ក្រុម​យុវជន​បន្ត​ធ្វើ​យុទ្ធនាការ​ឱ្យ​បិទ​រោងចក្រ​អារ​ឈើ​ទូទាំង​ប្រទេស ទោះ​ប្រឈម​​សុវត្ថិភាព​ផ្ទាល់​ខ្លួន

ដោយ វ៉ែន សុមេធ
2020.04.17
យុវជន​ ​យុទ្ធនាការ​ជិះ​កង់ ព្រៃព្រះរកា ៦២២ សកម្មភាព​ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ ធ្វើ​យុទ្ធនាការ​ជិះ​កង់ ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​ហើយ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះ​រកា​ដែល​កំពុង​រង​ការ​គំរាមកំហែង។
photo courtesy of Ma Chettra's Facebook

ក្រុម​សកម្មជន​បរិស្ថាន​ដែល​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាង​កន្លះ​ខែ​មក​នេះ នៅតែ​បន្ត​ទាមទារ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ និង​បិទ​រោងចក្រ​អារ​ឈើ​ទាំងអស់​ក្នុង​ប្រទេស ដើម្បី​រក្សាទុក​ព្រៃឈើ​ដែល​នៅ​សេសសល់​ចុងក្រោយ។ ទន្ទឹម​គ្នា​នេះ ពួកគេ​ក៏​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ដែរ ប៉ុន្តែ​ពួកគេ​បញ្ជាក់​ថា នឹង​មិន​បញ្ឈប់​សកម្ម​ភាព​រុករក និង​ប្រមូល​ភស្តុតាង​កាប់ និង​លក់​ឈើ​ទៅ​ឱ្យ​ប្រទេស​ជិតខាង ដាក់​ជូន​រដ្ឋាភិបាល​នោះ​ឡើយ ដើម្បី​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់ បិទ​ក្រុមហ៊ុន​ទាំងនោះ ឱ្យ​ខាង​តែ​បាន។

សកម្មជន​បរិស្ថាន​ដែល​សកម្ម​ក្នុង​ការ​ប្រមូល​ភស្តុតាង​នៃ​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ លោក ហេង ស្រស់ ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ជាង​២​សប្ដាហ៍​មកនេះ ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន កំពុង​ចុះ​ប្រមូល​ភស្តុតាង​នានា ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ធំៗ​ដែល​នៅ​បន្ត​លួច​ដឹក​ឈើ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម៖ «មកដល់​សព្វថ្ងៃ​នៅ​មាន​ដឹក​គគ្រឹកគគ្រេង​ដដែល​។ យើង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ទៀត មិន​ត្រឹម​តែ​ព្រៃ​ឡង់​ទេ សូម្បី​នៅ​មណ្ឌលគិរី រតនគិរី ក៏​នៅតែ​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ យក​ទៅ​លក់​ខាងក្រៅ​ប្រទេស​ហ្នឹង​ដែរ ដូច​ពោធិ៍សាត់ អារ៉ែង ភ្នំ​ឱរ៉ាល់​នៅ​កំពង់ស្ពឺ អីហ្នឹង កំពុងតែ​សស្រាក់សស្រាំ​ជញ្ជូន​យក​ទៅ​លក់​ហ្នឹងហើយ​។ និយាយ​រួម​ប្រភេទ​ឈើ គេ​យក​គ្រប់​ប្រភេទ ឱ្យ​តែ​មាន​មុខកាត់​ចាប់ពី​កន្លះ​ម៉ែត្រ​ឡើង​ទៅ គឺ​គេ​យក​ទាំងអស់​។ គេ​លាំងៗ​ហើយ ដាក់​នៅ​ទូ​កុងទឺន័រ​ហើយ គេ​ដឹក​ចេញ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម»

