យុវជន និង​សង្គម​ស៊ីវិល​ដាំ​កូនឈើ​លើ​ផ្ទៃដី​សឹក​រិចរឹល​នៅ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខាវ័ន

0:00 / 0:00

យុវជន​ស្រឡាញ់​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ដាំ​កូនឈើ​៦​ពាន់​ដើម​(៦.០០០​ដើម​) នៅ​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខាវ័នត​ដើម្បី​បំពេញ​លើ​ផ្ទៃដី​ដែល​សឹក​រេចរឹល​គ្មាន​ដើមឈើ​។ ចំណែក​សកម្មជន​ការពារ​ព្រៃឈើ ថា យុវជន​និង​ពលរដ្ឋ​គួរ​ចូលរួម​ក្នុង​សកម្មភាព​ការពារ​បទល្មើស​ព្រៃឈើ បន្ថែម​ពីលើ​ការ​ដាំ​កូនឈើ​ឡើងវិញ​។ ទន្ទឹម​គ្នា​នេះ ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​ចូលរួម និង​បើកចំហ​ដល់​ពលរដ្ឋ យុវជន សកម្មជន​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ដោយ​បញ្ឈប់​នូវ​ការ​គំរាមកំហែង​និង​ការ​លាប​ពណ៌​ទៅ​លើ​ពួកគេ។

ក្រុម​យុវជន ព្រះសង្ឃ ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន នាំគ្នា​ចុះទៅ​ដាំ​កូនឈើ នៅ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខាវ័នស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃទី១៦ កក្កដា​។ ការ​ដាំ​កូនឈើ​នេះ គឺ​ដើម្បី​ស្ដារ​ព្រៃ​សហគមន៍​ឡើងវិញ ដោយ​ដាំ​បំពេញ​នូវ​ចន្លោះ​ដី​ដែល​រង​ការ​សឹក​រេចរឹល​ព្រោះ​គ្មាន​គម្រប​ព្រៃឈើ​ការពារ។

យុវជន​ម្នាក់​ចូលរួម​ក្នុង​យុទ្ធនា​ការ​ដាំ​កូនឈើ​គឺ​លោក ធុយ ចន្ថា ឱ្យ​ដឹង​ថា លោក​ចូលរួម​ដាំ​កូនឈើ​ជាមួយ​យុវជន​ដទៃទៀត​ដើម្បី​បង្ហាញ​ពី​ស្មារតី​ស្រឡាញ់​បរិស្ថាន និង​ចូលរួម​ចំណែក​ក្នុង​ការ​ស្ដារ​គម្រប​ព្រៃឈើ​ឡើងវិញ៖ «បើ​ថា​ដាំ​ជំនួស​ដើមឈើ​ដែល​កាប់​បាត់បង់​ទៅ​ហើយ​នោះ មិន​អាច​ទៅរួច​ទេ ព្រោះ​យើង​ដាំ​តែ​៦​ពាន់​ដើម​។ សម្រាប់​ខ្ញុំៗ​សំណូមពរ​ទៅ​រដ្ឋាភិបាល​ជាពិសេស​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​គាត់​ចូលរួម​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​សហគមន៍​មូលដ្ឋាន​ដើម្បី​ការពារ​ព្រៃឈើ ជាពិសេស​ព្រៃ​សង្ឃ​រុក្ខវ័ន្ត។ ជាពិសេស​នៅក្នុង​ហ្នឹង​គឺ​យើង​មាន​បទល្មើស​ដែល​ទាក់ទង​ទៅ​ហ្នឹង​ដូចជា​មានការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​លួច​កាប់​ដើមឈើ​អី​ជាដើម​។ អ៊ីចឹង​សំណូមពរ​ឱ្យ​ពួកគាត់​ចូលរួម​សហការ​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​ហ្នឹង»។

