ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អាច​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​បាន?

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូប​៖ ហ្វេសប៊ុក​លោក ហ៊ុន សែន)

0:00 / 0:00

ព្រៃឈើ​នៅ​កម្ពុជា​នៅតែ​ជា​បញ្ហា​ចោទ​ដដែល​បើ​ទោះ​បីជា លោក ហ៊ុន សែន និង​គូកន​របស់​ខ្លួន​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​មូលដ្ឋាន​តែងតែ​បង្ហាញ​សាធារណជន​ថា មិនមាន​បទល្មើស​ព្រៃឈើ​ក៏ដោយ ប៉ុន្តែ​សកម្មជន​ព្រៃឈើ និង​ប្រជា​សហគមន៍​មូលដ្ឋាន​តែងតែ​បារម្ភ និង​ចេញ​របាយការណ៍ ថា អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ឃុបឃិត​គ្នា​បើកដៃ​ឱ្យ​ជនល្មើស​ចូល​កាប់​ព្រៃ​ជា​បន្តបន្ទាប់​តាមរយៈ​ការ​ប្រព្រឹត្ត​អំពើពុករលួយ។

កន្លងទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​សន្យា​នៅ​ចំពោះមុខ​សាធារណជន​ជុំវិញ​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឱ្យ​បាន​គង់វង្ស​។ លោក ហ៊ុន សែន ថែមទាំង​អះអាង​ដាក់​ជីវិត​ដើម្បី​គ្រប់គ្រង​ព្រៃឈើ ប៉ុន្តែ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ព្រៃឈើ​នៅ​កម្ពុជា​ត្រូវ​បាន​ជនល្មើស​កាប់​ទន្ទ្រាន​យ៉ាង​អនាធិបតេយ្យ បើទោះបី​ជា​មាន​ការ​ដាក់​ចេញ​នូវ​យន្តការ និង​អនុក្រឹត្យ​ជា​បន្ត​បន្ទាប់ពី​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​បរិស្ថាន​ក៏​ដោយ។

ក្ដី​បារម្ភ​ទាំងអស់​នេះ​បាន​បង្កើត​ជា​សំណួរ​ថា​៖ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​បាន?

កាលពី​ថ្មីៗ​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ចេញ​របាយការណ៍​មួយ កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ ដែល​មាន​ចំណងជើង​ថា «​ការ​កាប់​ឈើ​ខុសច្បាប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​»​។ របាយការណ៍​បង្ហាញថា នៅក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​ចំនួន​ជាង ៦​ពាន់​ហិកតារ (៦.២៧១​ហិកតារ​) ត្រូវ​បាន​កាប់​បំផ្លាញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែនជម្រកសត្វព្រៃ​ឡង់ និង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា មានការ​កាប់​ឈើ​ដោយ​ខុសច្បាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។

របាយការណ៍​ដដែល ថែមទាំង​ចោទប្រកាន់​ចំៗ ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​ជាពិសេស​មន្ត្រី​ក្រសួង​បរិស្ថាន​ថា មិន​បាន​អើពើ​នឹង​ការ​រាយការណ៍​បទល្មើស​ព្រៃឈើ​ពី​ប្រជាពលរដ្ឋ ហើយ​ថា មន្ត្រី​ក្រសួង​បរិស្ថាន​ទាំងនោះ បាន​ចុះ​ទៅ​ស៊ើបអង្កេត​ដោយ​គ្រាន់តែ​ដើម្បី​ទទួល​លុយ​ក្រោម​តុ​ពី​ជនល្មើស​តែប៉ុណ្ណោះ​។ របាយការណ៍​អះអាង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​នេះ មិន​ត្រឹមតែ​បំផ្លាញ​ដល់​ជីវចម្រុះ និង​ធ្វើ​ឱ្យ​មាន​ការប្រែប្រួល​អាកាសធាតុ​នោះ​ទេ ប៉ុន្តែ​វា​កំពុង​បំផ្លាញ​វប្បធម៌ និង​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​ថែម​ទៀត។

