មេរោគ HIV នៃ​ជំងឺ​អេដស៍​នៅ​តែ​ជា​បញ្ហា​ចោទ​នៅ​កម្ពុជា

អង្គការ​សហប្រជាជាតិ​ជំងឺ​អេដស៍ (UNAIDS) បាន​ចេញ​របាយការណ៍​ថ្មី​មួយ​សម្រាប់​ឆ្នាំ​២០១៣ ស្ដីពី​មេរោគ អេច្ឆ.អាយ.វី (HIV) នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ របាយការណ៍​នោះ​បាន​រក​ឃើញ​ថា កម្ពុជា ឋិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​បន្ទុក អេច្ឆ.អាយ.វី ធ្ងន់ធ្ងរ​នៅ​ឡើយ បើ​ទោះ​បី​ជា​អត្រា​ប្រេវ៉ាឡង់​ឆ្លង​ថ្មី​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏ដោយ។

0:00 / 0:00

របាយការណ៍​ស្ដីពី​ជំងឺ​អេដស៍​របស់​អង្គការ​សហប្រជាជាតិ បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ទៅ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចំនួន​១២ ដែល​ប្រឈម​នឹង​បន្ទុក​ធ្ងន់ធ្ងរ​នៃ​ការ​ចម្លង​ថ្មី ក្នុង​នោះ​គេ​បាន​រក​ឃើញ​ថា ការ​ប្រើប្រាស់​មធ្យោបាយ​ការពារ​ទប់ទល់​នឹង​ការ​ចម្លង​មេរោគ​នេះ​បាន​ថយ​ចុះ។

របាយការណ៍​នោះ​បាន​រក​ឃើញ​ទៀត​ថា ការ​ប្រើប្រាស់​ស្រោម​អនាម័យ​ទៀង​ទាត់​ក្នុង​ការ​រួម​ភេទ នៅ​ក្នុង​ចំណោម​អ្នក​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​នេះ​បាន​ធ្លាក់​ចុះ។ ស្រប​គ្នា​នេះ​ដែរ ការ​ចម្លង​មេរោគ​តាម​ការ​ចាក់​គ្រឿង​ញៀន​បាន​កើន​ឡើង។ ចំណែក​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រឿង​ញៀន ក៏​ជា​ឧបសគ្គ​មួយ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ឆ្លង​ក្នុង​ផ្នែក​នេះ ព្រោះ​តែ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ត្រូវ​ទទួល​ទោស​ឧក្រិដ្ឋ។

បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី អត្រា​ចម្លង​មេរោគ​អេដស៍​នៅ​បន្ត​ថយ​ចុះ​ជា​បន្ត​បន្ទាប់។ មក​ដល់​ពេល​នេះ អង្គការ​សហប្រជាជាតិ​ជំងឺ​អេដស៍ បាន​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា សរុប​ចំនួន ៧​ម៉ឺន ៦​ពាន់​នាក់ កំពុង​ផ្ទុក​មេរោគ​អេដស៍។ ជាមួយ​គ្នា​នេះ ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ ៥​ម៉ឺន ៤​ពាន់​នាក់ ដែល​តម្រូវ​អោយ​ប្រើប្រាស់​ថ្នាំ​ពន្យារ​ជីវិត គឺ​មាន​ជាង ៤​ម៉ឺន ៤​ពាន់​នាក់ ទទួល​បាន​ថ្នាំ។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​អេដស៍ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា។

ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក ភាគ​រយ​នៃ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​បាន​ទៅ​ដល់​ជិត ៩០% ក្នុង​ចំណោម​ក្រុម​អ្នក​សកម្ម​ក្នុង​ការ​រួម​ភេទ។

ប្រធាន​អង្គការ​ខាណា (KHANA) ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ជំងឺ​អេដស៍​នៅ​កម្ពុជា លោក អ៊ុំ សុភាព មាន​ប្រសាសន៍​ថា ស្ថានភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍ ជំងឺ​អេដស៍​នៅ​កម្ពុជា គឺ​មាន​ការ​វិវឌ្ឍន៍​ប្រសើរ​ឡើង​ជានិច្ច ហើយ​កម្ពុជា គ្រោង​ថា​នឹង​កាត់​បន្ថយ​អត្រា​ឆ្លង​អោយ​មក​នៅ​សូន្យ​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ។

ទោះ​ជា​ដូច្នេះ​ក្ដី លោក អ៊ុំ សុភាព ទទួល​ស្គាល់​ថា ពិត​ជា​នៅ​មាន​បញ្ហា​ដូច​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ បាន​រក​ឃើញ​មែន។ ប៉ុន្តែ ប្រសិន​បើ​ពិនិត្យ​តួលេខ​ជាក់​ស្ដែង គឺ​កម្ពុជា មាន​ចំនួន​តិចតួច​បំផុត បើ​និយាយ​ពី​ការ​ចម្លង​មេរោគ​តាម​ការ​ចាក់​ថ្នាំ​ញៀន។

តួលេខ​ដែល​ផ្ដល់​ដោយ​ប្រធាន​អង្គការ​ខាន់ណា បាន​អោយ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាង ៧​ម៉ឺន​នាក់​នៅ​កម្ពុជា នេះ មាន​ប្រហែល ១​ពាន់​នាក់ ជា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ហើយ​អត្រា​ឆ្លង​ក្នុង​ចំណោម​នេះ គឺ​មាន​ចំនួន ២៥%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។