​សកម្មភាព​រៀបចំ​ពិធី​ដាំ​កូនឈើ​នេះ រៀបចំឡើង​ដោយ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ស៊ី វ៉ាយ អ៊ិន ( Cambodian Youth Network - CYN) ដែល​មាន​ការចូលរួម​ពី​យុវជន ព្រះសង្ឃ និង​សហគមន៍​សង្ឃ​រុក្ខាវ័ន។ ក្នុង​នោះ កូនឈើ​ចំនួន​៦​ពាន់​ដើម រួមមាន​កូនឈើ​ប្រណិត​និង​ឈើ​ហូប​ផ្លែ នឹង​ត្រូវ​ដាំ​លើ​ផ្ទៃដី​រេចរឹល ៥​ហិកតារ ក្នុង​តំបន់​ព្រៃ​សហគមន៍សង្ឃ​រុក្ខាវ័នក្រោម​ប្រធានបទ «​រួមគ្នា​ដាំ​កូនឈើ ដើម្បី​ជីវិត​និង​ភព​ផែនដី»។

មន្ត្រី​សម្របសម្រួល​គម្រោង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​លោក អូត ឡាទីន ឱ្យ​ដឹង​ថា សមាគម​រៀបចំ​ការ​ដាំ​កូនឈើ​នេះ​ឡើង​ដើម្បី​ស្ដារ​ដី​ដែល​គ្មាន​គម្រប​ព្រៃឈើ​ការពារ​ពី​ការបាត់បង់​ជីជាតិ​។ លោក​បន្ត​ថា នៅ​លើ​ដី​ចំនួន​៥​ហិកតារ​នេះ មិន​មាន​រុក្ខជាតិ​ធំៗ​លូតលាស់​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ដី​ទទួលរង​សំណឹក​ពី​ធម្មជាតិ បាត់បង់​គុណភាព និង​ជីជាតិ​មិន​អាច​ប្រើ​ការ​បាន​។ លោក​ឱ្យ​ដឹង​ថា ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខាវ័ន ការ​លួច​កាប់​ឈើប្រណិតៗ​នៅតែ​បន្ត​មាន​។ ទន្ទឹមគ្នា​នេះ បទល្មើស​បរបាញ់ ដាក់​អន្ទាក់​សត្វព្រៃ និង​នេសាទ​ត្រី​ខុសច្បាប់ ហាក់​កើតមាន​ឡើង​កាន់​តែ​ច្រើន​នៅក្នុង​ព្រៃ​មួយ​នេះ ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ព្រះសង្ឃ និង​ប្រជា​សហគមន៍​ដែល​នៅ​ការពារ​ទីនោះ៖ «សូម​បញ្ឈប់​ការ​ចោទប្រកាន់ ឬក៏​ការ​លាប​ពណ៌​ទៅលើ​ក្រុម​អ្នកធ្វើ​កិច្ច​ការងារ​ទៅលើ​វិស័យ​ធនធានធម្មជាតិ ព្រោះ​កន្លងទៅ​យើង​ឃើញថា​តែងតែមាន​ការចោទប្រកាន់​ឬ​ធ្វើការ​លាប​ពណ៌​ផ្សេងៗ​ដល់​សកម្មជន ក៏ដូចជា​អ្នកធ្វើ​កិច្ច​ការងារ​លើ​វិស័យ​ធនធានធម្មជាតិ»។

​ជុំវិញ​រឿង​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​លោក ភួង លីណា បង្ហាញ​ការ​គាំទ្រ​និង​មាន​បំណង​ចូលរួម​ជាមួយ​យុវជន​ក្នុង​ការ​ដាំ​កូនឈើ នៅ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខាវ័ន​ផង​ដែរ​។ លោក​បន្ត​ថា បើ​ទោះបី​មាន​សកម្មភាព​បទល្មើស​មួយចំនួន​នៅតែ​បន្ត​កើតមាន​ក្ដី ក៏​មន្ទីរ​បរិស្ថាន​របស់​លោក​កំពុង​ព្យាយាម​អនុវត្ត​ច្បាប់ និង​ពង្រឹង​ការ​ការពារ​ព្រៃ​មួយ​នេះ​បន្ថែម​ទៀត៖ «យើង​នឹង​ចូលរួម​ជាមួយ​សហគមន៍​ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដែល​ចូលរួម​ក្នុង​ពិធី​ដាំ​ហ្នឹង​។ ពាក់ព័ន្ធ​ជាមួយនឹង​បទល្មើស​ព្រៃឈើ​បើ​យើង​ប្រៀបធៀប​ពេលនេះ ទៅ​នឹង​ពេលមុន​យើង​ឃើញថា​មានការ​ថយ​ចុះ​ច្រើន​។ មក​ដល់​ពេលនេះ​មិន​អាច​ថា​វា​ថយ​ចុះ​បាន​១​រយ​ភាគរយ​នៅ​នោះ​ទេ ពីព្រោះ​នៅ​មាន​ខ្លះ​ដែរ ពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស​ព្រៃឈើ ក៏ដូចជា​បទល្មើស​សត្វ​ព្រៃ»។

