និស្សិត​ខ្មែរ​មក​ពី​ចិន រិះគន់​មន្ទីរពេទ្យ​ថា ធូររលុង​ក្នុង​ការ​ពិនិត្យ​រក​មេរោគ​កូរ៉ូណា

ដោយ វ៉ែន សុមេធ
2020.01.30
កូរ៉ូណាវីរុស មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ក្រសួងសុខាភិបាល ដាក់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​នៅ​វាល​យន្តហោះ និង​ច្រក​ចេញ​ចូល​អន្តរជាតិ។
រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០២០

និស្សិត​ខ្មែរ​មួយ​ក្រុម​ដែល​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​ចិន ដើម្បី​គេច​ពី​ជំងឺឆ្លង​រលាក​សួត​បង្ក​ឡើយ​ដោយ​វីរុស​កូរ៉ូណា រិះគន់​មន្ទីរពេទ្យ​នៅ​កម្ពុជា​ថា ធ្វើ​ការ​មិន​ច្បាស់លាស់ និង​ធូររលុង​ក្នុង​ការ​ពិនិត្យ​រក​មេរោគ​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ច្រានចោល​ការចោទប្រកាន់​នេះ និង​អះអាង​ថា ក្រុម​គ្រូពេទ្យ កំពុង​ខិតខំ​ធ្វើ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ។

និស្សិត​ខ្មែរ​មួយ​រូប គឺ​លោក សោម ពេជ្រដូល្លា ប្រាប់​អាស៊ីសេរី​ថា លោក​រួម​ទាំង​និស្សិត​ខ្មែរ​ចំនួន ៤​នាក់​ទៀត បាន​ធ្វើ​ដំណើរ​មកដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ប៉ុន្តែ​ពួក​លោក​ម្នាក់ៗ​មិនទាន់ ហ៊ាន​ទៅផ្ទះ​នោះ​ទេ ដោយ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ដើម្បី​តេស្តឈាម​រក​មេរោគ​កូរ៉ូណា ព្រោះ​មិន​ចម្លង​ឬ​នាំ​ទុក្ខ​ដល់​គ្រួសារ​នៅផ្ទះ និង​ពលរដ្ឋ​ដទៃ​ទៀត​។ និស្សិត​រូប​នេះ បន្ត​ថា នៅ​ពេល​ពួក​លោក ទៅដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ប្រាប់​ពី​បំណង​ចង់​ធ្វើ​តេស្តឈាម​រក​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ ប៉ុន្តែ​គ្រូពេទ្យ​ទីនោះ ណែនាំ​ឱ្យ​ពួកគាត់​ទៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​វិញ​។ បន្ទាប់​មក នៅ​ពេល​ទៅដល់​ពេទ្យ​រុស្ស៊ី ស្រាប់តែ​បុគ្គលិក​ពេទ្យ​ទីនោះ​ថា ហេតុ​អី​ត្រូវ​មក​ពេទ្យ​រុស្ស៊ី​វិញ​។ ទាល់តែ​ពួកគាត់​រង់ចាំ និង​ស្នើសុំ​មួយ​សន្ទុះ ទើប​បុគ្គលិក​ពេទ្យ​នៅ​រុស្ស៊ី វាស់​កម្ដៅ សម្ពាធ​ឈាម ចង្វាក់បេះដូង និង​អះអាង​ថា ពួកគាត់​គ្មាន​បញ្ហា​អី​ទេ អាច​ទៅផ្ទះ​បាន ប៉ុន្តែ​គ្រូពេទ្យ​នៅតែ​មិន​ព្រម​ធ្វើ​តេស្តឈាម​ដើម្បី​ឱ្យ​ពួកគាត់​អស់ចិត្ត​នោះ​ឡើយ​៖ «ពួក​ខ្ញុំ​នៅតែ​ចង់​ឱ្យ​ពិនិត្យ​ឈាម​ព្រោះ​ពិនិត្យ​ឈាម​អាច​រក​ឃើញ​មូលហេតុ​បាន​ខ្លះៗ ព្រោះ​ពួក​ខ្ញុំ​ឆ្លងកាត់​ការ​ជិះ​យន្តហោះ​រយៈពេល​១០​ម៉ោង ពី​ចិន​មក កម្ពុជា​ព្រោះ​រយៈពេល​នេះ អាច​សង្ស័យ​ឬ​ដើម្បី​បញ្ជាក់​ខ្លាច​មានការ​ឆ្លង​វីរុស​នេះ​ពី​នោះ​មក ប៉ុន្តែ​គាត់​ថា អត់​អាច​ទេ។ ពេទ្យ​ថា ដើម្បី​ពិនិត្យ​ឈាម​បាន​លុះត្រាតែ​សីតុណ្ហភាព​លើសពី ៣៨​អង្សា មាន​ក្អក​ស្ងួត មាន​ឈឺ​បំពង​ក និង​មាន​ប៉ុន្មាន​ករណី​ទៀត ដើម្បី​បញ្ជាក់​ថា ជា​រោគសញ្ញា​មួយ​ដែល​អាច​កើតឡើង ប៉ុន្តែ​ខ្ញុំ​មាន​សីតុណ្ហភាព​តែ ៣៦​ប៉ុណ្ណោះ ដូច្នេះ​មិន​ទទួល​ពិនិត្យ​ឈាម​ទេ»

