សត្វព្រៃកម្រជាច្រើនប្រភេទដែលកំពុងរស់នៅក្នុងព្រៃសហគមន៍មេត្តាធម្មជាតិ បន្តងាប់ និងបាត់ខ្លួនដោយសារសកម្មភាពបរបាញ់ និងដាក់អន្ទាក់ ក្រោយពីកើតមានសកម្មភាពឈូសឆាយព្រៃ និងកាប់ឈើមានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រជាសហគមន៍ការពារព្រៃឈើខេត្តកំពង់ស្ពឺ បានសំពះអង្វរឱ្យលោក ហ៊ុន សែន និង លោក ស ខេង មេត្តាជួយអន្តរាគមន៍ ការពារព្រៃអភិរក្សនៅតំបន់នោះ បន្សល់ចុងក្រោយ ដើម្បីមានកន្លែងសត្វព្រៃជ្រក និងចិញ្ចឹមជីវិត។
ប្រជាសហគមន៍ទាំងនោះ រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់កំពុងធ្វើរបងលួសហ៊ុមព័ទ្ធព្រៃសហគមន៍មេត្តាធម្មជាតិដែលនៅសល់ចុងក្រោយ ដើម្បីរាំងខ្ទប់សកម្មភាពកាប់ឈើ ការលួចដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ ក្នុងតំបន់ព្រៃអភិរក្សនេះ។
អ្នកភូមិអះអាងថា ក្រោយពីកើតមានសកម្មភាពកាប់ឈើធំៗ និងឈូសឆាយព្រៃអស់ជាង ៤រយ ហិកតារ នៅរយៈពេលជាង ៥ ខែចុងក្រោយនេះ ការលបបរបាញ់សត្វព្រៃ និងលួចដាក់អន្ទាក់ កំពុងកើតមានច្រើន ធ្វើឱ្យសត្វព្រៃជាច្រើនប្រភេទរួមមាន ស្វា ទោច ក្ងោក និង ជ្រូកព្រៃជាដើម បន្តងាប់ និងបាត់ខ្លួន។
សមាជិកសហគមន៍ លោក សយ សាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ កក្កដា ថា បច្ចុប្បន្នសកម្មភាពដាក់អន្ទាក់ និងការលួចបាញ់សត្វព្រៃ កំពុងកើតមានច្រើនក្នុងដែនអភិរក្សនេះ ស្របពេលដែលសមាជិកសហគមន៍កំពុងមមាញឹកការងារស្រែចម្ការ។
លោកថា ថ្មីៗនេះពួកលោក បានចុះដោះអន្ទាក់ ចំនួន ៣ កន្លែង ដែលក្រុមជនល្មើស លួចចាប់សត្វស្វា ទោច ក្ងោក និង សត្វព្រៃផ្សេងៗទៀត ធ្វើអាជីវកម្ម។ លោកចំណាំថា ព្រៃសហគមន៍នេះមានសត្វក្ងោកជិត ១០០ ក្បាល បច្ចុប្បន្ននៅសល់តែ ៤ក្បាលប៉ុណ្ណោះ សត្វទោច ៤ ក្បាល ដែលតែងលោតលេងតាមមែកឈើ នៅសល់តែ ២ក្បាល ហើយស្វាព្រាម និងស្វាព្រៃ មានសរុបជិត ១០០ ក្បាល នៅសល់តែ ១៣ក្បាល។ ចំណែកខ្លាឃ្មុំពីរក្បាល រួមទាំងសត្វកម្រជាច្រើនទៀត ត្រូវគេលួចបាញ់សម្លាប់៖ «ឃុបឃិតគ្នារៀបចំជាប្រព័ន្ធធ្វើម៉េចឱ្យព្រៃសហគមន៍វិនាសហិនហោច ធ្វើឱ្យសត្វព្រៃបាត់បង់ការគ្រប់គ្រងរបស់សហគមន៍។ ចង់បំផ្លាញសត្វទាំងអស់ហ្នឹង កុំឱ្យពិភពលោកដឹង ខ្មែរចេះការពារសត្វ ខ្មែររស់នៅជាមួយសត្វ។ បរបាញ់សត្វក្នុងព្រៃ ងាប់ខ្លាឃ្មុំ សត្វព្រៃ ក្ងោកជាង ៧០ ក្បាល នៅតែ ៤ ក្បាល មាន់ព្រៃពីដើមនៅជាង ១០០ នៅសល់តែ ៣ក្បាលទេ។
