ព្រះសង្ឃ និងក្រុមយុវជន ចោទនាយកដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន់ ប៊ុនសឿន ថា បើករថយន្តបម្រុងបុកពួកគាត់នៅពេលពួកគាត់ព្យាយាម ចូលក្នុងដែនជម្រកសត្វព្រៃមួយនេះ។ ក្រុមនិស្សិត និងព្រះសង្ឃ ចាត់ទុកទង្វើនេះ ជាការគំរាមកំហែង និងរាំងខ្ទប់ការរួមចំណែកធនធានធម្មជាតិរបស់ពលរដ្ឋ។
និស្សិត ៤នាក់ និងព្រះសង្ឃ ១អង្គ មកពីសកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ សម្ដែងការខកចិត្ត ចំពោះការរឹតត្បិត ការឃ្លាំមើល និងការគំរាមកំហែងពួកគេ មិនឱ្យចូលព្រៃព្រះរកា ពីសំណាក់មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាននៅ ខេត្តព្រះវិហារ។
ព្រះតេជព្រះគុណ នុត វាសនា មានថេរដីកាថា នាយកដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន់ ប៊ុនសឿន និងសហការី ២នាក់ទៀត មានចេតនាបើករថយន្តយ៉ាងលឿន បម្រុងបុកក្រុមយុវជន និងព្រះសង្ឃ ដែលកំពុងធ្វើដំណើរថ្មើរជើងតាមផ្លូវលំក្នុងភូមិ ប៉ុន្តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់នោះទេ គ្រាន់តែ ប្រឡាក់ភក់ និងទឹក ដោយសាររថយន្តសាចដាក់។
ព្រះអង្គមានថេរដីកាបន្ថែមថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និង នគរបាលឃុំប្រមេរ បានឃ្លាំមើល និងថតរូបភាពរបស់ក្រុមយុវជន និងព្រះសង្ឃ គ្រប់សកម្មភាព និងនិយាយចោទប្រកាន់ថា ការប៉ុនប៉ងចូលព្រៃព្រះរកានេះ ជាទង្វើល្មើសច្បាប់៖ «គាត់និយាយថា មិនមានមន្ត្រីជូនយើងចូលព្រៃ ប៉ុន្តែគាត់មានពេលវេលាតាមដាន យើងរហូតចាប់តាំងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៥ ហ្នឹង។ ឡានដែលគាត់បើក គឺប្រភេទឡានអត់ស្លាកលេខហើយ យ៉ាន់ ប៊ុនសឿនហ្នឹងគាត់បើកឡាន បម្រុងបុកយុវជន ប៉ុន្តែអាត្មាគិតថា គាត់ធ្វើឱ្យពួកយើងភ័យទេ។ នៅពេលដែលព្រះសង្ឃលោក ឈាន ពីរជំហានថយទៅ បានត្រឹមតែសាចទឹកដាក់ព្រះសង្ឃ តែបើមិនថយ អាចកិនជើង វាកៀកមែនទែន » ។
កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ក្រុមនិស្សិតទាំងនោះ បានធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅដែនជម្រកសត្វព្រៃព្រះរកា ឋិតក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ បំណងសិក្សាពីព្រៃឈើ និងការស្វែងរកអនុផលព្រៃឈើរបស់ពលរដ្ឋ ក៏ប៉ុន្តែមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន មិនអនុញ្ញាតឱ្យពួកគេចូលព្រៃព្រះរកានោះទេ ដោយតម្រូវឱ្យសុំច្បាប់អនុញ្ញាតពី មន្ទីរបរិស្ថានខេត្តសិន។ ក្រុមយុវជនទាំងនោះ បានទៅសុំច្បាប់ពីប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទជាតិ ក៏ប៉ុន្តែមន្ត្រីបរិស្ថានរូបនេះ មិនអនុញ្ញាតឱ្យពួកគេចូលព្រៃព្រះរកានោះទេ ដោយប្រាប់ឱ្យពួកគេ ទៅសុំច្បាប់ពីក្រសួងបរិស្ថានជាមុនសិន។
