តើ​លោក ឡេង ណាវ៉ាត្រា ជា​​នរណា?

0:00 / 0:00

ឧកញ៉ា ឡេង ណាវ៉ាត្រា គឺ​ជា​សេដ្ឋី​វ័យ​ក្មេង​មួយ​រូប ដែល​កំពុង​លេច​មុខ​មាត់​ខ្លាំង​ក្នុង​សង្គម​កម្ពុជា។ លោក​ក្ដោបក្ដាប់​មុខ​ជំនួញ​ជា​ច្រើន​មុខ​នៅ​កម្ពុជា រាប់​ចាប់តាំង ពីវិស័យ អចលនទ្រព្យ ហិរញ្ញវត្ថុ ធនាគារ កសិកម្ម រហូតដល់ វិស័យ​សិល្បៈ។ ជាពិសេស លោក​បាន​ផ្ដល់​លុយ​ឱ្យ​រដ្ឋាភិបាល របស់​លោក ហ៊ុន សែន រាប់​លាន​ដុល្លារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

តើលោក ឡេង ណាវ៉ាត្រា មាន​ប្រវត្តិ​យ៉ាងណា ហើយ​ធ្វើ​ជំនួញ​អ្វីខ្លះ ទើប​បាន​ជា​មាន​លុយ​វាល់​លាន​​ដុល្លារ​កាន់​ក្នុង​ដៃ​បែប​នេះ?

សូម​ទស្សនាការ​សេចក្ដី​រាយការណ៍​របស់​លោក យ៉ង ចាន់តារា ដូច​តទៅ

ក្នុង​វ័យ​ត្រឹមតែ​ជាង ៣០ឆ្នាំ លោក ឡេង ណាវ៉ាត្រា បាន​ឡើង​រាសី​ខ្ពស់​ត្រដែត​សឹង​មិន​គួរ​ឱ្យ​ជឿ។ លោក​ជា​អតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​កាល​ពី​ជិត ១០ឆ្នាំ​មុន ប៉ុន្តែ​ពេលនេះ​លោក​បាន​ក្លាយ​ជា​អ្នកជំនួញ​ដ៏​លេច​ធ្លោ​ម្នាក់ ដែល​មាន​ងារ​ជា «អ្នក​ឧកញ៉ា»។

មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​កោត​សរសើរ​លោក ឡេង ណាវ៉ាត្រា ដែល​ក្លាយ​ខ្លួន​ជា​សេដ្ឋី​វាល់​លាន​ទាំង​វ័យ​ក្មេង។ អ្នក​ខ្លះ​បាន​ហៅ​លោក​ថា ឧកញ៉ា​សប្បុរស​ទៀត​ផង ពីព្រោះ​លោក​បាន​បរិច្ចាគ​ថវិកា​រាប់​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល ដើម្បី​ទប់ទល់​គ្រោះ​មហន្តរាយ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ការ​ស្ដារ​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​ឆ្លង​ជា​សាកល និង​កិច្ចការ​មនុស្ស​ធម៌​ដទៃ​ទៀត។ ក៏ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ មជ្ឈដ្ឋាន​មួយ​ចំនួន​ជឿ​ជាក់​ថា ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ មិន​មែន​ជា​របស់​ឧកញ៉ា​វ័យក្មេង​រូប​នេះ​ឡើយ ហើយ​លោក​ទំនងជា​អ្នក​ឈរ​ឈ្មោះ​រកស៊ី​ឱ្យ​គេ ដើម្បី​បំភ័ន្ត​ភ្នែក​សាធារណជន​ប៉ុណ្ណោះ។ ការ​វាយតម្លៃ​បែប​នេះ​ផ្អែក​ទៅលើ​អង្គហេតុ​ពីរ​សំខាន់ គឺ​ការ​កើន​ឡើង​ដ៏​ឆាប់​រហ័ស​នៃ​ទ្រព្យ​សម្បត្តិ និង​ឥទ្ធិពល​របស់​លោក។

ជីវប្រវតិ្ត​សង្ខេប៖

លោក ឡេង ណាវ៉ាត្រា មាន​អាយុ ៣៤ឆ្នាំ និង​មាន​ឈ្មោះ​ពិត​ថា ឡេង ភក្រា (ភក្ត្រា)។ លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​សាលា ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង។ លោក​ឱ្យ​ដឹង​ថា គ្រួសារ​របស់​លោក​ក្រីក្រ​រក​តែ​បាយ​ហូប​មិន​គ្រប់ ហើយ​លោក​បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី ៩ ដើម្បី​ជួយ​រក​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ៖« ខ្ញុំ​មាន​ឪពុក​ឈ្មោះ ឡុង យឿន មុខរបរ​ជា​អ្នក​រែក​ដី ម្ដាយ​ឈ្មោះ ប៉ែន ងឿន បាន​ស្លាប់​ចោល​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​កូរ៉េ​បាន​ពីរ​ឆ្នាំ។ បងប្អូន​ខ្ញុំ​មាន ៥នាក់។ គ្រួសារ​ខ្ញុំ​ក្រ​រហូត​រក​បាយ​ហូប​មិន​គ្រប់ ចំណែក​ខ្ញុំ​ជួយ​រែក​ដី​ឪពុក​ខ្ញុំ​តាំងពី​អាយុ ១២ឆ្នាំ ដើម្បី​ដោះស្រាយ​ការ​ហូបចុក ហើយ​ក៏​មិន​មាន​ឱកាស​ទទួល​បាន​ការអប់រំ​ខ្ពស់​នោះ​ដែរ »

