ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត៤រយ (៣៧២) ករណីថ្មីទៀត ដែលសុទ្ធតែជាមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ក្នុងនោះ ២៨នាក់ ជាករណីនាំចូល និង ៣៤៤នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍។ នេះគឺជាលទ្ធផលដែលបញ្ជាក់ដោយម៉ាស៊ីនពិសោធន៍ ភី.ស៊ី.អា (PCR)។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជិត ១សែន ៣ម៉ឺននាក់ (១២៩.៩២០) ក្នុងនោះអ្នកជាសះស្បើយមានជាង ១ សែន ១ម៉ឺននាក់ (១២៣.៣៥៣) និងអ្នកស្លាប់មានចំនួន ៣ពាន់៣២នាក់ (៣.០៣២)។
ក្រសួងសុខាភិបាល ប្រកាសថា គិតត្រឹមថ្ងៃទី ២៦ កុម្ភៈ ម្សិលមិញ រដ្ឋាភិបាល ចាក់វ៉ាក់សាំងគ្រប់ដូសជូនពលរដ្ឋបានជាង ១៣ លាន ៨សែននាក់ ក្នុងចំណោមពលរដ្ឋដែលត្រូវចាក់ប្រមាណ ១៤លាននាក់ ដែលរាប់ពីកុមារអាយុចាប់ពី ៥ឆ្នាំ រហូតដល់មនុស្សពេញវ័យ។ រីឯដូសជំរុញទី៣ និងទី៤វិញ រដ្ឋាភិបាលចាក់ជូនពលរដ្ឋបានសរុបជាង ៧លាន ៨សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។