លោក​បន្ត​ថា នៅ​ក្នុង​ដំណាក់​ទី​២​នៃ​យុទ្ធនាការ​នេះ ក្រុម​លោក នឹង​ជិះ​ម៉ូតូ​ល្បាត​ជុំវិញ​ព្រៃ​ឡង់​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ទី​២៧ ខែ​មេសា ដើម្បី​ប្រមូល​ភស្តុតាង​បន្ថែម​ទៀត​។ បន្ទាប់​ពី​នោះ ពួក​លោក​នឹង​ប្រគល់​ភស្តុតាង​ទាំងអស់​នោះ​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ និង​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក សៅ សុខា។

យុវជន​រូប​នេះ រំពឹង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​យក​ភស្តុតាង​ទាំងនោះ ធ្វើជា​មូលដ្ឋាន​ផ្លូវច្បាប់ ដើម្បី​ឈាន​ទៅ​បិទ​រោងចក្រ​ធំៗ​ចំនួន​៣ ដែល​បន្ត​រកស៊ី​ជួញដូរ​ឈើ ។ ក្រុមហ៊ុន​ទាំងអស់​នោះ រួមមាន​ក្រុមហ៊ុន អង្គរ​ផ្លាយវ៉ូឌ (Angkor Plywood) ក្រុមហ៊ុន ស៊ីងបាយអូធិច (Think Biotech) និង​ក្រុមហ៊ុន ធីង៉ា (Thy Nga PNT)«យើង​នៅ​កំពុង​តាមដាន។ យើង​មិនទាន់​បញ្ចេញ​ជា​សាធារណៈ​ទេ ដោយសារ​យើង​ប្រមូល​ភស្តុតាង​ទាំងអស់​ហ្នឹងហើយ ដាក់​ជូន​ទៅ​ខាង​ក្រសួង​បរិស្ថាន ។ ពួកគាត់​អះអាង តំបន់​ព្រៃឡង់ គ្មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទេ ហើយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទេ។ អ៊ីចឹង​ហើយ យើង​កំពុង​ដើរ​ប្រមូល​ភស្តុតាង​ដាក់​ជូន​ក្រសួងបរិស្ថាន​ដើម្បី​ឱ្យ​គាត់​បញ្ជាក់​ឱ្យ​ច្បាស់​មែនទែន​ថា មន្ត្រី​ដែល​គាត់​ឈរជើង​ការពារ​ជាតិ ឬមួយ​ក៏​ការពារ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ទៅវិញ»

ស្របគ្នា​នេះ សកម្មជន​បរិស្ថាន​ម្នាក់ទៀត​ដែល​ប៉ិនប្រសព្វ​ផ្ដិត​យក​រូបភាព​កាប់​បំផ្លាញ​ព្រៃឈើ លោក ម៉ា ចិត្រា ថ្លែង​ថា លោក​ក៏​ដូច​សកម្មជន​ព្រៃឈើ​ដទៃ​ទៀត ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ប៉ុន្តែ​ដើម្បី​រក្សា​ព្រៃឈើ​ដែល​សេសសល់ ឱ្យ​នៅ​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ លោក​នៅតែ​ធ្វើ​កិច្ច​ការងារ​នេះ បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វី​ក៏ដោយ។

យុវជន​រូប​នេះ ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ គួរ​សហការ និង​បើកផ្លូវ​ឱ្យ​ពួក​លោក​ធ្វើ​សកម្មភាព​ការពារ​ព្រៃឈើ​បាន ដោយ​សេរី ហើយ​លោក​ក៏​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​បិទ​ក្រុមហ៊ុន​កាប់​ឈើ​ខុសច្បាប់​ទាំងអស់​នៅ​ទូទាំង​ប្រទេស៖ «បាទ​! សម្រាប់​ខ្ញុំ​ជា​យុវជន ខ្ញុំ​មានការ​ព្រួយបារម្ភ​ដែរ ប៉ុន្តែ​យើង​មិន​អាច​យក​ការ​ព្រួយបារម្ភ​ហ្នឹង ឱ្យ​ធំ​ជាង​អ្វី​ដែល​ពួក​យើង​បាត់បង់​ទេ។ មួយវិញទៀត បើសិនជា អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើការ​រារាំង​ពួក​យើង​មិន​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ព្រៃឈើ ខណៈ​ដែល​ពួក​កាប់​ឈើ កំពុងតែ​កាប់​វា​បង្ហាញ​ពី​ចេតនា​មិនល្អ​មួយ អាច​អាជ្ញាធរ ជា​អ្នក​បើកដៃ​ផ្ទាល់​តែម្ដង ឱ្យ​ពួក​កាប់​ឈើ ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​ហ្នឹង»