លោក ឡេង ណាវ៉ាត្រា បាន​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ចន្លោះ​ពី​ឆ្នាំ២០១០ ដល់​ឆ្នាំ ២០១៤ ដែល​នៅ​ទីនោះ លោក​ក៏​ធ្លាប់​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ផង​ដែរ។

ក្លាយ​ជា​សេដ្ឋី​ក្នុង​ពេល​ជាង ៣ឆ្នាំ៖

ទោះ​ជា​យ៉ាង​ណា​ក្ដី ជីវិត​របស់​លោក​បាន​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​រហ័ស ក្រោយ​ពី​លោក​បាន​វិល​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ២០១៤។ លោក ឡេង ណាវ៉ាត្រា អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មាន​បាន​ដល់​សព្វថ្ងៃ​នេះ គឺ​ដោយសារ​ត្រូវ​ប៉ាន់​ដី ហើយ​កាក់កប​ក្នុង​ជំនួញ​ដី​ឡូត៍ ផ្ទះល្វែង និង​បុរី។ លោក​បញ្ជាក់​ថា ក្នុង​ឆ្នាំ២០១៤ លោក​មាន​លុយ​ត្រឹមតែ ១ម៉ឺន ១ពាន់​ដុល្លារ ហើយ​លោក​បាន​ខ្ចី​លុយ​ធនាគារ​បន្ថែម ដើម្បី​បង្គ្រប់​ទិញ​ដី​មួយ​កន្លែង​នៅ​ម្ដុំ​ចោមចៅ ក្នុង​តម្លៃ​ជាង ៤ម៉ឺន​ដុល្លារ។ លោក​អះអាង​ថា ជិត​មួយ​ឆ្នាំ​ក្រោយ​មក លោក​លក់​ដី​នោះ​វិញ​បាន​លុយ ១២ម៉ឺន​ដុល្លារ ពោល​គឺ ចំណេញ​បាន ៨ម៉ឺន​ដុល្លារ។ លោក​ថ្លែង​ទៀត​ថា លុយ​ចំណេញ​នេះ​ លោក​បាន​យក​ទៅ​ទិញ​ដី​ពុះ​ឡូត៍ និង​សាងសង់​ផ្ទះល្វែង​លក់​បន្ត​ទៀត រហូត​ដល់​ឆ្នាំ២០១៨ ទ្រព្យ​សម្បត្តិ​របស់​លោក​បាន​កើន​ឡើង​ដល់ ២០លាន​ដុល្លារ។

ក្រោយ​ឆ្នាំ ២០១៨ លោក ឡេង ណាវ៉ាត្រា មិន​បាន​ទម្លាយ​អំពី​ទ្រព្យ​សម្បត្តិ​របស់​លោក​ជា​សាធារណៈ​ទៀត​នោះ​ទេ ប៉ុន្តែ​វា​ទំនងជា​កើន​ឡើង​ច្រើន​ទៀត ពីព្រោះ​លោក​បាន​ពង្រីក​មុខ​ជំនួញ​កាន់​តែ​ធំ និង​ច្រើន​វិស័យ។

បច្ចុប្បន្ន​នេះ លោក ឡេង ណាវ៉ាត្រា មាន​ឈ្មោះ​ជា​ម្ចាស់​អាជីវកម្ម​ជាច្រើន​មុខ ក្នុង​នោះ​រួមមាន បុរី​ឡេង ណាវ៉ាត្រា ផលិត​កម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា និង​គម្រោង​ក្រុង​រណប​ឆាយណា-ប៉ោយប៉ែត (China Poipet Satellite City) ជាដើម។

Leng_Navatra_FB_Land_project_opening_in_Siem_Reap_123121.jpg
លោក ឡេង ណាវ៉ាត្រា ផ្សព្វផ្សាយ​គម្រោង​ដីឡូត៍បើកលក់​ថ្មី ទីតាំងជិតអង្គរធំ ខេត្តសៀមរាប កាល​ពី​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក Leng Navatra

