សត្វព្រៃ​ជាច្រើន​ក្បាល​បាត់បង់​ជម្រក​ ក្រោយ​ក្រុមហ៊ុន​ចិន​សម្រុក​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ឃុំ​ក្បាល​រមាស ​ខេត្តស្ទឹងត្រែង

0:00 / 0:00

សត្វខ្ទីង និង​សត្វព្រៃ​ជាច្រើន​ក្បាល​ទៀត​កំពុង​ប្រឈម​បាត់​បង់​ជម្រក​ ក្រោយ​ពី​ក្រុមហ៊ុន​ចិន​មួយ ​បន្ត​សម្រុក​កាប់​ឈើ ​និង​ឈូស​ឆាយ​ព្រៃ​ទ្រង់ទ្រាយ​ធំ ​ឋិត​ក្នុង​តំបន់​ព្រៃ​សហគមន៍ ឃុំក្បាល​រមាស ​ក្នុង​ខេត្តស្ទឹងត្រែង។ ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ដែល​តស៊ូ​យាម​ព្រៃ​សហគមន៍​នេះ​ស្ដី​បន្ទោស​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ថា ​កំពុង​បំផ្លាញ​ទឹក​ចិត្ត​ប្រជាជន​ ដែល​លះ​បង់​ការពារ​ព្រៃ​បន្សល់​ចុង​ក្រោយ នៅ​ជាប់​នឹង​ភូមិ​កំណើត​ពួកគាត់។

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ជាច្រើន​គ្រួសារ​រស់​នៅ​ឃុំ​ក្បាលរមាស ស្រុកសេសាន ដែល​ជំទាស់​មិន​ទទួល​យក​គោល​នយោបាយ​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ កំពុង​ប្រឈម​បាត់បង់​អត្តសញ្ញាណ ​ជំនឿ ​វប្បធម៌​ និង​ប្រពៃណី ​ក្រោយ​ពី​ក្រុមហ៊ុន​ចិន សេវ ហ្គេច (Sev Gek) បន្ត​សម្រុក​កាប់​ឈើ​មូល​ធំៗ និង​ឈូស​ឆាយ​ព្រៃ​សហគមន៍​ឃុំក្បាលរមាស​ជា​បន្ត​បន្ទាប់​ ជាង ២ខែ​មក​ហើយ​ ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​តំណាង​សហគមន៍​នោះ​ឡើយ។

ប្រជា​សហគមន៍​ទាំង​នោះ​សង្កេត​ឃើញ​ថា​ មក​ទល់​ពេល​នេះ​ ក្រុមហ៊ុន​ចិន​មួយ​នេះ ​នៅ​បន្ត​កាប់​ឈើ ​និង​ឈូស​ឆាយ​ព្រៃ​ បំពាន​ចូល​តំបន់ ដែល​សំបូរ​ដោយ​សត្វ​បក្សី​កម្រ​រស់​នៅ​ និង​ពង​កូន រួម​មាន សត្វ​ក្ងោក ​មាន់​ព្រៃ ​ត្រយង ​និង​ត្រដក់​ជាដើម។ រីឯ​សត្វ​ខ្ទីង និង​ស្វា​ព្រៃ​ជាច្រើន​ក្បាល​ទៀត បាន​ផ្អើល​រត់​ពួន​នៅ​តំបន់​ផ្សេង​ទៀត គេច​ពី​ក្រុម​អ្នក​កាប់​ឈើ។

តំណាង​សហគមន៍​ឃុំក្បាលរមាស ​លោកស្រី​ ស្រាំង ​ឡាញ់ ​ចាត់​ទុក​សកម្មភាព​បំផ្លាញ​ព្រៃ​ទាំង​នេះ​ ជា​ការ​សម្លាប់​ជីវិត​សត្វ​ព្រៃ​កម្រ ​និង​ជីវភាព​រស់​នៅ ​របស់​ជនជាតិ​ដើម​ភាគ​តិច​ ដែល​យាម​ព្រៃ​អភិរក្ស​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​ស្រី​ថា មក​ទល់​ពេល​នេះ ​គ្រឿងចក្រ​យ៉ាង​ហោច​ណាស់ ៣គ្រឿង​ និង​កម្មករ​កាប់​សិប​នាក់​ ប្រដាប់​ដោយ​រណា​យន្ត​ កំពុង​បន្ត​កាប់​បំផ្លាញ​ដើម​ឈើ​ធំៗ រួម​មន ផ្ចឹក រាំង​ និង​ដើម​ឈើ​ទាល​ជា​ដើម​ ដែល​អ្នកភូមិ​អាស្រ័យ​ផល​។

