ទស្សនៈ​យុវជន​​ជុំវិញ​​ការ​​ឃុំ​ខ្លួន​​សកម្មជន​ចលនា​​មាតា​​ធម្មជាតិ​

0:00 / 0:00

យុវជន​ការពារ​បរិស្ថាន​ទាំង​ ៦នាក់ ​​ដែល​កំពុង​ជាប់​ពន្ធនាគារ​រួមមាន ​​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវ​រស្មី កញ្ញា ស៊ុន រដ្ឋា លោក យឹម​ លាងហ៊ី និង​លោក លី ចាន់​ដារ៉ាវុធ​។ ពួក​គេ​ទាំង ​៦នាក់​ មាន​ខ្លះ​​​រង​បទ​ចោទ​​ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» និងខ្លះរង​​បទ​ចោទ «រួម​គំនិត​ក្បត់​ និង ​ប្រមាថ​ព្រះ​មហាក្សត្រ»។​​​ ក្នុង​នោះ មាន ​៣ នាក់ គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី​​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ ហើយ​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​គុក​ពី ១៨ខែ ទៅ ២០ខែ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ ៤លាន​រៀល។ ឯ​យុវជន ៣នាក់​ទៀត នគរបាល​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៦ មិថុនា​សប្ដាហ៍​មុន ហើយ​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស រង់ចាំ​សវនាការ​អង្គ​សេចក្ដី។

​យុវតី​ម្នាក់​ រស់​នៅ​ខេត្ត​បាត់ដំបងកញ្ញា គឹម លក្ខ ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ដោះលែង​​សកម្មជន​បរិស្ថាន​ទាំង ​៦នាក់ ឲ្យ​មាន​សេរីភាព​វិញ។ កញ្ញាចាត់​ទុក​ការ​​ចោទ​ប្រកាន់​យុវជន​បរិស្ថាន​​ពី​បទ​​ ញុះញង់ រួម​គំនិតក្បត់ និង​ប្រមាថ​ព្រះ​មហាក្សត្រ​ថា​ ជា​រឿង​អស់​សំណើច​ ព្រោះ​អាជ្ញាធរ​ចាប់​អ្នក​ធ្វើ​ការងារ​ដើម្បី​ប្រយោជន៍​សង្គម។ ទោះ​យ៉ាង​ណា​ យុវតី​រូប​នេះ​​អះអាង​ថា​ ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ជា​បន្ត​បន្ទាប់ មិន​​បាន​ធ្វើ​ឲ្យ​យុវជន​បាក់​ទឹក​ចិត្ត​ទេ​ តែ​បែរ​ជា​ជំរុញ​ឲ្យ​កញ្ញា​ប្ដេជ្ញា​ចិត្ត​​​ចូលរួម​សកម្មភាព​​​សង្គម ឬ​សកម្មភាព​បរិស្ថាន​​ទៅ​វិញ៖ «ខ្ញុំ​ជា​យុវជន​មួយ​រូប​ដែរ​ខ្ញុំ​ត្រូវ​តែ​ដឹង​ពី​ប្រទេស​កម្ពុជា​​ដែល​កំពុង​តែ​ជិត​វិនាស​ហិនហោច​អស់​ហើយ​។​ អ៊ីចឹង​បែរ​ជា​ខាង​យុវជន​គាត់​មាន​គំនិត​ការពារ​ បែរ​​ជា​ចោទ​គាត់​ថា​ ជា​ភេរវកម្ម។​ អ៊ីចឹង​ខ្ញុំ​វា​អស់​ជំនឿថា ​និយាយ​ទៅ​​ថា ​យើង​និយាយ​តែ​ម្នាក់​ឯង ក៏​វា​មិន​អាច​ទេ។​ សុំ​អំពាវនាវ​​​ដល់​យុវជន​ខ្មែរ​គ្រប់​រូប​ដែល​រស់​នៅ​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​ឈឺ​ចាប់​ផង ដល់​អំពើ​របស់​គាត់​ធ្វើ​ឡើង​លើ​យុវជន ដែល​កំពុង​ជាប់​​ក្នុង​ពន្ធនាគារ»។

