ជនជាតិដើមភាគតិចព្នង លោក គ្រើង តុលា ដែលសកម្មក្នុងការការពារព្រៃឈើ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីកោះហៅឱ្យបំភ្លឺ ក្រោយពីលោកបានលាតត្រដាងពីសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែង និងសកម្មភាពកាប់ទន្ទ្រានព្រៃអភិរក្សជាង ១០០ហិកតារ ដែលមានការជាប់ពាក់ព័ន្ធនឹងលោក ប៉ែត ភក្ត្រា នាយកដែនជម្រកសត្វព្រៃស្រែពក។
ជនជាតិមភាគតិចព្នងរស់នៅឃុំប៊ូស្រាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លោក គ្រើង តុលា ថា ឱ្យដឹងនៅថ្ងៃទី១ មេសាថា លោកបានធ្វើលិខិតស្នើសុំពន្យារពេល ចូលបំភ្លឺនៅតុលាការខេត្តមណ្ឌលគិរីរួចហើយ នៅថ្ងៃទី១ មេសា ព្រោះលោកមិនទាន់រកមេធាវីការពាររឿងក្ដីនេះ នៅឡើយទេ។
លោកថា នាយកដែនជម្រកសត្វព្រៃស្រែពក លោក ប៉ែន ភក្ត្រា បានបណ្ដោយឱ្យមានការកាប់ទន្ទ្រានដីព្រៃអភិរក្សនៅចំណុចភ្នំព្រះអស់ជាង ១០០ហិកតារ និងអនុញ្ញាតឱ្យមាន រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ជាង ១០កន្លែង ឋិតក្នុងដែនជម្រកសត្វព្រៃស្រែពក។ លោកអះអាងថា លោកមានភស្តុតាង និងសាក្សីច្បាស់លាស់ ដែលបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌រូបនេះ បានបណ្ដែតបណ្ដោយឱ្យមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ឋិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខណៈដែលមន្ត្រីបរិស្ថានមួយចំនួនបានលួចរាយការណ៍ និងផ្ដល់ព័តមានឱ្យលោកផ្ទាល់៖ « ជាប្រធានដែនជម្រកសត្វព្រៃម្នាក់ហ្នឹងគាត់ស្នើសុំឱ្យខ្ញុំផុសអ៊ីចឹងខ្ញុំផុស ខ្ញុំគិតថា វាជាបទល្មើសឧក្រិដ្ឋរួមចំណែក ទោះជាគាត់មិនបាន ប្រព្រឹត្តមែន ប៉ុន្តែតួនាទីនិងភារកិច្ចរបស់គាត់ គឺគាត់ត្រូវ តែការពារប៉ុន្តែគាត់បានបណ្ដែតបណ្ដោយ ទៅតាមជនល្មើស។ ចំណុចហ្នឹងហើយ យើងត្រូវតែការពារទាំងអស់គ្នា។ អ៊ីចឹង កាលណាគាត់បណ្ដែតបណ្ដោយជាកំហុសឧក្រិដ្ឋរវាងគាត់អ្នកដែល មានអំណាចចក្នុងការគ្រប់គ្រងដែនជម្រកគាត់ជាជនល្មើស មានន័យថា គាត់ជាជនល្មើសដែរ » ។
កាលពីថ្ងៃទី ១៩ ខែមីនា តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បានកោះហៅ លោក គ្រើង តុលា ចូលទៅបំភ្លឺនៅថ្ងៃទី១ ខែមេសានេះ ទាក់ទិនពាក្យបណ្ដឹងរបស់លោក ប៉ែត ភក្ត្រា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងផ្សព្វផ្សាយព័តមានមិនពិត។
អាស៊ីសេរីបានព្យាយាមទាក់ទង តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ានដា ដើម្បីសុំការអធិប្បាយរឿងនេះ តែលោកមិនលើកទូរស័ព្ទនៅថ្ងៃទី១ ខែមេសា។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០ លោក គ្រើង តុលា បានបង្ហោះ សារតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយភ្ជាប់រូបថតលោក ប៉ែត ភក្ត្រា ស្លៀកពាក្យឯកសណ្ឋានជាមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដោយសរសេររៀបរាប់ថា ពលរដ្ឋ និងមន្ត្រីបរិស្ថានឱ្យដឹងថា នាយកដែនជម្រកសត្វស្រែពក លោក ប៉ែត ភត្ត្រា កំពុងត្រូវប៉ាន់ បណ្ដែតបណ្ដោយឱ្យមានសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែង ក្នុងនៅឃុំពូ ជ្រៃ ស្រុកពេជ្រាដា ឋិតក្នុងដែនជម្រកសត្វស្រែពក ដោយគ្មាននរណាហ៊ានក្អក។ លោកស្នើឱ្យអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង និងស្ថាប័នពាក់ព័ន្ធ ចុះស៊ើបអង្កេតជាបន្ទាន់ ដោយត្រូវបិទសិប្បកម្មកែច្នៃឈើខុសច្បាប់ និងទប់ស្កាត់ការកាប់ទន្ទ្រានព្រៃ នៅចំណុចភ្នំព្រះ ដែលបង្កឱ្យមានគ្រោះមហន្តរាយព្រៃឈើ។