ឥទ្ធិពល​ក្រោយ​ក្លាយ​ជា​ឧកញ៉ា៖

លោក ឡេង ណាវ៉ាត្រា ចាប់​ផ្ដើម​លេច​មុខ​មាត់​ខ្លាំង​ក្រោយ​លោក​ទទួល​បាន​ងារ​ជា​ឧកញ៉ា​នៅ​ឆ្នាំ ២០១៨ និង​ជា​អ្នកឧកញ៉ា នៅ​ឆ្នាំ២០២១។ លោក​មាន​រថយន្ត​ម៉ាក​ល្បីៗ ប្រមាណ១០ គ្រឿង ដូចជា រ៉ូលរ៉យស៍ (Roll Royce) ឡាំបូហ្គីនី (Lamborghini) ហ្វើរ៉ារី (Ferrari) ផច្ឆ (Porsche) និង​ប៊ែនលី (Bentley) ព្រមទាំង​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​មួយ​គ្រឿង​ទៀត ដែល​សរុប​ជា​ទឹក​ប្រាក់​រាប់​សិប​លាន​ដុល្លារ។ សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​នាំ​គ្នា​បង្កើត​មាតិកា​ព័ត៌មាន​ពិសេស​ដោយឡែក ផ្ដោត​ទៅលើ​ជីវិត​ហ៊ឺហា មុខ​ជំនួញ និង​សកម្មភាព​មនុស្សធម៌​របស់​លោក ឡេង ណាវ៉ាត្រា។ ជំនួញ​ដីធ្លី និង​អចលនទ្រព្យ​របស់​លោក​បាន​រីក​សាយភាយ​ស្ទើរ​គ្រប់​រាជធានី-ខេត្ត ជាពិសេស គម្រោង​ដី​ឡូត៍ និង​បុរី។ ងាក​ទៅ​ផលិតកម្ម​ចម្រៀង​ហ្គាឡាក់ស៊ី​ដែល​លោក​បង្កើត​ឡើង​កាលពី​ឆ្នាំ២០១៦ នោះ​វិញ ផលិតកម្ម​ថ្មីថ្មោង​នេះ​បាន​ស្រូប​យក​អ្នក​ចម្រៀង​លំដាប់​ជួរ​មុខ​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​ទាំង​លោក ព្រាប សុវត្ថិ ម្នាក់​ផង​។ រីឯ​បុគ្គល​ល្បីៗ មួយ​ចំនួន ក៏​បាន​នាំ​គ្នា​មក​បណ្ដាក់​ទុន​រកស៊ី​ជាមួយ​លោក​ផង​ដែរ។

ជាង​នេះ​ទៅទៀត បងប្អូន​របស់​លោក ៣នាក់​បាន​ទទួល​ងារ​ជា​ឧកញ៉ា​ព្រមៗ គ្នា​នៅ​ខែមករា ឆ្នាំ២០២១ ហើយ​មួយ​ខែ​ក្រោយ​មក​ក្មួយ​ប្រសា​ម្នាក់​ទៀត​របស់​លោក​ក៏​បាន​ក្លាយ​ជា​ឧកញ៉ា​ដែរ។ គិត​ជា​សរុប​គ្រួសារ​ គ្រួសារ​លោក ឡេង ណាវ៉ាត្រា ពេល​នេះ មាន​ងារ​ជា «អ្នកឧកញ៉ា» និង «ឧកញ៉ា» ចំនួន ៥នាក់​ហើយ។

បរិច្ចាគ​លុយ​រាប់​លាន​ដុល្លារ​ពេល​ពលរដ្ឋ​ភាគច្រើន​បាត់​ចំណូល៖

អ្វី​ដែល​សាធារណជន​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ចំពោះ​លោក ឡេង ណាវ៉ាត្រា នោះ គឺ​ការ​បរិច្ចាគ​លុយ​ម្ដង​រាប់​លាន​ដុល្លារ។ គិត​ដោយ​ត្រួសៗ ក្នុង​រយៈ​ពេល​ជាង ២ឆ្នាំ​ចុង​ក្រោយ​នេះ លោក​បាន​​បរិច្ចាគ​លុយ​តិច​បំផុត​ជិត ១៥លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ប្រមាណ ១០លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល លោក ហ៊ុន សែន ជិត ៤លាន​ដុល្លារ​សម្រាប់​កាកបាទ​ក្រហម​កម្ពុជា​ដឹកនាំ​ដោយ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន និង​ជិត​កន្លះ​លាន​ដុល្លារ​ទៀត​សម្រាប់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​លោក ហ៊ុន សែន ដឹកនាំ​ដោយ​ភរិយា​លោក ហ៊ុន ម៉ាណែត។ នេះ​មិន​ទាន់​រាប់​បញ្ចូល​លុយ​រាប់​សែន​ដុល្លារ​ផ្សេង​ទៀត ដែល​លោក​បាន​បរិច្ចាគ​នៅ​មុន​ឆ្នាំ២០២០ ព្រមទាំង​លុយ​ដែល​លោក​បរិច្ចាគ​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ការងារ​មនុស្ស​ធម៌​មួយ​ចំនួន​ទៀត​នៅ​ឡើយ​ទេ។

ក្នុង​រយៈពេល​ដូច​គ្នា​នេះ គេ​មិន​ឃើញ​មាន​ឧកញ៉ា ឬ​ឈ្មួញ​ធំៗ ណា​ម្នាក់​បរិច្ចាគ​លុយ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ច្រើន​ជាង​លោក ឡេង ណាវ៉ាត្រា នោះ​ទេ សូម្បីតែ​មហាសេដ្ឋី​លំដាប់​កំពូល ដូចជា លោក គិត ម៉េង ជាដើម ក៏​បរិច្ចាគ​តិច​ជាង​នេះ​ដែរ។ ម្យ៉ាង​វិញ​ទៀត លោក ឡេង ណាវ៉ាត្រា ច្រើន​តែ​ដឹក​មុខ​គេ​ក្នុង​ការ​ប្រកាស​បរិច្ចាគ​ទៅ​កាន់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ជាពិសេស លុយ​បរិច្ចាគ​ប្រមាណ ៦លាន​ដុល្លារ លោក​ផ្ដល់​ឱ្យ​ជា​សាច់ប្រាក់​សុទ្ធ គឺ​ក្រដាស​ប្រាក់ ១០០ដុល្លារ​គរ​ទាំង​ដុំៗ។