លោក សោម ពេជ្រដូល្លា ថ្លែង​បន្ត​ថា វីរុស​កូរ៉ូណា គឺជា​ជំងឺឆ្លង​ដ៏​កាច​សហាវ​មួយ ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ និង​ប្រុងប្រយ័ត្ន​បំផុត ប៉ុន្តែ​លោក ហាក់​ដូចជា​សោកស្ដាយ​ដែល​ឃើញ​មន្ទីរពេទ្យ​នៅ​កម្ពុជា ធ្វើការ​បែប​ធូររលុង​ដូច្នេះ៖ «ជា​ការ​ពិត​នៅ​ឯ​ប្រទេស​ចិន​ទាំង​ពេទ្យ​ទាំង​នៅ​ក្នុង​សាលា​គឺ​គេ​យកចិត្តទុកដាក់​ច្បាស់លាស់ គេ​អត់​លើកលែង​ទេ គេ​ចង់​បាន​ទិន្នន័យ គេ​ចង់​ពិតប្រាកដ តែ​មកដល់​ខ្មែរ​គឺ​ការ​និយាយ​របស់​ពេទ្យ​ខុស​ពី​នៅ​នោះ​មែន ព្រោះ​មើល​ទៅ​កម្រិត​គាត់​នៅ​ធូរស្រាល​ពេក លក្ខណៈ​ក្រោម​ពាក់​កណ្ដាល​នៃ​ការគ្រប់គ្រង។ ខ្ញុំ​សំណូមពរ​ថា និស្សិត​ដែល​ទើបតែ​មក​ចឹង​គឺ​គួរតែ​ព្យាយាម​ពិនិត្យ​ឱ្យ​គាត់​ព្រោះ​ជា​រឿង​សំខាន់»