ថ្វីត្បិតតែ​បទល្មើស​ព្រៃឈើ​រក​ឃើញ​ជា​ហូរហែ​ពី​សំណាក់​អង្គការ​ជាតិ និង​អន្តរជាតិ​ពិតមែន ប៉ុន្តែ​លោក ហ៊ុន សែន មិន​អើពើ​ទប់ស្កាត់​នោះ​ទេ​។ ផ្ទុយទៅវិញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​បណ្ដាញ​ព្រៃ​ឡង់​បង្ហាញ​ថា មន្ត្រី​អាជ្ញាធរ ជាពិសេស​ក្រសួង​បរិស្ថាន​បាន​ហាមឃាត់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​មិន​ឲ្យ​ចុះ​ល្បាត​ព្រៃ​នោះ​ទេ ខណៈ​ដែល​សកម្មភាព​ជនល្មើស​ចូល​កាប់​ឈើ និង​ដឹកជញ្ជូន​បាន​យ៉ាង​រលូន ដោយ​គ្រាន់តែ​បង់ប្រាក់​ជូន​មន្ត្រី​តាម​ទីស្នាក់ការ​ត្រួតពិនិត្យ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ក្នុង​ព្រៃឡង់។

ជា​ការ​រក​ឃើញ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ចុះ​កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២១​ស្ដីពី «​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​កាប់​រាន​ដី​ព្រៃ​ល្មើសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ឡង់​» បាន​ឱ្យ​ដឹង​ថា បទល្មើស​នៅ​តំបន់​ព្រៃ​ឡង់ មានការ​កាប់​បំផ្លាញ​ដើម​ជ័រ​ច្បោះ និង​ដើមឈើ​ធំៗ។

សេចក្តី​ថ្លែងការណ៍​ដដែល​បង្ហាញ​ថា សកម្មភាព​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ បាន​ដឹកឈើ​ឱ្យ​ក្រុមហ៊ុន Think Biotech Co., Ltd ស្ថិត​ក្នុង​ខេត្ត ក្រចេះ ក្រុមហ៊ុន Thy Nha Co.,Ltd Development and Investment និង​ក្រុមហ៊ុន PNT ស្ថិត​ក្នុង​ខេត្តព្រះវិហារ និង​សកម្មភាព​ការ​ដឹកជញ្ជូន​ឈើ​ជាច្រើន​គោយន្ត​ក្នុង​មួយថ្ងៃៗ ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ត្រឹមត្រូវ។

តំបន់​ព្រៃ​ឡង់​មាន​ផ្ទៃដី​ប្រមាណ ៥០ម៉ឺន​ហិកតារ ដោយ​គ្រប់​ដណ្តប់​ខេត្ត​ចំនួន​៤ គឺ​ព្រះវិហារ កំពង់ធំ ក្រចេះ និង​ខេត្តស្ទឹងត្រែង​។ តំបន់​ព្រៃ​ឡង់​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ជា​តំបន់​ការពារ​កាល​ពី​ឆ្នាំ​២០១៦។

អ្នកឃ្លាំមើល​បញ្ហា​ព្រៃ​ឡង់ លោក ប៉ឹក សោភ័ណ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​ថ្ងៃទី​២០ ខែ​ឧសភា​នេះ​ថា កន្លង​មក​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​ដឹកនាំ​ដោយ​លោក សៅ សុខា អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន ក៏ប៉ុន្តែ​លោក​មើលឃើញ​យន្តការ​ទាំងអស់​នោះ គ្មាន​ការ​អនុវត្ត​ឱ្យ​ពេញលេញ​នោះ​ទេ​។ លោក​សង្កត់ធ្ងន់​ថា បើ​ទោះ​បី​រដ្ឋាភិបាល លោក ហ៊ុន សែន តែងតែ​អះអាង​ថា មាន​មន្ត្រី​បរិស្ថាន​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ការពារ​ទាំង​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​ជាតិ​ក៏ដោយ តែ​ការអនុវត្ត​វិធានការ​ទាំងអស់​នោះ​គ្រាន់តែ​ដើម្បី​ល្អមើល​ប៉ុណ្ណោះ៖ «រដ្ឋាភិបាល​មិនអាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឡង់​នៅក្នុង​ប្រទេស​បានទេ​បាន​ទេ បើសិន​រដ្ឋាភិបាល​មិន​មាន​ផែនការ​ច្បាស់លាស់ ហើយ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ថែរក្សា​ព្រៃឈើ ហើយ​ប្រសិនបើ​មាន​ឆន្ទៈ​អនុវត្ត​គ្រាន់តែ​រឿង​មួយ​ឱ្យ​គ្រាន់តែ​ល្អមើល​ទៅដល់​ភ្នែក​ជាតិ អន្តរជាតិ​នោះ​វា​ប្រកាស​ណាស់​ព្រៃឈើ​មិនអាច​គង់វង្ស​បានទេ»។

