ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់សន្តិសុខក្រុមហ៊ុន និងសមត្ថកិច្ច ដែលឃាត់ខ្លួនក្រុមរបស់លោក អ៊ូច ឡេង វីរជនការពារបរិស្ថានពិភពលោក។ ការឃាត់ខ្លួននេះបង្ហាញឲ្យឃើញថា រដ្ឋាភិបាលមិនបានឲ្យតម្លៃទៅលើពលរដ្ឋរបស់ខ្លួន ប៉ុន្តែជនបរទេសបានឲ្យតម្លៃទៅលើក្រុមការងាររបស់លោក អ៊ូច ឡេង រហូតផ្ដល់ពានរង្វាន់ជាវីរជនការពារបរិស្ថានពិភពលោក នៅឆ្នាំ២០១៦។
តើលោក អ៊ូច ឡេង មានប្រវត្តិយ៉ាងណា និងបានធ្វើអ្វីខ្លះរហូតដល់បានទទួលពានរង្វាន់វីរជនការពារបរិស្ថានពិភពលោក?
បុរសដែលមានសម្បុរខ្មៅ សក់ក្រញាញ់ រាងតូចល្អិត តែងតែចេញមុខការពារព្រៃឈើជាសម្បត្តិធម្មជាតិ និងជាកេរ្តិ៍មរតកពីដូនតាបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយនោះ គឺលោក អ៊ូច ឡេង។ លោកជាអ្នកនិយាយជាសាធារណៈមិនសំចៃមាត់ អំពីការកាប់បំផ្លាញព្រៃឈើ ដោយឧកញ៉ា មន្ត្រីមានអំណាច កងកម្លាំងប្រដាប់អាវុធ។
លោក អ៊ូច ឡេង ដែលជាប្រធានក្រុមការងារនៃក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ត្រូវបានជ្រើសរើសជាម្ចាស់ពានរង្វាន់វីរបុរសការពារបរិស្ថានពិភពលោក ឆ្នាំ២០១៦ (The Goldman Environmental Prize) ដែលប្រគល់ដោយមូលនិធិពានរង្វាន់មាសនៃវីរជនការពារបរិស្ថានពិភពលោក ឆ្នាំ២០១៦ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ប៉ុន្តែ លោកត្រូវបានកងសន្តិសុខរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ចាប់ឃាត់ខ្លួន ជាមួយនិងសកម្មជនការពារព្រៃឈើ ៣នាក់ផ្សេងទៀត កាលពីព្រឹកថ្ងៃទី១៣ ខែមីនា នៅចំណុចដំបូកស ភូមិរមួល ឃុំបឹងចា ស្រុកសំបូរ ខេត្តក្រចេះ ខណៈលោកចុះស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់។
លោក អ៊ូច ឡេង និងសហគមន៍ព្រៃឡង់ ៣នាក់ផ្សេងទៀត ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ លោក ជា សុ័ភក្ត្រ បញ្ជូនខ្លួនពីអធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ មកធ្វើការសាកសួរបន្ថែម នៅសាលាដំបូងខេត្តក្រចេះ តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនឯកជនមួយ ដោយពួកគេចោទប្រកាន់អ្នកទាំងនោះថា ចូលក្នុងបរិវេណរបស់ក្រុមហ៊ុនដោយគ្មានការអនុញ្ញាត។ សេចក្ដីរាយការណ៍នៅក្នុងពេលចាប់ឃាត់ខ្លួនដោយបុគ្គលិកក្រុមហ៊ុន ស៊ីង បាយអូថិក (Think Biotech) បានសរសេរថា លោក អ៊ូច ឡេង រួមទាំងសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ ៣នាក់ទៀត បានរងអំពើហិង្សានៅក្នុងក្រុមហ៊ុននោះទៀតផង។
មុនពេលចុះទៅធ្វើការស៊ើបអង្កេតបទល្មើសព្រៃឈើមួយថ្ងៃ លោក អ៊ូច ឡេង បានឆ្លើយឆ្លងជាមួយអ្នកយកព័ត៌មាន ប្រាប់វិទ្យុអាស៊ីសេរី តាមបណ្ដាញសង្គមអំពីមូលហេតុ ដែលលោកចុះទៅស្រាវជ្រាវបទល្មើសព្រៃនោះថា ព្រៃឈើមិនមែនជារបស់លោកតែម្នាក់ឯងទេ។ លោកថាព្រៃឈើ ក៏ជាសម្បត្តិធម្មជាតិរបស់មនុស្សទូទាំងពិភពលោកផងដែរ។ ហេតុដូចនេះហើយ បានជារូបលោកហ៊ានលះបង់អាយុជីវិត ដើម្បីការពារព្រៃឈើ ដែលត្រូវបានកាប់បំផ្លាញ ដោយក្រុមអ្នកមានអំណាច ក្រុមឧកញ៉ា និងមន្ត្រីជាន់ខ្ពស់ ដោយមិនមាននរណាជួយទប់ស្កាត់។
