ព្រះ​មហា​ក្សត្រ​ខ្មែរ​លើក​លែង​ទោស​ឲ្យ​ជន​ជាតិ​ថៃ​៣​នាក់

មន្ត្រី​ពន្ធនាគារ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា គេ​បាន​ដោះ​លែង​បុរស​ជន​ជាតិ​ថៃ ៣​នាក់​ចេញ​ពី​ពន្ធនាគារ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​ធ្នូ​នេះ បន្ទាប់​ពី​គេ​បាន​ទទួល​សារ​លិខិត​ព្រះ​មហាក្សត្រ​ខ្មែរ ដែល​សព្វ​ព្រះ​រាជ​ហឫទ័យ​លើក​លែង​ទោស​អ្នក​ទាំង៣នាក់នោះ។

លោក ឆែម សាវុធ ប្រធាន​ពន្ធនាគារ​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២០ ធ្នូ​ថា ខាង​ពន្ធនាគារ​បាន​ដោះ​លែង​បុរស​ជន​ជាតិ​ថៃ​ទាំង​៣​នាក់ តាំង​តែ​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​មន្ត្រី​ពន្ធនាគារ​បាន​ទទួល​ដីកា​ដោះ​លែង​របស់​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប​មក ៖ "តាម​រាជ​ក្រឹត្យ​ព្រះ​ករុណា​លើក​លែង​ទោស។ ចេញ​ហើយ​ព្រឹក​មិញ​ខាង​កង​រាជ​អាវុធហត្ថ​គេ​មក​យក​ទៅ"

ទោះ​យ៉ាង​ណា មិន​អាច​ទំនាក់​ទំនង​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ដើម្បី​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ។ ប៉ុន្តែ​តាម​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ ដែល​ចេញ​ផ្សាយ​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២០ ធ្នូ បាន​ដក​ស្រង់​សំដី​លោក កាស៊ីត ភិរម្យយ៉ា (Kasit Piromya) រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ បាន​អះអាង​ថា បុរស​ជន​ជាតិ​ថៃ​ទាំង​៣ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ខ្មែរ​លើក​លែង​ទោស បន្ទាប់​ពី​លោក​បាន​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ធ្នូ ដដែល​នោះ។

បុរស​ជន​ជាតិ​ថៃ​ទាំង ៣​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​ដោះ​លែង​ពី​ពន្ធនាគារ​ខេត្ត​សៀមរាប ហើយ​ពួក​គេ​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ ជា​មួយ​និង​លោក​ឧត្ដម​សេនីយ៍ ប្រាយុទ្ធ មេ​បញ្ជាការ​យោធា​ថៃ​នៅ​ថ្ងៃ​អង្គារ។

លោក ទី សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ការ​ដោះ​លែង​បុរស​ជន​ជាតិ​ថៃ​ទាំង​បី​នាក់​នោះ​មែន ៖ "ត្រូវហើយ​ជា​ការ​ពិត​ហើយ ខ្ញុំ​អ្នក​ចេញ​ដីកា​ដោះ​តាម​ច្បាប់"

បុរស​ជន​ជាតិ​ថៃ​ទាំង​៣​នាក់​នោះ ឈ្មោះ សាណង វង់ចារើន ឈ្មោះ លែម ភួងភេត និង​ឈ្មោះ លេន សាប​សិរី ជា​អ្នក​ស្រុក​សង្ហា ខេត្ត​សុរិន្ទ។ អ្នក​ទាំង​៣​នាក់​នោះ ត្រូវ​ប៉ូលិស​ការ​ពារ​ព្រំដែន​គោក​របស់​ខ្មែរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា​កន្លង​មក នៅ​តំបន់​តាទុំ ចន្លោះ​បង្គោល​ឡាក់​ព្រំដែន​ខ្មែរ-ថៃ លេខ​៩ និង​លេខ​១០ បន្ទាប់​ពី​អ្នក​ទាំង​នោះ​បាន​ឆ្លង​ចូល​មក​ក្នុង​ដី​ខ្មែរ​ជម្រៅ​ជាង​៣០០​ម៉ែត្រ ដោយ​មាន​អាវុធ​ច្នៃ ព្រម​ទាំង​គ្រាប់​ជា​ច្រើន​ជាប់​នឹង​ខ្លួន​ផង។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ​កន្លង​មក តុលាការ​ខេត្ត​សៀមរាប​បាន​ចោទ​ប្រកាន់​អ្នក​ទាំង ៣​នាក់​ពី​បទ​ឆ្លង​ដែន​ចូល​ប្រទេស​កម្ពុជា និង​ប្រើ​ប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​បាន​ប្រកាស​សាល​ក្រម​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ១​លាន​រៀល​ផង៕