មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​គ្រោង​ដោះលែង​សត្វ​ព្រៃ​ដែល​ចាប់​បាន​ពី​អ្នក​ជួញដូរ

ដោយ ហង្ស សាវយុត
2017.08.31
សត្វ​អណ្ដើក​ភ្នំ ២០១៧ ៦២២ សត្វ​អណ្ដើក​ភ្នំ​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប រឹប​អូស​ពី​ឡាន​ក្រុង​ដែល​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​យក​ទៅ​ជួញដូរ​ដោយ​ខុស​ច្បាប់។ រូបថត​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Hang Savyouth

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ការ​ជួញដូរ​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ នៅ​តែ​កើត​មាន ដោយសារ​តែ​សមត្ថកិច្ច​មិន​ទាន់​គ្រប់គ្រង​ទីផ្សារ​ងងឹត​នៃ​ការ​ជួញដូរ​សត្វ​ព្រៃ​បាន​ទាំងអស់​នៅ​ឡើយ។

រយៈពេល ៨​ខែ​ឆ្នាំ​២០១៧ នេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប ដែល​សហការ​ជាមួយ​នឹង​អង្គការ​អភិរក្ស​សត្វ​ព្រៃ (Wild Aid) តែង​ចុះ​បង្ក្រាប​ការ​យក​សាច់​សត្វ​ព្រៃ​ទៅ​ចម្អិន​ធ្វើ​ម្ហូប​នៅ​តាម​ភោជនីយដ្ឋាន ការ​ជួញដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ ព្រម​ទាំង​ការ​ក្លែង​បន្លំ​ធ្វើ​ជា​សរីរាង្គ​របស់​សត្វ​ព្រៃ ដើម្បី​ដាក់​លក់​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ជាដើម។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប គ្រោង​នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​មាន​កង​រាជ​អាវុធហត្ថ មាន​ប៉ូលិស ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ដោះលែង​សត្វ​អណ្ដើក​ភ្នំ​ចំនួន ២០​ក្បាល​ទម្ងន់​ជាង ១៥០​គីឡូក្រាម និង​សត្វ​ត្រកួត ចំនួន ៥​ក្បាល ទម្ងន់ ២០​គីឡូក្រាម​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា។

សត្វ​ព្រៃ​ដែល​គេ​នឹង​លែង​វិញ​នេះ គឺ​ចាប់​បាន​ពី​អ្នក​ជួញដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​ដែល​ដឹក​ចេញ​ពី​ខេត្ត​សៀមរាប សំដៅ​ទៅ​ក្រុង​ភ្នំពេញ តាម​រថយន្តក្រុង ១​គ្រឿង​របស់​ក្រុមហ៊ុន គ្រីស្ដាល់ អ៊ិចស្ព្រេស (Crystal Express)

មន្ត្រី​ចល័ត​របស់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី គឺ​លោក ឡឹង សុខា។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៣០ ខែ​សីហា ថា សត្វ​អណ្ដើក​ភ្នំ​ចំនួន ២០​ក្បាល និង​ត្រកួត ៥​ក្បាល​នោះ គឺ​លោក​បាន​ទៅ​ទទួល​យក​ពី​ផ្នែក​ព្រហ្មទណ្ឌ​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ប៉ុន្តែ​លោក​មិន​ដឹង​ថា​កម្លាំង​កង​រាជ​អាវុធហត្ថ​ចាប់​នៅ​កន្លែង​ណា​ឡើយ៖ «និយាយ​ឲ្យ​អស់​ទៅ ការងារ​នោះ គឺ​ប៉េអិម​អ្នក​ចាប់។ គេ​ចាប់​ពី​ត្រឹម​ណា​មក ក៏​ខ្ញុំ​អត់​ដឹង គ្រាន់​តែ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប្រើ​ឲ្យ​ខ្ញុំ​ទៅ​ទទួល។ ខ្ញុំ​ក៏​ទៅ​យក​មក»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប លោក ម៉ុង ប៊ុនលីម ឲ្យ​ដឹង​ថា អណ្ដើក​ភ្នំ​ចំនួន ២០​ក្បាល​ទម្ងន់ ១៥៦​គីឡូក្រាម និង​សត្វ​ត្រកួត ៥​ក្បាល​ទម្ងន់ ២០​គីឡូក្រាម​នោះ គឺ​កម្លាំង​កង​រាជ​អាវុធហត្ថ​បាន​ស្ទាក់​រថយន្តក្រុង ១​គ្រឿង ហើយ​ចាប់​បាន​នៅ​ភូមិ​ស្ពានត្នោត ឃុំ​ល្វែងឫស្សី ស្រុក​ជីក្រែង កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ ខែ​សីហា។

លោក ម៉ុង ប៊ុនលីម ឲ្យ​ដឹង​ទៀត​ថា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប គ្រោង​នឹង​ដោះលែង​សត្វ​ព្រៃ​ទាំងនោះ​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​នៅ​តំបន់​អភិរក្ស​ពូជ​គ្រញូង ក្នុង​ស្រុក​បន្ទាយស្រី នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា៖ «សត្វ​នៅ​រស់ យើង​មិន​អាច​ទុក​យូរ​ទៀត​បាន​ទេ ខ្លាច​វា​ងាប់ អ៊ីចឹង​ហើយ​រដ្ឋបាល​ព្រៃឈើ​នឹង​បង្កើត​គណៈកម្មការ​មួយ​មាន​ប៉ូលិស ប៉េអិម និង​អាជ្ញាធរ​មូលដ្ឋាន ទៅ​ចូលរួម​លែង​សត្វ​ព្រៃ​ទាំងនោះ»

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ជួញដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ ដែល​នៅ​តែ​កើត​មាន​នៅ​ឡើយ។

ក្នុង​រយៈពេល ៨​ខែ​ឆ្នាំ​២០១៧ នេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប ដែល​សហការ​ជាមួយ​អង្គការ​អភិរក្ស​សត្វ​ព្រៃ (Wild Aid) បាន​ចុះ​បង្ក្រាប​ការ​យក​សាច់​សត្វ​ព្រៃ​ទៅ​ចម្អិន​ធ្វើ​ម្ហូប​នៅ​តាម​ភោជនីយដ្ឋាន​ខ្លះ ការ​ជួញដូរ​សត្វ​ព្រៃ​មួយ​ចំនួន ព្រម​ទាំង​ការ​ក្លែង​បន្លំ​ធ្វើ​ជា​សរីរាង្គ​សត្វ​ព្រៃ​ដើម្បី​ដាក់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​លើ​ភ្នំ​គូលែន ជាដើម បាន​ជាច្រើន​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។