រីឯ​សត្វ​ខ្ទីង ស្វា​ព្រៃ និង​បក្សី​កម្រ​ជា​ច្រើន​ប្រភេទ​ទៀត នឹង​ងាប់​ជា​បន្ត​បន្ទាន់​ ដោយសារ​គ្មាន​ទី​ជម្រក​រស់នៅ​ដោយ​សុខសាន្ត៖ «អាជ្ញាធរ​សម្បទាន​ដី​ក្រុមហ៊ុន​ ឈូស​ឆាយ​បំបាត់​ទឹក​ដី​ព្រៃឈើ ​កេរ​មរកត ពី​ដូនតា មាន​ដើម​ឈើ​គ្រប់​ប្រភេទ​ សម្រាប់​អនុផល​ព្រៃឈើ ​បេះ​បន្លែ ​ជម្រក​សត្វ​ព្រៃ ​វា​ប៉ះ​ទាំង​អស់ »

ស្ត្រី​ដដែល​បន្ថែម​ថា ក្រុមហ៊ុន​ចិន​សេវហ្គេច ​កំពុង​អនុវត្ត​គម្រោង​វិនិយោគ ​លាក់​លៀម​ បង្កប់​ភាព​មិន​ប្រក្រតី​ច្រើន ​ដោយ​មិន​បាន​ពី​គ្រោះ​យោបល់​ និង​សិក្សា​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ​ បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទឹក​ដី ​ព្រៃឈើ ​និង​សត្វព្រៃ​ ដែល​ជា​អត្ត​សញ្ញាណ​វប្បធម៌​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង។

លោកស្រី​បន្ត​ថា ដេប៉ូ​អារ​ឈើ​របស់​ក្រុមហ៊ុន​ចិន សេវ ហ្គេច នៅ​ជាប់​ព្រៃ​អភិរក្ស​នេះ ​កំពុង​ដំណើរ​ការ ​អាជីវកម្ម​ឈើ​ទ្រង់​ទ្រាយ​ធំ ​ដែល​គេ​ប្រមូល​ឈើ​មូល​ធំៗ ចេញ​ពី​ព្រៃ​សហគមន៍​ភូមិក្បាលរមាស៖ «ក្រុម​ឈូស​ឆាយ​ក៏​ឈូស​ឆាយ​ ក្រុម​លូក​យក​ព្រៃ​ក៏​លូក​ទៅ លូក​ក្នុង​ព្រៃ​ជ្រៅ ​មាន​ទាំង​អស់​នៅ​លើ​ទឹក​ដី​របស់​មីង ​មិន​ខ្វះ​ទេ ក្ងោក​ក៏​មាន​ ស្វា​ក៏​មាន​ ខ្ទីង​ក៏​មាន »

​កាល​ពី​ដើម​ខែ​កក្កដា ​កន្លង​ទៅ ​តំណាង​សហគមន៍​ឃុំក្បាលរមាស ​បាន​សរសេរ​លិខិត​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ ទប់ស្កាត់​បទល្មើស​ព្រៃឈើ ​និង​សកម្មភាព​ឈូស​ឆាយ​ព្រៃ​អភិរក្ស​នេះ​ដែល​សំបូរ​សត្វ​ព្រៃ​រស់​នៅ​ និង​ជា​កន្លែង​ជន​ជាតិ​ដើម​ភាគ​តិច​អាស្រ័យ​ផល​។​ ប៉ុន្តែ​អ្នកភូមិ​ថា មក​ទល់​ពេល​នេះ ​ពួកគាត់​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ ​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង ​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ឈូស​ឆាយ​នេះ ពី​តំណាង​ក្រុមហ៊ុន​ចិន ស៊ីវ ហ្គេច​ បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី​៥ ​កញ្ញា​។

ឆ្លើយតប​រឿង​នេះ​ អ្នក​នាំ​ពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែង គុង បកស្រាយ​ថា​ អភិបាលខេត្ត​នឹង​រៀបចំ​ក្រុម​ការងារ​ ដើម្បី​ពិភាក្សា​ជាក់​ស្ដែង​ជាមួយ​តំណាង​សហគមន៍​ ក្នុង​បំណង​ស្តាប់​ហេតុផល​ទាក់ទិន​ករណី ​ចុះ​បញ្ជី​ដី​សមូហភាព។