និស្សិត​ខ្មែរ​ទើប​មកពី​ចិន​ម្នាក់ទៀត គឺ​លោក ស៊ុន ដារ៉ូ បាន​សរសេរ​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក រៀបរាប់​ស្រដៀង​គ្នា​ថា ជា​រឿង​សំខាន់​បំផុត​ចំពោះ​និស្សិត​ទើប​មកពី​ចិន ហើយ​មានបំណង​ធ្វើ​តេស្តឈាម​ដើម្បី​រក​វីរុស​កូរ៉ូណា ដែល​អាច​ឆ្លង​ក្នុង​រយៈពេល​ជិះ​យន្តហោះ​ប្រហែល​១០​ម៉ោង ព្រោះ​មិន ចង់​នាំ​ទុក្ខ​ដល់​គ្រួសារ ក៏ដូចជា​ប្រទេស​ទាំងមូល​។ លោក​បន្ត​ថា នៅ​ពេល​មកដល់​កម្ពុជា លោក បាន​ព្យាយាម​ខល (call)​ ទៅ​លេខ​១១៥​របស់​ក្រសួងសុខាភិបាល ដើម្បី​សាកសួរ​ព័ត៌មាន ប៉ុន្តែ​ខ​ល ទៅ​ជិត ១​លាន​ដង តែ​គ្មាន​បានការ​ទេ បើ​មិន​ដាច់​ក៏​គ្មាន​អ្នក​លើក។ លោក​បាន​នាំគ្នា​ទៅ​ប៉ាស្ទ័រ ដើម្បី​ធ្វើ​តេស្តឈាម ប៉ុន្តែ​គេ​ប្រាប់​ឱ្យ​ទៅ​ពេទ្យ​រុស្សី។ ពេល​ទៅដល់​ពេទ្យ​រុស្សី លឺ​ពេទ្យ​មួយ​ក្រុម និយាយ​គ្នា​ថា ម៉េច​ឱ្យ​មកនេះ​វិញ ហើយ​ប្រាប់​ពួក​លោក​ថា ចាំ​មាន​រោគសញ្ញា​ចាំ​មក​ពិនិត្យ។ នៅ​ទីបំផុត គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី មិនបាន​ពិនិត្យ​ឈាម​ឱ្យ​ពួក​លោក​ទេ គ្រាន់តែ​វាស់​កម្ដៅ សម្ពាធ​ឈាម និង​ចង្វាក់បេះដូង ដើម្បី​រក​រោគសញ្ញា​នៃ​វីរុស​កូរ៉ូណា។ ជា​លទ្ធផល​គឺ​គ្មាន​បញ្ហា​ទេ​។ ទោះជា​យ៉ាងណា​និស្សិត​រូប​នេះ ព្រួយបារម្ភ​ថា ប្រសិនបើ​អ្នកណា​ដែល​ទើប​ឆ្លង​វីរុស​កូរ៉ូណា ហើយ ស្ថាប័ន​សុខាភិបាល​កម្ពុជា នៅ​ពេល​នេះ​មិន​ទាន់​មាន​លទ្ធភាព​ពិនិត្យ​រក​ឃើញ​ទេ គឺ​ត្រូវ​ចាំ​រហូត ដល់​ចេញ​រោគ​សញ្ញា។ បែបនេះ គឺ​គ្រោះថ្នាក់​ណាស់ ចំពោះ​អ្នក​ដែល​មិនទាន់​ចេញ​រោគសញ្ញា​ហើយ ផ្ទុក​មេរោគ​នេះ គឺ​ពួកគាត់​នឹង​ក្លាយ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​។ និស្សិត​រូប​នេះ បន្ត​ថា ពេលនេះ មានតែ​ខំ​ថែទាំ​សុខភាព និង​ព្យាយាម​នៅ​ឱ្យ​ឆ្ងាយ​ពី​សង្គម ឬ​អាច​រស់នៅ​ម្នាក់ឯង​មួយ​រយៈ សិន​ដើម្បី​ចាំ​មើល​រោគសញ្ញា​។ លោក​ថា​ជា​រឿង​ហួសចិត្ត​ដែល​ស្ថាប័ន​ទទួលខុសត្រូវ​លើ​វីរុស​កូរ៉ូណា ធ្វើការ​គ្មាន​ភាព​ច្បាស់​លាស់​បែបនេះ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​មន្ទីរ​ពេទ្យ​រុស្ស៊ី លោក ងី ម៉េង នោះ​ទេ ដោយ ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ ឆ្លើយតប​ថា លោក​មិន បាន​ដឹង​រឿង​នេះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ក្រុម​គ្រូពេទ្យ​កម្ពុជា កំពុង​ខិតខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បង្ការ​និង​ទប់ ស្កាត់​វីរុស​កូរ៉ូណា។ លោក​បន្ត​ថា ពលរដ្ឋ​និង​និស្សិត មិន​មាន​ជំនាញ​ពេទ្យ​ទេ ដូច្នេះ​ប្រសិនបើ​គ្រូ ពេទ្យ ពិនិត្យ​ឃើញ​ថា ពួកគាត់​គ្មាន​រោគសញ្ញា​ឬ​គ្មាន​ចូល​ករណី​សង្ស័យ គឺ​គ្រូពេទ្យ ត្រូវ​ឱ្យ​គាត់ ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​រង់ចាំ​តាមដាន​សុខភាព​បន្ត​ទៀត​។ លោក លី សូវ៉ាន់ បញ្ជាក់​ថា ករណី​ពលរដ្ឋ​ណា ឆ្លង​វីរុស​កូរ៉ូណា គឺ​ការពិនិត្យ​និង​ព្យាបាល​មិន​គិត​ថ្លៃ​នោះ​ទេ ប៉ុន្តែ ក្នុង​ករណី​រក​មិន​ឃើញ​ថា មាន​វីរុស​កូរ៉ូណា​ទេ គឺ​ពលរដ្ឋ​ត្រូវ​បង់ថ្លៃ​សេវា​ពិគ្រោះ​និង​ព្យាបាល​ជា​ធម្មតា៖ «ទោះបីជា​យ៉ាងណាក៏ដោយ​គ្រូពេទ្យ​យើងខ្ញុំ​នៅតែ​ខិតខំ​បម្រើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​ដោយ​អត់ធ្មត់​ទោះបីជា​មានការ​តិះ​ទៀន​យ៉ាងណាក៏ដោយ ព្រោះ​ជា​កាតព្វកិច្ច​របស់​គ្រូពេទ្យ​យើងខ្ញុំ​។ ដូចជា​ខាង​មន្ត្រី​របស់ខ្ញុំ​ចំនួន ១១​នាក់​ដែល​គាត់​ទទួលខុសត្រូវ​លេខ​១១៥ គឺ​អត់​បាន​ដេក​ពូន​ទេ ដោយសារ​រង់ចាំ​ទទួល​ទូរស័ព្ទ ព្រោះ​មួយ​ថ្ងៃៗ​គាត់​ទទួល​ទូរស័ព្ទ រាប់​ពាន់​នាក់»