Leng_Navatra_6.jpg
ថវិកា ៣លានដុល្លារ ដែលអ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ប្រពន្ធ បរិច្ចាគ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩ (Covid-19) ហើយ​លោក​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី១៣ ខែមីនា​ ឆ្នាំ២០២១។ រូបពី​ហ្វេសប៊ុក Leng Navatra

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ដែល​ធ្លាប់​ធ្វើ​ជា​តំណាងរាស្ត្រ​ចំនួន ៣អាណត្តិ​នោះ មាន​ប្រសាសន៍​ថា វា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​ពលករ​មួយ​រូប​ក្លាយ​ខ្លួន​ជា​សេដ្ឋី​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បែបនេះ។ លោក​ថ្លែង​ថា មុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ និង​ដីធ្លី មាន​ឧកញ៉ា និង​អ្នក​ជំនួញ​ជាច្រើន រកស៊ី​មុន​លោក ឡេង ណាវ៉ាត្រា ទៅ​ទៀត ខណៈ​ផលិតកម្ម​ចម្រៀង​វិញ​មិន​ទំនង​ជា​អាច​ផ្ដល់​ប្រាក់​ចំណូល​ច្រើន​ឡើយ។ លោក​ជឿជាក់​ថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា ដែល​សម្បូរ​ដោយ​អំពើ​ពុករលួយ និង​ការ​ធ្វើ​ជំនួញ​មិន​សុចរិត​នោះ លោក ឡេង ណាវ៉ាត្រា អាច​គ្រាន់តែ​ជា​បុគ្គល​ដើរ​តួ​រកស៊ី​ជំនួស​ឱ្យ​អ្នក​ផ្សេង ដែល​ជន​នោះ​ទំនង​ជា​មនុស្ស​មាន​អំណាច​បំផុត​នៅ​ស្រុកខ្មែរ គឺ​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖« បើ​អ្នក​ហ្នឹង​គាត់​រក​បាន​ដោយ​ស្រួល ដោយ​អត់​មាន​អ្វី​ហ្នឹង ច្បាស់​ជា​អ្នក​រកស៊ី​ដទៃ​ទៀត គេ​ត្រូវ​ឃ្លាំមើល​ហើយ ព្រោះ​ធម្មតា​អ្នក​ដែល​ក្មេង​ល្ហក់ អត់​មាន​បង្អែក អត់​មាន​ពាក់ព័ន្ធ​ជាមួយ​គ្រួសារ​ត្រកូល​លោក ហ៊ុន សែន ទេ ច្បាស់​ជា​អ្នក​ហ្នឹង​ក៏​លំបាក​ដែរ​ណា។ ទោះបី​គាត់​ចង់​រៀបចំ​ឈុត​ឆាក​បែប​ម៉េច ក៏​គេ​មិន​អាច​ជឿ​បាន​ទេ។ បើ​ចង់​ឱ្យ​គេ​ជឿ​បាន ទាល់តែ​គាត់​ដាក់​ខ្លួន​ឱ្យ​គេ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ឱ្យ​ដឹង​ថា តើ​ប្រភព [ លុយ ] ពិត​ប្រាកដ​មក​ពី​ណា​ពី​ណី »

ចំណែក​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) វិញ លោក​ថ្លែង​ថា មុខ​ជំនួញ​របស់​លោក ឡេង ណាវ៉ាត្រា មាន​ចំណុច​មិន​ប្រក្រតី និង​គួរ​ឱ្យ​សង្ស័យ​ច្រើន។ លោក​ថា ទី​មួយ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ធ្វើ​ជំនួញ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​បែរ​ជា​មាន​លុយ​វាល់​លាន​ដុល្លារ ខណៈ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​មាន​ជីវភាព​ក្រីក្រ។ ជាពិសេស ក្នុង​ពេល​ដែល​កម្ពុជា​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ លោក ឡេង ណាវ៉ាត្រា បែរ​ជា​មាន​លទ្ធភាព​ផ្ដល់​លុយ​ដល់​រដ្ឋាភិបាល​រាប់​លាន​ដុល្លារ។ លោក​ជឿជាក់​ថា លោក ឡេង ណាវ៉ាត្រា ប្រាកដ​ជា​កំពុង​ឈរ​ឈ្មោះ​រកស៊ី និង​លាង​លុយ​កខ្វក់​ឱ្យ​អ្នក​មាន​អំណាច​កំពូល​នៅ​កម្ពុជា ដែល​គ្មាន​អ្នកណា​ផ្សេង​ក្រៅពី​គ្រួសារ​លោក ហ៊ុន សែន ឡើយ៖« មាន​ន័យ​ថា ណាវ៉ាត្រា ឈរ​ឈ្មោះ​ឱ្យ​ត្រកូល ហ៊ុន ដែល​សម្បូរ​លុយ​កខ្វក់​ដែល​មក​ពី​សកម្មភាព​ខុសច្បាប់។ គាត់​វិនិយោគ​លើ​វិស័យ​នេះ វិស័យ​នោះ។ ក្រោយ​ពី​បាន​វិនិយោគ គាត់​យក​លុយ​ចំណេញ​ពី​ក្រុមហ៊ុន ឬ​ក៏​ចំណូល​ហ្នឹង​យក​ទៅ​ផ្ញើ​ទៅ​ក្រៅ​ប្រទេស។ នៅ​ពេល​ប្រទេស​ទីពីរ ទីបី សួរ​ថា តើ​ប្រភព​ថវិកា​ហ្នឹង​បាន​មក​ពី​ណា ? គាត់​ឆ្លើយ​ថា ខ្ញុំ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ វិស័យ​នេះ វិស័យ​នោះ។ អា​ហ្នឹង​គឺ​ជា​វិធី​មួយ​ដែល​គេ​និយម​ធ្វើ​នៅ​ប្រទេស​ផ្ដាច់​ការ ដែល​សម្បូរ​ដោយ​អំពើ​ពុករលួយ និង​សម្បូរ​លុយ​កខ្វក់ »

