ក្រុម​​យុវជន​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តកោះកុង​ពង្រឹង​សមត្ថភាព​​ការពារ​ព្រៃឈើនៅ​តំបន់​អារ៉ែង​ដែល​ប្រឈម​ការ​បាត់បង់

0:00 / 0:00

ក្រុម​យុវជន ​ព្រះសង្ឃ ​និងជនជាតិ​ដើម​ភាគ​តិច​ជង​ បន្ត​អំពាវ​នាវ​ឱ្យ​អាជ្ញាធរខេត្ត​កោះកុង​ពង្រឹង​សមត្ថភាព ​ការពារ​ព្រៃឈើ​នៅ​តំបន់​អារ៉ែង​ឱ្យ​ច្បាស់លាស់​ដើម្បី​ធានា​​ពី​​សុវត្ថិភាព​ ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ​ឱ្យ​គង់វង្ស​។ ​ការ​លើក​ឡើង ​ក្រោយពី​ពួកគេ​បាន​រួមគ្នា​ ប្រារព្ធ​ពិធីបំបួស​ដើម​ឈើ​ធំៗជាង​ ៣០ ​ដើម​នៅ​​តំបន់​អារ៉ែង ​ក្នុង​បំណង​ការពារ​ដើម​ឈើធំៗ ​ដែល​ក្រុម​ឈ្មួញ ​បាន​កំណត់​គោលដៅ​កាប់​បំផ្លាញ ​ធ្វើ​អាជីវកម្ម​។

ក្រុម​យុវជន ​និង​ជន​ជាតិ​ដើម​ភាគ​តិចជង​ព្រួយ​បារម្ភ​ពី​អនាគត ​ដើម​ឈើ​ធំៗ​ នៅ​តំបន់​អារ៉ែង​ឋិត​ក្នុង​ឃុំ​ជំនាប់​ និង​ឃុំប្រឡាយ ​ក្នុង​ស្រុក​ថ្មបាំង ​ខេត្តកោះកុង ​កំពុង​ប្រឈម​ការ​កាប់​បំផ្លាញ​ ធ្វើអាជីវកម្ម​ដោយ​ក្រុម​អ្នក​មាន​អំណាច ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​តំបន់​នោះ​។

កាល​ពី​ចុង​សប្តាហ៍កន្លងទៅ (0៦ ដល់ ០៨ មេសា) ក្រុម​យុវជន​ខ្មែរថាវរៈ ​ព្រះសង្ឃ ​និង ​ជន​ជាតិដើមភាគតិចជងជាង ​៥០ ​អង្គ​/នាក់​ បាន​ធ្វើ​ពិធី​បុណ្យ​បំបួស​ដើម​ឈើ ​រយៈ​ពេល ​២ ​យប់ ​និង​ ៣ ​ថ្ងៃ ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន ​និង​មហាជន​ចូលរួម​ការពារ​ ព្រៃឈើ​ដែល​នៅ​សេសសល់​ចុង​ក្រោយ ​នៅ​តំបន់​អារ៉ែង​ឱ្យ​គង់វង្ស​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។ ​ការ​ប្រារព្ធ​ពិធី​នេះ​ ឋិត​ក្រោមការ​ឃ្លាំមើល​ពី​សមត្ថកិច្ច​ខេត្ត​កោះកុង​ជា​ច្រើន​នាក់​មក​សួរ​នាំ​ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ហាម​ឃាត់ ​ពិធី​បំបួស​ដើមឈើ​របស់​ក្រុម​យុវជន​ទាំង​នេះ​ទេ​។