លោក​បញ្ជាក់​ថា​ ក្រុមហ៊ុន​អនុវត្ត​គម្រោង ស្រប​តាម​កិច្ច​សន្យា​វិនិយោគ​ជាមួយ​រដ្ឋាភិបាល​ ដែល​កំណត់​តាម​ផែនការ​មេ ​តែ​ប្រសិន​បើ​ក្រុមហ៊ុន​អនុវត្ត​លើស​ពី​ព្រំប្រទល់​កំណត់​មិន​ត្រឹមត្រូវ​ រដ្ឋបាលខេត្ត​នឹង​ចាត់​វិធានការ​តាម​នីតិវិធី៖ «អភិបាលខេត្ត​នឹង​រក​ពេល​វេលា​សម​ស្រប​ណា​មួយ ​ដើម្បី​ចួប​តំណាង​សហគមន៍ ​ដើម្បី​ស្ដាប់​របាយ​ការណ៍ ​និង​មាន​មូលដ្ឋាន​មួយ​​ចំនួន​ ដើម្បី​ពិភាក្សា​គ្នា ​តែ​បើ​ក្រុមហ៊ុន​ធ្វើ​លើស​ទៅ​នឹង​ព្រំ​ប្រទល់ ​កំណត់​មិន​ត្រឹមត្រូវ​ទេ​ ហើយ​បាន​ទទួល​ពត៌​មាន​ពី​សហគមន៍​ រដ្ឋបាល​ខេត្ត​នឹង​ចាត់​វិធានការ​តាម​នីតិវិធី​ដោយ​មាន​កម្លាំង​ជំនាញ​ចុះ​តាម​មូលដ្ឋាន​។

អ្នកភូមិ​ក្បាល​រមាស​ថា ក្រោយ​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បិទទ្វារ​ទឹក​ពន្លិច​ភូមិ​កំណើត ​ផ្ទះ​សម្បែង ដីធ្លី ស្រែចម្ការ និង​ផល​ដំណាំ​របស់​ពួក​គាត់ កាល​ពី​ឆ្នាំ២០១៧ ក្រុម​ពលរដ្ឋ​ទាំង​នោះ ​តស៊ូ​រស់​នៅ​ក្បែរ​ភូមិចាស់ ដោយ​លំបាក​វេទនា ​ខ្វះ​ទឹក​ស្អាត ខ្វះ​សាលារៀន​ មណ្ឌល​សុខភាព ​និង​ ខ្វះ​ដី​បង្ក​បង្កើន​ផល​ជា​ដើម។

ប្រជា​សហគមន៍​រាប់​សិប​គ្រួសារ ​បាន​រំកិល​ទីជម្រក​ ទៅ​រស់​នៅ​ដោយ​ខ្លួនឯង​ នៅ​កៀក​ព្រៃ​សហគមន៍ ​ដើម្បី​​ងាយ​ស្រួល ​អភិរក្ស​ព្រៃឈើ ​ដែល​ពួកគាត់​ចាត់​ទុក ​ជា​អាយុជីវិត​ ប្រភព​ចំណូល ​និង​ ប្រពៃណី​វប្បធម៌ ​បន្សល់​ចុងក្រោយ ​ផ្សា​ភ្ជាប់​នឹង​ធនធាន​ធម្មជាតិ។

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា សកម្មភាព​ឈូស​ឆាយ និង​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស​នេះ គឺ​រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​និង​ប៉ះពាល់​តំបន់​សក្ដានុពល អាច​អភិវឌ្ឍន៍​ជា​សហគមន៍​គំរូ​ផ្នែក​វប្បធម៌​ធនធាន​ធម្មជាតិ ​និង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់។

កន្លែង​អភិរក្ស​នេះ​នៅ​សល់​ព្រៃ​ច្រើន​ជាង​គេ​ បើ​ធៀប​នឹង​តំបន់​ព្រៃ​សហគមន៍​ដទៃ​ទៀត ក្នុង​ខេត្តស្ទឹងត្រែង នៅ​គ្រា​ដែល​ព្រៃ​សហគមន៍​ស្ទើរ​គ្រប់​តំបន់ ឋិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ បាន​បាត់បង់​គម្រប​ព្រៃឈើ​ស្ទើរ​ទាំង​ស្រុង ​ដោយ​ជំនួស​មក​វិញ ដី​ចម្ការ និង​ដី​ទំនេរ​ចោល គ្រប់គ្រង​ជា​កម្ម​សិទ្ធិ​ឯកជន។

កាល​ពី​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ២០១៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​អនុបយោគ​ដី​ទំហំ​ជាង ៧ពាន់​ហិកតារ (៧.៣៩៧) សម្រាប់​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដើម​អាកាស្យា ម៉ៃសាក់ និង​ប្រភេទ​ឈើ​ផ្សេងៗ ទៀត។

