ប្រជាពលរដ្ឋឈ្មោះ គាំ ប៊ុនឡេង នៅភូមិត្រពាំងវែង បានចោទប្រកាន់បុរសម្នាក់នៅឃុំសូយោង ស្រុកបារាយណ៍ បានទៅបើកបនល្បែងទ្រង់ទ្រាយធំ នៅក្នុងភូមិរបស់លោកអស់រយៈពេលប្រមាណ ២ខែ កន្លងមក ដែលធ្វើឲ្យអ្នកភូមិមួយចំនួនទៅលេងល្បែងទាំងនោះ ហើយក៏មានកូនសិស្សមួយចំនួនទៅមើលគេភ្នាល់ជល់មាន់ ដែលខកខានទៅសាលារៀនជាដើម។
នាយករងវិទ្យាល័យតាំងគោក លោក ស៊ុន ស៊ីន បានមានប្រសាសន៍ថា ចាប់ពីបើកឲ្យមានលេងល្បែងនេះមក គ្រួសារមួយចំនួនបានប្រើអំពើហិង្សាដាក់ប្រពន្ធ កូន ដោយសារតែពួកគេចាញ់បៀរ ឬអាប៉ោង។ ហើយបញ្ហាចោរកម្មក៏កើតមានដែរ ដូចជាកាលពីខែវិច្ឆិកា សិស្សសាលារបស់លោក បានបាត់ម៉ូតូ ១គ្រឿង នៅពេលរសៀល។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីលោក អែម ប៊ុនស៊ាង ដែលអ្នកភូមិចោទប្រកាន់ថា ជាម្ចាស់បើកបនល្បែងនោះបានទេ នៅថ្ងៃទី២២ធ្នូ។
មេប៉ុស្តិ៍រដ្ឋបាលឃុំច្រនៀង លោក កៅ សុខេង បានមានប្រសាសន៍ថា នៅក្នុងឃុំរបស់លោក មានបនល្បែងមែន ប៉ុន្តែលោកមិនអធិប្បាយទេ ដោយឲ្យសួរទៅថ្នាក់លើ។
ស្នងការនគរបាលខែត្រកំពង់ធំ លោក ផាន់ សុផេង បានអះអាងថា លោកមិនទាន់បានដឹងអំពីការករណីនេះទេ ប៉ុន្តែលោកបញ្ជាក់ថា លោកនឹងឲ្យកម្លាំងរបស់លោកចុះស៊ើបអង្កេត។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា លោក អែម ប៊ុនស៊ាង ធ្លាប់បានបើកបនល្បែងជល់មាន់ បៀរ និងអាប៉ោងដូចគ្នានេះ នៅក្នុងឃុំសូយោង ស្រុកបារាយណ៍ ប៉ុន្តែត្រូវបានសមត្ថកិច្ចបង្ក្រាប ក៏រត់មកបើកនៅក្នុងឃុំច្រនៀងនេះទៀត។
លោក ផាន់ សុផេង បានបន្ថែមថា បើសិនជាមានករណីបើកបនល្បែងដូចជាការលើកឡើងរបស់អ្នកភូមិខាងលើនោះមែន លោកនឹងចាប់ម្ចាស់បនល្បែងនោះយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ អាស្រ័យលើការបើកទ្រង់ទ្រាយតូច ឬធំ។ ហើយលោកក៏បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១០ នេះ នៅក្នុងខែត្រកំពង់ធំ សមត្ថកិច្ចរបស់លោកធ្លាប់បានបង្ក្រាបអ្នកបើកបនល្បែងស៊ីសងជាបន្តបន្ទាប់ ប៉ុន្តែលោកមិនអាចបញ្ជាក់បានទេថាមានប៉ុន្មានករណីនោះ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩កន្លងទៅ រដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ឲ្យមានការដកហូតអាជ្ញាប័ណ្ណ និងបញ្ឈប់អាជីវកម្មល្បែងកម្សាន្តអេឡិចត្រូនិក ស្លុតម៉ាស៊ីន និងល្បែងភ្នាល់បាល់គ្រប់ប្រទេស ដើម្បីការពារ និងពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាសីលធម៌សង្គម៕