អាមេរិករំពឹងថាកម្ពុជា-ថៃនឹងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញដើម្បីបញ្ចប់ជម្លោះ

សហរដ្ឋអាមេរិកបានស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំរវាងកម្ពុជានិងថៃនៅក្នុងប្រទេសម៉ាឡេស៊ី (Malaysia) ដែលបានព្រមព្រៀងគ្នាលើលក្ខខណ្ឌបទឈប់បាញ់។ សហរដ្ឋអាមេរិកសង្ឃឹមថា ភាគីទាំងពីរ នឹងអនុវត្តតាមលក្ខខណ្ឌបទឈប់បាញ់ ឱ្យបានពេញលេញដើម្បីឈានទៅបញ្ចប់ជម្លោះ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ារកូ រ៉ូប៊ីអូ (Marco Robio) បាន​លើកឡើង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី០៧ ខែសីហាថា សហរដ្ឋអាមេរិក​ស្វាគមន៍​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ រវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​និង​ថៃ នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ។ លោក ម៉ារកូ រ៉ូប៊ីអូ បាន​ចាត់​ទុក​ថា វា​ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​សំខាន់​មួយ ក្នុង​ការ​ធ្វើ​ឱ្យ​រឹងមាំ​នូវ​លក្ខខណ្ឌ​បទ​ឈប់​បាញ់ និង​ការ​បង្កើត​យន្តការ​អ្នក​សង្កេតការណ៍​អាស៊ាន។

អាមេរិករំពឹងថាកម្ពុជា-ថៃអនុវត្តបទឈប់បាញ់ពេញលេញដើម្បីបញ្ចប់ជម្លោះ សហរដ្ឋអាមេរិកបានស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំរវាងកម្ពុជា និងថៃនៅក្នុងប្រទេសម៉ាឡេស៊ី (Malaysia) ដែលបានព្រមព្រៀងគ្នាលើលក្ខខណ្ឌបទឈប់បាញ់។

លោក​បន្ត​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា​និង​ថៃ នឹង​គោរព​យ៉ាង​ពេញលេញ​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រទេស​ទាំង​ពីរ ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន។ លោក​ក៏​បាន​អរគុណ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក អាន់វ៉ា ហ៊ីប្រាហ៊ីម (Anwar Ibrahim) ដែល​បាន​ដឹកនាំ​និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ឱ្យ​មាន​ដំណើរការ​បទ​ឈប់​បាញ់ ចាប់​តាំង​ពី​កិច្ច​ប្រជុំ​ពិសេស​នៅ​ថ្ងៃ​ទី២៨ ខែកក្កដា ដែល​សហការ​រៀបចំ​ដោយ​ម៉ាឡេស៊ី​និង​សហរដ្ឋអាមេរិក។

លោក ម៉ារកូ រ៉ូប៊ីអូ បាន​បញ្ជាក់​ទៀត​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​ម៉ាឡេស៊ី អាស៊ាន និង​ប្រទេសកម្ពុជា-ថៃ នៅពេល​បទ​ឈប់​បាញ់​មាន​ដំណើរការ​ទៅ​មុខ។

ការ​លើកឡើង​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បែប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​លោក ទៀ សីហា និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ស្ដីទី​ថៃ​លោក ណាត់ថាក់ផុន ណាកផានីត (Nattaphon Narkphanit) បាន​ចុះ​កិច្ចព្រមព្រៀង​១៣ចំណុច ស្ដីពី​លក្ខខណ្ឌ​បទ​ឈប់​បាញ់ យន្តការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​លើ​បទ​ឈប់​បាញ់ និង​ការ​សន្យា​បន្ត​ជួប​ប្រជុំ​គ្នា​គ្រប់​កម្រិត ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ព្រំដែន​ដោយសារ​ការ​ប្រមុខ​ដាក់​គ្នា​នៃ​កងទ័ព​ប្រទេស​ទាំង​ពីរ។

កាល​ពី​ថ្ងៃ​ទី០៧ ខែសីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា លោក​បាន​ផ្ញើ​លិខិត​ជាផ្លូវការ​ទៅ​គណៈកម្មការ​ពាន​រង្វាន់​ណូបែល​សន្តិភាព ដើម្បី​គាំទ្រ​បេក្ខភាព​លោក ដូណាល់ ត្រាំ ទទួល​បាន​ពាន​រង្វាន់​ណូបែល​សន្តិភាព ដើម្បី​ទទួល​ស្គាល់​ការ​រួម​ចំណែក​ជាប្រវត្តិសាស្ត្រ​របស់​លោក ក្នុង​ការ​លើក​កម្ពស់​សន្តិភាព​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។