ដូចគ្នា​នេះ​ដែរ​យុវជន​ម្នាក់​ទៀត​រស់​នៅ​រាជធានី​ភ្នំពេញលោក ពុធ កុលកា សោក​ស្ដាយ​​ចំពោះ​​ការ​ចោទ​ប្រកាន់​​​ទាំង​ឡាយ​ប្រឆាំង​នឹង​យុវជន​ការពារ​​បរិស្ថាន​។ លោក​​យល់​ថា ​រដ្ឋាភិបាល​គួរ​តែ​លើក​សរសើរ​​​​​​​ដល់​យុវជន​​ទាំង​ ៦នាក់​​ ជាជាង​ការ​ចាប់​ពួក​គាត់​​​​​ដាក់​ពន្ធនាគារ​​​​ទេ។ យុវជន​រូប​នេះ ស្នើសុំ​ឲ្យ​អាជ្ញាធរ​​ពាក់ព័ន្ធ​ពិចារណា​​ឡើង​វិញ ក្នុង​ការ​ដោះលែង​​យុវជន​បរិស្ថាន​ទាំង ​៦នាក់ និង​ស្នើ​ឲ្យ​​​​​​ជួយ​ជ្រោមជ្រែង​ដល់​យុវជន​​​ទាំង​អស់​ ​ដើម្បី​ឲ្យ​ពួក​គេ​អាច​​សម្ដែង​មតិ បញ្ចេញ​យោបល់ និង​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន​ឲ្យ​បាន​ទូលំ​ទូលាយ ព្រម​ទាំង​គ្មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ត​ទៅ​ទៀត​៖ « សម្រាប់​ខ្ញុំ បើ​ខ្ញុំ​ជា​រដ្ឋាភិបាល​វិញ ខ្ញុំ​នឹង​​លើក​ជា​​លិខិត​សរសើរ ឬ​ក៏​ផ្ដល់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​សកម្មជន​ទាំង​អស់​នោះ​ពីព្រោះ​ការ​ចូលរួម​របស់​ពួកគាត់​នេះ​ មិន​មែន​មាន​ន័យ​ថា​ គាត់​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ខ្លួន​​គាត់​​ទេ គឺ​ដើម្បី​ប្រយោជន៍​រួម​របស់​ប្រទេស​កម្ពុជា​ ប្រជាជន​កម្ពុជា​យើង​ តែ​បែរ​ជា​នៅ​ពេល​​រង​ការ​ចាប់​ខ្លួន​​ ឬ​ក៏​ឃាត់​ខ្លួន ​ឬ​ក៏​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​ បែរ​ជា​គាត់​រង​ទុក្ខ​តែ​ឯង។ ប៉ុន្តែ​នេះ​ជា​រឿង​​​ប្រយោជន៍​​រួម។​ វា​ហាក់​ដូចជា​រឿង​អយុត្តិធម៌​សម្រាប់​សកម្មជន​ទាំង​អស់​នោះ»។

ចំណែក​​អ្នក​ការពារ​ព្រៃ​ឡង់​ គឺ​​យុវតី​ ឈាង លី ហៅ​ការ​ចាប់​ខ្លួន​យុវជន​ទាំង ​៦នាក់​នេះថា​ ជា​ការ​បំបាក់​ស្មារតី​​និង​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នក​ហ៊ាន​ការពារ​ធនធាន​ធម្មជាតិ​។ កញ្ញា​​សង្កេត​ឃើញ​ថា ​ការ​ចាប់​ខ្លួន​យុវជន​ទាំង ​៦​នាក់​ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​ការពារ​បរិស្ថាន​និង​ព្រៃ​ឈើ។​ កញ្ញាក៏​បារម្ភ​ថា​ យុវជន​ផ្សេង​ទៀត នឹង​​​​ខ្លប​ខ្លាច​​​លែង​ហ៊ាន​ចូលរួម​​ការពារ​ធនធាន​ធម្មជាតិ​​ហើយ​ពេល​នោះ​ធនធាន​ធម្មជាតិ​របស់​​កម្ពុជា​នឹង​ត្រូវ​វិនាស​ទាំងស្រុង​៖ «ប្រហែល​ជា​បាក់​ស្បាត​ដែរ ​ដោយសារ​តែ​​​ឃើញ​​សកម្មភាព​អ៊ីចឹងៗ​​ ទៅ យុវជន​ក្រោយៗ​​ គាត់​មិន​សូវ​ជា​ហ៊ាន​ចូលរួម​ការពារ​លើ​វិស័យ​ធនធាន​ធម្មជាតិ​ហ្នឹង​ទេ ដោយសារ​គាត់​ខ្លាច​គេ​ចាប់ គេ​អ្វី​ហ្នឹង​ទៀត​»។