លោកបន្ថែមថា សត្វទោចម្កុដ ដែលតែងលោតលេងប្រឡែង ជាមួយព្រះសង្ឃ កំពុងប្រឈមការបាត់បង់ជម្រក និងការលួចបរបាញ់ ដើម្បីយកសាច់លក់ ប្រសិនបើគ្មានវិធានការការពារឱ្យច្បាស់លាស់នោះទេ។ លោកថា សត្វព្រៃកម្រទាំងនេះ ទាក់ទាញភ្ញៀវទេសចរណ៍ នឹងប្រឈមការផុតពូជពីតំបន់នោះ។
របាយការណ៍ប្រជាសហគមន៍ឧត្តមស្រែពស់ឱ្យដឹងថា នៅរយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ សហគមន៍បានដោះអន្ទាក់ចាប់សត្វព្រៃ បានជាង ៥ពាន់អន្ទាក់ (៥០០០) ដោយក្នុងនោះ មានអន្ទាក់មួយប្រភេទ ឈ្មោះថា លុក ដែលគេបង្កប់ក្នុងដី ប្រើចំណីបញ្ឆោតសត្វ បង្កគ្រោះថ្នាក់ខ្លាំងដល់ជីវិតសត្វព្រៃ។ រីឯសកម្មភាពបរបាញ់សត្វព្រៃដោយប្រើកាំភ្លើងច្នៃនៅពេលយប់ និង ថ្ងៃ ក៏កំពុងកើតមានច្រើន។
រីឯពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ លោក លក្ខ ភៀម សង្កេតឃើញថា ដើមឈើធំៗ នៅតំបន់នោះ ត្រូវគេកាប់បំផ្លាញអស់ស្ទើរទាំងស្រុងកាលពី ៣០ឆ្នាំមុន នៅសល់តែព្រៃរេចរឹល ក៏ប៉ុន្តែនៅគ្រាដែល ប្រជាសហគមន៍ និងព្រះសង្ឃបានរួមគ្នា អភិរក្ស និងថែទាំ ព្រៃសហគមន៍នេះជាង២០ ឆ្នាំហើយ ធ្វើឱ្យលូតលាស់យ៉ាងលឿន ពីព្រៃរេចរឹល ប្រែមកជាព្រៃស្រោង និងពាក់កណ្តាលស្រោង មានដើមឈើធំៗចម្រុះ ទើបតែលូតលាស់នៅរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ។
លោកថា តំបន់នោះមានភូមិសាស្ត្រប្រជុំភ្នំ ខ្ពង់រាបបទបែន តភ្ជាប់ពីជ្រលងភ្នំឱរ៉ាល់ ដែលអាចធ្វើឱ្យសត្វព្រៃ ផ្លាស់ទីបាន ដោយងាយស្រួល ហើយអ្នកភូមិដែលរស់នៅព័ទ្ធជុំវិញព្រៃអភិរក្សនេះ តែងតែទទួលប្រយោជន៍ ពីភ្ញៀវទេសចរណ៍ ឃ្វាលគោក្របី បេះបន្លែផ្លែឈើ រកថ្នាំបុរាណ បោចវល្លិ និងរកផ្សិត ជាដើម៖ «គោក្របីគាត់ នៅអាស្រ័យផលហ្នឹង មនុស្សយើងអាស្រ័យផលហ្នឹង ដកផ្សិត រកឱស បើឈូសឆាយអស់បានអីអាស្រ័យ។ មានតែព្រៃមួយកន្លែងហ្នឹងគ្រាន់លែងគោក្របី»។
វិទ្យុអាស៊ីសេរី មិនទាក់ទងសុំការបំភ្លឺរឿងនេះ ពីអនុប្រធានមន្ទីរបរិស្ថាន លោក នៅ ណាក់ បាននៅឡើយទេ នៅថ្ងៃទី២២ កក្កដា ដោយទូរសព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។ ចំណែកនាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ លោក ខន សុខុន ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ប៉ុន្តែ លោក នៅ ណាក់ បានប្រកាសប្រាប់ពលរដ្ឋនៅចំពោះមុខ កាលពីចុងខែមិថុនា កន្លងទៅថា អាជ្ញាធរនឹងផ្ដល់ដីចំនួនជាង ៤០០ហិកតារ ដើម្បីសងប៉ះប៉ូវ ការខូចខាតព្រៃ ជូនប្រជាសហគមន៍ឧត្ដមស្រែពស់វិញ។ ប៉ុន្តែប្រជាសហគមន៍ មិនសប្បាយចិត្តចំពោះដំណោះស្រាយនេះទេ។