លោក​បន្តថា បើសិនជា​រដ្ឋាភិបាល ចង់​ដោះស្រាយ​បញ្ហា​ព្រៃឈើ ជាពិសេស​ព្រៃ​ឡង់ លុះត្រាតែ​រដ្ឋាភិបាល​ពិនិត្យមើល​មន្ត្រី​ថ្នាក់ក្រោម រួមទាំង​ថ្នាក់ជាតិ​កុំ​ឱ្យមាន​អំពើពុករលួយ ហើយ​បើក​ជំហរ​សិទ្ធិ​មូលដ្ឋាន​ឱ្យ​ប្រជា​សហគមន៍ និង​សង្គម​ស៊ីវិល​ចូលរួម​យ៉ាងសកម្ម​ទើប​អាច​ការពារ​ព្រៃឈើ​បាន​។ ប៉ុន្តែ​លោក​បារម្ភ​ថា បើសិនជា​រដ្ឋាភិបាល​ស​ន្យា​ខ្យល់​ដូច​ប​ច្ចប្ប​ន្ន នឹង​រង់​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល​ដោយសារ​បាត់បង់​គម្រប​ព្រៃឈើ បញ្ហា​បម្រែបម្រួល​អាកាសធាតុ​កើនឡើង៖ «បើ​អនុវត្ត​វិធានការ និង​ការពារ​មិន​បាន​ទេ គឺ​វា​ជា​រឿង​អាម៉ាស់ ជា​រឿង​អាប់ឱន​កិត្តិយស​របស់​រដ្ឋាភិបាល​កម្ពុជា​ជាមួយនឹង​អង្គការ​ជាតិ អង្គការ​អន្តរជាតិ​ !​ […] ហើយ​អ្វី​ដែល ប៉ះពាល់ គឺ​វា​ប៉ះពាល់​ដល់​យើង​ទាំងអស់​គ្នា វា​ប៉ះពាល់​ទៅ​សហគមន៍​មូលដ្ឋាន​ជនជាតិ​ដើម​ភាគតិច​ដែល​គាត់​ប្រើប្រាស់​អាស្រ័យ​ផល​ព្រៃឈើ​។ អាហ្នឹង​វា​ប៉ះពាល់​ផ្ទាល់​សម្រាប់​ពួកគាត់ [​ ប្រជា​សហគមន៍​មូលដ្ឋាន​ ] ហើយ​ប៉ះពាល់​ជាទូទៅ គឺ​ការ​បម្រែបម្រួល​អាកាសធាតុ​ជាដើម»។

ចំណែក​ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​បណ្ដាញ​យុវជន​កម្ពុជា ហៅ​កាត់​ថា CYN លោក ហេង គឹមហុង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​មិនអាច​អនុវត្ត​តាម​ការ​ប្ដេជ្ញា​របស់​ខ្លួន​ក្នុង​ការ​ការពារ​ព្រៃឈើ​បាន​ដោយសារតែ​កង្វះ​ការ​ចុះ​ត្រួតពិនិត្យ​លើ​មន្ត្រី​ថ្នាក់​មូលដ្ឋាន ដែល​ធ្វើ​ឱ្យ​ការអនុវត្ត​ច្បាប់​មាន​ភាព​ធូររលុង ស្រប​ពេល​ដែល​មន្ត្រី​ខ្លះ​ខ្វះ​ឆន្ទៈ​ការពារ​ព្រៃ​ពិត​ប្រាកដ។

