ក្រុមយុវជនរកឃើញដើមឈើធំៗ ដែលដុះតាមបណ្តោយដងស្ទឹងអារ៉ែង ក្នុងខេត្តកោះកុងកំពុងទទួលរងការកាប់ផ្តូលធ្វើអាជីវកម្មយ៉ាងពេញទំហឹង ដោយគ្មានការទប់ស្កាត់។ ក្រុមយុវជនខ្មែរថាវរៈ ដែលបានចុះដល់ទីតាំងកាប់ឈើខុសច្បាប់នៅតំបន់នោះ ស្តាយស្រណោះដើមឈើធំៗ អាយុកាលរាប់រយឆ្នាំដែលកំពុងប្រឈមការកាប់បំផ្លិចបំផ្លាញ។
ក្រុមយុវជនខ្មែរថាវរៈឱ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈថា បច្ចុប្បន្នក្រុមឈ្មួញកំពុងសម្រុកចុះមូលដ្ឋានទិញឈើហ៊ុបធំៗ តាមជម្រាលដងស្ទឹងអារ៉ែង ក្នុងឃុំប្រឡាយ និងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដោយមានរថយន្តយីឌុបធំៗ ដឹកជញ្ជូនឈើចេញក្រៅនៅពេលថ្ងៃ និងយប់។
ពួកគេអះអាងថា បទល្មើសព្រៃឈើទាំងនេះ កើតឡើងនៅរយៈពេលជាង១ខែចុងក្រោយនេះ ធ្វើឱ្យជនជាតិដើមភាគតិចជងភ័យព្រួយ ពីការបាត់បង់ជម្រកត្រីពងកូន និងជីវចម្រុះដែលជាប្រភពម្ហូបអាហារយ៉ាងសំខាន់របស់អ្នកភូមិ។

សមាជិកក្រុមយុវជនខ្មែរថាវរៈលោក ស្វាយ សំណាង ប្រាប់វិទ្យុអាស៊ីសេរីថា គ្រាន់តែពួកលោកដើរតែមួយជ្រុង ប្រទះឃើញឈើហ៊ុបធំៗជាង២០ដើម តាមបណ្តោយដងស្ទឹងអារ៉ែង មានមុខកាត់កន្លះម៉ែត្រ ដល់ជាង១ម៉ែត្រ ភាគច្រើនជាប្រភេទឈើគគីរ ត្រូវគេកាប់ផ្តួល ធ្វើអាជីវកម្ម ដោយគ្មានការអនុវត្តច្បាប់។ លោកឆ្ងល់ថា ទីតាំងកាប់ឈើនោះ ជាតំបន់អភិរក្សគ្រប់គ្រងដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) ហេតុអ្វីបានជា ក្រុមជនល្មើសអាចចូលទៅអារឈើ ដោយគ្មានការរារាំងស?
លោកបញ្ជាក់ថា ដើមឈើធំៗនៅតំបន់នោះ មានឫសចាក់ស្រែះចូលស្ទឹង ផ្តល់ជម្រកត្រីចិញ្ចឹមជីវិត និងពងកូន ដែលអ្នកភូមិ មានទម្លាប់នេសាទត្រីចិញ្ចឹមជីវិត។ លោកថា ប្រសិនបើដើមឈើបាត់បង់ នោះនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាព និងបរិស្ថានដងស្ទឹងអារ៉ែង៖ «ត្រួតពិនិត្យមើលតាមដងស្ទឹងអារ៉ែង គឺមានការកាប់បំផ្លាញពិតមែន គឺដើមឈើនៅតាមដងស្ទឹងហ្នឹង មានដើមធំៗ ដែលជាជម្រកត្រី ព្រៃឈើជាការអភិរក្សរបស់ជនជាតិដើមជង។ វាមានផលប៉ះពាល់ដល់ការប្រកបមុខរបររបស់ពួកគេ នេសាទត្រី។ សោកស្តាយចំពោះអាជ្ញាធរនៅតំបន់ហ្នឹង បណ្តោយឱ្យមានការកាប់បំផ្លាញព្រៃឈើ»។
កាលពីជាង ២ សប្តាហ៍មុន ក្រុមយុវជនខ្មែរថាវរៈ បានចុះសិក្សាស្រាវជ្រាវតំបន់អារ៉ែង នៅចំណុចឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ប្រទះឃើញដើមឈើធំៗ ជាច្រើនដើម ភាគច្រើនដើមគគីរ មានមុខកាត់ធំៗ ត្រូវកាប់ និងដឹកជញ្ជូនចេញក្រៅ ដោយមិនឃើញអាជ្ញាធរ និង មន្ត្រីបរិស្ថានទប់ស្កាត់នោះទេ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី និងអភិបាលខេត្តកោះកុងអ្នកស្រី មិថុនា ភូថង បាននៅឡើយទេ នៅថ្ងៃទី៤ ខែកុម្ភៈ ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ក៏មិនអាចសុំការបំភ្លឺបានដែរនៅថ្ងៃដដែលនេះ។