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​រូប​នេះ ឱ្យ​ដឹង​ដែរ​ថា ក្រសួងសុខាភិបាល​ថា កម្ពុជា​មិនទាន់ រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ទៀត​នោះ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មករា ប៉ុន្តែ​ក្រុម​គ្រូពេទ្យ កម្ពុជា កំពុង​បន្ត​តាមដាន​សុខភាព​មនុស្ស​ខ្ទង់ ១០០​នាក់​ដែល​សង្ស័យ​ថា ឆ្លង​វីរុស​កូរ៉ូណា​នេះ​។ លោក លី សូវ៉ាន់ បញ្ជាក់ថា អ្នក​ដែល​សង្ស័យ​ទាំងនោះ គឺ​ភាគច្រើន​ជា​ជន​ជាតិចិន និង​មាន​ជន ជាតិខ្មែរ រួមទាំង​ជនជាតិ​ប្រេ​ស៊ី​ល​មួយចំនួន​ដែរ ដោយសារ​អ្នក​ទាំងនេះ មាន​ប្រវត្តិ​ធ្លាប់​ប៉ះពាល់ និង​ជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ព្រះសីហនុ៖ «ស្ថានភាព​អ្នកជំងឺ​វិវត្ត​ល្អ​ទៅៗ គ្មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម​អី​ទៀត​ទេ ហើយ​សង្ឃឹមថា ក្រោម​ការ​យកចិត្ត​ទុកដាក់​របស់​គ្រូពេទ្យ គាត់​នឹង​អាច​វិវត្ត​ទៅ​រក​ការ​ជា​សះស្បើយ។ ករណី​ដែល​យើង​តាមដាន​ក៏​អត់​ទាន់​មាន​ចេញ​រោគសញ្ញា​អ្វី​ដែរ»