​ ប៉ុន្តែ​ប្រជា​សហគមន៍​ភូមិក្បាលរមាស​សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ​ ក្រុមហ៊ុន​ចិន​មួយ​នេះ​ បាន​អនុវត្ត​គម្រោង​ផ្ទុយ​​ពី​កិច្ច​សន្យា​វិនិយោគ ​គឺ​ដាំ​ដំណាំ​កៅស៊ូ​តិចតួច​ប៉ុណ្ណោះ គឺ​ឃើញ​តែ​ឈូស​ឆាយ​ព្រៃ​ និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ ដោយ​បើក​ដេប៉ូ​អារ​ឈើ​ខ្នាត​ធំ​ក្នុង​បរិវេណ​ក្រុមហ៊ុន ​ឋិត​ក្នុង​ឃុំ​ក្បាលរមាស ​ស្រុកសេសាន។​

ជុំវិញ​រឿង​នេះ អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាន​សម្ព័ន្ធ​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា (CIPO) លោក យន់ ឡូរ៉ង់ សង្កេត​ឃើញ​ថា ការអនុវត្ត​គម្រោង​ឈូស​ឆាយ​ព្រៃ​អភិរក្ស​នេះ ដោយ​មិន​បាន​សិក្សា​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន ​និង​សង្គម​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ។ ហេតុនេះ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​រឿង​នេះ​ឡើង​វិញ​ ចៀស​វាង​កុំ​ឱ្យ​ផល​ប៉ះពាល់​កាន់​តែ​រីក​ធំ​ឡើង ​បាត់បង់​ទី​តាំង​ដក​ហូត​អនុផល​ព្រៃឈើ ​និង​កន្លែង​ប្រតិបត្តិ​ជំនឿ ជន​ជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ៖ «ជន​ជាតិ​ដើម​ភាគ​តិច​ដែល​គាត់​មាន​ការ​អភិរក្ស​អត្ត​សញ្ញាណ និង​ធនធាន​ធម្មជាតិ​មាន​ គឺ​មាន​តែ​សហគមន៍​ក្បាល​រមាស​ទេ ច្រើន​ជាង​គេ​ហើយ​ល្អ​ជាង​គេ។ ឈូស​ឆាយ​បែប​ហ្នឹង គឺ​ប្រឈម​​កាន់​តែ​ខ្លាំង​ឡើង ​ចំណុច​ខ្ទេច​ឥលូវ​នេះ ​គឺ​ស្វា ​និង​សត្វ​ក្ងោក »

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ព្រៃឈើ​ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ស្នើ​សុំ​ចុះ​បញ្ជី ដើម្បី​ដក​ហូត​អនុផល​ព្រៃឈើ​ចិញ្ចឹម​ជីវិត ពុំ​មែន​បំផ្លាញ​ព្រៃឈើ​នោះ​ឡើយ ហេតុនេះ​អាជ្ញាធរ​គួរតែ​លើក​ទឹក​ចិត្ត​ពួកគាត់ ​ឱ្យ​ចូលរួម​ថែទាំ​ព្រៃ ស្រប​តាម​គោលនយោបាយ​រដ្ឋាភិបាល​។ ​លោក​ថា ដើម​ឈើ​ធំៗ នៅ​តំបន់​ក្រៅ​សហគមន៍ ត្រូវ​គេ​កាប់​បំផ្លាញ​អស់​ហើយ ទើប​ក្រុមហ៊ុន ​បង្វែរ​សម្រុក​មក​កាប់​បំផ្លាញ ​នៅ​តំបន់​អភិរក្ស​ដែល​សហគមន៍​ថែរក្សា។​

មក​ទល់​ពេល​នេះ​ពលរដ្ឋ​រស់​នៅ​ឃុំក្បាលរមាស​ ៥៣គ្រួសារ​បូករួម​ទាំង​ពលរដ្ឋ​បំបែក​គ្រួសារ​បដិសេធ​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​សំណង​ពី​ក្រុមហ៊ុន ហើយ​បច្ចុប្បន្ន​ពួក​គាត់​បន្ត​រស់​នៅ​លើ​ទី​ទួល​ខ្ពស់ ត្រង់​ចំណុច​ស្រែ​វាល​ ឆ្ងាយ​ពី​ភូមិចាស់ ៤គីឡូម៉ែត្រ។

ក្រុម​ពលរដ្ឋ​ទាំង​នោះ​រស់​នៅ​ពឹង​ផ្អែក​លើ​ព្រៃ​សហគមន៍ ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ពួក​គេ​ ដូចជា នេសាទ​ត្រី ឃ្វាលគោ​ក្របី ធ្វើ​ចម្ការ​វិល​ជុំ រក​អនុផល​ព្រៃឈើ បេះ​បន្លែ និង​ដង​ជ័រ​ទឹក​ជាដើម។ ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន ដោយសារ​តែ​ស្ដាយ​ស្រណោះ​ព្រៃ​កេរ​ដូនតា និង​ចង់​ការពារ​ព្រៃ​ឱ្យ​គង់វង្ស ដើម្បី​អនាគត​កូនចៅ​ជំនាន់​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។