អំឡុង​ឆ្នាំ ២០២១ ពេល​ដែល​ពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​កំពុង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​នោះ លោក ឡេង ណាវ៉ាត្រា បាន​បរិច្ចាគ​លុយ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាកបាទ​ក្រហម និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក ហ៊ុន សែន សរុប​ជាង ១៣លាន​ដុល្លារ ក្នុង​នោះ​ជាង ៥លាន​ដុល្លារ គឺ​ជា​សាច់​ប្រាក់​សុទ្ធ។

សម្រាប់​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ច្បាប់​រឹងមាំ លុយ​បរិច្ចាគ​រាប់​លាន​ដុល្លារ​ជា​សាច់​ប្រាក់​បែប​នេះ​នឹង​គេច​មិន​ផុត​ពី​ការ​ចោទ​សួរ​ពី​សំណាក់​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល ឬ​សភា​របស់​ប្រទេស​នោះ​ឡើយ ពីព្រោះ​គេ​បារម្ភ​ថា លុយ​នេះ​ជា​លុយ​កខ្វក់​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត ហើយ​កំពុង​ត្រូវ​បាន​លាង​សម្អាត​ក្រោម​រូបភាព​ជា​ជំនួយ​មនុស្សធម៌។ ក៏ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន វិញ ករណី​បែបនេះ​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា រដ្ឋាភិបាល​ក្ដាប់​បាន​សភាពការណ៍​នៅ​ក្នុង​ប្រទេស ដូច្នេះ​មិន​មាន​អ្វី​ត្រូវ​បារម្ភ​អំពី​ប្រភព​លុយ​ដែល​លោក ឡេង ណាវ៉ាត្រា បាន​បរិច្ចាគ​នោះ​ឡើយ។ លោក​បកស្រាយ​បន្ថែម​ថា ការ​បរិច្ចាគ​ជា​សាច់​ប្រាក់​សុទ្ធ​បែបនេះ គឺ​ជា​ការ​ជួយ​សម្រួល​ដល់​រដ្ឋាភិបាល​ទៅ​វិញ​ទេ៖« បើ​ឱ្យ​លុយ​សែក (Check) ទៅ​ឱ្យ​រាជរដ្ឋាភិបាល គង់តែ​រាជរដ្ឋាភិបាល​យក​លុយ​សែក​ហ្នឹង​ទៅ​បើក​នៅ​ធនាគារ ហើយ​យក​ទៅ​ចាយវាយ​ជូន​ទៅ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ហ្នឹង​ដដែល​ទេ។ អ៊ីចឹង​គេ​ចង់​សម្រួល​ការងារ​ឱ្យ​រាជរដ្ឋាភិបាល គឺ​ថា​យក​លុយ​ជា​សាច់ប្រាក់​ទៅ​ជូន​រាជរដ្ឋាភិបាល ដើម្បី​រាជរដ្ឋាភិបាល​ចាត់ចែង​សាច់ប្រាក់​ហ្នឹង​ដល់​ដៃ​ប្រជាពលរដ្ឋ​តែម្ដង ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​ប្រព័ន្ធ​ធនាគារ នាំ​ឱ្យ​យឺតយូរ​ទេ »