លោក អ៊ូច ឡេង បានថ្លែងក្នុងពេលកន្លងមកថា ទឹកភ្នែករបស់សហគមន៍រងគ្រោះ ដែលយំស្រែកទាមទារ តវ៉ា ដោយសារបាត់បង់ដីធ្លី បាត់បង់ព្រៃឈើ បាត់បង់មុខរបរ និងធនធានធម្មជាតិដទៃទៀត ដោយសារតែអំពើពុករលួយនោះ បានជំរុញឲ្យរូបលោកស្ម័គ្រចិត្តការពារព្រៃឈើ ដោយលះបង់នូវកម្លាំងកាយចិត្ត ថវិកា ព្រមទាំងអាយុជីវិត ដើម្បីស៊ើបអង្កេត ប្រមូលភស្តុតាងអំពីការកាប់បំផ្លាញព្រៃឈើ និងអាជីវកម្មព្រៃឈើនៅកម្ពុជា។
កុមារា អ៊ូច ឡេង៖
ប្រសូតចេញពីគ្រួសារក្រីក្រ ក្នុងខេត្តតាកែវ នៅក្នុងឆ្នាំ១៩៨០ គឺបន្ទាប់ពីរបបខ្មែរក្រហមដួល រលំបានមួយឆ្នាំនោះ លោក និងគ្រួសារ បានធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ។ នៅក្រុងភ្នំពេញឪពុករបស់លោក ធ្វើការជាអ្នករត់រ៉ឺម៉ក និងម្ដាយដើរសុំទានគេ ដើម្បីចិញ្ចឹមជីវិតគ្រួសារ។
កុមារា ឡេង រស់នៅក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ ដោយក្នុងនោះមានប្រុស ៣នាក់ ស្រី ៣នាក់។ ក្នុងជីវិតកុមារភាព កុមារា ឡេង បានរៀននៅសាលាសាមគ្គី ដោយជួយធ្វើកិច្ចការគ្រូនៅក្នុងថ្នាក់ ដើម្បីដោះដូរជាមួយនឹងការសិក្សារបស់គាត់ ហើយបើទោះជាការតស៊ូរៀន ត្រូវប្រឈមនឹងបញ្ហាជាច្រើន កុមារារូបនោះបានបញ្ចប់ថ្នាក់វិទ្យាល័យ នាឆ្នាំ១៩៩០ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ នាឆ្នាំ១៩៩៧។ លោក អ៊ូច ឡេង បានរៀបអាពាហ៍ពិពាហ៍ នាឆ្នាំ១៩៩៩ ដែលមានកូន ៣នាក់ក្នុងបន្ទុកគ្រួសារ។
លោក អ៊ូច ឡេង ធ្លាប់បម្រើការងារនៅអង្គការសិទ្ធិមនុស្សលីកាដូ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៥ និងធ្លាប់ធ្វើការនៅអង្គការសិទ្ធិមនុស្សអាហុក (Adhoc) ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១១។ បន្ទាប់មក លោកបម្រើការឲ្យអង្គការម្ចាស់ជំនួយ USAID បានរយៈពេល ១ឆ្នាំ ក៏ចាកចេញមកប្រឡូកក្នុងការងារការពារព្រៃឈើរហូតមក។
ការប្រឈមក្នុងការងារការពារព្រៃឈើដែលលោកស្រឡាញ់ និងបានឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើទាំងយប់ទាំងថ្ងៃ ដោយចំហ មិនមាននរណាទប់ស្កាត់នៅចំពោះមុខលោក ទើបបណ្ដាលឲ្យលោកសុខចិត្តលះបង់អាយុជីវិត ចេញមុខដឹកនាំសហគមន៍ការពារព្រៃឈើ។
លោកក៏បានដឹងខ្លួនឯងយ៉ាងច្បាស់ថា លោកមិនអាចមានអាយុជីវិតរស់នៅលើលោកនេះបានយូរនោះទេ ពីព្រោះអ្នកចេញមុខការពារព្រៃឈើ និងការពារបរិស្ថាននៅកម្ពុជា តែងតែទទួលរងការបាញ់សម្លាប់ ចាប់ចង គំរាមកំហែងអាយុជីវិត ដោយមិនអាចចៀសផុត។ បញ្ហានេះ ក៏ដោយសារក្រុមហ៊ុនរកស៊ីឈើ មានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ឧកញ៉ា និងកងកម្លាំងប្រដាប់អាវុធចាំជួយការពារថែម។