តំណាង​ក្រុម​យុវជន​ខ្មែរថាវរៈលោក ​ហ៊ុន វណ្ណៈ ​ប្រាប់​វិទ្យុអាស៊ីសេរី​ នៅ​ថ្ងៃ​ទី​១២ ខែ​មេសា​ថា​ គោល​បំណង​សំខាន់​ការ​ប្រារព្ធ​ពិធី​នេះ ​ដើម្បី​ឱ្យ ​យុវជន​ ពលរដ្ឋ ​និង ​ព្រះសង្ឃ​ស្គាល់​ ពី​តម្លៃ​ធនធាន​ធម្មជាតិ​នៅ​តំបន់​អារ៉ែង ​ដែល​ជួយ​ផ្ដល់​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​គ្រប់​រដូវកាល។​ លោក​សង្កេត​ឃើញ​ថា ​នៅ​រយៈ​ពេល​៤ ​ខែ​ចុង​ក្រោយ​នេះ ​ដើម​ឈើ​ធំៗ​ ជាច្រើន​ដើម​ ​ដុះតាម​បណ្តោយ​ដង​ស្ទឹង​អារ៉ែង​ ​បាន​ទទួល​រង​ការ​កាប់ផ្តួល​ ធ្វើ​អាជីវកម្ម​អស់ជាច្រើនដើម។​ ​លើស​ពី​នេះ នៅ​រយៈ​ពេល​ជាង ​១ ខែ​ចុង​ក្រោយ​នេះ ​ថ្មីត្បិត​តែ​សកម្មភាព​កាប់​ឈើ​ហាក់​ស្ងប់ស្ងាត់​បន្តិច​ក្តី ​ប៉ុន្តែ​ពួកលោក​ នៅតែ​ព្រួយ​បារម្ភ​ពី​ជោគវាសនា ​ព្រៃឈើ​នៅ​តំបន់​នោះ ​និង​កំពុង​រក​មធ្យោបាយ​ទប់ទល់​បទល្មើស​ព្រៃឈើ៖ «គឺ​យើង​ចង់​ឱ្យ​ដើម​ឈើ​ធំៗ ​ដែល​ជា​គោលដៅ​របស់​ឈ្មួញ​កាប់​បំផ្លាញ​ ត្រូវ​បាន​ការពារ​តាម​រយៈ​ពិធី​សាសនា។​ ទី២ ​ផ្សព្វផ្សាយ​ឱ្យ​ក្រុម​យុវជន ​និង ​ព្រះសង្ឃ​មាន​ទម្លាប់​មួយ​ ចូលរួម​ថែរក្សា​សម្បត្តិ​ធម្មជាតិ​»។

យុវតីដែលចូលរួមពិធីបំបួសដើមឈើ គឺកញ្ញា ផល្លី រស្មី សង្កេតឃើញថា ដើមឈើធំៗ ​នៅ​តំបន់​នោះ ​ជាជម្រក​យ៉ាង​សំខាន់ ​របស់​សត្វ​ខ្លាឃ្មុំ ​ខ្លា ​ត្រីនាគ ​ក្រពើភ្នំ ​ទោច ​និង​ ស្វា​ជាដើម​ ប្រសិនបើ​មិន​ថែទាំ​ព្រៃឈើ​ឱ្យ​គង់វង្ស​ទេ​នោះ ​សត្វព្រៃ​កម្រ​ទាំង​នេះ ​នឹង​ប្រឈម​បាត់បង់​។ ​កញ្ញា​បញ្ជាក់​ថា​ ដើម​ឈើ​ធំៗ​ទាំងនោះ​រួមមាន ​ក្រញ៉ូង ​គគីរ ​បេង ​និង ​ឈើ​ទាល​ជាដើម ​ជាប្រភព​សេដ្ឋកិច្ច​ដ៏​មាន​តម្លៃ​ របស់​ជន​ជាតិ​ដើម​ភាគ​តិច​ជង និង​ទាក់​ទាញ់​វិស័យ​ទេសចរណ៍​៖ «នាង​ខ្ញុំ​មាន​ការ​ស្នើ​សុំ ​និង​សារ​ផ្ញើ​ទៅ​កាន់​ពលរដ្ឋ​នៅ​កម្ពុជា​ទាំងអស់​ និង​ជន​មាន​អំណាច ​កាប់​បំផ្លាញ​ព្រៃឈើ ​សូម​មេត្តា ​បើ​គ្មាន​សមត្ថភាព​ថែ​រក្សា​ព្រៃ ​កុំ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ទី​នេះ។ ​ព្រៃ​នេះ​មាន​សារៈ​សំខាន់​ទ្រទ្រង់​ដល់​សត្វ​ព្រៃ ​មនុស្ស ​សត្វ ​និង ​សត្វពាហណៈ​ជាច្រើន​ ដែល​គាត់​បាន​ជ្រក​នៅ​ទី​នេះ»។​