ដោយ​ឡែក​ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) លោក អ៊ុល វ៉ាន់ សង្កេត​ឃើញ​ថា ​​យុវជន​​បរិស្ថាន​ទាំង​ ៦នាក់​ មាន​សក្ដានុពល​​ក្នុង​ការ​ការពារ​បរិស្ថាន។ លោក​បន្ត​ថា ​​​​ពួកគេ​ក៏​ជា​យុវជន​​មាន​ចំណេះ​ដឹង​​ មាន​ជំនាញ​​​​ផ្នែក​បរិស្ថាន​និង​មាន​បេះដូង​ស្រលាញ់​​ធនធាន​ធម្មជាតិ។​ លោក​ក៏​សង្កេត​ឃើញ​ថា​​ សកម្មភាព​របស់​ពួកគេ​កន្លង​មក​​​ជា​ផ្នែក​មួយ​​​ជួយ​​​ដល់​​កិច្ចការ​ងារ​បរិស្ថាន​​ឲ្យ​មាន​ភាព​​ប្រសើរ​នៅ​កម្ពុជា​។ អ្នក​ឃ្លាំ​មើល​​​​សិទ្ធិ​​​​រូប​នេះ ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​យុវជន​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ។ លោក​ក៏​មាន​បំណង​ចង់​ឲ្យ​អាជ្ញាធរ​រដ្ឋ​​លើក​តម្កើង​ពួកគេ​ ឲ្យ​សាក​សម​​នឹង​សកម្ម​ភាព​ជួយ​សង្គម​ដើម្បី​លើក​ទឹក​ចិត្ត​យុវជន​ផ្សេង​ទៀត ឲ្យ​មាន​ភាព​សកម្ម​ក្នុង​ការ​ការពារ​​បរិស្ថាន និង​ធនធាន​ធម្មជាតិ​៖ « ព្រោះ​សកម្មភាព​របស់​ពួកគាត់ ជា​សកម្ម​ភាព​លើក​ឡើង​ពី​បញ្ហា​បរិស្ថាន ហើយ​លើក​ឡើង​ពី​​ចំណុច​ខ្វះ​ខាត​របស់​រដ្ឋាភិបាល​​​ ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ហើយ​និង​វិធានការ​​សមស្រប​ពី​អ្នក​ទទួល​ខុស​ត្រូវ​​ ជា​ពិសេស​ពី​រដ្ឋាភិបាល​ ហើយ​ដែល​ជា​បញ្ហា​ដូច​ការ​ចោទ​ប្រកាន់ មិន​មែន​ជា​ការ​ក្បត់​ជាតិ​ ឬ​ក៏​មាន​ការ​ប្រមាថ​ណា​មួយ​នោះ​ទេ»។

ក្រៅពី​យុវជន​​​ទាំង​នេះ​​ ក៏​មាន​ពលរដ្ឋ​ទូទៅ ​រួម​ទាំង​អ្នក​ច្បាប់ អ្នក​នយោបាយ អ្នក​ឃ្លាំ​មើល​​​សង្គម អ្នក​ការពារ​ធនធាន​ធម្មជាតិ​នៅ​លើ​ពិភព​លោក​ អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ អន្តរ​ជាតិ និង​តំណាង​​ស្ថានទូត​ប្រទេស​លោក​សេរី សុទ្ធ​តែ​បង្ហាញ​ការ​គាំទ្រ​ដល់​សកម្ម​ភាព​​របស់​​​យុវជន​​​ការពារ​បរិស្ថាន។ ពួកគេ​ស្ដី​បន្ទោស​ចំពោះ​​ទង្វើ​ចាប់​ចង​ និង​ការ​ចោទ​ប្រកាន់​​មិន​សម​ទំនង​​ប្រឆាំង​នឹង​សកម្ម​ជន​​បរិស្ថាន​ទាំង ​៦នាក់​​។ ពួកគេ​ក៏​​ទទូច​ឲ្យ​របប​ក្រុង​ភ្នំពេញ ​​​អនុវត្ត​ច្បាប់​​ដោយ​ចាប់​ខ្លួន​ឈ្មួញ​​រក​​ស៊ី​​កាប់​ឈើ​ខុស​ច្បាប់​​យក​ទៅ​ដាក់​ពន្ធនាគារ​ ជាជាង​ការ​​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​លើ​សកម្មជន​បរិស្ថាន៕​​​​​​​​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។