ប្រជាសហគមន៍ និងក្រុមយុវជនខកចិត្តចំពោះទង្វើរបស់ អាជ្ញាធរខេត្តក្រចេះ ដែលព្រងើយកន្តើយ មិនដោះស្រាយ សកម្មភាពកាប់ទន្ទ្រានព្រៃសហគមន៍ភ្នំសេះអស់ជិត ២ពាន់ហិកតារ។ ការលើកឡើងបែបនេះ ដោយសារពួកគេបានរកឃើញភស្តុតាង និងផ្សាយរបាយការណ៍ ពីវិនាសកម្មធនធានធម្មជាតិដ៏ធំធេង ឋិតក្នុងព្រៃអភិរក្សមួយនេះ។
ក្រុមយុវជន និងប្រជាសហគមន៍អំពាវនាវដល់រាជរដ្ឋាភិបាល ឱ្យពិនិត្យមើលពីប្រសិទ្ធភាពការងារ របស់អាជ្ញាធរខេត្តក្រចេះឡើងវិញ ព្រោះអាជ្ញាធរខេត្តនេះកំពុងបិទភ្នែកធ្វើមិនដឹងមិនឮ មិនដោះស្រាយវិបត្តិព្រៃឈើ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ ក្នុងព្រៃសហគមន៍ភ្នំសេះ និងព្រៃសហគមន៍ដទៃទៀត។ ការលើកឡើងនេះ ក្រោយពេលយុវជនមួយក្រុមរកឃើញសកម្មភាពកាប់ទន្ទ្រាន ព្រៃសហគមន៍ភ្នំសេះ នៅតែបន្តរីកធំឡើង ធ្វើឱ្យបាត់បង់គម្របព្រៃឈើធម្មជាតិ ១.៣០៣ហិកតារ ហើយទំហំដែលអាចបាត់បង់បន្ថែមទៀតជាង ៤រយហិកតារ។

ក្រុមយុវជនទាំងនោះធ្លាប់ចងក្រងរបាយការណ៍ពិស្ដារជាច្រើនទំព័រ ដើម្បីស្នើឱ្យអាជ្ញាធរខេត្តក្រចេះ ដោះស្រាយបញ្ហានេះ តែផ្ទុយទៅវិញ មិនត្រឹមតែគ្មានបានផលទេ បទល្មើសព្រៃឈើកាន់តែរីករាលដាលធំជាងមុនទៅទៀត។
មន្ត្រីចងក្រងសហគមន៍របស់សមាគមបណ្ដាញយុវជនកម្ពុជាលោក អូត ឡាទីន ថ្លែងនៅថ្ងៃទី៤ សីហា ពួកលោកបានចុះដល់ទីតាំងព្រៃសហគមន៍កាលពីសប្ដាហ៍មុន តែពុំឃើញអាជ្ញាធរចេញលិខិត និងបញ្ជូនមន្ត្រីជំនាញដកហូតដីព្រៃ ដែលត្រូវគេកាប់ទន្ទ្រាន និងចាប់ខ្លួនជនល្មើស រួមទាំងអ្នកពាក់ព័ន្ធមកអនុវត្តច្បាប់នៅឡើយទេ។ លោកថា ដើមឈើផលិតជ័រទឹក នៅសល់ចុងក្រោយជាង ១ពាន់ដើម កំពុងទទួលរងការកាប់បំផ្លិចបំផ្លាញ ដើម្បីធ្វើអាជីវកម្ម ហើយសកម្មភាពសង់ខ្ទម និងកាប់ព្រៃរានយកដី នៅតែកើតមានច្រើន។ លោកបន្ថែមថា កន្លងទៅអាជ្ញាធរស្រុក បានបង្កើតគណៈកម្មការមួយ ចុះដោះស្រាយបញ្ហានេះដែរ តែគ្មានប្រសិទ្ធភាពនោះទេ៖ «បន្ទាប់ពីយើងផ្សព្វផ្សាយរបាយការណ៍កាលពីខែ៤ ហើយ ខាងអាជ្ញាធរស្រុកបានបង្កើតគណៈកម្មការដោះស្រាយបញ្ហាហ្នឹង។ តែបន្ទាប់ពីគេបង្កើតហើយ គេបានចុះទៅពិនិត្យដីនៅសហគមន៍ភ្នំសេះហ្នឹង គេចុះទៅម្ដងគត់ តែនៅពេលចុះហើយ វាអត់មានចំណាត់ការ និងលិខិតស្នាមណាមួយចេញអំពីរកដំណោះស្រាយជូនសហគមន៍ ផ្ទុយទៅវិញព្រៃសហគមន៍ភ្នំសេះ កាន់តែបាត់បង់បន្តបន្ទាប់ទៀត»។
យុវជនរូបនេះបន្ថែមថា មកទល់ពេលនេះ មានព្រៃសហគមន៍ចំនួន៣ ហើយនៅជាប់គ្នា ក្នុងតំបន់នោះ គឺព្រៃសហគមន៍ថ្មទន្លេ ព្រៃសហគមន៍ភ្នំបាក់ និងព្រៃសហគមន៍ភ្នំសេះ កំពុងឈានទៅរកការបាត់បង់ទាំងស្រុង ដោយសារចលនាទន្ទ្រាន ដើម្បីយកដីព្រៃធ្វើជាកម្មសិទ្ធិបុគ្គល និងកាប់ឈើធ្វើអាជីវកម្មពីសំណាក់ពលរដ្ឋចំណូលស្រុក។
