ក្រុមយុវជនទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុវាយកម្ទេចសំណង់កាស៊ីណូចិនខុសច្បាប់មួយកន្លែងនៅលើកោះរ៉ុងសន្លឹម។ អាជ្ញាធរខេត្តមិនទាន់សម្រេចថា យ៉ាងណានៅឡើយទេចំពោះសំណើរបស់ក្រុមយុវជននេះ។
សកម្មជនមាតាធម្មជាតិ ១៤រូប រួមគ្នាដាក់ញត្តិទៅសាលាខេត្តព្រះសីហនុ ដើម្បីស្នើសុំឱ្យអាជ្ញាធរចុះរុះរើសំណង់កាស៊ីណូចិនយីហោ ជីនទីង (Jingding) ដែលត្រូវបានសាងសង់រំលោភលើដីឆ្នេរកោះរ៉ុងសន្លឹម។ ក្រុមយុវជនធ្វើយុទ្ធនាការនេះ ដោយសារពួកគេបារម្ភថា សណ្ឋាគារ និងកាស៊ីណូ ជីនទីង អាចនឹងត្រូវបើកឱ្យដំណើរការវិញ ប្រសិនបើគ្មានការវាយកម្ទេចសំណង់អគារនេះចោលទេនោះ។
អាជ្ញាធរខេត្តព្រះសីហនុបានចុះបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្ត ជីនទីង (Jingding)កាលពីចុងខែឧសភា កន្លងទៅ បន្ទាប់ពីពិនិត្យឃើញថា ទីតាំងកម្សាន្តនោះបានប្រព្រឹត្តខុសច្បាប់ជាច្រើនចំណុច។ សកម្មភាពល្មើសច្បាប់ទាំងនោះ រួមមាន ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រដោយមិនបានឆ្លងកាត់ការចម្រោះ ការសាងសង់ទីតាំងកាស៊ីណូរំលោភលើដីឆ្នេរសមុទ្រ ការដាក់ម៉ាស៊ីនភ្លើងនៅលើផែធ្វើឱ្យមានប្រេងហូរចូលសមុទ្រប៉ះពាល់ដល់បរិស្ថាន និងការចាក់ធុងបាសខ្លាំងបង្កការរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ។
ក្រោយចុះបិទអាជីវកម្ម អាជ្ញាធរខេត្តបានបញ្ជាក់ថា សំណង់ខុសច្បាប់របស់មជ្ឈមណ្ឌលចិនមួយកន្លែងនោះ នឹងត្រូវរុះរើចេញ ក៏ប៉ុន្តែជាច្រើនខែមកនេះ អាជ្ញាធរមិនទាន់ចុះធ្វើសកម្មភាពនៅឡើយទេ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ថ្លែងថា អាជ្ញាធរខេត្តមិនទាន់បានកំណត់ពេលវេលាជាក់លាក់ក្នុងការចុះរុះរើទីតាំងនោះទេ ដោយរង់ចាំការសម្រេចពីមន្ត្រីជំនាញជាមុនសិន។ លោកបន្តថា ខាងសាលាខេត្តទទួលបានញត្តិរបស់ក្រុមយុវជនមាតាធម្មជាតិហើយ កាលពីថ្ងៃទី២៣ កញ្ញា ក៏ប៉ុន្តែលោកថា ការឆ្លើយតបបែបណានោះ អាស្រ័យលើថ្នាក់ដឹកនាំខេត្ត៖ «កាស៊ីណូហ្នឹងតាំងពីថ្ងៃដែលរដ្ឋបាលខេត្តបានចុះទៅបិទ គឺអត់មានធ្វើសកម្មភាពអ្វីទាំងអស់ មានន័យថា មកទល់ពេលនេះក៏អត់មានធ្វើសកម្មភាពអ្វីដែរ អ៊ីចឹងចំពោះការរុះរើអី្វយ៉ាងណា អាហ្នឹងគឺយើងទុកលទ្ធភាពនេះឱ្យស្ថាប័នជំនាញធ្វើការ»។
សកម្មជនបរិស្ថានទទួលស្គាល់ថា មជ្ឈមណ្ឌលកម្សាន្ត ជីនទីង (Jingding) ពិតជាលែងមានសកម្មភាពអាជីវកម្មមែន ក៏ប៉ុន្តែសំណង់អគារ និងសម្ភារៈផ្សេងៗ នៅតែស្ថិតលើទីតាំងដដែល។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា រិះគន់អាជ្ញាធរខេត្តព្រះសីហនុថា មានភាពយឺតយ៉ាវ និងគ្មានឆន្ទៈពិតប្រាកដក្នុងការចុះអនុវត្តច្បាប់។ កញ្ញាថា អាជ្ញាធរមិនត្រូវអូសបន្លាយរឿងនេះទៀតឡើយ ព្រោះអាជ្ញាធរបានរកឃើញកំហុស និងបទល្មើសចេញពីទីតាំងកម្សាន្តនោះរួចហើយ។ កញ្ញាទទូចដល់អាជ្ញាធរឱ្យវាយកម្ទេចសំណង់កាស៊ីណូ ជីនទីង នោះចោល ហើយនិងនាំខ្លួនម្ចាស់ទីតាំងនោះយកមកទទួលខុសត្រូវតាមផ្លូវច្បាប់៖ «ខ្ញុំយល់ថា ការអនុវត្តច្បាប់របស់អាជ្ញាធរហាក់មានលក្ខណៈធូររលុង ហើយមួយទៀតមានការយឺតយ៉ាវមែនទែន ព្រោះតាំងពីខែឧសភារហូតមកដល់ខែកញ្ញា គ្រាន់តែកាស៊ីណូប៉ុណ្ណឹង គាត់មិនអាចនឹងរុះរើហើយ ហើយនៅតែលើកឡើងថា ចាំមន្ត្រីជំនាញ។ តើចាំដល់ពេលណាទៀត ?»។
អាជ្ញាធរខេត្តព្រះសីហនុធ្លាប់អះអាងកាលពីពេលថ្មីៗនេះថា ក្នុងចំណោមសំណង់ជាង ៥០០កន្លែង នៅក្នុងខេត្តនេះ អាជ្ញាធរបានរកឃើញការដ្ឋានសំណង់គ្មានគុណភាពចំនួន ១៤កន្លែង ដែលត្រូវវាយកម្ទេចចោល។ចំណាត់ការរបស់អាជ្ញាធរនេះ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍បាក់រលំអាគារ ៧ជាន់របស់ក្រុមហ៊ុនចិន នៅខេត្តព្រះសីហនុ កាលពីខែមិថុនាកន្លងទៅ ដែលបណ្ដាលឱ្យកម្មករខ្មែរស្លាប់ ២៨នាក់ និងរងរបួសចំនួន ២៦នាក់។
សកម្មជនមាតាធម្មជាតិ កញ្ញា ឡុង គន្ធា អះអាងថា ប្រសិនបើការដាក់ញត្តិលើកនេះ អាជ្ញាធរនៅតែមិនព្រមវាយកម្ទេចសំណង់មជ្ឈមណ្ឌលកម្សាន្ត ជីនទីង ទៀតនោះ ក្រុមយុវជននឹងនាំគ្នាដើរដង្ហែក្បួននៅទីរួមខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធរអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។