យោង​តាម​កម្មវិធី​ព្រៃឈើ​ជាតិ​ចេញ​កាលពី​ខែ​មករា ឆ្នាំ​២០១៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញថា ឆ្នាំ ២០១០-២០២៩ ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្ដេជ្ញាចិត្ត​ដោយ​សន្យា​ថែរក្សា​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០​ភាគរយ ត្រឹម​ឆ្នាំ​២០២៩។

ប៉ុន្តែ​លោក គីម ហុង មើល​ឃើញ​ថា ទាក់ទង​នឹង​យន្តការ​មួយ​ចំនួន​របស់​ក្រសួង​បរិស្ថាន​ទាំង​យន្តការ​ផ្នែក​រដ្ឋបាល និង​ការ​បង្កើត​ឱ្យ​មាន​អនុក្រឹត្យ​ការពារ​ធនធានធម្មជាតិ​មួយ​ចំនួន នៅតែ​មិន​មាន​ប្រសិទ្ធភាព​។ លោក​អះអាង​ថា ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ​គម្រប​ព្រៃឈើ​បាន​បាត់បង់​ជាង ១៤% គិត​ត្រឹម​ឆ្នាំ​២០១៨​។ ដូច្នេះ លោក​មើលឃើញ​ថា បើ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​អាច​កើនឡើង​កាន់តែ​ច្រើន​ជាង​មុន​ទ្វេ​ដង៖ «ក្រៅពី​ការ​បង្កើត​យន្តការ​មួយ​ចំនួន រដ្ឋាភិបាល​ខ្លួនឯង​ក៏​គួរតែ​ពិចារណា​ដែរ ថា​ធ្វើ​របៀប​ម៉េច​ដើម្បី​អនុវត្ត​កិច្ចការ​របស់ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​លើ​យន្តការ​ហ្នឹង​? យន្តការ​មាន ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​មាន​ការ​ប្តេជ្ញារ​ចិត្ត​ខ្ពស់​នៅ​ក្នុង​ការអនុវត្ត​មាន​ប្រសិទ្ធភាព ពង្រឹង​ប្រសិទ្ធភាព​មន្ត្រី​របស់​ខ្លួន​ធ្វើ​អធិការកិច្ច​និង​ត្រួតពិនិត្យ​ជាប្រចាំ​ទៅ​លើ​ការអនុវត្ត​កិច្ចការ​របស់​ខ្លួន»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការអធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​ដោយ​ទូរ​សព្ទ​ចូល​មិន​មាន​អ្នក​ទទួល​។ ប៉ុន្តែ អ្នកនាំពាក្យ​គណៈ​កម្ម​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក អេង ហ៊ី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មក​ដល់​ពេល​នេះ មិន​មាន​បទល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​ទេ ហើយ​រដ្ឋាភិបាល​បង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់​មិន​មាន​ករណី​ធំ​ដូច​មុន​នោះ​ដែរ​។ លោក​បន្ត​ថា ការ​លើកឡើង​ដែល​ថា រដ្ឋាភិបាល​មិនអាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ពី​សំណាក់​សហគមន៍ និង​សង្គម​ស៊ីវិល​គឺ ជា​ជា​ព័ត៌មាន​មិន​ពិត ព្រោះ​លោក​ថា មន្ត្រី​បរិស្ថាន​បាន​ចុះ​ល្បាត​ជា​បន្តបន្ទាប់ មិន​ឃើញ​មាន​បទល្មើស​នោះ​ទេ៖ « បញ្ហា​ហ្នឹង​ [​ បទល្មើស​ព្រៃឈើ​ ] តាម​អាជ្ញាធរ​ដែនដី​តាម​រាជធានី​ខេត្ត​ដែល​ជា​សមាជិក​គណៈកម្មការ​ដែរហើយ​គាត់​ជា​អាជ្ញាធរ​ដែន​ដី​ផង