លោក អ៊ូច ឡេង បានឲ្យដឹងនាពេលកន្លងមកថា ទោះបីប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏លោកខិតខំតស៊ូ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលភស្តុតាង អំពីវិនាសកម្មព្រៃឈើ ដើម្បីបង្ហាញរបាយការណ៍អំពីភាពពិតនៃអំពើពុករលួយ និងអាជីវកម្មឈើល្មើសច្បាប់ នៅក្នុងប្រទេសកម្ពុជា ឲ្យពិភពលោក និងជនរួមជាតិទាំងក្នុង ទាំងក្រៅប្រទេស ដែលជាម្ចាស់ធនធានធម្មជាតិទាំងអស់បានដឹង ដើម្បីក្រោកឈរឡើង ជួយទប់ស្កាត់ និងការពារព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច សម្រាប់មនុស្សជំនាន់ក្រោយ។
ទាក់ទងនឹងការពារព្រៃឈើនេះកន្លងមក សកម្មជនការពារបរិស្ថានដ៏ល្បី លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានគេបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅត្រង់ចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ខណៈលោកចុះស៊ើបអង្កេតបទល្មើសព្រៃនៅទីនោះ។
ការបារម្ភរបស់គ្រួសារ និងការងារប្ដី ដែលប្រឈមនឹងគ្រោះថ្នាក់ ដើម្បីព្រៃឈើ ភរិយារបស់លោក អ៊ូច ឡេង គឺអ្នកស្រី ចាន់ វន ឲ្យដឹងថា ប្ដីរបស់អ្នកស្រី ដែលមានរបួសជើងស្រាប់ផងនោះនៅពេលដែលចុះទៅអង្កេតបទល្មើសព្រៃឈើម្តងៗ គឺលោកពុំដែលប្រាប់អ្នកស្រីឲ្យបានដឹងអំពីដំណឹងរបស់គាត់ច្បាស់លាស់ទេ។ អ្នកស្រីតែងតែដេកបន់ស្រន់ឲ្យប្ដីអ្នកស្រីបានសុខសប្បាយក្នុងការងាររបស់គាត់ ពីព្រោះអ្នកស្រីបានដឹងច្បាស់ថា ការងាររបស់ប្ដីអ្នកស្រីប្រឈមមុខខ្លាំង ដោយសារតែគាត់ធ្វើរឿងដែលគេមិនចង់ឲ្យសាធារណជនដឹង និងប្រឈមជាមួយអ្នកមានអំណាចនឹងមានលុយ៖ « គាត់អត់មានបាននិយាយអីផង។ គាត់ទៅធ្វើការៗ គាត់អត់មាននិយាយអីផង។ ប្រាប់ ប្រាប់ថា បងខែហ្នឹងកុំអាលទៅអី ព្រោះទើបដកដែកជើងចេញ អ៊ីចឹងណ៎ា ... នៅឲ្យបានជាជើងសិនចាំទៅ។ ចាស គាត់ទើបដកដែកជើងចេញបានជាងមួយអាទិត្យហ្នឹង ហើយខ្ញុំថាកុំអាលទៅអីចាំជាជើងសិនចាំទៅ។ ហើយណាមួយគាត់ទើបតែដកដែកពីជើងអ៊ីចឹង គាត់លេបថ្នាំផ្សះច្រើន គាត់ល្មមៗ គាត់ អាឡែកហ៊្សី ចេញហើមដៃ ហើមជើង ហើមមុខអ៊ីចឹង។ អ៊ីចឹងពេលគាត់ទៅ ខលប្រាប់ខ្ញុំថា គាត់ហើម ចេញរមាស់ យកថ្នាំទៅឲ្យលេប »។
មូលហេតុនៃការចាប់ឃាត់ខ្លួន៖
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា ថ្លែងថា លោក អ៊ូច ឡេង និងសកម្មជនការពារព្រៃឈើខាងលើនេះ ចង់ធ្វើការស្វែងរកបទល្មើសព្រៃឈើតែប៉ុណ្ណោះ។ នៅក្នុងពេលចាប់ខ្លួននោះ លោក អ៊ូច ឡេង មិនបាននៅក្នុងបរិវេណក្រុមហ៊ុនខាងលើនេះទេ គឺគាត់ស្ថិតនៅក្នុងផ្ទះប្រជាពលរដ្ឋ៖ « យើងដឹងថា ពួកគាត់ដែលទៅទីតាំងតំបន់ហ្នឹង គឺទៅគោលបំណងរបស់ពួកគាត់គឺប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងបទល្មើសការបំផ្លិចបំផ្លាញព្រៃឈើនៅក្នុងតំបន់ហ្នឹង។ ហើយអ្នកណាៗ ក៏គេដឹងថា អ៊ូច ឡេង និងសកម្មជនស្រឡាញ់បរិស្ថានការពារព្រៃប្រទេសកម្ពុជាយើងហ្នឹង គឺជាអ្នក