សិស្សានុសិស្សវិទ្យាល័យភ្នំធំនៅខេត្តបន្ទាយមានជ័យ ចំនួន ២០នាក់ ដែលបានដួលសន្លប់ នៅព្រឹកថ្ងៃទី១៧ ខែមីនានោះ បានធូរស្រាលឡើងវិញហើយ បន្ទាប់ពីអាជ្ញាធរបានបញ្ជូនពួកគេទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអស់ជាច្រើនម៉ោង។
នាយកសាលាវិទ្យាល័យភ្នំធំលោក ឆែម មូដែល ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៧ ខែមីនា ថា សិស្សដែលដួលសន្លប់នោះ ទំនងជាដោយសារអាកាសធាតុក្ដៅ ស្របពេលដែលពួកគេពាក់ម៉ាស់ បណ្ដាលឱ្យថប់ដង្ហើមទន់ដៃទន់ជើង ហើយបានដួលសន្លប់ជាបន្តបន្ទាប់។ ប៉ុន្តែលោកថា ពួកគេបានធូរស្បើយ និងត្រឡប់ទៅផ្ទះវិញអស់ហើយនៅថ្ងៃដដែលនេះ៖ «សិស្សហ្នឹងចេញលេងទេ ខ្ញុំគត់មើលទាក់ទងហ្នឹងធាតុអាកាសថ្ងៃនេះវាអត់សូវល្អ ម៉ោង១០ហ្នឹង វាហប់ខ្យល់ខ្លាំងដោយសារមេឃវារកភ្លៀង ហើយណាមួយសិស្សវាពាក់ម៉ាស់គ្រប់គ្នា សូម្បីតែខ្ញុំពាក់ម៉ាស់បានមួយភ្លេចៗ ថប់ដង្ហើមដែរ។ ដល់តែពាក់ម៉ាស់ផង ជាតិអាល់កុលផង អីចឹងទៅជួនកាលក្មេងខ្លះសុខភាពទទួលមិនបានក៏អាចខ្សោយដែរករណីហ្នឹង » ។
ករណីសិស្សានុសិស្សដួលសន្លប់នេះ តែងកើតមានជាញឹកញាប់នៅស្ទើរគ្រប់ខេត្ត។ កាលពីថ្ងៃទី៦ ខែមីនា សិស្សវិទ្យាល័យសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ជិត៥០នាក់ ក៏បានដួលសន្លប់ដូចគ្នានេះដែរ។ ក្រសួងអប់រំ និងអ្នកជំនាញសុខាភិបាលលើកឡើងថា ការដួលសន្លប់នេះ អាចដោយសារកត្តាខ្វះអាហារូបត្ថម្ភ បរិយាកាសថ្នាក់រៀន ឬសាលារៀនមិនសូវល្អ និងកត្តាចិត្តសាស្ត្រជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។