គឺ​របាយការណ៍​របស់​គាត់​មានការ​បង្ក្រាប​រាល់​បទ​ល្មើស​។ អ៊ីចឹង​បញ្ហា​ដែល​នៅ​មាន គឺ​នៅ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​គាត់​មិនទាន់​យល់​មិនទាន់​អី គឺ​គាត់​មានការ​លួច​កាប់ ហើយ​យើង​ក៏​ឃាត់​បាន​ដែរ»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ ផ្ដល់​ដំណោះស្រាយ​ថា អ្វី​ដែល​រដ្ឋាភិបាល​ត្រូវតែ​ធ្វើ គឺ​ជំរុញ​មន្ត្រី​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​នូវ​វិធានការ និង​នីតិវិធី​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង និង​លុបបំបាត់​អំពើពុករលួយ​ពី​មន្ត្រី​មូលដ្ឋាន​ជាមុន​សិន៖ «អ្វី​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​គឺ​ការ​ជំរុញ និង​ការ​អនុវត្ត ថ្វីបើ​ពេល​នេះ​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​កែប្រែ​ច្បាប់​ស្ដីពី​ព្រៃឈើ ស្ដីពី​ច្បាប់​តំបន់​ការពារ​ជាដើម ប៉ុន្តែ​ច្បាប់​ល្អ​ប៉ុណ្ណា​ក៏ដោយ ការ​អនុវត្ត​ច្បាប់​បែប​អំពើពុករលួយ​ជា​ប្រព័ន្ធ វា​នៅតែ​អត់​អាច​ធ្វើ​ទៅ​បាន​ដដែល។ ហើយ​ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ត្រូវតែ​មាន​ឆន្ទៈ​ពិតប្រាកដ បើក​ជំហរ​ដល់​សាធារណជន​ដើម្បី​ឱ្យ​មាន​ការចូលរួម​ទប់ស្កាត់​ទើប​អាច​ដោះស្រាយ​បាន»។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សហរដ្ឋអាមេរិក​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ បាន​ប្រកាស​បញ្ចប់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្រោម​គម្រោង​ព្រៃឡង់​បៃតង​ដោយ​លើក​ហេតុផល​ថា «​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ​» ដែល​បណ្ដាល​ឱ្យ​បទល្មើស​ចេះតែ​បន្ត​កើតមាន​កាន់តែ​ខ្លាំង​។ សកម្មជន​ព្រៃឈើ​នៅតែ​បន្ត​ទទូច​ឱ្យ​ក្រសួង​បរិស្ថាន ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង និង​លុបបំបាត់ ក្រុមហ៊ុន​រកស៊ី​អារឈើ​ដោយ​ខុសច្បាប់។

ដោយឡែក​របាយការណ៍​របស់​អ្នកស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ Copenhagen ប្រទេស​ដាណឺម៉ាក ដែល​បាន​ស្រាវជ្រាវ​អំពី​ព្រៃ​ឡង់​នៅ​ប្រទេស​កម្ពុជា បាន​ចេញ​ផ្សាយ​នៅ​ដើមឆ្នាំ​២០២០ បាន​ឱ្យ​ដឹង​ថា ព្រៃឡង់​នៅ​កម្ពុជា​នៅតែ​បន្ត​បាត់បង់​គួរ​ឱ្យ​ព្រួយបារម្ភ ហើយ​ការ​កាប់​បំផ្លាញ​មាន​ការ​កើនឡើង​ជាង ៧០​ភាគរយ ក្នុង​ឆ្នាំ​២០១៩ បើ​ធៀប​នឹង​ឆ្នាំមុនៗ​។ របាយការណ៍​នេះ​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៩ ព្រៃឡង់​បាត់បង់​ប្រមាណ ៤៧.៤០០ ហិកតារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។