ក្រុម​សកម្មជន​បរិស្ថាន ឱ្យ​ដឹង​ថា ក្រុមហ៊ុន​អង្គរ​ផ្លាយវ៉ូឌ និង​ក្រុមហ៊ុន ស៊ីងបាយអូធិច មាន​ម្ចាស់​៣​នាក់ ។ ក្នុង​នោះ​មាន​លោក ជា ពៅ គឺជា​ប្អូនប្រុស​បង្កើត លោក ជា វុទ្ធី ដែល​ជា​អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ។ កញ្ញា ជា សាំងធីតា គឺជា​កូនស្រី​បង្កើត​លោក ជា វុទ្ធី ហើយ​និង​ជនជាតិ​តៃវ៉ាន់​ម្នាក់ ឈ្មោះ លោក លូ ជូចាង ដែល​ជា​ទីប្រឹក្សា​សម្រាប់​គម្រោង​រ៉េដបូក នៅ​អាស៊ី។

ពួកគេ​ឱ្យ​ដឹង​ទៀត​ថា លោក ជា ពៅ រកស៊ី​ជំនួញ​ឈើ​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ធី ង៉ា គឺ​អ្នកស្រី សេង គាង ដែល​ជា​ភរិយា​ដើម​លោក ហ៊ុន ចូច ហើយ​សព្វ​ថ្ងៃ​ជា​ភរិយា របស់​លោក ជា សំណាង មន្ត្រី​កងរាជអាវុធហត្ថ​មាន​ផ្កាយ​បី ដែល​ស្ថិត​ក្រោយ​ការគ្រប់គ្រង​របស់ លោក សៅ សុខា។

ក្រុម​សកម្មជន​អះអាង​ថា ក្រុមហ៊ុន​អង្គរ​ផ្លាយវ៉ូឌ ទទួល​សិទ្ធិ​នាំ​ឈើ​យក​ទៅ​លក់ នៅ​ក្រៅ​ប្រទេស ហើយ​ឈើ​ដែល​នាំទៅ​ក្រៅ​ប្រទេស​ភាគច្រើន មាន​ប្រភព​ពី​ដែន​ជម្រក​សត្វព្រៃ​ឡង់ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល និង​ព្រៃ​អភិរក្ស​ផ្សេងទៀត ដែល​គេ​បន្លំ​ជា​ឈើ​ស្របច្បាប់។

អាស៊ីសេរី​មិន​អាច​សុំ​កា​រឆ្លើយតប​រឿង​យុទ្ធនាការ​របស់​ក្រុម​សកម្មជន​នេះ​ ពី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និង​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី បានទេ នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ។ ចំណែក ក្រុមហ៊ុន​ទាំង​៣ ដែល​រង​ការចោទប្រកាន់​ពី​ក្រុម​សកម្មជន​ថា ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស​នោះ ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដូចគ្នា​។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​ស៊ីងបាយអូថេក ធ្លាប់​បាន​ចេញមុខ​បដិសេធ​ថា ក្រុមហ៊ុន​មិន​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ​ឡើយ។

ក្រុម​សកម្មជន​ការពារ​បរិស្ថាន អំពាវ​ដល់​យុវជន និង​ពលរដ្ឋ​ទាំងអស់​ដែល​ស្រលាញ់​ព្រៃឈើ ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ដើម្បី​ជា​សារ​មួយ ជូន​ដល់​រដ្ឋាភិបាល ចេញ​វិធាន​ការ​បិទ​រាល់​រោងចក្រ​អារ​ឈើ​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ និង​នៅ​ទូទាំង​ប្រទេស ដើម្បី​រក្សា​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់ កុំ​ឱ្យ​បាត់បង់​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។