និស្សិតម្នាក់ទៀត កញ្ញា យ៉ន ពុទ្ធា ត្អូញត្អែរថា មន្ត្រីបរិស្ថាន បង្កើតភាពស្មុគស្មាញសាំញ៉ាំ និងបង្កជាឧបសគ្គរាំងខ្ទប់ មិនឱ្យក្រុមយុវជន ចូលព្រៃអភិរក្ស ដោយលើកហេតុផលថា ត្រូវសុំច្បាប់ពីក្រសួងបរិស្ថានសិន។ កញ្ញាបន្ថែមថា ក្រុមយុវជនបានស្នើសុំកិច្ចសហការ ពីមន្ត្រីឧទ្យានុរក្ស នៅតំបន់នោះដែរ ប៉ុន្តែមន្ត្រីទាំងនោះមិនស្វាគមន៍នោះទេ៖ «ដំបូងពេលដែលឃើញឡាន គាត់តាមហ្នឹងមានអារម្មណ៍ថា ភ័យខ្លាចដែរ ប៉ុន្តែគិតយូរៗ ទៅ ធ្វើឱ្យពួកខ្ញុំគិតថា ធ្វើឱ្យពួកខ្ញុំគិតថា ពួកគាត់ខ្លាចពួកខ្ញុំវិញ។ ខ្ញុំគិតថា ពួកគាត់ខ្លាចពួកខ្ញុំចូលព្រៃខ្លាំង ខ្លាចពួកខ្ញុំទៅ អាចនឹងជួបការកាប់បំផ្លាញព្រៃឈើនៅក្នុងហ្នឹង ព្រោះមានការកាប់បំផ្លាញព្រៃឈើជាច្រើន » ។
អាស៊ីសេរីបានព្យាយាមទាក់ទង នាយកដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន់ ប៊ុនសឿន ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ តែប៉ុន្តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី២៧ ឧសភា។
ចំណែកប្រធានស្ដីទី នៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារ សុង ច័ន្ទជាតិ បដិសេធមិនអធិប្បាយរឿងនេះទេ៖ «សុំទោស ខ្ញុំមិនអាចផ្ដល់ជូនបងបានទេ អរគុណ » ។
រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា មិនបកស្រាយចំពោះការចោទប្រកាន់របស់ក្រុមយុវជនលើលោក យ៉ាន់ ប៊ុនសឿន ទេ ដោយលោកគ្រាន់តែ បញ្ជាក់យ៉ាងខ្លីថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបំពេញតួនាទីរបស់ខ្លួនស្របតាមច្បាប់ជាធរមាន ជាពិសេសគឺ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ ចាត់ទុក ការហាមក្រុមយុវជនមិនឱ្យចូលព្រៃព្រះរកា ពីសំណាក់មន្ត្រីបរិស្ថាន ជាទង្វើរំលោភលើសិទ្ធិសេរីភាពពលរដ្ឋ ផ្ទុយពីរដ្ឋធម្មនុញ្ញ។ លោកពន្យល់ថា ប្រសិនបើមន្ត្រីបរិស្ថានទាំងនោះ មានចេតនាបើករថយន្ត បម្រុងនឹងបុកក្រុមយុវជន គឺជាបទល្មើសព្រហ្មទណ្ឌ ៖ «ការការពារ ការតាមដាន និងឃ្លាំមើល ទោះបីជាពលរដ្ឋយើងធម្មតា ក៏គាត់មានសិទ្ធិចូលព្រៃដើម្បីតាមដាន ឃ្លាំមើលដែរ។ អាហ្នឹងបទល្មើសនរណាក៏មានសិទ្ធិដើម្បីឃាត់។ បើយើងចូលព្រៃជាសិទ្ធិសេរីភាព របស់យើងហ្នឹង។ ពុំមានច្បាប់ចែងថា ជនទាំងឡាយណា ចូលព្រៃព្រះរកា ឬព្រៃឡង់ ត្រូវសុំច្បាប់អនុញ្ញាតពីមន្ទីរបរិស្ថាន ឬមន្ទីរនេះ នោះ វាអត់មានច្បាប់ចែង » ។
ក្រុមជនជាតិដើមភាគតិចកួយ រាប់ពាន់គ្រួសាររស់នៅជុំវិញតំបន់ព្រៃព្រះរកា និងបណ្ដាញសហគមន៍ការពារព្រៃព្រះ ខេត្តព្រះវិហារ ត្អូញត្អែរថា ពួកគេខកខានចុះល្បាតព្រៃព្រះរកា ប្រមាណ ២ខែមកហើយ ដោយសារមន្ត្រីឧទ្យានុរក្ស របស់ក្រសួងបរិស្ថានរារាំង និងតម្រូវឱ្យសុំច្បាប់ អនុញ្ញាតពីមន្ទីរបរិស្ថាន និងក្រសួងបរិស្ថានជាមុនសិន។ ពួកគេចាត់ទុកបញ្ហានេះ ជាការរួមចំណែកបំផ្លាញព្រៃព្រះរកាដែលនៅសល់ចុងក្រោយ ព្រោះបទល្មើសព្រៃឈើ នៅតែកើតមានច្រើន គ្មានការអនុវត្តច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។