ប្រជាពលរដ្ឋរាប់រយគ្រួសារនៅស្រុកបវេល ខេត្តបាត់ដំបង កំពុងខ្វល់ខ្វាយពីការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសារគ្រោះរាំងស្ងួត។ អ្នកភូមិនាំគ្នាទៅដងទឹកឆ្ងាយពីផ្ទះចម្ងាយពី ២ ទៅ ៤គីឡូម៉ែត្រ ដើម្បីយកទឹកមកប្រើប្រាស់។
ប្រជាពលរដ្ឋរស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល លោក ប៉ែន សៀង ឱ្យដឹងនៅថ្ងៃទី២៦ ធ្នូ ថា ប្រជាពលរដ្ឋនៅក្នុងភូមិលោកខ្វះទឹកប្រើប្រចាំថ្ងៃជិត ១ខែហើយ ដោយសារនៅតំបន់នោះគ្មានភ្លៀងធំជាច្រើនខែ ហើយក្នុងភូមិនោះ ក៏មិនមានស្រះស្តុកទឹកប្រើប្រាស់ដែរ។ លោកបន្តថា សព្វថ្ងៃពួកគាត់ទិញទឹកពីប្រជាពលរដ្ឋដឹកតាមរថយន្តយកមកលក់ ដោយទឹក ៥០០លីត្រតម្លៃ ២ម៉ឺន៥ពាន់រៀល (២៥.០០០)។ លោកបញ្ជាក់ថា ពលរដ្ឋខ្លះគ្មានប្រាក់ទិញទឹក គឺនាំគ្នាទៅដងទឹកតាមប្រឡាយ និងស្រះ ដែលឆ្ងាយពីផ្ទះពី ២ទៅ ៤គីឡូម៉ែត្រ រួចច្រកប៊ីដុងដឹកតាមគោយន្តនឹងម៉ូតូមកប្រើប្រចាំថ្ងៃ៖ «រាល់ឆ្នាំមកមានទឹកភ្លៀងសល់ក្នុងប្រឡាយអាចប្រើបានខ្លះ តែឆ្នាំនេះអត់មានទឹកសោះ។ ក្នុងមួយឆ្នាំអាជ្ញាធរដឹកទឹកចែកបានធុងក៏ឈប់ចែកទៅ មិនមែនយកប្រេងមកចែកទេយកទឹកមកចែកបានមួយប៊ីដុង យកមកចែកមានប៉ុន្មានគ្រួសារហ្នឹងក៏បាត់អស់ទៅ។ បើអីចឹងយើងនិយាយបានប្រយោជន៍អីបើអាជ្ញាធរចុះមកឃើញហើយគាត់មិនយកចិត្តទុកដាក់ផង»។
លោកបន្តថា ពួកគាត់បានស្នើសុំទៅអាជ្ញាធរឃុំ និងស្រុក ដើម្បីឱ្យជីកស្រះស្តុកទឹកជាច្រើនឆ្នាំហើយ ប៉ុន្តែមិនមានអាជ្ញាធរណាអើពើជួយដល់ពួកគាត់ឡើយ។ លោកថា សព្វថ្ងៃប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់ គឺនៅឃុំបឹងប្រាំ អំពិលប្រាំដើម និងឃុំព្រៃខ្ពស់ ក្នុងស្រុកបវេល។
មេឃុំព្រៃខ្ពស់លោក ហាច ហាន ប្រាប់អាស៊ីសេរីថា អាជ្ញាធរបានចែកប្រេងឱ្យពលរដ្ឋយកទៅបូមទឹក និងដឹកទឹកតាមឡាន ចែកជូនពលរដ្ឋតាមផ្ទះមួយចំនួនហើយ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋរាប់រយគ្រួសារខ្វះទឹកប្រើប្រាស់ ជាពិសេសនៅឃុំបឹងប្រាំខ្វះខាតជាងគេ៖ «នៅឃុំខ្ញុំអត់ទឹកពីពាក់កណ្ដាលខែវិច្ឆិកាមក ហើយបើសិនមិនមានភ្លៀងគឺដាច់ទឹកច្រើនគ្រួសារ។ ខ្ញុំបានស្នើទៅអភិបាលខេត្តដើម្បីបូមទឹកដាក់តំបន់ដែលដាច់ទឹកនៅក្នុងឃុំខ្ញុំនេះ ប្រជាពលរដ្ឋដាច់ទឹកនៅឃុំខ្ញុំមានជាង ១០០គ្រួសារ ពួកគាត់រស់នៅឆ្ងាយពីសាលាឃុំ១២គីឡូម៉ែត្រ។ នៅក្នុងឃុំខ្ញុំមិនសូវអីទេ វាយ៉ាប់តែពលរដ្ឋនៅឃុំបឹងប្រាំ និងអំពិលប្រាំដើមដែលជួបការលំបាកខ្លាំង ព្រោះដឹកទឹកចែកតាំងពីខែតុលា មក»។
ទាក់ទងនឹងបញ្ហានេះអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ មានប្រសាសន៍ថា ការខ្វះខាតទឹកមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ ហើយអាជ្ញាធរខេត្តក៏បានបញ្ជូនប្រេងម៉ាស៊ូតទៅអាជ្ញាធរមូលដ្ឋានចែកជូនប្រជាពលរដ្ឋរួចហើយ៖ «ខ្ញុំបានធ្វើវេទិកា សាធារណៈថ្ងៃមុនបានគាត់បានស្នើប្រេងទៅបូមទឹក ហើយយើងបានផ្ដល់ឱ្យទៅគាត់ហើយ។ នៅតំបន់នោះគាត់មានអណ្ដូងបុក និងស្រះទឹកតូចៗ បាទ ! សម្រាប់ទឹកប្រើប្រាស់ហ្នឹងដូចមិនអីទេ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែងថា រឿងនេះ អាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយជួយដល់ប្រជាពលរដ្ឋជាបន្ទាន់ ព្រោះការខ្វះខាតទឹកប្រើជាកត្តាធ្វើឱ្យពលរដ្ឋកាន់តែក្រីក្រ ដោយសារពួកគាត់ត្រូវចំណាយប្រាក់បន្ថែមទៀតដើម្បីទឹកប្រើប្រាស់ប្រចាំថ្ងៃ។
លោក ប៉ែន សៀង ប៉ាន់ស្មានថា ក្នុងរយៈពេលប្រមាណ ២ខែខាងមុខទៀត នឹងមានពលរដ្ឋនៅស្រុកបវេលរាប់ពាន់គ្រួសារប្រឈមនឹងខ្វះខាតទឹកធ្ងន់ធ្ងរ ដោយសារសព្វថ្ងៃទឹកស្រះ ដែលអ្នកភូមិទៅដងយកមកប្រើនៅសល់ទឹកជម្រៅប្រហែលមួយម៉ែត្រប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។