ថៃប្រកាសមិនទទួលស្គាល់ការសម្រេចICJ ខណៈកម្ពុជាប្រកាន់ជំហរប្ដឹង

ដ្ឋាភិបាលថៃបានប្រកាសថា នឹងមិនទទួលស្គាល់ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅពេលខាងមុខនោះទេ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរប្ដឹងទៅតុលាការអង្គការសហប្រជាជាតិមួយនេះ ឱ្យដោះស្រាយបញ្ហាព្រំដែន។

រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ច្បាំង​ផង ចរចា​ផង​ជាមួយ​រដ្ឋាភិបាល​ថៃ រឿង​ជម្លោះ​ព្រំដែន​គោក។ ការវិវឌ្ឍ​ចុង​ក្រោយ​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាន់​ជំហរ​ថា នឹង​មិន​បន្ត​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំបី​តទៀតទេ ហើយ​កម្ពុជា​បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​តំបន់​ទាំង​៤នេះ នឹង​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ពេល​ខាង​មុខ បើ​ទោះ​ជា​ភាគី​ថៃ​មិន​ចូលរួម​សហការ​ក៏ដោយ។

ឆ្លើយតប​ទៅ​នឹង​ជំហរ​របស់​កម្ពុជា​នេះ រដ្ឋាភិបាល​ថៃ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជាលើក​ទី​២​នៅ​ថ្ងៃ​ទី​៥​មិថុនា ថា​ប្រទេស​ខ្លួន មិន​បាន​ទទួល​ស្គាល់​ការ​សម្រេច​ក្ដី​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ តាំង​ពី​ឆ្នាំ​១៩៦២​មក​ម្ល៉េះ ហើយ​នឹង​មិន​ទទួល​ស្គាល់​ការ​សម្រេច​ជាថ្មី​ទៀត​នៅ​ពេល​ខាង​មុខ​នោះ។ រដ្ឋាភិបាល​ថៃ​នៅ​តែ​ប្រកាស​ថា ខ្លួន​ចង់​បន្ត​ដោះស្រាយ​ភាព​តានតឹង​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​យោធា​នៅ​តាម​ព្រំដែន ដោយ​ទ្វេ​ភាគី ដែល​ជា​យន្តការ​មាន​ស្រាប់។

ទោះជាយ៉ាងណា ក្រុម​អ្នក​ឃ្លាំមើល​ថា ជំហរ​របស់​ថៃ​បែប​នេះ ទំនង​ដឹង​ខ្លួន​មុន​ថា នឹង​ចាញ់​ក្ដី​កម្ពុជា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ភាគី​កម្ពុជា​បាន​បញ្ជាក់​ជំហរ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា មិន​យក​បញ្ហា​តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំបី ដាក់​បញ្ចូល​នៅ​ក្នុង​របៀបវារៈ​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ នៅ​ថ្ងៃទី​១៤​មិថុនា​នេះ​ទេ។

ជុំវិញ​បញ្ហា​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន បាន​ជំរុញ​ទៅ​រដ្ឋាភិបាល ត្រូវ​ប្រញាប់​ដាក់​ពាក្យ​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ឱ្យ​បាន​លឿន ក្រោយ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១៤​មិថុនា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​ជាថ្មី​ជាមួយ​ភាគី​ថៃ។

ហើយ​កាលណា សហគមន៍​អន្តរជាតិ ឬ​តុលាការ​យុត្តិធម៌​អន្តរជាតិ គេ​កាត់​ក្ដី គឺ​ថៃ​មិន​ហ៊ាន​រញ៉េរញ៉ៃ​ឈ្លានពាន​ទឹក​ដី​យើង​ទេ។ ហើយ​មិន​អ៊ីចឹង​ទេ គឺ​ថៃ​នឹង​មាន​ឈ្មោះ​ស្អុយ​លើ​ពិភពលោក។

—  លោក អ៊ុំ សំអាន

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​លោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) បាន​អះអាង​ថា រដ្ឋាភិបាល និង​កងទ័ព បាន​ត្រៀម​ខ្លួន​រួចរាល់​ទាំង​ស្រុង ក្នុង​ការ​ការពារ​ទឹកដី និង​បាន​ព្រមាន​ថា ថៃ​នឹង​អាច​ជ្រើស​យក​វិធានការ​បិទ​ច្រក​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា ប្រសិន​បើ​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ នៅ​ថ្ងៃ​ទី​១៤​មិថុនា​ខាង​មុខ​នេះ បរាជ័យ។ លោក​បាន​ព្រមាន​បែប​នេះ នៅ​ពេល​ចុះ​ទៅ​លើក​ទឹក​ចិត្ត​កងទ័ព​ថៃ​ប្រចាំ​នៅ​ភូមិ​ភាគ​ទី​០២ ដែល​ជា​ក្រុម​កងទ័ព​បាន​លួច​ឆ្មក់​បាញ់​សម្លាប់​ទាហាន​ម្នាក់ កាល​ពី​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២៨​ឧសភា នៅ​ភូមិ​តេជោមរកត ឃុំ​មរកត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។

សារព័ត៌មាន​ថៃ​បាន​ចុះផ្សាយ​ថា លោក ភូមិថាំ វេឆាយ៉ាឆៃ ក៏​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​លោក ទៀ ស៊ីហា ដើម្បី​ជជែក​គ្នា​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៃ​កងទ័ព​ប្រទេស​ទាំង​ពីរ​នៅ​តាម​ព្រំដែន។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ​លោក ប៉ោ មករា បាន​យល់​ឃើញ​ថា កម្ពុជា​គួរ​តែ​ត្រៀម​យុទ្ធសាស្ត្រ ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ រួម​មាន​អង្គការ​សហប្រជាជាតិ និង​អាស៊ាន​ឱ្យ​ជួយ​ដោះស្រាយ និង​ដឹង​ឭ ប្រសិន​កងទ័ព​ប្រទេស​ថៃ វាយ​ចូល​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ជាថ្មី។

នៅ​ពេល​បញ្ហា​ហ្នឹង នឹង​ដឹង​ឬ​ចូលរួម​ដោះស្រាយ​ជាមួយ​សហគមន៍​អន្តរជាតិ និង​សហគមន៍​តំបន់​នេះ ខ្ញុំ​គិត​ថា ថៃ​នឹង​មាន​បញ្ហា ឬ​ក៏​នឹង​មាន​ភាព​អាម៉ាស់​ច្រើន ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​គេ​ហៅ​ថា រំលោភ​ច្បាប់​អន្តរជាតិ។

—  លោក ប៉ោ មករា

រដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញា​ថា នឹង​ប្រើប្រាស់​កម្លាំង​ទ័ព​ប្រយុទ្ធ​ការពារ​ទឹកដី ហើយ​នឹង​ប្ដឹង​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រសិន​កងទ័ព​ថៃ​ចូល​ឈ្លានពាន​ទឹក​ដី​កម្ពុជា​សា​ជា​ថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។