ចំណែក អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា ប្រជាសហគមន៍ ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ នៅពេលប្រទះឃើញបទល្មើសព្រៃឈើ និង សកម្មភាពបរបាញ់សត្វព្រៃ។ លោកថា សហគមន៍គួរតែសហការជាមួយអាជ្ញាធរជំនាញ ទើបការអនុវត្តច្បាប់ព្រៃឈើមានប្រសិទ្ធភាព។ អភិបាលខេត្តរូបនេះ គាំទ្រគំនិតផ្ដួចផ្ដើម បោះបង្គោលព្រំ កំណត់ព្រំប្រទល់ព្រៃសហគមន៍ ហើយលោកស្នើឱ្យអង្គការសង្គមស៊ីវិលជួយគាំទ្រគម្រោងនេះ ដើម្បីការពារព្រៃឈើ និងសត្វព្រៃកម្រ៖ «ផលិតបង្គោលព្រំហ្នឹងមក ហើយខ្ញុំឱ្យមន្ត្រីខ្ញុំចូលរួមកំណត់ព្រំ អីចឹង ហើយយើងបោះបង្គោលយកហ្មង អត់មាននរណាដែរ។ សហគមន៍មិនអាចឈ្លានពានដីឯកជន ហើយឯកជនក៏មិនអាចឈ្លានពានគ្នាបានដែរ។ រឿងកើតឡើងកន្លងមក ដោយសារតែយើងខ្វះខាត។
ប្រជាសហគមន៍បន្ថែមថា ពួកគាត់តែងតែចុះទប់ស្កាត់បទល្មើសព្រៃឈើ និងហាមឃាត់សកម្មភាពឈូសឆាយព្រៃ បង្កការរំខានសត្វព្រៃ តែត្រូវក្រុមទាហាន "ង-៧០” និង ក្រុមក្មេងស្ទាវ កាន់កាំបិត បាញ់កាំភ្លើងគំរាម ប្រើប្រាស់អំពើហិង្សា ធ្វើឱ្យពលរដ្ឋរងរបួសជាច្រើននាក់។ បន្ថែមពីនេះ សមាជិកសហគមន៍ ដែលសកម្មចូលរួមការពារ ព្រៃ ៦នាក់ហើយ កំពុងជាប់បណ្តឹងនៅតុលាការ ពីបទបរិហារកេរ្តិ៍ គំរាមជេរប្រមាថ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងញុះញង់បង្កភាពវឹកវរ ប៉ះពាល់ដល់សន្តិសុខសង្គម។
កន្លងទៅ ប្រជាសហគមន៍រាប់រយនាក់ បានវេចបង្វេច និងស្ពាយចានឆ្នាំង ដើរដាក់ញត្តិទៅស្ថាប័នជាតិ សាលាខេត្តកំពង់ស្ពឺ និងស្ថាប័នរដ្ឋមួយចំនួនទៀត បំណងសុំកិច្ចអន្តរាគម ឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពកាប់ឈើ និងឈូសឆាយព្រៃសហគមន៍ឧត្តមស្រែពស់ចាប់តាំងពីព្រៃនៅសល់ច្រើន រហូតទល់តែព្រៃបាត់បង់អស់ស្ទើរទាំងស្រុង ទើបអាជ្ញាធរបញ្ជាឱ្យផ្អាកការឈូសឆាយ។
កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃសហគមន៍ឧត្ដមស្រែខ្ពស់មានទំហំជិត ៣ រយហិកតារ (២៦២,២៤) ហិកតារ ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកជូនគ្រួសារយោធិន "ង-៧០” កងរថក្រោះ ៤១គ្រួសារ សម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។
ប៉ុន្តែប្រជាសហគមន៍អះអាងថា មន្ត្រីយោធិន "ង-៧០” បានឈូសឆាយព្រៃអភិរក្សនេះ លើសពីការកំណត់ អស់ជាង ៤០០ ហិកតារ បច្ចុប្បន្នព្រៃសហគមន៍ឧត្តមស្រែពស់ នៅសល់តែ ៣០ហិកតារ ប៉ុណ្ណោះ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន សោកស្តាយ ចំពោះមន្ត្រីខិលខូច និងមន្ត្រីយោធាខ្លះ មានគំនិតលោភលន់ ចង់បានដីព្រៃសហគមន៍នេះទើបប្រើគំនិតអាក្រក់ ភូតភរថ្នាក់លើ ពុះចែកគ្នា ក្រោមស្លាក ស្នើសុំដីសម្បទានសង្គមកិច្ច ដោយមិនខ្វល់ពី ផលប៉ះពាល់បរិស្ថាន សត្វព្រៃ និងជីវភាពពលរដ្ឋ។
លោកថា ព្រៃនៅតំបន់នោះ ដុះលូតលាស់ធំឡើង ដោយការខិតខំប្រឹងប្រែង របស់ប្រជាសហគមន៍ និង ព្រះសង្ឃ មិនគួរជាកម្មវត្ថុ ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច ឈូសឆាយកម្ទេចព្រៃ ដែលជាទីកន្លែងសត្វព្រៃជ្រកកោន និងចិញ្ចឹមជីវិតនោះទេ៖ «ល្បិចកលរបស់ពួកគេគ្រាន់តែរៀបយកដីរដ្ឋលក់។ រដ្ឋាភិបាលបើគ្មានចំណាត់ការផ្លូវច្បាប់ លើជនប្រព្រឹត្តបទល្មើស ព្រៃនៅស្រុកខ្មែរនឹងរលាយទាំងអស់ រត់ពីកន្លែងមួយទៅកន្លែងមួយ យកមុខរបរធ្វើអាជីវកម្ម»។
ព្រៃសហគមន៍ឧត្ដមស្រែពស់ ឬហៅថា ព្រៃមេត្តាធម្មជាតិ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សពីក្រសួងបរិស្ថានកាលពីឆ្នាំ២០០២។
ប្រជាសហគមន៍រកឃើញថា ផែនទីបង្ហាញពីទំហំផ្ទៃដី ព្រៃសហគមន៍ឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ មានផ្ទៃដី ៨០០ហិកតារ ប៉ុន្តែធាតុពិតជាក់ស្តែង ព្រៃនេះ ត្រូវក្រុមអ្នកមានអំណាច ពលរដ្ឋមួយចំនួន និងក្រុមមន្ត្រីយោធាខ្លះ លួចកាប់ទន្ទ្រានអស់ជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននៅសល់ព្រៃ ៣០ ហិកតារប៉ុណ្ណោះ។
ព្រៃសហគមន៍នេះ មានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ រួមមាន ទោច ស្វា ក្ងោក មាន់ព្រៃ ឈ្លូស និងស្វាជាដើម កំពុងប្រឈមបាត់បង់ទីជម្រក និងខ្លះរត់ទៅជ្រកនៅតំបន់ផ្សេង ហើយមានសត្វព្រៃខ្លះទៀត គេលួចបរបាញ់សម្លាប់ ធ្វើអាជីវកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។