បដិសេធ​ការ​លាង​លុយ និង​គំរាម​ប្ដឹង​អ្នក​រិះគន់៖

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ លោក ឡេង ណាវ៉ាត្រា បាន​ចេញ​មុខ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ដែល​ថា លោក​កំពុង​រកស៊ី​លាង​លុយ​កខ្វក់ និង​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​លោក។ ក្នុង​ខ្សែ​អាត់​សំឡេង​មួយ​កាល​ពី​ថ្ងៃ​ទី១៨ សីហា​ថា លោក ឡេង ណាវ៉ាត្រា បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ទាំងនេះ​ថា ជា​ការ​បំផ្លើស និង​ជា​ការ​បំផ្លាញ​កិត្តិយស​របស់​លោក និង​ក្រុម​គ្រួសារ។ លោក​ថែម​ទាំង​និយាយ​ក្នុង​ន័យ​គំរាម​ប្រើប្រាស់​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អ្នក​ទាំងឡាយ​ណា ដែល​ហ៊ាន​លើកឡើង​អំពី​បញ្ហា​ទាំងនេះ​នៅ​ពេល​ខាង​មុខ​ទៀត​ផង៖« ខ្ញុំ​សូម​បដិសេធ ៣ចំណុច និង​មិន​បន្ត​ឱ្យ​បងប្អូន​មួយ​ចំនួន​តូច​ចោទ​ប្រកាន់​ទៀត​ឡើយ។ ទី​មួយ ចោទ​ខ្ញុំ​ថា​កាប់​ឈើ​លក់ ប្រសិនបើ​ស៊ើបអង្កេត​សិក្សា​ឃើញ​ថា ខ្ញុំ​បាន​លក់​ឈើ ១មីលីម៉ែត្រ ខ្ញុំ​សុខ​ចិត្ត​ដើរ​ចូល​គុក។ ទីពីរ ការ​ចោទប្រកាន់​ថា លាង​លុយ​កខ្វក់ វា​ជា​ការ​ចោទប្រកាន់​ស្មើនឹង​បទឧក្រិដ្ឋ​អន្តរជាតិ​ដ៏​អាក្រក់។ ទីបី មាន​អ្នក​នៅ​ពីក្រោយ។ ចាប់ពី​ពេលនេះ​តទៅ បងប្អូន​ដែល​ចោទប្រកាន់ ដោយ​គ្មាន​មូលហេតុ ដោយ​គ្មាន​ភស្តុតាង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ធ្ងន់ធ្ងរ​នោះ ក្រុមហ៊ុន​មិន​អាច​នៅ​ស្ងៀម​ឡើយ។ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ខ្ញុំ​ទទួល អ្វី​ដែល​ខ្ញុំ​មិន​បាន​ធ្វើ ខ្ញុំ​ក៏​មិន​ទទួល ព្រោះ​ខ្ញុំ​មាន​កាតព្វកិច្ច​ថែទាំ ទទួល​ខុសត្រូវ​ជោគវាសនា​បុគ្គលិក​រាប់​ពាន់​នាក់ »

ក៏ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ប្រកាស​បដិសេធ​នេះ លោក ឡេង ណាវ៉ាត្រា មិន​បាន​ផ្ដល់​នូវ​ភស្តុតាង​រឹងមាំ​ណាមួយ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​នៃ​ប្រភព​លុយ និង​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​មុខ​ជំនួញ​ទាំង​ឡាយ​របស់​លោក​នោះ​ឡើយ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា លោក ឡេង ណាវ៉ាត្រា គឺ​ជា​បុគ្គល​សាធារណៈ ដូច្នេះ​ការ​គំរាម​ប្រើ​ប្រាស់​វិធានការ​ច្បាប់​ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់​បែប​នេះ មិនមែន​ជា​ជម្រើស​ត្រឹមត្រូវ​ឡើយ។ លោក​បន្ថែម​ថា ដើម្បី​បំបាត់​មន្ទិល​សង្ស័យ​របស់​សាធារណជន លោក ឡេង ណាវ៉ាត្រា គួរតែ​ចេញមុខ​បកស្រាយ​រឿង​នេះ​ឱ្យ​បាន​ច្បាស់​ជាមួយ​នឹង​ភស្តុតាង​រឹងមាំ៖ « គាត់​មាន​លុយ​វាល់​លាន [ ដុល្លារ ] ឧបត្ថម្ភ​ដល់​កាកបាទ​ក្រហម​កម្ពុជា ហើយ​និង​ឧបត្ថម្ភ​ទៅកាន់​គណបក្ស​កាន់អំណាច​នោះ គឺ​លុយ​វាល់​លាន មិនមែន​ជា​សែក​ទៅ​ទៀត គឺ​លុយ​សុទ្ធ។ អ៊ីចឹង​គាត់​ត្រូវ​មាន​ភស្តុតាង​ណាមួយ​ជាក់លាក់ ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា បញ្ហា​នេះ​គឺ​មិនមែន​ជា​បញ្ហា​ដែល​មាន​អ្នក​កាង​ពី​ក្រោយ​ខ្នង មិនមែន​ជា​ការ​លាង​លុយ​កខ្វក់ ដើម្បី​បង្ហាញ​ប្រាប់​មតិ​ជាតិ និង​អន្តរជាតិ​កុំ​ឱ្យ​មាន​ការ​សង្ស័យ​តទៅទៀត »

