គម្រោង​អច្ឆរិយ​ភាព​ទន្លេ​មេគង្គ លែង​ត្រី​មេ​ពូជ​ធំៗ ១០០ក្បាល ចូល​ក្នុង​ទន្លេ​មេគង្គ

គម្រោង​អច្ឆរិយ​ភាព​ទន្លេ​មេគង្គ លែង​មេ​ពូជ​ត្រី​ធំៗ ប្រមាណ ១០០ក្បាល ជា​ប្រភេទ​ត្រី​កម្រ​ជិត​ផុត​ពូជ រួម​មាន ត្រី​គល់រាំង ចំនួន ៣០ក្បាល និង​ប្រភេទ​ត្រី​ប្រា​ធំ​ចំនួន ៧០ក្បាល ចូល​ក្នុង​ទន្លេ​មេគង្គ។

គេហទំព័រ​គម្រោង​អច្ឆរិយ​ភាព​ទន្លេ​មេគង្គ ឲ្យ​ដឹង​ថា មុន​លែង​ត្រី​កម្រ​ទាំង​នោះ ក្រុម​ការងារ​បាន​បំពាក់​ឧបករណ៍​តាមដាន និង​ដាក់​ស្លាក ដើម្បី​សិក្សា​បន្ថែម​ពី​ការ​​ផ្លាស់​ទី និង​ការ​វិវឌ្ឍ​របស់​ត្រី​ទាំង​នោះ។ គម្រោង​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​ឆ្លងដែន នៅ​តំបន់​ដង​ទន្លេ​មេគង្គ និង​ដៃ​ទន្លេ​នានា នៅ​ប៉ែក​ខាង​ជើង​ប្រទេស​កម្ពុជា និង​ឡាវ។

អ្នកគ្រប់គ្រង​កម្មវិធី​អច្ឆរិយ​ភាព​ទន្លេ​មេគង្គ អ្នកស្រី ជា សីលា ឲ្យ​ដឹង​ថា ការ​លែង​ប្រភេទ​ត្រី​កម្រ​ទាំង​នេះ កាលពី​ថ្ងៃ​ទី១៥ ខែឧសភា នៅ​ភូមិ​សាស្ត្រ​ឃុំ​កោះ​ព្រះ ស្រុក​សៀម​​បូក ​ខេត្តស្ទឹងត្រែង គឺ​មាន​គោលបំណង ឱ្យ​សាធារណជន បាន​ស្គាល់​អំពី​​ត្រី​កម្រ​ជិត​ផុត​ពូជ​ និង​ចូលរួម​ការពារ ​ដើម្បី​បង្កើន​បរិមាណ​ប្រភេទ​ត្រី​កម្រ​ទាំង​នោះ​ឡើង​វិញ។

នៅ​ទន្ទឹម​នេះ អ្នកស្រី ជា សីលា ក៏​អំពាវនាវ​ដល់​ប្រជា​នេសាទ​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​ចូលរួម​​អភិរក្ស​ត្រី​ទាំងនោះ ដោយ​ត្រូវ​ដោះលែង​វា​ភ្លាម ក្នុង​ករណី​នេសាទ​បាន​ហើយ​នៅ​រស់​មាន​ជីវិត។ ប៉ុន្តែ ប្រសិនបើ​ត្រី​នោះ​ងាប់​វិញ ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​ក្រុម​ការងារ​គម្រោង​អច្ឆរិយ​ភាព​ទន្លេ​មេគង្គ​ឬ​ឆ្មាំ​ទន្លេ ដើម្បី​ចុះ​ទៅ​ពិនិត្យ និង​ដោះ​យក​ឧបករណ៍​ទាំង​នោះ​ត្រឡប់​មក​វិញ៕