ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែតនៅពីក្រោយក្រុមហ៊ុនឆបោកស៊ីអាយស៊ី (CiC)។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថា ផ្ទុយពីការពិត។
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែមេសា ថា រឿង ក្រុមហ៊ុនស៊ីអាយស៊ីមិនពិបាកយល់ទេ គឺលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ជាមេខ្លោង នៅពីក្រោយក្រុមហ៊ុនឆបោកដ៏ធំនេះ។
កាលពីថ្ងៃទី១៦ ខែមេសា លោក សម រង្ស៊ី ក៏ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីថា នេះគឺជាមូលហេតុ ដែលលោក ហ៊ុន ម៉ាណែត ចេញការពារក្រុមហ៊ុន ស៊ីអាយស៊ី។
លោក សម រង្ស៊ី៖« ក្រុមហ៊ុន CiC នៅប្រទេសកម្ពុជានេះ ដែលឆបោកប្រជាពលរដ្ឋ គឺយកទៅឱ្យ យកទៅសូកអ្នកមានអំណាចនៅស្រុកខ្មែរ។ តាមខ្ញុំដឹង គឺគ្មាននរណាក្រៅពីត្រកូលហ៊ុនសែន មានហ៊ុន សែន ! ហ៊ុន ម៉ាណែត ហ្នឹងទេ ដែលទទួលលុយពីក្រុមហ៊ុន ស៊ីអាយស៊ី ដែលបោកពីប្រជារាស្ត្រ »។
ការថ្លែងរបស់លោក សម រង្ស៊ី គឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ប្រកាសថា រដ្ឋាភិបាលរបស់លោក មិនចាប់ក្រុមឈ្មួញឆបោកនោះទេ ហើយទុកឱកាសឱ្យ ពួកគេនៅមានសេរីភាពធ្វើជំនួញ យកលុយទៅដោះស្រាយបញ្ហា។
លោក ហ៊ុន ម៉ាណែត៖«យើងមិនអាចយករូបមន្តសម្លាប់មេមាន់ទេ យើងត្រូវធ្វើម៉េចឱ្យមេមាន់នៅរស់ ដើម្បីយកពងមាន់ឱ្យបងប្អូនប្រជាពលរដ្ឋ នេះជាគោលដៅធំ។ ត្រូវដោះស្រាយធ្វើយ៉ាងណាដោះស្រាយជូនអតិថិជនជាលំដាប់លំដោយ ជាបន្តបន្ទាប់។ សូមមានការយោគយល់មានការអាណិត ប៉ុន្តែយើងបានធ្វើជាប្រចាំ»។
កន្លងមក ថ្នាក់ដឹកនាំក្រុមហ៊ុន ស៊ីអាយស៊ីសុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធនឹង លោក ហ៊ុន ម៉ាណែត ហើយមានរូបភាពជាច្រើនដែលអ្នកទាំងនោះថតអោបរឹតគ្នាជាមួយលោក ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលផ្សេងទៀត។ លើសពីនេះ ជាច្រើនឆ្នាំកន្លងមកគ្រូជោគជ័យនិងជាថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគ ស៊ីអាយស៊ីម្នាក់ គឺលោក ឃីម សុខហេង តែងអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅបើកឬបិទវគ្គបណ្តុះបណ្តាលខ្លីៗរបស់លោកផងដែរ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺរឿងនេះ ពីប្រធានអង្គការអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក មាស សុភ័ណ្ឌ បានទេ នៅថ្ងៃទី២០ ខែមេសា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែមេសា ថាការលើកឡើងរបស់លោក សម រង្ស៊ី ផ្ទុយពីការពិត។
