ក្រុម​យុវជន​រក​ឃើញ​ដើម​ច្បោះជ័រ​ជិត ១ពាន់​ដើម ត្រូវ​បាន​ជន​ល្មើស​លួច​កាប់​នៅ​ព្រៃ​ព្រះ​រកា​

0:00 / 0:00

សកម្មភាព​កាប់​បំផ្លាញ​ដើមឈើ​ផលិត​ជ័រទឹក ​ដើម្បី​អារ​ច្រៀក​ធ្វើ​អាជីវកម្ម ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ​បាន​បំផ្លាញ​ប្រភព​ចំណូល​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​ប្រជា​សហគមន៍ ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ជាច្រើន​គ្រួសារ ក្នុង​ឃុំ​ប្រមេរ របស់​ខេត្ត​ព្រះវិហារ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​យុវជន​មួយ​ក្រុម ​បាន​ចុះ​ស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន ពី​ជីវភាព​រស់​នៅ​របស់​ជន​ជាតិ​ដើម​កួយ ដែល​អាស្រ័យ​ផល​ព្រៃឈើ​ កាល​ពី​សប្ដាហ៍​មុន។

ដើម​ឈើ​ផលិត​ជ័រ​ទឹក ដែល​ជា​ឆ្នាំង​បាយ របស់​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន កំពុង​ប្រឈម​ការ​បាត់បង់​ស្ទើរ​តែ​ទាំង​ស្រុង នៅ​រយៈ​ពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ។

Preah_Roka_Preah_Vihear_072921_by_Community_11a.jpg
ដើម​ឈើ​ច្បោះផលិត​ជ័រ​ទឹក ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ ព្រៃ​ព្រះ​រកា ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​ត្រូវបាន​គេ​លួច​កាត់ ហើយ​សហគមន៍​ប្រទះ​ឃើញ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២១។ រូប៖ សហគមន៍

កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​យុវជន ៣នាក់ ដែល​រស់​នៅ​រាជ​ធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​ប្រមេរ​ ឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ​ ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​ការ​បាត់បង់​ដើម​ឈើ​ផលិត​ជ័រ​ទឹក ក្នុង​ព្រៃ​ព្រះ​រកា របស់​ជន​ជាតិ​ដើម​កួយ។ ពួក​គេ​បាន​ធ្វើ​សម្ភាស​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ៤គ្រួសារ រក​ឃើញ​ថា ពួក​គាត់​បាត់បង់​ដើម​ឈើ​ផលិត​ជ័រ​ទឹក ៧០០ដើម នៅ​រយៈ​ពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ។

ប្រធាន​ផ្នែក​កម្ម​វិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ហេង គឹមហុង ​ប្រាប់​អាស៊ី​សេរី​ថា មាន​មូលហេតុ​សំខាន់​ពីរ​យ៉ាង បណ្ដាល​ឱ្យ​ដើម​ច្បោះ​ជ័រ​ទឹក​ របស់​អ្នក​ស្រុក​បាត់បង់ រួម​មាន ការ​លួច​ចូល​ទៅ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ និង​​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ ពី​សំណាក់​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​។ ​លោក​ថា ​បច្ចុប្បន្ន​សកម្មភាព​កាប់​ដើម​ច្បោះ​ជ័រ ​ក្នុង​ព្រៃ​ព្រះ​រកា​ នៅតែ​បន្ត​កើត​មាន​ច្រើន​ ធ្វើ​ឱ្យ​ប៉ះពាល់​ចំណូល​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​ជន​ជាតិ​ដើម​កួយ ដែល​អាស្រ័យ​ផល​ព្រៃ​ឈើ៖ «វិធីសាស្ត្រ​នៃ​ការអង្កេត​យើង​បាន​ចួប​ជាមួយ​ក្រុម​ម្ចាស់​ច្បោះ ហើយ​យើង​បាន​ពិភាក្សា​អំពី​សាស្ត្រ​ចូលរួម​របស់​គាត់ និង​ការ​អនុវត្ត​សិទ្ធិ។ យើង​ឃើញ​ថា ​សិទ្ធិ​ដក​ហូត​អនុផល​ព្រៃ​ឈើ​អាច​អនុវត្ត​បាន ប៉ុន្តែ​សិទ្ធិ​ក្នុងនាម​ការពារ​ព្រៃឈើ ​មិន​អាច​អនុវត្ត​បាន​ទេ​ ដោយ​សារ​តែ​មន្ត្រី​ឧទ្យានុរក្ស​មាន​តែ​គេ​ទេ ដែល​មាន​សិទ្ធិ​ការពារ​ធនធាន​ធម្មជាតិ។ ការពារ​របស់​មន្ត្រី​ឧទ្យានុរក្ស គឺ​មិន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​បទ​ល្មើស​នៅ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់»