​ជន​ជាតិដើមភាគតិចជង​រស់​នៅ​ភូមិប្រឡាយ ​ឃុំប្រឡាយ ​លោក ​តា មាំ ​សោក​ស្តាយ​ដើម​ឈើ​ធំៗ​ មាន​អាយុកាល​រាប់​រយឆ្នាំ ​ផ្តល់​ប្រយោជន៍​សំបូរ​បែប​ដល់​អ្នកភូមិ​ ត្រូវ​គេ​កាប់​ផ្តួល​ធ្វើអាជីវកម្ម​អស់​ជា​ច្រើន​ដើម​។ ​លោកថា ​អ្នកភូមិ​មាន​គ្នា​តិច​ មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ​គ្រប់ជ្រុង​ជ្រោយ​ទេ ​បាន​ត្រឹមតែ​សម្រក់​ទឹកភ្នែក​ស្តាយ​ស្រណោះ​ប៉ុណ្ណោះ៖ «​ខ្ញុំ​កាន់​តែ​ឃើញ​ដើម​ឈើ ​សឹង​តែ​ស្រក់​ទឹកភ្នែក​ តែ​ឃើញ​ដឹក​ទាំងឡាយ​ស្តាយ​ព្រៃឈើ​ខ្លាំង​ពេក»​។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​រឿង​នេះ ​ពី​ប្រធាន​មន្ទីរបរិស្ថានខេត្ត​កោះកុង ហ៊ុន ម៉ារ៉ាឌី ​និង​អភិបាល​ខេត្តកោះកុង អ្នកស្រី ​មិថុនា ​ភូថង ​បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ទី១២ ខែមេសា ​ដោយ​ទូរសព្ទ​ហៅ​ចូល ​តែ​គ្មាន​អ្នកលើក​។ ចំណែក​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ លោក ​នេត្រ ភក្ត្រា ក៏​មិន​អាច​សុំការ​បំភ្លឺ​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ​។

កន្លងទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា បំណង​របស់​លោក ​ចង់​រក្សា​តំបន់​អារ៉ែង ទុក​ឲ្យ​ខ្មែរជំនាន់​ក្រោយ​ជា​អ្នក​សម្រេច ថា​តើ​ត្រូវ​ធ្វើ​ដូចម្ដេច? ការលើកឡើងនេះ ​ស្រប​ទៅ​នឹង​អ្វី​ដែល​ក្រុម​យុវជនខ្មែរថាវរៈ ពលរដ្ឋ និង ព្រះសង្ឃ ចង់​រក្សា​តំបន់​ព្រៃ​ភ្នំ​អារ៉ែង​នេះ ឲ្យ​​គង់វង្សយូរអង្វែង។

ព្រះសង្ឃ​ចូលរួម​ពិធី​បំបួស​ដើម​ឈើ ​គឺ​ព្រះអង្គ​ ប៊ុន ហៀម ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ ចាប់​អារម្មណ៍ ​និង​រួមគ្នា​ថែរក្សា​ព្រៃឈើ​នៅ​តំបន់​អារ៉ែង​ឱ្យ​គង់វង្ស ​ដើម្បីជា​ជម្រកត្រី​ពងកូន​ និង​ជីវចម្រុះ​ដែល​ជាប្រភព​ម្ហូប​អាហារ​​របស់​ជនជាតិដើមភាគតិច៖ «ចុះ​មក​តំបន់​អារ៉ែង​នេះ ​មាន​បំណង​ចង់​រក្សា​ព្រៃឈើ​ឱ្យ​បាន​សល់​ ឱ្យ​ក្មេង​ជំនាន់​ក្រោយ ​និង​ជា​ផល​ប្រយោជន៍​ឱ្យ​មនុស្ស​នៅ​ជុំ​វិញ​នេះ​»។

ជ្រលង​ភ្នំអារ៉ែង គឺ​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​ខេត្ត​កោះកុងដែលមាន​ប្រភេទ​សត្វ​ព្រៃ​ដ៏​កម្រ អមដោយ​ព្រៃ​ឈើ​ដ៏​ស្រស់​ត្រកាល បន្សល់​ចុង​ក្រោយ​​នៅ​កម្ពុជា។ តំបន់នោះ​ជា​កន្លែង​ដែល​ជនជាតិ​ដើម​ភាគ​តិច​ជងជាង ១ ពាន់ ៥រយនាក់ (១.៥០០) កំពុង​រស់នៅ ជាមួយនឹង​បរិស្ថានធម្មជាតិស្រស់បំព្រង ​តាមបណ្តោយ​ជ្រលង​ភ្នំ​ ដែលមានសត្វ​ព្រៃ​កម្ររស់នៅរួមមាន សត្វ​ក្រពើ​ភ្នំ ត្រី​នាគ ដំរី​ធំៗជាដើម។ បច្ចុប្បន្ន​ដើម​គគីរ ​និង​ ដើមឈើ​ទាល​ជាដើម​ ដុះ​តាម​បណ្តោយ​ដង​ស្ទឹងអារ៉ែង ​ដែល​ជា​អត្តសញ្ញាណ​ប្រពៃណី ​ជនជាតិ​ដើមភាគតិច​ កំពុង​ប្រឈម​ការ​បាត់បង់​ទាំងស្រុង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។