ទំនាក់ទំនង​ជាមួយ​គ្រួសារ​លោក ហ៊ុន សែន

មន្ទិល​សង្ស័យ​របស់​សាធារណជន​មួយ​ចំនួន​ដែល​ថា លោក ឡេង ណាវ៉ាត្រា កំពុង​ឈរ​ឈ្មោះ​ធ្វើ​ជំនួញ​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន​នេះ បាន​នាំ​ឱ្យ​មាន​ប្រតិកម្ម​ដោយ​ផ្ទាល់​ពី​សំណាក់​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត។ អនាគត​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​បាន​បដិសេធ​ថា លោក ឡេង ណាវ៉ាត្រា មិន​មែន​ជា​អ្នក​ឈរ​ឈ្មោះ​រកស៊ី​ឱ្យ​លោក​ឡើយ ប៉ុន្តែ​សេដ្ឋី​វ័យក្មេង​រូប​នេះ​ជា​សមាជិក​ក្រុម​យុវជន​របស់​លោក៖« គេ​រកស៊ី​ចំណេញ​រឿង​ដីធ្លី។ ពេល​ដែល​មាន​ក្រុមការងារ​យុវជន គេ​ស្គាល់​តាម​ក្រុមការងារ​យុវជន ខ្ញុំ​មិន​ដឹង​អ្នកណា​ទេ។ ស្គាល់​គ្នា​បន្តបន្ទាប់ គេ​សុំ​ចូលរួម​ជួយ​ទៅ ហើយ​ក្រោយ​មក​គេ​បាន​ងារ​ឧកញ៉ា​រឿង​អ្វី​របស់​គាត់។ អចលនទ្រព្យ គេ​ធ្វើ​នៅ​ឯណា រឿង​របស់​គេ។ ហើយ​បើ​ចោទ​ថា ឡេង ណាវ៉ាត្រា ជា​មនុស្ស​របស់​ខ្ញុំ​ដោយ​គ្រាន់តែ​ជា​ក្រុមការងារ​យុវជន​របស់​ខ្ញុំ មិនមែន​មាន​តែ ឡេង ណាវ៉ាត្រា មួយ​ទេ ឧកញ៉ា​នៅ​ក្នុង​ក្រុមការងារ​យុវជន​របស់ខ្ញុំ​ឧកញ៉ា​មួយ​គគោក អ៊ីចឹង​សុទ្ធតែ​គាត់​រកស៊ី​ឱ្យ​ខ្ញុំ​ហើយ​អ៊ីចឹង

ការ​បដិសេធ​របស់​លោក ហ៊ុន ម៉ាណែត នេះ គឺ​សម្រាប់​តែ​ខ្លួន​លោក​ប៉ុណ្ណោះ ដោយ​លោក​មិន​បាន​និយាយ​តំណាង​ឱ្យ​សមាជិក​គ្រួសារ និង​សាច់ញាតិ​របស់​លោក​ដទៃ​ទៀត​ឡើយ ខណៈ​របាយការណ៍​ស៊ើបអង្កេត​កន្លងទៅ​រក​ឃើញ​ថា គ្រួសារ​ត្រកូល​ហ៊ុន​កំពុង​ក្ដោបក្ដាប់​មុខ​ជំនួញ​រាប់​មិន​អស់​នៅ​កម្ពុជា រាប់​ចាប់​តាំង​ពី​វិស័យ​អចលនទ្រព្យ ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ តំបន់​សេដ្ឋកិច្ច​ពិសេស ធនាគារ សារព័ត៌មាន និង​វិស័យ​ជា​ច្រើន​ទៀត។ អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) រក​ឃើញ​ថា គ្រួសារ​ត្រកូល​ហ៊ុន​បាន​កាន់កាប់​ដោយ​ផ្ទាល់ និង​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​ជាង ២០០លាន​ដុល្លារ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​តួលេខ​ដែល​គេ​បង្ហាញ​ឱ្យ​ឃើញ​ក្នុង​ការ​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ។ អង្គការ​អន្តរជាតិ​ដដែល​អះអាង​ថា គ្រួសារ​ត្រកូល​ហ៊ុន​មាន​ភាគហ៊ុន​ច្រើន​ជាង​នេះ​ដែល​មិន​បាន​ប្រកាស​ឱ្យ​ដឹង ប៉ុន្តែ​ប្រើ​អ្នក​ឈរ​ឈ្មោះ​ក្លែងក្លាយ និង​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ផ្សេងៗ។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក អាឡិច ជឿ​ជាក់​ថា លោក ឡេង ណាវ៉ាត្រា គឺ​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងនោះ៖ « ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី បើ​កូន​ខ្លួន​ឯង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​គ្រប់​ វិស័យ​ដោយ​ចំហ អា​ហ្នឹង​អាច​មាន​បញ្ហា។ មាន​បញ្ហា​ចំពោះ​ប្រជារាស្ត្រ​ខ្លួន​ឯង ដែល​ប្រជាជន​មិន​សប្បាយ​ចិត្ត ជាពិសេស​សម័យ​នេះ​ដែល​អត់​សូវ​មាន​ចំណូល មាន​សុទ្ធ​តែ​បំណុល ហើយ​អាច​មាន​បញ្ហា​ចំពោះ​ទណ្ឌកម្ម​អន្តរជាតិ។ អ៊ីចឹង​បាន​ជា​គេ​ចាប់​ផ្ដើម​រក​មនុស្ស​បែប ណាវ៉ាត្រា ហ្នឹង ដាក់​ឈ្មោះ​ជំនួស​គាត់ ដោយសារ​គេ​យល់​អំពី​ហានិភ័យ​នៃ​ការ​ដាក់​ឈ្មោះ​ពិត »