ឆ្លើយតបការលើកឡើងនេះ នាយកដែនជម្រកសត្វព្រៃស្រែពក លោក ប៉ែត ភក្ត្រា អះអាងថា មូលហេតុដែលលោកប្ដឹង លោក គ្រើង តុលា ដោយសារការលើកឡើងនេះ គឺជារឿងមិនពិត។ លោកទទួលស្គាល់ថា មានរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ ក៏ប៉ុន្តែលោកបានចុះបង្ក្រាបច្រើនដងសហការជាមួយ តំណាងអយ្យការ ពុំមែនលោកបណ្ដែតបណ្ដោយនោះទេ។ រីឯសកម្មភាពកាប់ទន្ទ្រានព្រៃឈើ នៅចំណុចភ្នំព្រះ ពុំមែនឋិតក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលលោកគ្រប់គ្រងនោះឡើយ៖ «ខុសការពិតមានន័យថា អ្វីដែលគាត់ចោទប្រកាន់វាអត់ត្រូវ។ គាត់គួរតែកុំបង្ហោះសារក្នុងបណ្ដាញសង្គម។ គាត់ត្រូវរាយការណ៍ជូនជំនាញថា ឥឡូវនេះ នៅទីតាំងនេះមានសិប្បកម្មនៅទីតាំងនោះ មានការកាប់ទន្ទ្រានដីព្រៃ ដើម្បីយើងសហការគ្នាក្នុងការទប់ស្កាត់។ សារយើងហ្នឹងជូនកាលវា អត់មានការពិត វាធ្វើឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ជាពិសេសរាជការសាធារណៈយើងហ្នឹងឯង » ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា សមាគមអាដហុកបានត្រៀមមេធាវី ការពារក្ដីក្នុងសំណុំរឿងនេះ ជូនលោក គ្រើង តុលា រួចហើយ។ លោកថា លោក គ្រើង តុលា បានបង្ហោះ សារ តាមបណ្ដាញសង្គម បំណងឱ្យអាជ្ញាធរទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ពុំមានអ្វីខុសច្បាប់នោះទេ ព្រោះជាសិទ្ធិបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ។ លោកអះអាងថា អ្នកដែលទទួលខុសត្រូវសំខាន់ក្នុងរឿននេះ គឺនាយកដែនជម្រកសត្វស្រែពក ដែលបណ្ដែតបណ្ដោយឱ្យមាន ការកាប់ទន្ទ្រានព្រៃខុសច្បាប់ និងមានសិប្បកម្មកែច្នៃឈើខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកសង្ឃឹមថា ប្រព័ន្ធតុលាការ នឹងវិនិច្ឆ័យសំណុំរឿងនេះដោយត្រឹមត្រូវ និងយុត្តិធម៌៖ «លោក ប៉ែត ភត្ត្រា ត្រូវលើកភស្តុតាងមកដាក់ក្នុងតុលាការហេតុអ្វីបានជាមិនពិត។ ហើយលោក គ្រើង តុលា ក៏មានសិទ្ធិរកសាក្សី និងរកភស្តុតាងនៅទីកន្លែងហ្នឹង មកដោះបន្ទុក។ អ្វីដែលយើងបានព័តមានពីតុលាហ្នឹង មន្ត្រីរបស់គាត់ ជាអ្នកផ្ដល់ព័តមាន មានទាំងសំឡេង ដែលបញ្ជាក់ថា លោក ប៉ែត ភត្ត្រា គឺជា មានពាក់ព័ន្ធអំពើល្មើសឈើក្នុងដែនជម្រកសត្វព្រៃស្រែពកហ្នឹងមែន » ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា ការបណ្ដោយឱ្យមានការកាប់ទន្ទ្រានព្រៃរាប់រយហិកតារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងការអនុញ្ញាតឱ្យមានសិប្បកម្មកែច្នៃឈើខុសច្បាប់ គឺជាបទល្មើសឧក្រិដ្ឋ និងជាអំពើពុករលួយ។
កាលពីខែកុម្ភៈ ឆ្នាំ២០២០ ពលរដ្ឋជិត ១០០នាក់ បានលើកគ្នាទៅតវ៉ា នៅសាលាឃុំប៊ូស្រា ស្រុកពេជ្រាដា បំណងស្នើឱ្យអាជ្ញាធរចាត់វិធានការ ទប់ស្កាត់សកម្មភាពកាប់ទន្ទ្រានព្រៃអភិរក្ស ឋិតក្នុងដែនជម្រកសត្វព្រៃស្រែពក អស់រាប់រយហិកតារ ក៏ប៉ុន្តែគ្មានលទ្ធផល។ អ្នកភូមិថា សកម្មភាពកាប់ទន្ទ្រានព្រៃនៅតំបន់នោះ ធ្វើឱ្យប៉ះពាល់តំបន់ប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច និងកន្លែងអាស្រ័យផលព្រៃឈើដែលនៅសេសសល់របស់ពួកគេ ខណៈដែលមន្ត្រីបរិស្ថានមិនអើពើបង្ក្រាបជាច្រើនឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។