លោក សុខ ឥសាន៖ «ក្រុមហ៊ុន ស៊ីអាយស៊ី កំពុងត្រូវបានស្រាវជ្រាវដោយសមត្ថកិច្ចពាក់ព័ន្ធ។ ដូច្នេះហើយ ខ្ញុំយល់ថា មិនយូរមិនឆាប់ទេ ការពិតនឹងកើតឡើងហើយ ហើយជាពិសេសការពិត ដែលយើងមើលឃើញទាំងអស់គ្នា គឺថាក្រុមហ៊ុននេះ វាមានលក្ខណៈបោកប្រាស់ប្រជាពលរដ្ឋ»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា ជាទូទៅរដ្ឋាភិបាលមានសមត្ថភាពធ្វើការលឿន និងមាន ប្រសិទ្ធភាពណាស់ លើគោលដៅដែលរដ្ឋាភិបាលចង់ចាត់ការ ប៉ុន្តែលោកមាន មន្ទិលសង្ស័យ អំពីវិធានការ ដែលត្រូវធ្វើជាមួយក្រុមហ៊ុន ស៊ីអាយស៊ី គឺហាក់ដូចជា មិនឆ្លុះពីសមត្ថភាពជាក់ស្ដែងរបស់រដ្ឋាភិបាល ដែលធ្លាប់ធ្វើលើបុគ្គល និងស្ថាប័នមិនជិតស្និទ្ធជាមួយរដ្ឋាភិបាល។
លោកថា ទំនាក់ទំនងរវាងក្រុមហ៊ុន ស៊ីអាយស៊ី ជាមួយមន្ត្រីរដ្ឋាភិបាល ដែលមានឥទ្ធិពល គឺជាកត្តាដែលអាចជះឥទ្ធិពលលើការស្វែងរកដំណោះស្រាយជាវិជ្ជមាន ជូនជនរងគ្រោះ។
លោក សេក សុជាតិ៖ «គ្មាននរណាអាចទៅដោះស្រាយបញ្ហាហ្នឹងបានទេ ប្រសិនប្រព័ន្ធតុលាការរបស់យើងមិនមានឯករាជ្យភាព ហើយមិនមានឆន្ទៈពិតប្រាកដ នៅក្នុងដោះស្រាយបញ្ហាទាំងអស់ហ្នឹង។ អ៊ីចឹង វានៅជាប់គាំងត្រឹមហ្នឹង អ្វីដែលខ្ញុំមើលឃើញ»។
កន្លងមក ក្នុងសំណុំរឿងពុករលួយនៅក្នុងក្រុមហ៊ុនស៊ីអាយស៊ីនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) គឺលោក យ៉ង ប៉ាក់ ធ្លាប់បានបញ្ជាក់ថា លោកក៏ជាជនរងគ្រោះម្នាក់នៅក្នុងការវិនិយោគជាមួយក្រុមហ៊ុនដែរ។
លោក យ៉ង ប៉ាក់ ត្រូវបានអាជ្ញាធរចាប់ដាក់គុក ក្រោយពីលោកបានផ្សព្វផ្សាយថា អតីតប្រធានអង្គការតម្លាភាពកម្ពុជា (TI) និងបច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី គឺលោក ព្រាប កុល ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយលួចលុយក្នុងក្រុមហ៊ុននេះ ប៉ុន្តែត្រូវបានលោក ព្រាប កុល បដិសេធ។
លោក យ៉ង ប៉ាក់ ធ្លាប់បានអះអាងនៅមុនការចាប់ខ្លួនថា លោកមានភស្តុតាង ដែលបញ្ជាក់អំពីការជាប់ពាក់ព័ន្ធរបស់លោក ព្រាប កុល ក្នុងការកិបកេងលុយជាង ៨០លានដុល្លារ។
អតីតសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ស៊ីអាយស៊ី គឺអ្នកឧកញ៉ា គួច ម៉េងលី ធ្លាប់បានលើកឡើងថា ការបាត់ទុនវិនិយោគរាប់សិបលានដុល្លារ ប៉ះពាល់ដល់ក្រុមអ្នកវិនិយោគជិត ៥០០ នាក់ ដែលមានចំនួនទឹកប្រាក់ប្រមាណ ១៥០ លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។