ប៉ុន្តែ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា ចិត្តរបស់លោក ចង់រក្សាតំបន់អារ៉ែង ទុកឲ្យក្មេងជំនាន់ក្រោយជាអ្នកសម្រេច ថាតើត្រូវធ្វើដូចម្ដេច? ការលើកឡើងនេះ ស្របទៅនឹងអ្វីដែលក្រុមយុវជន ចង់រក្សាតំបន់ព្រៃភ្នំអារ៉ែងនេះ ឲ្យគង់វង្ស និងប្រែក្លាយតំបន់នេះទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិយូរអង្វែង។
ជនជាតិដើមភាគតិចជង រស់នៅឃុំប្រឡាយ បារម្ភថា ដើមឈើធំៗ នៅតំបន់នោះ ជាកេរមរតកជនជាតិដើមភាគតិច កំពុងប្រឈមការកាប់រំលំទ្រង់ទ្រាយធំ ប៉ះពាល់ជម្រកត្រីរស់នៅ និងធនធានធម្មជាតិ ទាក់ទាញភ្ញៀវទេសចរ។
ពលរដ្ឋមួយរូបសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា បច្ចុប្បន្នដើមគគីរ និងដើមឈើទាល ជាដើមដុះតាមបណ្តោយដងស្ទឹងអារ៉ែង ដែលជាអត្តសញ្ញាណប្រពៃណី ជនជាតិដើមភាគតិច កំពុងប្រឈមការបាត់បង់ទាំងស្រុង។ លោកស្រីសំពះអង្វរដល់អាជ្ញាធរខេត្តកោះកុង និងរដ្ឋាភិបាល គួររក្សាព្រៃនេះឱ្យគង់ ដើម្បីផ្តល់លទ្ធភាពឱ្យអ្នកភូមិ មានទីកន្លែងរកត្រីសាច់ចិញ្ចឹមជីវិត និងទប់ស្កាត់ បម្រែបម្រួលអាកាសធាតុ៖ «ជម្រកត្រីនៅមាត់ស្ទឹងហ្នឹងហើយ ដល់ពេលគេកាប់បំផ្លាញ មានដើមគគីរ និងដើមឈើទាល គេកាប់បំផ្លាញ យើងមានអីជម្រកសត្វនៅទៀត។ មិនត្រឹមប៉ុណ្ណោះ គេលុបដី ទីកន្លែងជម្រកត្រីរស់នៅ។ ខ្ញុំបារម្ភខ្លាំងមែនទែន សូមណូមពរដល់រដ្ឋាភិបាលឱ្យគេសំឡឹងមើលតំបន់អារ៉ែង កុំឱ្យគេកាប់បំផ្លាញព្រៃឈើច្រើនពេក ព្រោះអត់កន្លែងជម្រកត្រីនៅហើយ យើងជនបទមិនមែនទីផ្សារអីណា»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តកោះកុងលោក ថោង ច័ន្ទតារា បានទម្លាក់ការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ លើមន្ត្រីបរិស្ថាន និងអាជ្ញាធរខេត្តកោះកុង ដែលបណ្តែតបណ្តោយឱ្យក្រុមឈ្មួញលួចកាប់ឈើខុសច្បាប់ ដោយគ្មានការអនុវត្តច្បាប់។ លោកថា ព្រៃព្រឹក្សានៅតំបន់នោះជាអាយុជីវិត របស់ជនជាតិដើមភាគតិច ដូច្នេះអាជ្ញាធរគួរតែថែរក្សាឱ្យគង់វង្ស ស្របតាមការណែនាំរបស់រដ្ឋាភិបាល៖ «អាហ្នឹង គឺពាក់ព័ន្ធគាត់ បើកដៃដើម្បីយកកម្រៃផលប្រយោជន៍ពីឈ្មួញ បើមិនអនុវត្តតួនាទី និងចូលរួមចំណែកប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិដែរ ដោយសារការត្រួតពិនិត្យខាងខេត្ត មិនសូវបានដិតដល់ បើកភ្នែកមួយចំហៀង។

ជ្រលងអារ៉ែង គឺជាកន្លែងដ៏ស្រស់ស្អាតមួយក្នុងខេត្តកោះកុងដែលមានប្រភេទសត្វព្រៃដ៏កម្រ អមដោយព្រៃឈើដ៏ស្រស់ត្រកាល បន្សល់ចុងក្រោយនៅកម្ពុជា។ តំបន់នោះជាកន្លែងដែលជនជាតិដើមភាគតិចជងជាង ១ ពាន់ ៥រយនាក់ (១.៥០០) កំពុងរស់នៅ ជាមួយនឹងបរិស្ថានធម្មជាតិស្រស់បំព្រង តាមបណ្តោយជ្រលងភ្នំ ដែលមានសត្វព្រៃកម្ររស់នៅ រួមមាន សត្វក្រពើភ្នំ ត្រីនាគ និងដំរីធំៗជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។