ក្រុម​យុវជន​រិះគន់​អាជ្ញាធរ​ថា ទុកដាក់​សំរាម​មិន​ត្រឹមត្រូវ​អំឡុង​ពេល​ប្រកួត​កីឡាស៊ីហ្គេម

0:00 / 0:00

ក្រុម​យុវជន​រិះគន់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ថា រៀបចំ​ទុកដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ​អំឡុង​ពេល​ប្រកួត​កីឡា​ស៊ីហ្គេម​ដែល​បណ្ដាល​ឱ្យ​មាន​ថង់ប្លាស្ទិក​នៅ​ពាសពេញ​ខាងមុខ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ។ ពួកគេ​ស្នើ​ដល់​អាជ្ញាធរ​រៀបចំ​ធុងសំរាម និង​កន្លែង​ចោល​សំរាម​ឱ្យ​មាន​សោភ័ណភាព​ដើម្បី​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​នៅ​កម្ពុជា។

ក្រុម​យុវជន​លើកឡើង​ស្រដៀងៗ​គ្នា​ថា អាជ្ញាធរ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​។ ការ​លើកឡើង​នេះ​គឺ​បន្ទាប់ពី​ការប្រកួត​បាល់ទាត់​កីឡា​ស៊ី​ហ្គេម បុរស​អាយុ​ក្រោម ២២​ឆ្នាំ រវាង​កម្ពុជា និង​ប្រទេស​ទីម័រ​ខាងកើត (Timor Leste) បាន​បញ្ចប់ និង​បន្សល់ទុក​នៅ​កាក​សំណល់​សំរាម​រាយប៉ាយ។

សកម្មជន​សង្គម លោក ស្វាយ សំណាង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ មេសា ថា អំឡុង​ពេល​កម្ពុជា​ក្លាយជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ីហ្គេម អាជ្ញាធរ​គួរតែ​បង្កើន​ការ​សំអាត​អនាម័យ​នៅ​តាម​ទី​សាធារណៈ​ឱ្យ​បាន​ល្អ ដើម្បី​មុខមាត់​ដល់​កម្ពុជា។ លោក​បន្ត​ថា គឺជា​រឿង​ដ៏​អាម៉ាស់​នៅពេល​រដ្ឋាភិបាល​ចំណាយ​លុយ​រាប់​លាន​ដុល្លារ ប៉ុន្តែ​គ្រាន់តែ​បញ្ហា​សំរាម​តូចតាច​អាជ្ញាធរ​ធ្វើ​មិនបាន​។ លោក ស្វាយ សំណាង សង្កេតឃើញ​ថា រៀងរាល់​ការរៀបចំ​កម្មវិធី​មិន​ថា បុណ្យជាតិ ឬក៏​ព្រឹត្តិការណ៍​សំខាន់ៗ អាជ្ញាធរ​មិនសូវ​គិត​ពី​ប៉ះពាល់​នៃ​សំរាម ហើយ​អាជ្ញាធរ​មួយ​ចំនួន​ទៀត​គ្មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​បំពេញការងារ​នោះ​ទេ ។ លោក​បន្ត​ថា អាជ្ញាធរ​តែងតែ​ស្ដីបន្ទោស និង​ចោទប្រកាន់​ទៅលើ​យុវជន​ដែល​គិត​ពី​បញ្ហា​បរិស្ថាន។

​លោក ស្វាយ សំណាង៖ «យុវជន​របស់​យើង​គាត់​ត្រេកត្រអាល​ហ្នឹង​ជ័យជំនះ​ទាំងអស់​នោះ តែ​ផ្ទុយ​ទៅវិញ​គាត់​មិនបាន​មើល​ឃើញ​ពី​ចំណុច​ដែល​គាត់​ចូលរួម​បំផ្លាញ គាត់​ត្រេកអរ ប៉ុន្តែ​មិន​ដឹង​ថា​ខ្លួនឯង​កំពុងតែ​ធ្វើ​ខុស​នៅក្នុង​ប្រទេស​ខ្លួនឯង​ដែល​កំពុងតែ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ធ្វើ​ឱ្យ​អន្តរជាតិ​គេ​មើល​មក​ថា វា​មិន​សាក​សមជា​យុវជន​ដែល​អាច​នឹង​បន្តវេន ឬក៏​ជា​ទំពាំង​ស្នង​ឫស្សី​ដល់​ប្រទេសជាតិ​បាន​នេះ​គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ហើយ​ទៅកាន់​ប្រទេស​ដទៃទៀត»។

