យុវជនមួយចំនួនដែលសិក្សាមុខជំនាញទាក់ទងវារីអគ្គិសនី បាននាំគ្នាទៅទស្សនកិច្ចសិក្សានៅតំបន់វារីអគ្គិសនីក្នុងខេត្តកោះកុង ដើម្បីសិក្សាស្វែងយល់បន្ថែមពីគុណសម្បត្តិ និងគុណវិបត្តិនៃដំណើរការទំនប់វារីអគ្គិសនី។ ពួកគេលើកឡើងថា ការចុះដល់ទីតាំងពិត គឺខុសឆ្ងាយពីការសិក្សា ព្រោះបានមើលឃើញទាំងការអភិវឌ្ឍ និងផលប៉ះពាល់ ព្រមទាំងដំណោះស្រាយ។
និស្សិតមួយក្រុមមានគ្នាជាង ៦០នាក់មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបីផ្សេងគ្នា ធ្វើដំណើរចេញពីភ្នំពេញឆ្ពោះទៅខេត្តកោះកុង ក្នុងគោលបំណងចង់ឃើញទីតាំងទំនប់វារីអគ្គិសនីដោយផ្ទាល់ បន្ទាប់ពីពួកគេបានសិក្សាទ្រឹស្ដីក្នុងបន្ទប់សិក្សា។
ក្រុមនិស្សិតដែលបានចុះកម្មសិក្សាដល់ទីតាំងទំនប់វារីអគ្គិសនីចំនួន២ ក្នុងខេត្តកោះកុង គឺទំនប់វារីអគ្គិសនីតាតៃ និងទំនប់វារីអគ្គិសនីឫស្សីជ្រំក្រោម អ្នកខ្លះជឿថា ការធ្វើទំនប់នេះ គឺប៉ះពាល់តិចតួចដល់មនុស្ស និងបរិស្ថាន ចំណែកអ្នកខ្លះយល់ថា ទំនប់វារីអគ្គិសនីបង្កគ្រោះថ្នាក់ដល់ធនធានធម្មជាតិ។
និស្សិតឆ្នាំទី១ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា កណិការ ដែលកំពុងគយគន់សម្រស់ព្រឹក្សព្រៃនៅតំបន់វារីអគ្គិសនីឫស្សីជ្រំក្រោម និយាយថា ប្រសិនបើទំនប់មិនបំផ្លាញធនធានធម្មជាតិ ដូចអ្វីដែលកញ្ញាបានឃើញ គឺកញ្ញាឯកភាពនឹងការអភិវឌ្ឍនេះ។ និស្សិតរូបនេះយល់ថា ដំណើរទស្សនកិច្ចសិក្សានៅតំបន់វារីអគ្គិសនី ធ្វើឲ្យកញ្ញាឃើញពីការអនុវត្តជាក់ស្តែង។
ទស្សនកិច្ចសិក្សាក្នុងរយៈពេលពីរថ្ងៃនេះ ដឹកនាំដោយក្រសួងរ៉ែ និងថាមពល ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា។ ក្រសួងមានគោលបំណងចង់បង្ហាញឲ្យឃើញពីសមិទ្ធផលនៃទំនប់វារីអគ្គិសនី និងអត្ថប្រយោជន៍វារីអគ្គិសនីចំពោះសង្គម បរិស្ថាន និងសេដ្ឋកិច្ច។ ភូមិសាស្ត្រវារីអគ្គិសនីទាំងពីរ ស្ថិតក្នុងតំបន់ជំរំព្រៃឈើក្រាស់ៗ សម្បូរដោយឈើប្រណិត និងជាជម្រករបស់សត្វព្រៃធំៗ រួមមានដំរី ជាដើម។
ចំណែកនិស្សិតមួយរូបទៀត លោក ណុប លីហួរ ប្រាប់ថា លោកមានអារម្មណ៍ស្រស់ស្រាយនៅពេលឃើញមានព្រៃឈើនៅជុំវិញតំបន់វារីអគ្គិសនី។ និស្សិតរូបនេះ ស្នើឲ្យការអភិវឌ្ឍ ត្រូវការពារបរិស្ថាន។ យុវជន ណុប លីហួរ មិនប្រឆាំងការធ្វើទំនប់វារីអគ្គិសនីទេ ប្រសិនបើការសាងសង់ និងដំណើរការមិនបំផ្លាញព្រៃឈើធ្ងន់ធ្ងរ។
ផែនការរបស់រដ្ឋាភិបាលកម្ពុជា នឹងបញ្ចុះតម្លៃអគ្គិសនីត្រឹម ៧៣០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងក្នុងចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ សម្រាប់តំបន់ដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា (EDC)។
