បុគ្គលិក​ថែ​សួន​សាធារណៈ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​បន្ត​ការ​តវ៉ា

បុគ្គលិក​ថែ​សួន​សាធារណៈ​ជា​ច្រើន​រយ​នាក់​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​មន្ទីរ​សាធារណការ​បញ្ឈប់​ពី​ការងារ​កាល​ពី​ខែ​មករា​នោះ នៅតែ​បន្ត​ស្វែងរក​អន្តរាគមន៍​ក្នុង​ការ​ទាមទារ​ប្រាក់​ខែ​របស់​ពួក​គេ​ចំនួន​មួយ​ឆ្នាំ​ដើម្បី​ធ្វើ​ដើម​ទុន​ប្រកប​របរ​ថ្មី។

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤០​នាក់​តំណាង​ឲ្យ​អតីត​បុគ្គលិក​ថែ​សួន​ទីក្រុង​ភ្នំពេញ​ប្រមាណ ២៧០​នាក់​ដែល​ត្រូវ​បាន​មន្ទីរ​សាធារណការ​បញ្ឈប់​ពី​ការងារ​កាល​ពី​ដើម​ខែ​មករា​នោះ មាន​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​បាន​នាំ​គ្នា​មក​តវ៉ា​ម្តង​ហើយ​ម្តង​ទៀត​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ សុំ​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ​ចំពោះ​ការ​បញ្ឈប់​ពួក​គាត់​ពី​កាងារ ប៉ុន្តែ​ការ​តវ៉ា​នេះ​ក្រុម​សមត្ថកិច្ច​មិន​ស្វាគមន៍​ឡើយ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​ឲ្យ​ទៅ​តវ៉ា​នៅ​មន្ទីរ​សាធារណការ​វិញ។

ស្រ្តី​ម្នាក់​អាយុ​ជាង ៤០​ឆ្នាំ ឈ្មោះ​អ្នក​ស្រី ចាន់ សុខុន ជា​កម្មករ​ថែ​សួន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​មាន​ប្រសាសន៍​ទាំង​ការ​យំ​សោក ដោយ​រៀបរាប់​ពី​ទុក្ខ​លំបាក​ក្នុង​ជីវភាព​រស់​នៅ និង​ការ​ប្រឈម​មុខ​អត់​កាងារ​ធ្វើ ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ដូច្នេះ ៖ «ធ្វើ​ការ​តាំង​ពី​កូន​នៅ​ស្លៀក​សំពត់​កៅស៊ូ​ឯ​ណោះ! កុំ​អាល​ដេញ​ភ្លាម​នោះ ឲ្យ​គ្នា​និយាយ​ហេតុ​ផល​របស់​គ្នា​ផង។ ម្នាក់ៗ​វេទនា​ចង់​ងាប់ តស៊ូ​ម្នាក់ ២០​ឆ្នាំ ១០​ឆ្នាំ​ជាង ហេតុ​អី​បាន​ដក​គ្នា​ដូច​ស្ពៃ អត់​ឲ្យ​លុយ​ឲ្យ​កាក់​គ្នា ១​រៀល​ចាយ មិន​បាន​អី​គិតគូរ​ដោះស្រាយ​ឲ្យ​គ្នា​ផង។ វេទនា ជំពាក់​គេ​មិន​តិច​ទេ​ម្នាក់ៗ»

ស្រ្តី​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​តវ៉ា​ពី​បញ្ហានេះ​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ ប៉ុន្តែ​ពុំ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹកនាំ​ក្រុង​នោះ​ទេ ដោយ​ដេញ​ពួក​គាត់​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ហើយ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះ​ឡើយ។

អ្នក​ស្រី ចាន់ សុខុន បាន​ថ្លែង​ថា ៖ «ពួក​ខ្ញុំ​មក​ច្រើន​ដង​ហើយ ប៉ុន្តែ​មិន​ដោះស្រាយ​ឲ្យ​សោះ ចេះ​តែ​ដោះស្រាយ​ចេញ​ពី​លិច​ចូល​កើត ចេញ​ពី​កើត​ចូល​លិច អត់​គិតគូរ​ឲ្យ​សោះ!»

ស្រ្តី​តំណាង​អ្នក​តវ៉ា​ម្នាក់​ទៀត​ឈ្មោះ ជិម សយ បាន​ឲ្យ​ដឹង​ថា ការ​បញ្ឈប់​ពួក​គាត់​នេះ​គឺ​រដ្ឋាភិបាល​លើក​ហេតុ​ផល​ថា សេដ្ឋកិច្ច​ធ្លាក់​ចុះ ពុំ​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ។

ក្រុម​អ្នក​តវ៉ា​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​ក៏​មិន​ជំទាស់​ដែរ​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​សូម​ឲ្យ​មាន​ការ​ឧបត្ថម្ភ​ជា​ប្រាក់​ខែ​ចំនួន ១​ឆ្នាំ ដើម្បី​ធ្វើ​ដើម​រកស៊ី​កសាង​ជីវភាព​ថ្មី ៖ «...គោលការណ៍​ខ្ញុំ​សុំ​តែ (ប្រាក់​ខែ) ១​ឆ្នាំ តែ​បើ​មាន​សន្ដាន​ចិត្ត​ជួយ​លើស​ហ្នឹង​ក៏​ខ្ញុំ​អរ​ដែរ ព្រោះ​ខ្ញុំ​អត់​មាន​អី។ អ្នក​ខ្លះ​អត់​ផ្ទះ​នៅ​ទេ។ សុំ​ប្រាក់​ឧបត្ថម្ភ​គោល​នយោបាយ​ហ្នឹង ជា​ប្រាក់​ខែ ១​ឆ្នាំ ដើម្បី​យក​មក​ធ្វើ​ដើម​រកស៊ី​ចិញ្ចឹម​ជីវិត។ ១​ខែ ២៥៥.០០០​(រៀល)»

មន្រ្តី​ទទួល​ខុស​ត្រូវ​របស់​មន្ទីរ​សាធារណការ​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​បញ្ហា​បញ្ឈប់​កម្មករ​ថែ​សួន​នេះ​បាន​ទេ។

នាយ​ខុទ្ទកាល័យ​សាលា​រាជធានី​ភ្នំពេញ លោក នួន សុមេធ មិន​អធិប្បាយ​យ៉ាង​ណា​ទេ​ជុំវិញ​ការ​បញ្ឈប់​ក្រុម​អ្នក​ថែ​សួន និង​ការ​ទាមទា​របស់​ពួក​គេ​នោះ ដោយ​លោក​ថា​ជាប់​រវល់​ប្រជុំ ៖ «លោក​ទាក់ទង​ការិយាល័យ​រដ្ឋបាល​ទៅ ការិយាល័យ​សរុប​គេ​មាន​ព័ត៌មាន​ទាំង​អស់»

ក្រុម​អ្នក​ថែ​សួន​ដែល​ត្រូវ​បញ្ឈប់​ទាំង​នោះ​ភាគ​ច្រើន​ជាស្រ្តី​មាន​វ័យ​យ៉ាង​តិច​ពី ៤០​ឆ្នាំ​ឡើង​ទៅ៕