រីឯ​ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​ការអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ថា ពលរដ្ឋ កម្ពុជា នៅ​តែ​មាន​ភាព​ភ័យខ្លាច​ខ្លាំង ខណៈ​មេរោគ​ប្រភេទ​ថ្មី​នេះ កំពុង​បន្ត​រាតត្បាត​ខ្លាំង​។ លោក បន្ត​ថា ប្រសិនបើ​មាន​ករណី​ដូច​អ្វី​ដែល​និស្សិត​ខ្មែរ​លើកឡើង​មែន គឺ​ក្រសួងសុខាភិបាល​គួរតែ​កែ ប្រែ​ឡើងវិញ ជាពិសេស​ការពិនិត្យ​សុខភាព​ចំពោះ​និស្សិត និង​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​មកពី​ចិន​នោះ គឺ ជា​រឿង​សំខាន់​មួយ ក្នុង​ការពារ​ពលរដ្ឋ​កុំ​ឱ្យ​ឆ្លង​វីរុស​កូរ៉ូណា​នេះ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ពិចារណា​ផ្អាក​ជើង​ហោះ​ហើរ​ពី​ទីក្រុង​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន ដើម្បី​កុំ​ឱ្យ មាន​បញ្ហា​ធំ ហើយ​ពិបាក​ដោះស្រាយ​នៅ​ពេល​ក្រោយ៖ «ជុំវិញ​បញ្ហា​នេះ ខ្ញុំ​អត់​ទាន់​ឃើញ​ថា តើ​ក្រសួង​ចង្អុល​បង្ហាញ​ថា តើ​អ្នកមាន​ការសង្ស័យ​នោះ បើ​គាត់​ទៅ​ពិនិត្យ​សុខភាព​ទៅ​កន្លែង​ណា ហើយ​ក្រុម​របស់​គាត់ មាន​ទីតាំង​កន្លែង​ណាខ្លះ បើ​ថា ពេទ្យ​រុស្ស៊ី ប្រាប់​ថា ពេទ្យ​រុស្ស៊ី»

លោក យង់ គិមអេង ប្រធាន​មជ្ឃ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ក្នុង​បន្ទប់​ផ្សាយ​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA
លោក យង់ គិមអេង ប្រធាន​មជ្ឃ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ក្នុង​បន្ទប់​ផ្សាយ​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA
RFA

ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​ផ្ទុះឡើង​នៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ូបេ (Hubei) ប្រទេស​ចិន ចាប់​តាំង​ពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៩​។ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​មករា វីរុស​ថ្មី​នេះ បាន​សម្លាប់​មនុស្ស ១៣២ និង​បាន​ឆ្លង​ដល់​មនុស្ស ៦​ពាន់​នាក់​។ ករណី​វីរុស​ថ្មី​នេះ កំពុង​រីក​រាលដាល​ដល់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ដោយសារតែ​ជន​ជាតិ​ចិន​ធ្វើដំណើរ​ទៅ​ប្រទេស​ទាំង នោះ រួមមាន កោះ​តៃវ៉ាន់ ថៃ វៀតណាម សិង្ហ​បុរី ម៉ាឡេស៊ី ជប៉ុន នេប៉ាល់ កូរ៉េខាងត្បូង បារាំង អូស្ត្រាលី កាណាដា អារ៉ាប់ប៊ីសាអូឌីត និង​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។