មន្ត្រីទំនាក់ទំនងការិយាល័យសាធារណៈ នៃក្រសួងរ៉ែ និងថាមពល កញ្ញា រិន សុវណ្ណនី ប្រាប់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅខេត្តកោះកុង និស្សិតមានឱកាសដាក់សំណួរទៅតំណាងក្រុមហ៊ុនដែលពួកគេងឿងឆ្ងល់។ កញ្ញាបញ្ជាក់ថា ទស្សនកិច្ចនេះមិនមែនជាលើកទី១ ហើយក្រសួងនឹងបង្កើតឲ្យមានកម្មវិធីនេះផ្សេងទៀត។
របាយការណ៍របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បង្ហាញថា មកដល់ពេលនេះ កម្ពុជា កំពុងដំណើរការផលិតថាមពលអគ្គិសនីធំៗមួយចំនួនរួមមាន គម្រោងវារីអគ្គិសនីកម្ចាយ គម្រោងវារីអគ្គិសនីស្ទឹងតាតៃ គម្រោងវារីអគ្គិសនីគិរីរម្យ៣ គម្រោងវារីអគ្គិសនីឫស្សីជ្រំក្រោម គម្រោងអគ្គិសនីដុតធ្យូងថ្មទី១ គម្រោងវារីអគ្គិសនីដុតធ្យូងថ្មទី២ គម្រោងវារីអគ្គិសនីសេសានក្រោម២ និងគម្រោងវារីអគ្គិសនី ១២ផ្សេងទៀតកំពុងសិក្សា។

តាមរយៈបទបង្ហាញ តំណាងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីតាតៃ និងទំនប់វារីអគ្គិសនីឫស្សីជ្រំក្រោម ពួកគេអះអាងថា ទំនប់វារីអគ្គិសនីប៉ះពាល់តិចតួចប៉ុណ្ណោះដល់បរិស្ថាន ពោលគឺដើមឈើប៉ុណ្ណោះដែលត្រូវកាប់ចេញនៅតំបន់បាតអាង។
អគ្គនាយករងក្រុមហ៊ុនទំនប់វារីអគ្គិសនីឫស្សីជ្រំក្រោម លោក ហ៊ី យ៉ៅហ្វេង (He Yao Feng) បដិសេធមិននិយាយលម្អិតពីផលប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនីនេះទេ ដោយលោកបញ្ជាក់ថា តាមរយៈការសាងសង់កន្លងមក ប៉ះពាល់ព្រៃឈើខ្លះប៉ុណ្ណោះ។ ជាងនេះទៅទៀត លោកថា ក្រុមហ៊ុនលោកកំពុងតែដាំដើមឈើឡើងវិញ ដើម្បីជួសជុលនឹងការបាត់បង់។ លោកអះអាងថា នៅពេលខាងមុខ ក្រុមហ៊ុនមានគម្រោងយកតំបន់វារីអគ្គិសនីទៅជាតំបន់អេកូទេសចរណ៍។
ប៉ុន្តែនាយកអង្គការវេទិកាមិនមែនរដ្ឋាភិបាល (NGO Forum) លោក តឹក វណ្ណរ៉ា មិនឯកភាពនឹងការលើកឡើងនេះទេ។ លោកមានប្រសាសន៍ថា ទំនប់វារីអគ្គិសនី ទោះប៉ះពាល់តិចតួចផ្នែកសង្គម ប៉ុន្តែប៉ះពាល់ដល់បរិស្ថានច្រើន ដូចជាទឹក ត្រី ដើមឈើ ជាដើម។ មន្ត្រីសង្គមស៊ីវិលដដែលបន្ថែមថា ការដាំតែដើមឈើមួយមុខ ដែលជួសជុលនៃការប៉ះពាល់គម្រោងទំនប់ មិនគ្រប់គ្រាន់ឡើយ។
លោក តឹក វណ្ណរ៉ា ផ្តល់អនុសាសន៍ចំពោះការថែរក្សាបរិស្ថាននៅតំបន់ទំនប់វារីអគ្គិសនីមួយចំនួនថា ត្រូវមានយន្តការត្រួតពិនិត្យពីផលប៉ះពាល់ត្រឹមត្រូវ ធនធានទឹក ធនធានត្រី បន្សាំសត្វព្រៃអាចរស់នៅក្នុងតំបន់វារីអគ្គិសនី និងត្រូវទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។