ចំណែក​សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ សាទរ​ចំពោះ​ការចូលរួម​របស់​យុវជន ប្រជាពលរដ្ឋ​ក្នុង​ការ​ស្រឡាញ់ និង​ស្ដារ​ធនធានធម្មជាតិ​ឡើងវិញ​។ លោក​មើល​ឃើញ​ថា ការចូលរួម​របស់​យុវជន និង​ពលរដ្ឋ​ក្នុង​កិច្ចការពារ​ព្រៃឈើ ហាក់​មិន​មាន​ភាព​ផុសផុល​នោះ​ទេ ដោយសារតែ​មាន​ការ​គំរាមកំហែង និង​រឹតត្បិត​ពី​អាជ្ញាធរ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល ក្រសួង​​ពាក់ព័ន្ធ​និង​អាជ្ញាធរ ត្រូវ​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​ពលរដ្ឋ​និង​សកម្មជន​បាន​ការពារ​ធនធានធម្មជាតិ​ទៅតាម​ច្បាប់​បញ្ញត្តិ​ចែង​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស៖ «អាជ្ញាធរ​ហើយ​ក្រសួង​សាមី​ហ្នឹង​ត្រូវតែ​ធានា​ថា ការងារ​របស់​ខ្លួនឯង​កំពុងតែ​ធ្វើ​នេះ​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ហើយ​ចាត់វិធានការ​និង​ចាប់​អ្នក​ដែល​បាន​ប្រព្រឹត្ត​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា យក​មក​ដាក់​ទោសទណ្ឌ​ទៅតាម​ច្បាប់​ប្រទេស​កម្ពុជា​។ ហើយ​មួយវិញទៀត​រដ្ឋាភិបាល​ខ្លួនឯង​ផ្ទាល់​តែម្ដង ត្រូវតែ​ប្ដេជ្ញាចិត្ត​ខ្លួនឯង​ឱ្យ​មុតមាំ​ដើម្បី​ធ្វើ​​​យ៉ាង​​ណា​កុំ​ឱ្យ​មាន​កាប់​បំផ្លាញ​ព្រៃឈើ កុំឱ្យ​មានការ​រត់ពន្ធ​ឈើ​ចេញពី​ប្រទេស​កម្ពុជា​យក​ទៅ​លក់​នៅ​ខាងក្រៅ​ប្រទេស»។

​ព្រៃ​សង្ឃ​រុក្ខាវ័ន​មាន​ផ្ទៃដី ៣​ម៉ឺន ២​រយ ៥៤ ហិកតារ (៣០ ២៥៤​ហិកតារ​) ស្ថិតនៅ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។ កាលពី​ឆ្នាំ​២០១៨ ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន្ត​បាន​ក្លាយ​ជា​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខាវ័ន បន្ទាប់ពី​មាន​ការ​តស៊ូ​ការពារ​តាំងពី​ឆ្នាំ​២០០១ ពី​សំណាក់​ព្រះតេជព្រះគុណ ប៊ុន សាលួត ដែល​ស្រឡាញ់​ធម្មជាតិ​។ សហគមន៍​មួយ​នេះ​មាន​ព្រៃឈើ​នៅ​សេសសល់​ច្រើន​ជាងគេ​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ និង​មាន​សត្វព្រៃ​កម្រ​រស់នៅ​ជា​ច្រើន​ប្រភេទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។