យុវជន​មួយ​ចំនួន​ស្វែងយល់​ពី​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​កោះកុង

ដោយ ប្រាជ្ញ ចេវ
2015-08-26
Share
វារីអគ្គិសនី​ខេត្ត​កោះកុង ៦២០ ក្រុម​យុវជន​មក​ពី​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​បី​ផ្សេង​គ្នា ទស្សនកិច្ច​សិក្សា​នៅ​តំបន់​វារីអគ្គិសនី​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

យុវជន​មួយ​ចំនួន​ដែល​សិក្សា​មុខ​ជំនាញ​ទាក់ទង​វារីអគ្គិសនី បាន​នាំ​គ្នា​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​វារីអគ្គិសនី​ក្នុង​ខេត្ត​កោះកុង ដើម្បី​សិក្សា​ស្វែង​យល់​បន្ថែម​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​នៃ​ដំណើរ​ការ​ទំនប់​វារីអគ្គិសនី។ ពួក​គេ​លើក​ឡើង​ថា ការ​ចុះ​ដល់​ទីតាំង​ពិត គឺ​ខុស​ឆ្ងាយ​ពី​ការ​សិក្សា ព្រោះ​បាន​មើល​ឃើញ​ទាំង​ការ​អភិវឌ្ឍ និង​ផល​ប៉ះពាល់ ព្រម​ទាំង​ដំណោះស្រាយ។

និស្សិត​មួយ​ក្រុម​មាន​គ្នា​ជាង ៦០​នាក់​មក​ពី​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​បី​ផ្សេង​គ្នា ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​កោះកុង ក្នុង​គោល​បំណង​ចង់​ឃើញ​ទីតាំង​ទំនប់​វារីអគ្គិសនី​ដោយ​ផ្ទាល់ បន្ទាប់​ពី​ពួក​គេ​បាន​សិក្សា​ទ្រឹស្ដី​ក្នុង​បន្ទប់​សិក្សា។

ក្រុម​និស្សិត​ដែល​បាន​ចុះ​កម្មសិក្សា​ដល់​ទីតាំង​ទំនប់​វារីអគ្គិសនី​ចំនួន​២ ក្នុង​ខេត្ត​កោះកុង គឺ​ទំនប់​វារីអគ្គិសនី​តាតៃ និង​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម អ្នក​ខ្លះ​ជឿ​ថា ការ​ធ្វើ​ទំនប់​នេះ គឺ​ប៉ះពាល់​តិចតួច​ដល់​មនុស្ស និង​បរិស្ថាន ចំណែក​អ្នក​ខ្លះ​យល់​ថា ទំនប់​វារីអគ្គិសនី​បង្ក​គ្រោះថ្នាក់​ដល់​ធនធាន​ធម្មជាតិ។

និស្សិត​ឆ្នាំ​ទី​១ មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា កណិការ ដែល​កំពុង​គយគន់​សម្រស់​ព្រឹក្ស​ព្រៃ​នៅ​តំបន់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម និយាយ​ថា ប្រសិន​បើ​ទំនប់​មិន​បំផ្លាញ​ធនធាន​ធម្មជាតិ ដូច​អ្វី​ដែល​កញ្ញា​បាន​ឃើញ គឺ​កញ្ញា​ឯកភាព​នឹង​ការ​អភិវឌ្ឍ​នេះ។ និស្សិត​រូប​នេះ​យល់​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​វារីអគ្គិសនី ធ្វើ​ឲ្យ​កញ្ញា​ឃើញ​ពី​ការ​អនុវត្ត​ជាក់ស្តែង។

ទស្សនកិច្ច​សិក្សា​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ ដឹក​នាំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែ​សីហា។ ក្រសួង​មាន​គោល​បំណង​ចង់​បង្ហាញ​ឲ្យ​ឃើញ​ពី​សមិទ្ធផល​នៃ​ទំនប់​វារីអគ្គិសនី និង​អត្ថប្រយោជន៍​វារីអគ្គិសនី​ចំពោះ​សង្គម បរិស្ថាន និង​សេដ្ឋកិច្ច។ ភូមិសាស្ត្រ​វារីអគ្គិសនី​ទាំង​ពីរ ស្ថិត​ក្នុង​តំបន់​ជំរំ​ព្រៃ​ឈើ​ក្រាស់ៗ សម្បូរ​ដោយ​ឈើ​ប្រណិត និង​ជា​ជម្រក​របស់​សត្វ​ព្រៃ​ធំៗ រួម​មាន​ដំរី ជាដើម។

ចំណែក​និស្សិត​មួយ​រូប​ទៀត លោក ណុប លីហួរ ប្រាប់​ថា លោក​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​ពេល​ឃើញ​មាន​ព្រៃ​ឈើ​នៅ​ជុំវិញ​តំបន់​វារីអគ្គិសនី។ និស្សិត​រូប​នេះ ស្នើ​ឲ្យ​ការ​អភិវឌ្ឍ ត្រូវ​ការពារ​បរិស្ថាន។ យុវជន ណុប លីហួរ មិន​ប្រឆាំង​ការ​ធ្វើ​ទំនប់​វារីអគ្គិសនី​ទេ ប្រសិន​បើ​ការ​សាងសង់ និង​ដំណើរ​ការ​មិន​បំផ្លាញ​ព្រៃ​ឈើ​ធ្ងន់ធ្ងរ។

ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា នឹង​បញ្ចុះ​តម្លៃ​អគ្គិសនី​ត្រឹម ៧៣០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ សម្រាប់​តំបន់​ដែល​ផ្គត់ផ្គង់​ដោយ​អគ្គិសនី​កម្ពុជា (EDC)។

មន្ត្រី​ទំនាក់ទំនង​ការិយាល័យ​សាធារណៈ នៃ​ក្រសួង​រ៉ែ និង​ថាមពល កញ្ញា រិន សុវណ្ណនី ប្រាប់​ថា ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ខេត្ត​កោះកុង និស្សិត​មាន​ឱកាស​ដាក់​សំណួរ​ទៅ​តំណាង​ក្រុមហ៊ុន​ដែល​ពួក​គេ​ងឿងឆ្ងល់។ កញ្ញា​បញ្ជាក់​ថា ទស្សនកិច្ច​នេះ​មិន​មែន​ជា​លើក​ទី​១ ហើយ​ក្រសួង​នឹង​បង្កើត​ឲ្យ​មាន​កម្មវិធី​នេះ​ផ្សេង​ទៀត។

របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បង្ហាញ​ថា មក​ដល់​ពេល​នេះ កម្ពុជា កំពុង​ដំណើរ​ការ​ផលិត​ថាមពល​អគ្គិសនី​ធំៗ​មួយ​ចំនួន​រួម​មាន គម្រោង​វារីអគ្គិសនី​កម្ចាយ គម្រោង​វារីអគ្គិសនី​ស្ទឹង​តាតៃ គម្រោង​វារីអគ្គិសនី​គិរីរម្យ​៣ គម្រោង​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម គម្រោង​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ទី​១ គម្រោង​វារីអគ្គិសនី​ដុត​ធ្យូង​ថ្ម​ទី​២ គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​២ និង​គម្រោង​វារីអគ្គិសនី ១២​ផ្សេង​ទៀត​កំពុង​សិក្សា។

អាង​ស្តុក​ទឹក​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម ស្ថិត​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥
អាង​ស្តុក​ទឹក​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម ស្ថិត​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥
RFA/Brach Chev

តាម​រយៈ​បទ​បង្ហាញ តំណាង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​តាតៃ និង​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម ពួក​គេ​អះអាង​ថា ទំនប់​វារីអគ្គិសនី​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​ដល់​បរិស្ថាន ពោល​គឺ​ដើម​ឈើ​ប៉ុណ្ណោះ​ដែល​ត្រូវ​កាប់​ចេញ​នៅ​តំបន់​បាត​អាង។

អគ្គនាយក​រង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម លោក ហ៊ី យ៉ៅហ្វេង (He Yao Feng) បដិសេធ​មិន​និយាយ​លម្អិត​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​នេះ​ទេ ដោយ​លោក​បញ្ជាក់​ថា តាម​រយៈ​ការ​សាងសង់​កន្លង​មក ប៉ះពាល់​ព្រៃ​ឈើ​ខ្លះ​ប៉ុណ្ណោះ។ ជាង​នេះ​ទៅ​ទៀត លោក​ថា ក្រុមហ៊ុន​លោក​កំពុង​តែ​ដាំ​ដើម​ឈើ​ឡើង​វិញ ដើម្បី​ជួសជុល​នឹង​ការ​បាត់បង់។ លោក​អះអាង​ថា នៅ​ពេល​ខាង​មុខ ក្រុមហ៊ុន​មាន​គម្រោង​យក​តំបន់​វារីអគ្គិសនី​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍។

ប៉ុន្តែ​នាយក​អង្គការ​វេទិកា​មិន​មែន​រដ្ឋាភិបាល (NGO Forum) លោក តឹក វណ្ណរ៉ា មិន​ឯកភាព​នឹង​ការ​លើក​ឡើង​នេះ​ទេ។ លោក​មាន​ប្រសាសន៍​ថា ទំនប់​វារីអគ្គិសនី ទោះ​ប៉ះពាល់​តិចតួច​ផ្នែក​សង្គម ប៉ុន្តែ​ប៉ះពាល់​ដល់​បរិស្ថាន​ច្រើន ដូចជា​ទឹក ត្រី ដើម​ឈើ ជាដើម។ មន្ត្រី​សង្គម​ស៊ីវិល​ដដែល​បន្ថែម​ថា ការ​ដាំ​តែ​ដើម​ឈើ​មួយ​មុខ ដែល​ជួសជុល​នៃ​ការ​ប៉ះពាល់​គម្រោង​ទំនប់ មិន​គ្រប់គ្រាន់​ឡើយ។

លោក តឹក វណ្ណរ៉ា ផ្តល់​អនុសាសន៍​ចំពោះ​ការ​ថែរក្សា​បរិស្ថាន​នៅ​តំបន់​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន​ថា ត្រូវ​មាន​យន្តការ​ត្រួត​ពិនិត្យ​ពី​ផល​ប៉ះពាល់​ត្រឹមត្រូវ ធនធាន​ទឹក ធនធាន​ត្រី បន្សាំ​សត្វ​ព្រៃ​អាច​រស់នៅ​ក្នុង​តំបន់​វារីអគ្គិសនី និង​ត្រូវ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល