លោក ហ៊ុន ម៉ាណែត នឹងមិនចាត់ការលោក ហ៊ុន តូ ឱ្យសងលុយអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ ទេ

មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ក្រុមអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) អាចមានសង្ឃឹមទទួលបានលុយកាក់មកវិញខ្លះ ប្រសិនបើនាំគ្នាតវ៉ាស្នើទៅសហរដ្ឋអាមេរិក ឱ្យចេញដីកាតាមចាប់ខ្លួនលោកឧកញ៉ា ហ៊ុន តូ ដែលមេធំក្រុមហ៊ុន ហួយវ័ន ផេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា​លោក គឹម សុខ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋាភិបាល​ត្រកូល «ហ៊ុន» គ្មាន​សមត្ថភាព​ដោះស្រាយ​រឿង​លុយ​កាក់​ឱ្យ​អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ ឡើយ ទើប​ប្រើ​កង​កម្លាំង​វាយ​បង្ក្រាប​យ៉ាង​ហិង្សា ដើម្បី​កុំ​ឱ្យ​មាន​សកម្មភាព​ចេញ​តវ៉ា​ត​ទៅ​ទៀត។ លោក​បន្ត​ថា ម្យ៉ាងទៀត រដ្ឋាភិបាល​ត្រកូល «ហ៊ុន» និង​ធនាគារ​ជាតិ ក៏​ជា​អ្នក​គប់គិត​ជាមួយ​ឧកញ៉ា ហ៊ុន តូ ឱ្យ​បន្ត​ធ្វើ​សកម្មភាព​រក​ស៊ី​បោកប្រាស់​ដែរ បើទោះជា​ក្រុមហ៊ុន ហួយវ័ន ផេ បាន​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​យ៉ាង​ណា​ក្ដី។

ប្រសិនបើ​ជន​រងគ្រោះ ចង់​ឱ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​មួយ ពួក​គាត់​គួរ​តែ​បន្ត​តវ៉ា​រហូត​ទៅ​ដល់​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក ចេញ​វិធានការ​តាម​ចាប់​ឧកញ៉ា​ធំៗ របស់​ក្រុម​គ្រួសារ​ហ៊ុន​នោះ​តែ​ម្ដង ដូចជា លោក ហ៊ុន តូ លោក កុក អាន លោក លី យ៉ុងផាត់ និង​លោក ទ្រី ភាព ជាដើម។ ទាល់​តែ​ដល់​ដំណាក់កាល សហរដ្ឋអាមេរិក​ចេញ​វិធានការ​តាម​ចាប់ ទើប​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​ដោះស្រាយ​ខ្លះ​។

—  អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា​លោក គឹម សុខ

ការ​លើកឡើង​នេះ បាន​ធ្វើ​ឡើង បន្ទាប់ពី​ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ អម​ដោយ​ក្រុម​កងសន្ដិសុខ បាន​ចុះ​បង្ក្រាប​វាយ​ដំ​លើ​ក្រុម​អ្នក​តវ៉ា​រឿង​បាត់​លុយ​នៅ​ក្រុមហ៊ុន ហួយវ័ន ផេ និង​បាន​បណ្ដាល​ឱ្យ​ជនជាតិ​ចិន​ពីរ​នាក់​របួស​ធ្ងន់​បែក​ក្បាល​ហូរ​ឈាម និង​ដេក​សន្លប់​ស្ដូកស្ដឹង រហូត​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ចំណែក​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ទៀត ដែល​ជា​អ្នក​ម៉ៅការ​សំណង់ និង​ជា​កម្មករ​សំណង់ ក៏​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​អាជ្ញាធរ​ចោទប្រកាន់​ថា ជា​អ្នក​កៀរគរ​ធ្វើ​បាតុកម្ម ទាំង​ដែល​ពួកគេ​ចេញ​មក​តវ៉ា ដើម្បី​ទាមទារ​លុយ​ថ្លៃ​ធ្វើ​សំណង់ ដែល​តម្កល់​ទុក​នៅ​ក្រុមហ៊ុន ហួយវ័ន ផេ។

ជុំវិញ​បញ្ហា​នេះ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី បាន​ចេញ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​អំពើ​ហិង្សា​កើតឡើង​រវាង​ក្រុម​អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ និង​កងកម្លាំង​សមត្ថកិច្ច។ ទោះជាយ៉ាងណា អ្នកស្រី​នៅ​តែ​ជំរុញ​ឱ្យ​ក្រុម​អតិថិជន នាំគ្នា​ប្ដឹង​ទៅ​តុលាការ និង​ឈប់​លើក​គ្នា​មក​តវ៉ា​នៅ​ធនាគារ​ជាតិ​ទៀត ពីព្រោះ​សំណុំ​រឿង​ក្រុមហ៊ុន ហួយវ័ន ផេ លែង​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ធនាគារ​ជាតិ​ហើយ ដោយសារ​បាន​ដក​អាជ្ញាបណ្ណ​តាំង​ពី​ឆ្នាំ២០២៥។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​​លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា ការ​គេចវេះ​មិន​ទទួល​ខុសត្រូវ​របស់​ធនាគារ​ជាតិ ហើយ​បន្ត​ទុក​ឱ្យ​ក្រុម​អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ ចេញ​តវ៉ា​ក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ធនាគារ​ទាំង​មូល​នៅ​កម្ពុជា។

ជា​ធម្មតា ប្រព័ន្ធ​ធនាគារ​នៅ​ក្នុង​ប្រទេស​យើង គ្មាន​ធនាគារ​ណា​មួយ ដែល​ធ្វើ​ប្រតិបត្តិការ​ក្រៅ​ពី​ការ​គ្រប់គ្រង​របស់​ធនាគារ​ជាតិ​ទេ។ អ៊ីចឹង ខ្ញុំ​យល់​ថា វា​ជា​រឿង​មិន​មាន​ការ​ទទួល​ខុស​ត្រូវ។ អ៊ីចឹង រាល់​ប្រតិបត្តិការ​សាច់​ប្រាក់ ទឹក​ប្រាក់ នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ធ្វើ​ឱ្យ​គេ​មើលឃើញ​មាន​ហានិភ័យ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ ធ្វើ​ឱ្យ​អ្នក​ជំនួញ សេដ្ឋកិច្ច ពាណិជ្ជកម្ម មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ប្រព័ន្ធ​ធនាគារ​ផ្សេង​ទៀត ប្រសិនបើ​ធនាគារ​ជាតិ​លើក​ឡើង​បែប​ហ្នឹង៕

—  ប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោក ស៊ឹង សែនករុណា

កាល​ពី​ខែមេសា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ហួយវ័ន ផេ ដោយ​អះអាង​ថា ពី​ចន្លោះ​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៥ ក្រុមហ៊ុន​នេះ បាន​ជួយ​លាង​លុយ​កខ្វក់​ចំនួន​៤​ពាន់​លាន​ដុល្លារ ឱ្យ​ក្រុម​ចោរ​បច្ចេកវិទ្យា​ប្រទេស​កូរ៉េ​ខាង​ជើង និង​ក្រុម​ឧក្រិដ្ឋកម្ម​ឆបោក​អន្តរជាតិ​នៅ​អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន ហួយវ័ន ផេ បាន​ដាក់​ឈ្មោះ​លោក ហ៊ុន តូ ដែល​ជា​ក្មួយ​ប្រុស​លោក ហ៊ុន សែន ធ្វើ​ជា​សហ​ប្រធាន​ដ៏​សំខាន់​ម្នាក់ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​មក ពុំ​មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​របស់​កម្ពុជា បើក​ការ​ស៊ើបអង្កេត​ឡើយ។ ផ្ទុយ​ទៅ​វិញ គេ​គ្រាន់​តែ​ឃើញ​ក្រុម​អ្នក​មាន​អំណាច​នាំ​គ្នា យក​ស្រា​ថ្លៃៗ ផ្លែឈើ និង​បាច់​ផ្កា​ទៅ​ជូន​ជា​អំណោយ​ដើម្បី​អបអរ​ខួប​កំណើត​ឱ្យ​លោក ហ៊ុន តូ ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។