លោក ឡេង ណាវ៉ាត្រា តែងតែ​បង្ហាញ​ភាព​ជិតស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ធ្លាប់​លុត​ជង្គង់​ថ្វាយ​បង្គំ​លោក ហ៊ុន សែន និង​ភរិយា ហែហម​លោក ហ៊ុន សែន ចុះ​​ចែក​អំណោយ​ដល់​ពលរដ្ឋ ចុះ​ធ្វើ​ការងារ​សង្គម​ជាមួយ​កូនៗ​លោក ហ៊ុន សែន ព្រមទាំង​ប្រកាស​គាំទ្រ​ឥត​ងាករេ​ចំពោះ​​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ទៀត​ផង។ រីឯ​លោក ហ៊ុន សែន វិញ លោក​ធ្លាប់​បាន​លើក​សរសើរ​លោក ឡេង ណាវ៉ាត្រា ជា​សាធារណៈ​ជាច្រើន​ដង ស្រប​ពេល​មង្គលការ​ប្អូនស្រី​លោក ឡេង ណាវ៉ាត្រា ក៏​មាន​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​គ្រាក់ៗ មួយ​ចំនួន​ចូលរួម​ដែរ។

ទំនងជា​ដោយសារ​ភាព​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​លោក ហ៊ុន សែន នេះ​ហើយ ទើប​បាន​ជា​លោក ឡេង ណាវ៉ាត្រា ទទួល​បាន​នូវ​គោរព និង​សម្របសម្រួល​ពី​មន្ត្រី​រដ្ឋាភិបាល កងកម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពេល​លោក​ចុះ​ធ្វើ​សកម្មភាព​អ្វី​មួយ ទាំង​ការ​ធ្វើ​ជំនួញ និង​កិច្ចការ​មនុស្ស​ធម៌។ ជាង​នេះ​ទៅ​ទៀត កាលពី​ឆ្នាំ ២០២១ លោក ហ៊ុន សែន បាន​កាត់​ដី​គម្រប​ព្រៃឈើ​ចំនួន ១៧២ ហិកតារ​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​ផ្ដល់​ជា​កម្មសិទ្ធិ​ទៅ​ឱ្យ​លោក ឡេង ណាវ៉ាត្រា។ ក្រោយ​មក​ទៀត លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​មួយ​ចំណែក​ធំ​នៅ​តំបន់​ភ្នំ​តាម៉ៅ​ទៅ​ឱ្យ​ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា ថែម​ទៀត។ ករណី​ភ្នំ​តាម៉ៅ​នេះ បើ​កុំ​តែ​មាន​ប្រតិកម្ម​ភ្លូក​ទឹក​ភ្លូក​ដី​ពី​សាធារណជន ពុំនោះទេ​លោក ហ៊ុន សែន ក៏​មិន​លុប​ចោល​គម្រោង​នេះ​វិញ​ដែរ។ លោក ហ៊ុន សែន មិន​ត្រឹមតែ​គ្មាន​ចំណាត់​ការ​លើ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែល​បាន​ឈូស​កម្ទេច​ព្រៃ​ភ្នំ​តាម៉ៅ​អស់​រាប់​រយ​ហិកតារ​នោះ​ទេ ប៉ុន្តែ​លោក​ថែមទាំង​ចេញ​មុខ​ពាំង​ឱ្យ​​ក្រុមហ៊ុន​នេះ​ថែម​ទៀត​ផង៖ « ត្រូវ​កាត់ទោស​អ្នក​បំផ្លាញ​ព្រៃ​អភិរក្ស​នៅ​ភ្នំ​តាម៉ៅ និង​អ្នក​ស៊ីញេ​ផ្តល់​សិទ្ធិ។ អើ ! នាង​អើយ ទៅ​កាត់ទោស​ទៅ ទៅ​កាត់ទោស​អញ​ម៉ោ

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក ហ៊ុន សែន នឹង​មាន​គម្រោង​កាត់​ដី​រដ្ឋ​នៅ​ទីតាំង​ណា​ខ្លះ​ទៀត​ទៅ​ឱ្យ​ក្រុមហ៊ុន លោក ឡេង ណាវ៉ាត្រា នោះ​ទេ ក្រោយពី​គម្រោង​កាត់​ឆ្វៀល​ដី​ភ្នំ​តាម៉ៅ​នេះ​ត្រូវ​ទទួល​បរាជ័យ។ ទោះ​ជា​យ៉ាង​ណា​ក្ដី សេណារីយ៉ូ​មួយ​ដែល​អ្នក​ការពារ​ភោគទ្រព្យ​ជាតិ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយ​ចំនួន​ព្រួយបារម្ភ​នោះ គឺ​ថា ប្រសិនបើ​លោក ឡេង ណាវ៉ាត្រា ជា​អ្នក​ឈរ​ឈ្មោះ​រកស៊ី​ឱ្យ​គ្រួសារ​លោក ហ៊ុន សែន មែន នោះ​ទ្រព្យ​សម្បត្តិ​ជាតិ​ជា​ច្រើន​អាច​នឹង​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​គ្រួសារ​ត្រកូល​ហ៊ុន តាមរយៈ​ការ​ចុះ​ហត្ថលេខា​ដោយ​ផ្ទាល់​ពី​លោក ហ៊ុន សែន ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។