ស្រដៀង​គ្នា​នេះ​ដែរ​យុវជន​ស្រឡាញ់​បរិស្ថាន​ម្នាក់ទៀត​គឺ កញ្ញា នុត ធិ សាទរ​ដែល​កម្ពុជា​បាន​រៀបចំ​កម្មវិធី​ដ៏​ធំ​មួយ​នេះ​។ ប៉ុន្តែ កញ្ញា សោកស្ដាយ​អាជ្ញាធរ​ដែល​ព្រងើយកន្តើយ​មិន​ចូលរួម​ថែរក្សា​បរិស្ថាន ហើយ​ធ្វើ​ឱ្យ​ថង់​ប្លាស្ទិក​នៅ​តាម​ដងផ្លូវ​រាយប៉ាយ​ព្រោងព្រាត។ កញ្ញា​បន្ត​ថា កម្ពុជា​នឹង​បាក់មុខ​បើ​បញ្ហា​សំរាម​គ្រប់គ្រង​មិនបាន។

កញ្ញា នុត ធិ៖ «ជា​សំណូមពរ​របស់ខ្ញុំ​ទៅលើ​ដំណោះស្រាយ​សំរាម​ហ្នឹង រដ្ឋាភិបាល​គួរតែ​ផ្សព្វផ្សាយ​ទៅលើ​ផ្ទាំង​ប៉ាណូ​ផ្សេងៗ ហើយក៏​ដូចជា​ការ​លើក​ទឹកចិត្ត​ការ​និយាយ​ផ្ទាល់​ហ្នឹង ហើយនឹង​អន្តរាគមន៍​ទាន់ពេល​ទៅលើ​បញ្ហា​សំរាម​កុំ​ឱ្យ​មាន​ហោះហើរ​ពេញ​មេឃ​អ៊ីចឹង វា​អត់​ល្អមើល​ទេ​នៅ​ពេល​ដែល​យើង​ជា​ប្រទេស​មួយ​អត់​អាច​គ្រប់គ្រង​ទៅលើ​សំរាម​ក្រោយ​ដែល​បញ្ចប់​កម្មវិធី​ភ្លាម​វា​ដូចជា​ព្រិល​ធ្លាក់​នៅ​កម្ពុជា»។

ប្រតិកម្ម​របស់​ក្រុម​យុវជន​នេះ​គឺ​បន្ទាប់ពី​កម្ពុជា​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែលមាន​ការប្រកួត​វិញ្ញាសា ៣ ប្រភេទ រួមមាន បាល់ទាត់​បុរស​អាយុ​ក្រោម ២២ ឆ្នាំ អុកចត្រង្គ និង​កីឡាគ្រីកឃីត (Cricket ) ដោយមាន​អ្នកចូលរួម​ច្រើនជាង​ការប្រកួត​បាល់ទាត់​រវាង​កម្ពុជា និង​ទីម័រ​ខាងកើត (Timor Leste) កាលពី​ថ្ងៃទី​២៩ មេសា ។ ការចូលរួម​ទស្សនា​ច្រើនបែប​នេះ​ហើយ​បានជា​មាន​អ្នក​សំរាម​ចោល​ពាសពេញ​កន្លែង​ទី​សាធារណៈ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្តី ដើម្បី​បកស្រាយ​ជុំវិញ​មតិ​រិះគន់​នេះ​បានទេ នៅ​ថ្ងៃទី​៣០ មេសា។

ជុំវិញ​រឿង​នេះ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក សាន់ ម៉ាឡា មាន​ប្រសាសន៍​ថា បញ្ហា​សំរាម​នៅ​តាម​ទី​សាធារណៈ និង​ការ​ប្រគំ​តន្ត្រី ខាងមុខ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នេះ​គឺ​ដោយសារតែ​អាជ្ញាធរ​មិន​បាន​ផ្សព្វផ្សាយ​ដល់​សាធារណជន​ឱ្យ​បាន​យល់ដឹង ហើយ​ជាពិសេស​អាជ្ញាធរ​គួរតែ​មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​អ្នក​ដែល​ចោល​សំរាម​ផ្ដេសផ្ដាស ។ លោក​បន្ត​ថា លោក​ខកចិត្ត​នៅ​ពេល ដែល​រដ្ឋ​ចំណាយ​ថវិកាជាតិ​ច្រើន​ដើម្បី​រៀបចំ​កម្មវិធី​ស៊ី​ហ្គេម ប៉ុន្តែ​បែរជា​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​ពី​ប្រជាពលរដ្ឋ​រឿង​កង្វះ​អនាម័យ​ទៅវិញ។