យុវជន​រូប​នេះ​បន្ថែម​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ពួក​លោក​នឹង​ចង​ក្រង​ឯកសារ​ ភ្ជាប់​ភស្តុតាង​ជា​ថ្មី​ទៀត ដើម្បី​ផ្ញើ​ជូន​ស្ថាប័ន​ពាក់ព័ន្ធ ​រក​វិធានការ​ដោះ​ស្រាយ ដើម្បី ​ថែទាំ​ព្រៃ​ព្រះ​រកា​បាន​គង់​វង្ស។ លោក​ថា ដើម​ច្បោះ​ជ័រ​មាន​ប្រយោជន៍ ផ្គត់​ផ្គង់​សេដ្ឋកិច្ច​សហគមន៍ ប្រសិន​បើ​បាត់បង់​អស់ អ្នកភូមិ​នឹង​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន។

Preah_Roka_Preah_Vihear_072921_by_Community_10a.jpg
ប្រជាសហគមន៍ និង​យុវជន​ នៅ​​ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២១ កំពុង​វាស់​គល់​ដើមច្បោះជ័រទឹក ដែល​គេ​លួច​កាត់ នៅ​ព្រៃព្រះ​រកា ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដើម្បីចងក្រងព័ត៌មាន។ រូប៖ សហគមន៍

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ពី​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា លោក យ៉ាន់ ប៊ុនសឿន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​លោក សុង ចាន់​សុជាតិ និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣ សីហា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ ចាប់​ពី​មេឃុំ​ប្រមេរ រហូត​ដល់​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះវិហារ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ធ្លាប់​ប្រាប់​លើក​ឡើង​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន នៅ​តែ​បន្ត​ប្រឹង​ប្រែង​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព ដែល​ឋិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ លោក​ថា សមត្ថកិច្ច និង​មន្ត្រី​ជំនាញ មាន​ការ​តាំង​ចិត្ត​ខ្ពស់ ទប់ស្កាត់ និង​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់ ប្រឆាំង​នឹង​បទ​ល្មើស​ធនធាន​ធម្មជាតិ ដោយ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។

ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​ប្រមេរ ឱ្យ​ដឹង​ថា មុន​ឆ្នាំ២០១៣ អ្នក​ភូមិ ៨០ភាគ​រយ មាន​ដើម​ច្បោះ​ជ័រ​ទឹក​ក្នុង​មួយ​គ្រួសារ ក្នុង​ចន្លោះ ៥០ដើម ដល់ ៣០០ដើម អាច​ដង​ជ័រ​ទឹក​លក់​ទទួល​ប្រាក់​ចំណូល​ចាប់​ពី ៤០ម៉ឺន​រៀល ដល់​ជាង ២លាន​រៀល ក្នុង​មួយ​ខែ។ អ្នក​ភូមិ​ខ្លះ បាន​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ ដើម្បី​ធ្វើ​ដើមទុន​រកស៊ី និង​ទិញ​គោយន្ត ធ្វើ​កសិកម្ម​ដែល​រំពឹង​ថា រក​ចំណូល​ពី​របរ​ធ្វើ​ជ័រ​ទឹក ក៏​ប៉ុន្តែ​ដើមឈើ​ផលិត​ជ័រទឹក​របស់​ពួកគេ ត្រូវ​ជនល្មើស​លួច​កាប់​ជា​បន្តបន្ទាប់។

ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​ប្រមេរ លោក ស៊ុត សាវន ថ្លែង​ថា គ្រួសារ​លោក​បាត់បង់​ដើម​ច្បោះ​ជ័រ​ជាង ៤រយ​ដើម​ដែរ​ នៅ​រយៈ​ពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​ថា មក​ទល់​ពេល​នេះ នៅ​ភូមិ​ប្រមេរ នៅ​សល់​តែ​ពលរដ្ឋ​ជាង ១០គ្រួសារ ប៉ុណ្ណោះ មាន​ដើម​ច្បោះ​ជ័រ​ទឹក ក្នុង​តំបន់​ព្រៃ​ព្រះ​រកា ហើយ​កំពុង​ប្រឈម​ការ​លួច​កាប់ ពី​ក្រុម​ជន​ល្មើស។ លោក​សង្កេត​ឃើញ​ថា សកម្មភាព​លប​កាប់​ឈើ​ផលិត​ជ័រទឹក និង​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​កើត​មាន​រៀងរាល់​យប់ ក្នុង​មួយ​យប់ៗ គ្រាន់​តែ​ផ្លូវ​មួយ​ច្រក មាន​គោយន្ត​ចន្លោះ​ពី ៨គ្រឿង ទៅ​ជាង ១០គ្រឿង លួច​ដឹក​ឈើ​ចេញពី​ព្រៃ ហើយ​ឈើ​ដែល​ដឹក​នោះ​ជា​ប្រភេទ​ឈើ​ត្រាច និង​ឈើទាល​ដុត​យក​ជ័រ​ទឹក៖ «ពលរដ្ឋ​ចំណូល​ថ្មី​គាត់​ទៅ​កាប់​ដើម​ច្បោះ​ពួក​គាត់ គឺ​គាត់​ការពារ​អត់​បាន បងប្អូន​ខ្លះ​គាត់​ចោល​ទៅ ហើយ​បងប្អូន​ខ្លះ​គាត់​មាន​បញ្ហា​ជាមួយ​នឹង​អ្នក ដែល​គេ​ចូល​មក​កាប់​ដោយ​សារ​ក្នុង​ព្រៃ ​វា​អត់​មាន​សុវត្ថិភាព​ទេ បើ​សិន​ជា​យើង​ប្រឆាំង​ជាមួយ​គេ​អ៊ីចឹង។ បងប្អូន​ខ្លះ​គេ​សម្រេច​លក់​ចេញ ហើយ​គេ​សុំ​ទិញ​តម្លៃ​ថោកៗ ដោយ​អត់​មាន​ជម្រើស»

ជា​មួយ​គ្នា​នេះ​ដែរ នាយក​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ យល់​ថា ការ​បាត់បង់​ដើម​ច្បោះ​ជ័រ​ ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​សហគមន៍ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ។ លោក​ថា អ្នក​ភូមិ​ខ្លះ​បាន​បង្ខំ​ចិត្ត​លក់​ដើម​ច្បោះ​ជ័រ​ឱ្យ​ឈ្មួញ​កាប់​យក​ដើម​លក់ ព្រោះ​តែ​មិន​អាច​ការពារ​បាន ហើយ​ពួក​គេ​គ្មាន​ជំនឿ​ចំពោះ​ប្រសិទ្ធភាព​ថែទាំ​ព្រៃ​របស់​មន្ត្រី​បរិស្ថាន​ដែរ៖ «ម្ចាស់​ច្បោះ​ហ្នឹង​គាត់​លក់​ទៅ​វា​ខុស​ដែរ ​ប៉ុន្តែ​គាត់​ខុស​ក្នុង​ ឋិត​ក្នុង​គំរាម​កំហែង​របស់​ជនល្មើស ​ដោយ​អត់​មាន​អាជ្ញាធរ​និង​មន្ត្រី​ ជួយ​គាំទ្រ​ពួកគាត់​ទៀត​ផង។ ចំណាត់​ការ​ទី២ ជន​ល្មើស​លួច​កាប់ ដោយ​ពួក​គាត់​មិន​បាន​ដឹង អា​ហ្នឹង​ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​ របស់​មន្ត្រី​ជំនាញ​ដែរ»

ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ត្រូវ​ក្រសួងបរិស្ថាន​ដាក់​បញ្ជូន​ជា​ព្រៃ​អភិរក្ស​មាន​ទំហំ ៩ម៉ឺន ៦ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខែត្រ​ព្រះវិហារ ក៏​ប៉ុន្តែ​ព្រៃ​នេះ​បាន​ទទួល​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ។ សព្វថ្ងៃ ព្រៃ​អភិរក្ស​មួយ​នេះ មាន​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ចំនួន ១៤នាក់ ដែល​ជា​ចំនួន​ដ៏​តិច​តួច បើ​ប្រៀប​ធៀប​នឹង​ទំហំ​​ព្រៃ​ដែល​ត្រូវ​ការពារ។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា មន្ត្រី​ជំនាញ របស់​ក្រសួង​បរិស្ថាន តែង​តែ​ឆ្លើយ​ដោះសា​យក​រួច​ខ្លួន នៅ​ពេល​ដែល​មាន​បទល្មើស​ព្រៃ​ឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន៕

Preah_Roka_Preah_Vihear_072921_by_Community_4a.jpg
ដើម​ឈើ​ច្បោះផលិត​ជ័រ​ទឹក ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ ព្រៃ​ព្រះ​រកា ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​ត្រូវបាន​គេ​លួច​កាត់ ហើយ​ប្រជា​សហគមន៍​ប្រទះ​ឃើញ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២១។ រូប៖ សហគមន៍ព្រៃព្រះរកា

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។