ដែលគាត់បានលះបង់នៅពេលវេលា និងការស្ម័គ្រចិត្តរបស់ពួកគាត់ទៅធ្វើកិច្ចការងារហ្នឹង ដោយមានភាពប្រថុយប្រថាននិងប្រឈមនាពេលកន្លងមកហ្នឹង ហើយអ៊ីចឹងរហូតទៅដល់លោក អ៊ូច ឡេង ទទួលនូវពានរង្វាន់ ដែលពិភពលោកទទួលស្គាល់ថា គាត់គឺជាមនុស្សដែលមានការលះបង់ខ្ពស់ហើយទទួលបាននូវពាន់រង្វាន់ដែលមានការស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គាត់ចំពោះការការពារ ធនធាន ធម្មជាតិរបស់កម្ពុជា » ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បន្ថែមថា ចំពោះមនុស្សដែលមានទឹកចិត្តស្រឡាញ់នូវធនធានធម្មជាតិរបស់ប្រទេសជាតិ ហើយហ៊ានលះបង់ដើម្បីការពារបុព្វហេតុនោះទៀតផងនោះ បែរជារដ្ឋាភិបាលនៃប្រទេសខ្លួន ចាត់ការបែបនេះទៅវិញ។ លោកទទូចដល់អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលត្រូវរកយុត្តិធម៌ឱ្យក្រុមរបស់លោក អ៊ូច ឡេង ហើយចាត់វិធានការទៅលើជនដែលកំពុងបំផ្លិចបំផ្លាញនូវព្រៃឈើ ដែលពួកគាត់បានចុះស៊ើបអង្កេត៖ « យើងមានការសោកស្ដាយយ៉ាងខ្លាំងក្នុងការធ្វើចំណាត់ការទៅលើក្រុមរបស់លោក អ៊ូច ឡេង ជាពិសេស យើងឃើញថា សន្តិសុខរឺ ក្រុមកម្មកររបស់ក្រុមហ៊ុនដែលប្រើ ហិង្សា មកលើពួកគាត់ មិនត្រូវបានមានការចាត់វិធានការ ណ៍ ពីមន្ត្រីមានសមត្ថកិច្ចឡើយ ដោយយក ហេតុផល ថា អ្នកទាំងអស់ហ្នឹង បានរត់គេចខ្លួន អញ្ចឹងសម្ដែងឲ្យឃើញថាសមត្ថភាព នៃសមត្ថកិច្ចដែលធ្វើការចាប់ខ្លួន វិធានការ ណ៍ ហ្នឹងហាក់មានភាពលំអៀង ទៅខាងក្រុមហ៊ុន ដោយសារតែមិនបានចាត់ វិធានការ ណ៍ ឲ្យបាន ស្មើ ភាពគ្នាក្នុងការ រឿងទាំងអស់ហ្នឹងទេ ហើយយើងយល់ថា ក្នុងការបំពេញការងារក្រុមរបស់លោក អ៊ូច ឡេង គឺបានធ្វើកិច្ចការងារទៅតាមអ្វីដែលជាវិជ្ជាជីវៈរបស់ពួកគាត់ ដើម្បីបកអាក្រាតនូវបទល្មើសព្រៃឈើដែលកំពុងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ហ្នឹង ហើយអ្វីដែលគួរខាងអាជ្ញាធរមានសមត្ថកិច្ចគួរតែមានកិច្ចសហប្រតិបត្តិការ » ។
សកម្មជនការពារបរិស្ថានដែលធ្វើការស្និទ្ធនឹងលោក អ៊ូច ឡេង គឺលោក ហេង ស្រស់ ថ្លែងថា លោក អ៊ូច ឡេង មិនបានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនទាល់តែសោះ។ គាត់គិតតែពីការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាឲ្យនៅគង់វង្ស ហើយចំពោះការចាប់ខ្លួននេះទៀតសោត វាមិនមែនជារឿងអីដល់ថ្នាក់បញ្ជូនទៅដល់តុលាការទេ៖ « ក្នុងនាមយើងជាសកម្មជន យើងអំពាវឲ្យគាត់ ដែលតុលាការធ្វើការដោះលែង ព្រោះពួកគាត់ធ្វើការ គឺសុទ្ធតែការពារផលប្រយោជន៍សម្បត្តិជាតិទាំងអស់ មិនដែលគិតថា ការពារហើយយកមកប្រើប្រាស់ផ្ទាល់ខ្លួន » ។
លោក ហេង ស្រស់ លើកឡើងថា ក្នុងនាមលោកជាសកម្មជន និងជាយុវជនជំនាន់ក្រោយ លោកគិតថា អ្វីដែលលោក អ៊ូច ឡេង បានធ្វើនោះគឺល្អ ហេតុដូច្នេះហើយបានជាលោកចូលខ្លួនចូលរួមមកធ្វើការពារព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។