លោក សាន ម៉ាឡា៖ «ធម្មតា​ទេ​នៅ​តំបន់​ជួបជុំ​របស់​យុវវ័យ​មាន​សំរាម​អ៊ីចឹង គេ​អាច​វាយតម្លៃ​បាន​ថា ប្រជាជាតិ​របស់​យើង​នៅ​មិនទាន់​ជឿនលឿន ប្រជាជាតិ​របស់​យើង​មិនមែន​ជា​ប្រជាជាតិ​ស៊ីវិល័យ​ស្អាតបាត​មាន​អនាម័យ​ល្អ​គ្រប់គ្រាន់​ទេ វា​ប្រាកដជា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​រដ្ឋ​ជាពិសេស​ភ្ញៀវ​ទេសចរ​ដែល​គេ​ចូលចិត្ត​ភាព​ស្អាត គេ​ប្រាកដជា​នឹង​មិន​សម្រេចចិត្ត​មកលេង​ប្រទេស​កម្ពុជា»។

កន្លង​មក​ពលរដ្ឋ សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល លោក ហ៊ុន សែន ថា​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំរាម​ជូន​ពលរដ្ឋ ហើយ​ជួនកាល​មាន​យុវជន​ខ្លះ​ហាក់​អស់​សង្ឃឹម​ចំពោះ​ចំណាត់ការ​របស់​មន្ត្រី​រដ្ឋាភិបាល ហើយ​ពួកគេ​បាន​ចងក្រង​គ្នា​ទៅជា​ក្រុម​យុវជន​ដើរ​ប្រមូល​សំរាម​នៅ​តាម​ទី​សាធារណ សួនច្បារ ទីកន្លែង​ដែល​មាន​ការ​ប្រគំ​តន្ត្រី និង​នៅ​តាម​ដង​ទន្លេ​ជាដើម ។

ដោយឡែក​ការប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ មាន​គណៈប្រតិភូ ចំនួន​៨​ប្រទេស​ក្នុងចំណោម​១១ ប្រទេស ចូលរួម​ប្រកួតប្រជែង​បាន​មកដល់​កម្ពុជា ហើយ​រួមមាន គណៈប្រតិភូ​មកពី ប្រទេស​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និង​ប្រទេស​មួយ​ចំនួន​ទៀត។ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នេះ​ក៏​មាន​កីឡា​ចំនួន​៣៧​ប្រភេទ និង​មាន ៥៨៦​វិញ្ញាសា​ក្នុង​ការ​ប្រកួត​ផង​ដែរ។

ក្រុម​កីឡាករ​បាល់ទាត់​ក្រោម​អាយុ​២២​ឆ្នាំ ក្នុង​តារាង​ពូល​បេ B​នៅ​ថ្ងៃទី​៣០ មេសា គឺ ក្រុមបាល់ទាត់​ប្រទេស​ថៃ (Thai) ប្រកួត​ជាមួយ ក្រុមបាល់ទាត់ សិង្ហបុរី (Singapore) និង​ក្រុម​បាល់​ទាត់ វៀតណាម (Vietnam) ប្រកួត​ជាមួយ ក្រុមបាល់ទាត់​ឡាវ (Laos) ។ វិញ្ញាសា​ខ្លះទៀត​នឹង​ត្រូវ​ចាប់ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី១ ឧសភា ដែរ​មាន​ដូចជា កីឡា​វាយ​កូន​បាល់ (Hockey) និង​ជិះទូក​ក្ដោង (Sailing) ជាដើម។

កម្មវិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៥ ឧសភា ហើយ​ការ​ប្រកួត​លើ​វិញ្ញាសា​កីឡា​ចំនួន​៥៨៦ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី៦ ខែ​ឧសភា បន្ត​រហូត​ដល់ពេល​បិទ​បញ្ចប់​នៅ​ថ្ងៃទី១៧ ខែ​ឧសភា ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។