ព្រៃសហគមន៍ភ្នំសេះ មានផ្ទៃដី ៣.០៨១ហិកតារ ដែលពលរដ្ឋមូលដ្ឋានរួមគ្នាថែរក្សាតាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៨ ទើបក្រសួងកសិកម្មចុះបញ្ជីជាព្រៃសហគមន៍ការពារធម្មជាតិស្របច្បាប់។ ប្រជាសហគមន៍ថា ព្រៃសហគមន៍ភ្នំសេះសំបូរដើមឈើមានតម្លៃធំៗ ដូចជា បេង ធ្នង់ នាងនួន សុក្រំ និងឈើទាលជាដើម តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឈើកម្រទាំងនេះ ត្រូវបានជនល្មើសលួចកាប់អស់ស្ទើរទាំងស្រុង។ ព្រៃនេះមានសត្វព្រៃកម្រជាច្រើនប្រភេទ កំពុងរស់នៅរួមមាន ស្វា ក្ងោក ជ្រូកព្រៃ មាន់ និងឈ្លូសជាដើម។
អនុប្រធានសហគមន៍ព្រៃឈើភ្នំសេះលោក ហ៊ា សំអឿន ប្រាប់អាស៊ីសេរីថា មកទល់ពេលនេះ ក្រុមពលរដ្ឋចំណូលស្រុក បានសង់ខ្ទម និងផ្ទះក្នុងតំបន់ព្រៃសហគមន៍ខុសច្បាប់ មានផ្ទះជិត ១០០ខ្នង ហើយសកម្មភាពកាប់ទន្ទ្រានដីព្រៃនៅតែកើតមានច្រើន ធ្វើឱ្យព្រៃសហគមន៍នេះក្លាយជាវាលរហោឋានអស់ប្រមាណ ២ពាន់ហិកតារ។ លោកថា បច្ចុប្បន្នជនជាតិដើមភាគតិចព្នងជាង ១រយគ្រួសារ ដែលអាស្រ័យផលព្រៃឈើកំពុងដេកភ័យ ខ្លាចក្រែងបាត់បង់ព្រៃនេះ ប៉ះពាល់ជីវភាព និងមុខរបរចិញ្ចឹមជីវិតបែបប្រពៃណី។ លោកសង្កេតឃើញថា អាជ្ញាធរគ្មានឆន្ទៈជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាសហគមន៍នោះទេ៖ «វាមានប្រកាសពីក្រសួងកសិកម្ម យើងមានជំហានផែនការគ្រប់គ្រងហើយ ប៉ុន្តែការគ្រប់គ្រងវាអត់មានប្រសិទ្ធភាព ចង់ឱ្យអ្នកកាប់ និងអ្នកដាំទៅរាប់ រឹបអូសយកវិញ ប្រគល់ជូនសហគមន៍វិញ ដាំដើមឈើផលិត។ បាត់បង់មុខរបរ ដូចយើងធ្វើកសិកម្ម មានរណ្ដៅជ័រ និងកន្លែងជំនឿ ដែលយើងអាស្រ័យផល ក្នុងព្រៃហ្នឹង»។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះ ពីអភិបាលស្រុកសំបូរ លោក សូម សារិត និងអភិបាលខេត្តក្រចេះ លោក វ៉ា ថន បាននៅឡើយទេ នៅថ្ងៃទី៤ សីហា។ ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ លោក ទ្រី សុភ័ក្រ និងមេឃុំអូរគ្រៀងលោក កែវ បុប្ផា វិញ ក៏អាស៊ីសេរីមិនអាចទាក់ទងបានដែរ ព្រោះទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ក៏ប៉ុន្តែមេឃុំអូរគ្រៀងធ្លាប់ប្រាប់អាស៊ីសេរីថា ការកាប់ទន្ទ្រានដីព្រៃសហគមន៍ភ្នំសេះនេះ អាជ្ញាធរពាក់ព័ន្ធកំពុងប្រឹងប្រែងដោះស្រាយ និងបង្ក្រាបជាញឹកញាប់។ លោកថា អាជ្ញាធរឃុំបានស្រង់ឈ្មោះអ្នកដែលកាប់ទន្ទ្រានដីព្រៃសហគមន៍នេះរួចហើយ និងបង្គាប់ឱ្យចុះកិច្ចសន្យាបញ្ឈប់ ក៏ប៉ុន្តែដោយសារជំងឺកូវីដ១៩ ធ្វើឱ្យរាំងស្ទះការដោះស្រាយបញ្ហានេះ។
សមាគមបណ្ដាញយុវជនកម្ពុជាបន្ថែមថា ការកាប់រានទន្ទ្រានកាន់កាប់បានគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិចព្នង ដែលមានទម្លាប់ដកហូតអនុផលព្រៃឈើ បម្រើជីវភាពជាច្រើនទសវត្សរ៍មកហើយ។ អ្នកភូមិប្រឈមបាត់បង់ទីកន្លែងជំនឿរបស់ជនជាតិដើមភាគតិចព្នង ដែលហៅថា "ទីជំនឿភ្នំសេះ"៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។