មីៗ នេះ លោក ងួត រតនៈ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ក្នុង​ខេត្ត​បាត់ដំបង ពុំ​មាន​តំបន់​ណា​ដែល​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ​នោះ​ទេ ពីព្រោះ​ក្រសួង​ធនធាន​ទឹក បាន​ជីក​ប្រឡាយ និង​មាន​អណ្ដូងទឹក​ស្ទើរ​គ្រប់​ទីកន្លែង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទឹក​ប្រើប្រាស់។

គេហទំព័រ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចុះផ្សាយ​កាលពី​ថ្ងៃទី​២០ កុម្ភៈ ឱ្យ​ដឹង​ថា អនុរដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក លោក ពេជ្រ វាសនា បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​រាម​គន់ និង​ប្រឡាយ​ប៉ូ ស្ថិត​ក្នុងស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទឹក​ប្រើប្រាស់ ហើយ​គម្រោង​ទាំង ២​កន្លែង សង់​រួច​ប្រមាណ ៩០% ហើយ។

ក្រៅពី​ខេត្ត​បាត់ដំបង នៅ​ខេត្ត​មួយ​ចំនួន​ទៀត​ក៏​ប្រជាពលរដ្ឋ​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​ដែរ ដូចជា​នៅ​តំបន់​ព្រំដែន ស្រុក​អូរ​ជៅ ខេត្ត​បន្ទាយមានជ័យ ពោធិ៍សាត់ និង​នៅ​ស្រុក​មួយ​ចំនួន​ទៀត ក្នុង​ខេត្ត​ស្វាយរៀង​ជាដើម។

ទាក់ទង​នឹង​ស្រុក​គាស់ក្រឡ អ្នកភូមិ​តានួត ថ្លែង​ថា ពួកគាត់​ខ្វះ​ទឹក​ប្រើ​ជា​រៀងរាល់​ឆ្នាំ​រហូត​មក ដោយ​ពុំមា​ន​អាជ្ញាធរ​ណា​ចុះទៅ​ផ្ដល់​ទឹក និង​ជីក​ស្រះ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅឡើយ​ទេ​។ អ្នកភូមិ​ទាំងនោះ​ព្រួយបារម្ភ​ទៀត ស្រះ​ទឹក​នៅ​ក្នុង​វត្ត​ព្រះ​ផុស ស្រុក​គាស់ក្រឡ ដែល​ពួកគាត់​បាន​ទៅ​ដងទឹក​ប្រើ​សព្វថ្ងៃ​នេះ អាច​នឹង​រីងស្ងួត​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាច្រើន​គ្រួសារ​នឹង​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង​ជា​មិន​ខាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។